“កុំ​ស្មាន​បង​ភ្លេច” ខ្មែរ​បាត់​បង់​តន្រ្តី​រ៉ក់

ដោយ​ ស្តាយ បុណ្យ

“… ស្តាយភូមិ​កំណើ​ត​ ស្តាយ​អនុស្សា​ ស្តាយ​ញាតិកា​ ធ្លាប់​រស់សុខ​សាន្ត

ស្តាយ​ដូរតន្រ្តីដ៏សែន​មនោរម្យ ខ្លួនខ្ញុំ​ឃ្លាតឆ្ងាយ​ ឆ្ងាយ​ដាច់​អាល័យ។

ស្តាយ​អ្នក​ចម្រៀង​ដែល​បង់​បាត់ ស៊ីន ស៊ី​សាមុត រស់ សេរី​សុទ្ធា

ប៉ែន រ៉ន សុះ ម៉ាត់ អ៊ិន យ៉េង អ៊ឹង​ ណារី ក្លាយជាធុលីលា​ចាក​លោកា…”

ខាង​លើ​នេះ គឺជាទំនុក​ច្រៀង​ ក្នុងបទចម្រៀង “ស្តាយ​ភូមិកំណើត” របស់លោក កែវ សារ៉ាត់។ លោក​ បាន​រៀបរាប់​អំពី​អ្នក​ចម្រៀង​ដែល​បានបាត់​បង់​ជីវិត​ក្នុង​របប ​ប៉ុល ពត។ ជាអកុសល លោក​​​ កែវ​ សារ៉ាត់ ខ្លួនឯង ក៏​បាន​លាចាក​លោក​បាត់​ទៅហើយ​ដែរ។ ទោះបី​គាត់​ស្លាប់ នៅ​ក្រោយ​របប​ខ្មែរក្រហមក្តី ក៏​មាន​អ្នក​ចម្រៀង​ និង តន្រ្តី​ករខ្មែរ​​តិចតួច​ណាស់​ ដែល​រស់ឆ្លង​ផុត​​របបវាលពិឃាតនេះ។

DTIF 13     តន្ត្រី​រ៉ុក និង តន្រ្តី​សម័យ​របស់​ខ្មែរ មាន​ភាព​ល្បី​រន្ទឺខ្លាំងក្នុង​ទសវត្ស​មុន​សង្គ្រាម​ឆ្នាំ ១៩៧០។ ទំនុក​ច្រៀង និង ទំនុក​ភ្លេង​នៃបទ​ពីដើម សុទ្ធ​តែបង្កប់​ទឹកដម​ និង អត្ថន័យ​ជ្រាលជ្រៅ លួងលោម​ បំពេរអារម្មណ៍​អ្នកស្តាប់ ឲ្យ​ស្លុង​ចិត្ត​ នឹកគិត​ឃើញ​ដល់​រូប​ភាព​ក្នុង​រូបារម្មណ៍ ហាក់ដូច​ស្តែង​នូវ​ទិដ្ឋភាព​ពិតនៅ​នឹង​មុខ។ ទឹកដៃនិពន្ធ​បទភ្លេង និង ទំនុក​ច្រៀង​របស់​រៀម​ច្បង​សិល្បៈករជំនាន់ដើម ធ្វើ​ឲ្យ​បទភ្លេង និង ចម្រៀង​របស់ពួកគាត់ នៅ​រស់រាន​មាន​ជីវិត ទោះ​បី​ម្ចាស់​បទ​ បានស្លាប់ចោល​បទ​បាត់​ទៅហើយ​ក្តី។

