កម្មវិធីជួយដល់ពាណិជ្ជកម្មនៅសមាគមខ្មែរហៅថា‹E for All›

ដោយ ខ្មែរផុសស.រ.អា.

នៅសមាគមខ្មែរ យើងបានជួបយុវនារីខ្មែរ២រូប ដែលមានសេចត្តីរីករាយនឹងនិយាយប្រាប់យើងអំពី អនាគតវិជ្ជាជីវៈភ្លឺស្វាងរបស់នាង បន្ទាប់ពីបានចូលរៀនវគ្គសិក្សាអំពីពាណីជ្ជកម្ម‹E for All› ធ្វើនៅសមាគមខ្មែររួចមក ។ អ្វីទៅដែលហៅថា‹E For All›នោះ?

អ្នកស្រី លីយ៉ាណា គុស្ហី ជានាយិកាកម្មវិធី‹E for All›បាននិយាយថា ពាក្យនេះបានន័យថា‹សហគ្រិនសម្រាប់ទាំងអស់គ្នា› បានន័យថា ម្ចាស់ពាណិជ្ជកម្មធំតូចតែងមានជំនាញរបស់គេ ខាងមុខរបរពាណីជ្ជកម្មដែលខុសៗប្លែកពីគ្នា ។ កម្មវិធី‹សហគ្រិនសម្រាប់ទាំងអស់គ្នា› មានបំណងបណ្តុះបណ្តាលប្រជាពលរដ្ឋក្នុងសហគមន៌ ឱ្យមានមុខវិជ្ជាជំនាញជាសហគ្រិនឬថាជា‹ពាណិជ្ជករមានវិជ្ជាជីវៈ›នោះកាន់តែច្រើន, ដោយយោងតាមការសង្កេតឃើញថា ពលរដ្ឋខ្មែរក្នុងសហគមន៍ជាច្រើនបានបើកហាងមានមុខរបរលក់ដូរ នឹងអាជីវកម្មដ៏ច្រើនសន្ធឹក នៅឡូវែល, ដើម្បីអនុញ្ញាត្តិឱ្យយុវនារីនឹងយុវជនជំនាន់ក្រោយ អាចមានលទ្ធភាពនឹងបន្តរអាជីវកម្មរបស់គ្រុមគ្រួសារខ្លួន ឬ ក៏បង្កើតមុខរបរថ្មីបានតាមតែខ្លួនត្រូវការ ដោយមានអ្នកជំនាញការ អ្នកបច្ចេកទេសជួយបង្ហាត់បង្ហាញ ណែនាំ នឹងលើកទឹកចិត្តរហូតដល់បង្កើតពាណិជ្ជកម្មរបស់ខ្លួនបាន មិនត្រឹមតែឥតយកកម្រៃទេ ថែមទាំងផ្តល់រង្វាន់ នឹងអាចជូយជាដើមទុនសម្រាប់បើកជាណិជ្ជកម្មខ្លួនឯង បានទៀតផង។

អ្នកស្រី លីយ៉ាណា គូស្ហីបន្តរនិយាយថាៈ កម្មវិធីសិក្សាយ៉ាងតឹងតែងមានរយៈពេល១២សប្តាហ៏ បេក្ខជនត្រូវដាក់ពាក្យតាម‹អនឡាញ› អ្នកទាំងនោះនឹងទទួលការជ្រើសរើសពីគណកម្មការ‹សហគ្រិនសម្រាប់ទាំងអស់គ្នា›មួយ ដើម្បីជ្រើសយក‹អនាគតសហគ្រិន›១៥នាក់ សម្រាប់វក្គនិមួយៗ ដោយមានការសម្ភាសន៍ស្ទង់យកលក្ខណៈសម្បត្តិ៣យ៉ាង គឺ ១-ចំណង់ក្នុងការយកមុខរបរជាពាណីជ្ជករវិជ្ជាជីវៈ ២-ការព្យាយាមក្នុងកាងារពាណិជ្ជកម្ម ៣-ការបើកចំហរផ្លូវចិត្តរបស់បេក្ខជន ដែលអាចទទួលនូវគំនិតថ្មីៗផ្សេងទៀតបាន ។ នៅពេលរៀនចប់ គេនឹងមានការណែនាំ ក្នុងមុខរបរថ្មីចំនួន៩ខែទៀត ដោយមានអ្នកឯកទេសចំណាន៣នាក់ទៀត ជា‹អ្នកនាំផ្លូវ›កុំឱ្យមានការថ្លស់ធ្លោយ។ បេក្ខជនទាំងអស់ មិនមែនសុទ្ធតែខ្មែរទេ ពលរដ្ឋក្នុងសហគមន៍ទាំងអស់ មានសិទ្ធដូចគ្នានឹងដាក់ពាក្យជាបេក្ខជនចូលរៀន ដើម្បីឱ្យទៅជា‹អនាគតសហគ្រិន›ដែរ។ បេក្ខជនមួយរូបៗ អាចនឹងឈ្នះរង្វាន់ដល់ទៅ១,៥ម៉ឺន នៅចុងបញ្ចប់នៃការណែនាំនោះ។

