ក្រុមភាគតិចប្តឹងសាលាក្រុងឡូវែលពីភាពគ្មានតំណាងជនជាតិភាគតិច

ដោយ ពិនសំខុន

មានដំណឹងគួរឱ្យភ្ញាក់ផ្អើលថ្មីមួយទៀត ទើបនឹងលេចចេញមក គឺមានសមាជិកសហគមន៍ជនភាគតិចនៅឡូវែល មានទាំងខ្មែរផង ១៣នាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការ ចំពោះសាលាក្រុងឡូវែល អំពីករណីដែលជនជាតិភាគតិចនៅឡូវែល មិនអាចមានតំណាង នៅក្នុងតំបន់របស់ខ្លួន។

ប្រជាពលរដ្ឋខ្មែរអាមេរីកាំង បានមករស់នៅជុំគ្នានៅឡូវែល តាំងពីជាង៣០ឆ្នាំមកហើយ ឥឡូវក៏កើនចំនួនជិត៣០% បូកនឹងជនជាតីភាគតិចឯទៀត មានចំនួនជិតដល់៥០%ទៅហើយ ផ្ទុយទៅវិញ បើគេមើលទៅក្រុមប្រឹក្សាសាលក្រុង ទាំង៩រូប នឹងគណកម្មកាសាលារៀន ៦រូបទៀត សុទ្ធសឹងតែពួកជនស្បែកសទាំងអស់ ។ ប្រជាពលរដ្ឋ១៣នាក់ ពីសហគមន៌ជនជាតិ ភាគតិច បានដាក់ពាក្យបណ្តឹងទៅតុលាការ District court of MA ដោយគេឃើញថាប្រព័ន្ធបោះឆ្នោតនៅឡូវែលនេះ មានលក្ខណទប់ស្កាត់មិនឱ្យ ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅឡូវែលនេះ មានសិទ្ធស្មើរគ្នា ក្នុងការជ្រើសតាំងតំណាងរបស់ខ្លួន ។

នៅក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៨ខែឧសភា២០១៧ ដែលមានដើមបណ្តឹងឈ្មោះ ChanmanyHuot, VladimirSaldana, Champa Pang, Liana Kushi, Thoeurn Kong, Denisse Collazo, Sue J.Kim, Soady Ouch, Touch Van, Carmen Bermudez, Kei Ka Washima-Ginsberg, Daniel K.Uk &Famina zaman នៅឡូវែលបានប្តឹងចំពោះ ប្រធានប្រតិបត្តិក្រុងឡូវែល ប្តឹងក្រុមប្រឹក្សាក្រុង ប្តឹងគណកម្មការសាលរៀន នឹងប្តឹងគណកម្មការរៀបចំការបោះឆ្នោតនៅឡូវែល ទាមទារសិទ្ធបោះឆ្នោតស្មើរគ្នា ដែលសាលាក្រុងឡូវែលប្រើច្បាប់ដែលរើងអើងចំពោះជនជាតិភាគតិច។

នៅរាងរាល់២ឆ្នាំម្តង ពលរដ្ឋនាំគ្នាបោះឆ្នោត ជ្រើសរើសតំណាង៩រូប ឱ្យធ្វើជាគណក្រុមប្រឹក្សាសាលាក្រុង៩រូបនឹងគណកម្មការសាលរៀន ៦រូប សម្រាប់ក្រុងឡូវែល តែ២-៣អាណត្តិចុងក្រោយនេះ មានជាប់សុទ្ធតែបេក្ខជនអាមេរីកាំងស្បែកសទាំងអស់ បើទោះជាមានបេក្ខជនខាងជនជាតិភាគតិចជាច្រើន បានឈរឈ្មោះឱ្យគេបោះឆ្នោត ក៏ដោយ វាគ្មានបេក្ខជនខ្មែរឬជនជាតិភាគតិចណាម្នាក់មានសំណាងបានជាប់ឆ្នោតឡើយ។ជនជាតិភាគតិចនៅឡូវែល មានចំនួន៤៩%នៃពលរដ្ឋទាំងអស់នៅឡូវែល តែពាក្យបណ្តឹងនិយាយថា‹បានលទ្ធផលរបៀបនេះ នាំឱ្យបាត់បង់អំណាចរបស់ជនជាតិភាគតិចផង គឺជាការរំលោភសិទ្ធបោះឆ្នោតសហព័ន្ធផង នឹងរំលោភរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរីកថែមទៀត›។

សហគមន៍ខ្មែរនៅឡូវែលមានសមាជិក២២%ដែរ ដែលអ្នកដើមបណ្តឹងម្នាក់ក្នុងចំណោម១៣ រស់នៅឡូវែលនេះយូរហើយឈ្មោះ ចាន់ម៉ានី ហួត បាននិយាយប្រាប់គណកម្មការមេធាវីគេថា‹ការដែលខ្វះភាពចម្រុះសាសន៍ក្នុងរដ្ឋាភិបាលក្រុងឡូវែល នាំឱ្យមានគ្រោះថ្នាក់ដល់ជនជាតិភាគតិចដែលរស់នៅក្នុងក្រុងនេះ ពីព្រោះរដ្ឋាភិបាលផ្តោតការទទួលខុសត្រូវតិចតួចប៉ុណ្ណោះ ដល់សេចក្តីត្រូវការរបស់ពួកគេ…›។ ឡូវែលជាក្រុងដែលមានសហគមន៍អាស៊ីនឹងខ្មែរ រស់នៅច្រើនជាងគេនាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីក។