ក្នុង​ចំណោមអ្នកចម្រៀង និង តន្រ្តី​ករជំនាន់ទសវត្សឆ្នាំ ១៩៥០ និង ១៩៦០ ដែល​នៅ​រស់រានមាន​ជីវិតដល់សព្វ​ថ្ងៃ មាន​លោក ម៉ុល កាម៉ាច និង លោក ម៉ុល កាញ៉ុល ដែលជាបង​ប្អូន​បង្កើត​។ ក្នុង​ឆ្នាំ ១៩៥៩ លោកទាំងពីរ​បាន​បង្កើត​វង់​ភ្លេង​មួយ មាន​ឈ្មោះ​ថា បក្សី​ចាំក្រុង។ បទចម្រៀង​ល្បី​របស់​លោក ម៉ុល កាម៉ាច មាន​ដូចជា “ព្រែក​ឯង​អស់​សង្ឃឹម” និង “សូម​លា​អ្នក​មាន​គុណ”។

ក្រុម​តន្រ្តីករ និង អ្នក​ចម្រៀង​ក្នុង​វង់​ភ្លេង ដ្រាក្ការ ដូជា លោក​ ទូច ថាណា លោក អ៊ុក សំអាត (ហៅ​ថុល) និង លោក​ ទូច ឆាត់​ថា (ហៅ​ឆាត់) ក៏នៅ​រស់​រាន​មាន​ជីវិត​នៅឡើយ​ដែរ។ បទល្បី​របស់​វង់​ភ្លេង​ ដ្រាក្ការ ដែល​ច្រៀង​ដោយ​លោក ទូច​ ថាណា មាន​ដូចជា​បទ “ឆ្កួតចិត្ត​ដ្បិត​ស្នេហ៍អូន”។

ក្រុម​តន្រ្តី​ករ និង អ្នក​ចម្រៀងដ៏កម្រទាំងនេះ កំពុង​ធ្វើ​ដំណើរមកទីក្រុងឡូវែល ក្នុង​ខែ មេសា​ នេះ ដើម្បី​សម្តែង​តន្រ្តី​ ជាផ្នែក​មួយ​ក្នុង​ដំណើរ​ប្រគុំ​តន្រ្តី និង បញ្ចាំង​ខ្សែភាព​យន្ត​ឯកសារ “កុំ​ស្មាន​បងភ្លេច៖ ខ្មែរ​បាត់​បង់​តន្រ្តី​រ៉ក់”។ ភាព​យន្ត​ឯកសារ​នេះ គឺជាការ​ចងក្រង​នូវ​ប្រវត្តិ​នៃភាព​ល្បី​រន្ទឺ​របស់​តន្រ្តី​រ៉ក់​ខ្មែរក្នុង​ទសវត្សឆ្នាំ ១៩៦០ ទាំងមូល។

លោក ចន ភីរ៉ូស្ស៊ី ដែល​ជាអ្នក​ផលិត​ខ្សែភាព​យន្តឯកសារ​នេះ បាន​ថ្លែង “ភាពយន្តឯកសារ​​នេះ​រៀបរាប់អំពី​ប្រវត្តិសាស្រ្ត​របស់​ខ្មែរ តាម​រយៈតន្រ្តី​សម័យ។​ ពីមុន​មក ពុំដែល​មាន​នរណា​ធ្លាប់​ថតភាពយន្ត​ឯកសារ​ និង ចងក្រង​ប្រវត្តិ​តន្រ្តី​សម័យ​របស់​ខ្មែរ​យ៉ាង​ដូច្នេះទេ”។

Ros Serey Sothea (Photo from personal collection of Ros Saboeun)

