កឹម មនោវិទ្យាៈ ‹‹យើងកំពុងរងនយោបាយកាត់ក្បាលបំបែកខ្លួន››

ខ្មែរផុស ស.រ.អា.

ឡូវែលៈកញ្ញា កឹម មនោវិទ្យា អនុប្រធានការិយាល័យកិច្ចការបរទេសរបស់គណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុងឡូវែល កាលពីថ្ងៃទី២៨សីហានេះ ដែលជាដំណាក់ចុងក្រោយ នៃទស្សនកិច្ចនៅរដ្ឋផ្សេងៗនៃសហរដ្ឋអាមេរីក មុននឹងបន្តរដំណើរទៅ រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារទី៣០។

 

នៅក្នុងភោជនីយដ្ឋាន‹សំពៅមាស› ចំពោះមុខសមាជិកសមាជិកាជិត៨០នាក់ នាង មនោវិទ្យា ជាភ្ញៀវកិត្តិយសសាខាសង្គ្រោះជាតិឡូវែល បាននិយាយពីព្រឹត្តិការណ៍ចុងក្រោយបង្អស់កាលពិថ្ងៃអាទិត្យនេះថាៈ ‹‹យើងនិយាយពីបញ្ញាថ្មីបង្អស់បានហើយ ពីព្រោះរឿងចាស់បងប្អូនបាដឹងអស់ហើយ, គណបក្សសង្គ្រោះជាតិកំពុងរងការកៀបសង្កត់យ៉ាងខ្លាំងខ្លាពីគណបក្សកាន់អំណាចដើម្បីកុំឱ្យយើងចូលរួមការបោះឆ្នោតបាន គឺប្រើនយោបាយ‹គេកាត់ក្បាលពុសខ្លួន›មកលើយើង គឺធ្វើមិនឱ្យលោកប្រធាន សម រង្សី ត្រឡប់ចូលស្រុកខ្មែរវិញបានដោយសុវត្ថិភាព, បន្ទាប់មកគេបង្កើតរឿងអាស្រូវនៅតុលាការ ដើម្បីចាប់លោកអនុប្រធាន កឹម សុខា ដាក់គុកមួយទៀត នេះនយោបាយកាត់ក្បាល, រីឯនយោបាយពុសខ្លួនវិញ គឺគេគម្រាមសមាជិកយើងឱ្យបាក់ស្បាត គេទិញសមាជិកណាដែលមានស្មារតីមិនមាំទាំ បំបែកយើងជាជម្រៀកមិនឱ្យយើងរួបរួមគ្នាបានទេ នេះហើយជានយោបាយ‹ពុសខ្លួន›របស់គណបក្សប្រជាជនមកលើយើង››។ កញ្ញា មនោវិទ្យា បានបន្តរថាៈ ‹‹ទោះជាមានរឿងយ៉ាងនេះក៏ដោយ សមាជិកសង្គ្រោះជាតិនៅតែរឹងមាំ ហើយកើនឡើងជាលំដាប់ គណបក្សសង្គ្រោះជាតិ មានសមាជិកគ្រប់គ្រាន់សម្រាប់ដាក់អ្នកសង្កេតការណ៏របស់ខ្លួន នៅគ្រប់កន្លែងដែលមាន‹ការចុះឈ្មោះបោះឆ្នោត› ហើយយើងកំពុងបង្ហាត់ហ្វឹកហ្វឺនសមាជិក‹អ្នកសង្កេតការណ៏បោះឆ្នោត›ផ្សេងទៀត នៅគ្រប់មណ្ឌលបោះឆ្នោត(១កន្លែងដាក់២នាក់)ដែលមានជាង១៦.០០០កន្លែងបានទៀតផង››។

screenshot_2016-08-28-23-00-34

នៅលើសម្ពាត នឹងការគម្រាមកំហែងគ្រប់រូបភាពរបស់គណបក្សប្រជាជន មានទាំងប្រើហឹង្សាថែមទៀតផង តើគណបក្សសង្គ្រោះជាតិមានដំណោះស្រាយយ៉ាងណា? មនោវិទ្យា និយាយថាៈ‹‹គណបក្សប្រជាជនត្រូវការ‹ការបោះឆ្នោត› ដើម្បីឱ្យអាចរស់នៅក្នុងអំណាចបាន ដូច្នេះដើម្បីឱ្យគាត់នៅនឹងអំណាចបាន វាត្រូវតែគាត់ឈ្នះឆ្នោតសិន ត្រង់នេះហើយដែលលំបាក ពីព្រោះត្រូវកំចាត់គណបក្សប្រឆាំងដែលខ្លាំងជាងគេនោះឱ្យបានសិន ឥឡូវ គ.ជ.ប. មិននៅក្រោមអំណាចខ្លួនទាំងមូលទៀតទេ យើងមានអ្នកឈរឈ្មោះជាបេក្ខជន គ្រប់កន្លែងបានហើយ ថែមពីនេះ យើងមានទាំងអ្នកសង្កេតការណ៍រាប់ម៉ឺននាក់ទៀតផង… ភារកិច្ចនៃបងប្អូននៅក្រៅស្រុក គឺសុំឱ្យបន្តរធ្វើជាញត្តិ ឬទៅពន្យល់រដ្ឋាភិបាលក្នុងសាកលលោកឱ្យរឹតតែញឹកញាប់នឹងខ្លាំងថែមទៀត ពីព្រោះ‹គាត់ខ្លាចមតិអន្តរជាតិ›ដែលជួយកម្ពុជារៀងរាល់ឆ្នាំ››។ ចំពោះសំនួរដែលថា‹តើសមាជិក គ.ជ.ប. បានត្រូវគេដាក់គុកខ្លះហើយ នឹងនៅតែមានសេរីភាពធ្វើការឯករាជ្យបានតទៅទៀតដែរឬទេ?› មនោវិទ្យា តបថា‹‹សមាជិកម្នាក់នៃគ.ជ.ប. បានត្រូវគេដាក់គុក គឺជាអគ្គលេខាធីការរង មិនមែនជាសមាជិកគណកម្មការនាយក៩រូបនោះទេ ដូច្នេះយើងនៅតែសង្ឃឹមលើឯករាជ្យភាពរបស់គ.ជ.ប. ថ្មីនោះបាននៅឡើយ››។

កញ្ញា កឹម មនោវិទ្យា បានបញ្ចប់ការថ្លែងពន្យល់អំពីភារៈកិច្ចរបស់ខ្លួន ដែលមកសហរដ្ឋអាមេរីកនេះថា ‹នាងនឹងទៅដល់រដ្ឋធានីអាមេរីកាំង ដើម្បីទៅជួបមន្ត្រីជាន់ខ្ពស់របស់គេ នូវនាំព្រឹត្តិការណ៍ថ្មីៗបំផុតនៃការប៉ុនប៉ងបង្ករគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជូនជ្រាបជាចំបាច់… នាងបន្តរថា ‹‹លោកអនុប្រធាន កឹម សុខា នឹងមិនទៅចូលសវនាការក្នុងតុលាការ តាមការកោះហៅសម្រាប់ថ្ងៃទី៩កញ្ញានោះទេ ពីព្រោះជាករណីរំលោភរដ្ឋធម្មនុញ្ញ››៕