នៅសមាគមខ្មែរ យើងបានជួបនាង ដារា សុខ អាយុ៣៧ឆ្នាំ មានបរិញ្ញាប័ត្រខាង‹គណនេយ្យ› មានសេចក្តីរីករាយណាស់ដោយបានបញ្ចប់វគ្គសិក្សា‹E for All›នេះមួយទៀត កាលពីឆ្នាំមុន ហើយទទួលបានរង្វាន់ជាប្រាប់៣,៥០០ដុល្លារួចហើយ, ឥឡូវនាងមាន‹អាជ្ញាប័ណ្ណ›សម្រាប់ប្រកបមុខរបរហើយ តែមិនទាន់ហ៊ានបោះបង់ការងារចាស់នៅឡើយ ដោយមិនទាន់មានដើមទុនគ្រប់គ្រាន់ នឹងក៏មិនទាន់មានភ្ញៀវច្រើនដែរ.។ សេចក្តីរីករាយនេះ បាននាំនាងឱ្យប្រាប់ពីដំណឹងល្អនេះទៅនាង វិគី តេង អាយុ៣៨ឆ្នាំ នៅឡូវែលដូចគ្នា ។ នាង វីគី មានជំនាញខាងធ្វើនុំនឹងម្ហូបអាហារ ជាជំនួយដល់ម្តាយនាង, នាងបាន ធ្វើការសម្ភាសន៍ជាប់ហើយ ឥឡូវបានទទួលរង្វាន់៥០០ដុល្លា ឥឡូវនាងកំពុងរៀនមកដល់ចុងបញ្ចប់នៃវក្គសិក្សា‹E for All›នេះហើយដែរ ។

នៅពេលសួរនាង ដារ៉ា សុខ ថាៈ ហេតុអ្វីបានជានិយាយថានាងចង់ចាប់យកចំណេះនេះជាមុខរបរ ? នាងឆ្លើយថាៈ ខ្ញុំធ្វើការឱ្យ‹កុមប់ាញី›មួយ ក្នុងពេលជាមួយគ្នានោះ ខ្ញុំក៏មានជួយធ្វើ‹តាក់›ដើមឆ្នាំ ជូនបងប្អូនមិត្រភក្ត្រខ្លះទៀតដែរ, តែខ្ញុំសង្កេតឃើញថា បងប្អូនយើងត្រូវការឱ្យអ្នកមានឯកទេស ជួយគាត់ខ្លាំងណាស់ ដើម្បីឱ្យ‹ប៊ីសនិស›របស់ពួកគាត់ដើរឱ្យបានត្រឺមត្រូវ ទៅមុខ នឹងកុំឱ្យមានវិបត្តិទៅថ្ងៃក្រោយបាន, ខ្លះមិនបានដឹងទេថា រៀបចំឯកសារមិនបានត្រឹមត្រូវ អាចនឹងមានបញ្ហាជាមួយនឹង‹អាយអរអេស›នៅ៥ឆ្នាំទៅមុខទៀតនោះទេ ពួកគាត់ធ្វើ‹តាក់›មួយឆ្នាំហើយស្មានតែចប់រឿងនោះ មិនមែនទេ!ហេតុនេះហើយបានជាខ្ញុំចង់ជួយខ្មែរយើង ឱ្យរៀចចំឯកសារឱ្យបានត្រឹមត្រូវទៅ គឺជាជំនួយដ៏ធំមួយសម្រាប់ពាណិជ្ជកម្មខ្មែរយើងនិមួយៗ។