ឥឡូវនេះ ភាពយន្ត​ឯកសារនេះ នឹង​ដាក់បញ្ជាំងនៅ​ទីក្រុងឡូវែល ចាប់ពីថ្ងៃទី ២៤-៣០ ខែ មេសា ឆ្នាំ ២០១៥ នៅរោងកុន Showcase Cinemas Lowell (32 Reiss Avenue)។ ការ​ដាក់បញ្ចាំង​ពិសេស នឹងធ្វើ​នៅថ្ងៃទី ២៥ ខែ មេសា (វេលាម៉ោង ៧ យប់) និង ថ្ងៃ អាទិត្យ ទី ២៦ ខែ មេសា (វេលាម៉ោង ៣ និង កន្លះ​រសៀល)។ ក្នុង​ការ​ដាក់បញ្ចាំង​ពិសេសនេះ នឹង​មាន​ចាងហ្វាងផលិតកម្ម គឺលោក ចន ភីរ៉ស្ស៊ី ចូល​រួមផ្ទាល់ និង មាន​តន្រ្តីករ និង​ អ្នកចម្រៀង​ជំនាន់ដើម​ ដែល​នៅ​រស់រាន​មាន​ជីវិតនៅឡើយ ដូចជា លោក ម៉ុល កាម៉ាច លោក ម៉ុល កាញ៉ុល លោក ហុង សំលី លោក ស៊ាង ថាណា លោក ទូច ឆាត់​ថា និង លោក អ៊ុក សំអាត ចូល​រួម​ផងដែរ។ នៅ​ថ្ងៃ អាទិត្យ ទី ២៦ ខែ មេសា ដដែល នៅវេលាម៉ោង ៦ ល្ងាច នៅ​ភោជនីយដ្ឋាន​សំពៅ​មាស នៅ​ទីក្រុងឡូវែល នឹង​មានវង់តន្រ្តី​សម័យ​​ប្រគុំផ្ទាល់។ ភោជនីយដ្ឋាន​សំពៅ​មាស មាន​ទីតាំងនៅអគារលេខ 450 Chelmsford Street, Lowell។ វង់តន្រ្តី​នឹង​ប្រគុំ​បទពីដើម​របស់​លោក​ស៊ីន ស៊ីសាមុត ដែលនឹង​ច្រៀង​ដោយ​ចៅប្រុស​របស់​គាត់ ឈ្មោះ ស៊ីន សេដ្ឋាកុល និង អ្នក​ចម្រៀងល្បី​ក្នុង​វង់​តន្រ្តី ដែងគី ហ្វីវើ​ (Dengue Fever) គឺអ្នកនាង​ ឆោម​ និមល។

 

Norodom Sihanouk [RF: Cambodia RF]សំបុត្រ​សម្រាប់​កម្មវិធី​ពិសេសនោះ លក់​ក្នុងតម្លៃ ៣០ ដុល្លា ក្នុង​ម្នាក់។ តម្លៃនេះ មាន​រួម​បញ្ចូល​អាហារខ្មែរបួន​មុខ​ផងដែរ។ សំបុត្រ​មាន​លក់នៅ​តាម​អ៊ិនធើណិត dtiflowellconcert.eventbrite.com ឬ មក​ទិញ​ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​កាសែត​ខ្មែរប៉ុស្តិ៍ 45 Merrimack Street, Suite 218A, Lowell។ កម្មវិធី​នឹង​បើកនៅម៉ោង ៦ ល្ងាច។ អាហារពេលល្ងាច​ នឹង​រៀបចំជូននៅម៉ោង ៦ និង ៣០ នាទីល្ងាច។ វង់​តន្រ្តី​នឹង​ចាប់ប្រគុំ​នៅម៉ោង ៧ និង ៣០ នាទីយប់។ ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់សំបុត្រ​ក្នុង​កម្មវិធី​ប្រគុំ​តន្រ្តី នឹង​រក្សាទុក​ដើម្បី​ឧបត្ថម្ភ​ដល់​ក្រុម​តន្រ្តីករ និង អ្នក​ចម្រៀង ក្នុង​កម្មវិធីនេះ។

សំបុត្រ​មើលភាព​យន្ត​ឯកសារ កុំស្មាន​បងភ្លេច ដែលនឹង​បញ្ចាំងនៅរោងកុន Lowell Showcase Cinema មាន​លក់នៅតាម​អ៊ិន​ធើណិត ShowcaseCinemas.com។ សូម​ស្វែងរកពាក្យ​ the Lowell venue រួច​ហើយជ្រើសយក​ថ្ងៃមើលកុន និង ម៉ោង៕