អ្នកដើមបណ្តឹងម្នាក់ទៀត នៃសហគមន៍ដ៏ធំមួយទៀតគឺខាងស្បានីសគាត់ឈ្មោះ វ្លាឌីមៀ សលដាណាបាននិយាយថា‹អ្នកបោះឆ្នោតទាំងអស់គួរតែមានសម្លេងស្មើគ្នានៅប្រអប់ឆ្នោត ក៏ប៉ុន្តែធ្វើរបៀបសព្វថ្ងៃនេះ អ្នកជាប់ឆ្នោតផ្លូវការមិនមានយកជាការបានទេ សម្រាប់ជនជាតិដែលមានពណ៌សម្បុរខុសគ្នា› គាត់បន្ថែមថាតំណាងក្រុងមានការខ្វះខាតនឹងទៅជួបជនជាតិភាគតិច សម្រាប់ដោះស្រាយបញ្ហារសើបនានា ដូចជាកាពារផ្ទះសម្បែង ឬផ្លាស់សប្តូរទីតាំងវិទ្យាល័យជាដើម – ការប្តឹងនេះមានបំណងចង់ឱ្យ សហគមន៌ទាំងអស់មានតំណាងរបស់ខ្លួនពេញច្បាប់ នៅក្នុងរដ្ឋាភិបាលក្រុង។

ក្នុងចំណោមសមាជិកក្រុមប្រឹក្សាក្រុង ក៏មានអ្នកដែលយល់ស្របថា‹ច្បាប់នោះមានភាពអយុត្តិធម៌ដូច្នោះមែន›ដូចជាលោក រ៉តនីយ អេលីយ៉ុតជាដើមនឹងសមាជីក៣-៤រូបទៀត គេបានបោះឆ្នោតផ្ទៃក្នុង បង្កើតអនុគណកម្មការមួយសិក្សាច្បាប់ដែល‹អាចផ្តល់ការពិគ្រោះផ្នែកច្បាប់ដែលអាចនឹងមានការផ្លាស់ប្តូរការគ្រប់គ្រងក្រុងឡូវែល ពីការបោះឆ្នោតទូលំទូលាយ ទៅការបោះឆ្នោតសម្រាប់រើសក្រុមប្រឹក្សាពិក្នុងឃុំ›ក្នុងនោះមានលោក ជីម ឡេរី- ជន ឡេហ៊ី នឹងលោក សាមារ៉ាស ជាអ្នកដឹកនាំ តែពុំមានលោក រ៉តនី អេលីយ៉ុត ទេ។ ក្នុងករណីនេះបើគណកម្មការនោះគេឱ្យយោបល់ស្របមកថា‹គួរតែមានការកែរប្រែច្បាប់› ពេលនោះច្បាប់ស្តីពីភាពដំណាងរបស់ជនជាតិភាគតិច នឹងត្រូវកែរប្រែដោយក្រុមប្រឹក្សាក្រុងឡូវែល ហើយនឹងបញ្ចប់ការប្តឹងផ្តល់គ្នាបានភ្លាម អាចនឹងធ្វើបានមុនខែវិច្ឆិការខានមុខនេះបានដែរ ។ ក៏ប៉ុន្តែលោកអភិបាលក្រុងឡូវែល អេដ ខេណ្ណឺឌី ទំនងជាមិនបានពេញចិត្តនឹងដំណើរការនេះទេ ដែលមិនបានដាក់លោក អេលីយ៉ុត ជាអ្នកតស៊ូឱ្យមានច្បាប់នេះច្រើនឆ្នាំមកហើយ, ទង្វើនេះបាននាំឱ្យគេនឹកថា‹នឹងមិនបានចម្លើយដូចដែលមតិភាគច្រើនចង់តាំងសំនួរទៅនោះទេ› ហើយទង្វើរបៀបនេះនឹងបណ្តាលឱ្យមានការប្តឹងផ្តល់បន្តរកាន់តែយូរតទៅទៀត រហូតដល់ទៅជាង២ឆ្នាំ។

ក្រុងឡូវែលជាក្រុងតែមួយ ដែលនៅជុំវិញនេះគេបានកែរទម្រង់របៀបគ្រប់គ្រងរដ្ឋាភិបាលអស់ទៅហើយ កុ្រមមេធាវីអ្នកដើមបណ្តឹងបាននិយាយថា‹ពេលនេះឬពេលក្រោយស្ថានភាពចាស់នេះនឹងនឹងប្តូរផ្លាស់› លោក រ៉តនីយ អេលីយ៉ុត បន្ថែមថា‹បើការពិគ្រោះក្នុងអនុគណកម្មការមិនទៅមុខទេនោះ លោកនឹងសមាជិកក្រុមប្រឹក្សានឹងជម្រុញឱ្យមានការធ្វើប្រជាមតិនៅខែវិច្ឆិកាខាងមុខ៕