ចំណែកឯនាង វីគី តេងវិញ មានចំណេះខាងធ្វើនុំចំណីយ៉ាងជំនាញ មានម្តាយក៏ជាអ្នកធ្លាប់បើកមុខរបរធ្វើម្ហូបលក់ដែរ តែនាងមិនដែលគិតថានឹងបើកមុខរបរអ្វី ធ្វើពាណិជ្ចកម្មដោយខ្លួនឯងនោះទេ ពីព្រោះតែមិនជឿលើខ្លួនឯង, តែបាន ដារ៉ា ដែលជាមិត្រ បានស្គាល់ស្នាដៃធ្វើនុំដ៏ឈ្ងុយឆ្ងាញ់របស់នាង វីគី ក៏ចេះតែបញ្ចុះបញ្ជូលនាង វីគី ឱ្យទៅចូលរៀននៅវក្គសិក្សា‹E For All›។ ឥឡូវនេះ វីគី លែងនិយាយដូចមុនទៀតហើយ ថ្វីត្បិតតែមិនទាន់ចប់វគ្គក៏ដោយ វីគី មានចំណេះច្រើនល្មម នឹងគិតចង់បើក‹មុខរបរ›មួយផ្ទាល់ខ្លួនហើយ។ នាងស្រមៃដល់គម្រោងបើកហាងកាហ្វេមួយ ដែលមានទីតាំងនៅក្បែរ‹យូម៉ាស់ឡូ› ទីនោះមានអ្នកសិក្សាជាច្រើនដែលនឹងត្រូវការ ពីសារកាហ្វេ គេមុខតែនឹងចង់ ម្ហូប នុំ ចំណីខ្មែរឆ្ងាញ់ៗច្រើនមុខ ទៅហូបដែរជាមិនខានទេ ពីព្រោះបើមករកម្ហូបខ្មែរនៅ‹ប៉ៃលិនប្លាស្ហា›វាឆ្ងាយ មិនអាចទៅមកទាន់រៀនទេ…។

នារីទាំង២ មិនបានមើលឃើញអនាគតនៃ‹ប៊ីសនីស›នៃម្តាយឳពុកឬអ្នកជំនាន់មុន មានសភាពដូចគ្នាទេ ពួកនាងថា‹អ្នកជំនាន់មុនតែងសំអាងខ្លាំងលើ ជំនាញខាងម្ហូបអាហារជាដើម បើកហាងយ៉ាងធំមួយ ហើយភ្ញៀវមុខតែនឹងរត់ចូល ដោយឯកឯង មិនចាំបាច់ធ្វើការស្រាវជ្រាវអ្វីច្រើនទេ, តែ វីគី នឹង ដារ៉ា គិតទៅដល់ការបង្ហាញមុខរបរ តាម‹វេបសាយ› មានការផ្សព្វផ្សាយតាមទូរទស្សន៍ខ្មែរ ដើម្បីទាក់ទាញភ្ញៀវ,មានការបង្ហាញផលិតផល នៅកន្លែងដែលមានពិធីនានា ដើម្បីឱ្យគេស្គាល់ នឹងឱ្យគេចូលចិត្តមករកយើង ជាដើម។

កាលពីសប្តាហ៍មុននេះ នារីទាំង២នាក់នេះ បានមកផ្តល់កិច្ចពិភក្សាខាងវិស័យពាណីជ្ជកម្ម ជាមួយនឹងសាធារណជន នឹងជាមួយ‹សហគ្រិន›ឯទៀតៗ  នៅវេទីការ‹ជួបជាមួយពាណិជ្ជករ›សមាគមខ្មែរ ប្រកបដោយភាពកក់ក្តៅទៀតផង៕