ចំណាយ 13 ដុល្លារ ជាវកែវរចនាដោយយុវតីខ្មែរតាម Online ដើម្បីជួយដល់គ្រួសារខ្វះខាតទឹកស្អាតក្នុងប្រទេសកម្ពុជា

ដោយ សុខារ័ត្ន កូយ

នៅតាមបណ្តាញអនឡាញជាពិសេសគឺ AMAZONមានការដាក់លក់កែវដែលមានយីហោ STELLA ARTOISដែលបានរចនាឡើយដោយក្រុមវិចិត្រករល្បីៗជាច្រើនប្រទេសក្នុងនោះក៏មានកម្ពុជាផងដែរ ក្នុងតំលៃ 13 ដុល្លារ សម្រាប់កែវមួយ ដែលការចំណាយទិញកែវមួយ វាស្មើរនឹងការជួយផ្គត់ផ្គង់ទឹកស្អាតជល់គ្រួសារ 1 សម្រាប់រយៈពេល 5 ឆ្នាំ ក្នុងប្រទេសកំពុងអភិវឌ្ឍន៏។

កាលពីពេលថ្មីៗនេះមានសកម្មភាពនៃការដាក់លក់កែវ គឺផ្តើមចេញពីកិច្ចសហការគ្នារវាងក្រុមហ៊ុន Stella Artoist ដែលជាក្រុមហ៊ុនស្រាបៀរដ៏ល្បីក្នុងពិភលោកដែលមានប្រវត្តិជិត 600 ឆ្នាំ និងអង្កការWater.org ដែលបង្កើតឡើងដោយលោក Gary White និងMatt Damon ដែលជាតារាសម្តែងហូលីវូតាមរយៈយុទ្ធនាការមួយដែលមានឈ្មោះថា “Buy A Lady A Drink”។ យុទ្ធនាការនេះ មានគោលបំណងធំពីរ គឺដើម្បីបង្កើតឲ្យមានការយល់ដឹងទូទាំងពិភពលោកអំពីបញ្ហាទឹក ដែលវាកំពុងប៉ះពាល់ប្រទេសកំពុងអភិវឌ្ឍន៏ភាគច្រើនបំផុត ដូចជាតំបន់អាស៊ីអាគ្នេយ៏,  អាស៊ីខាងត្បូង, អាមេរិកខាងត្បូង និងផ្នែកជាច្រើននៃអាហ្វ្រិច​​ ជាពិសេសស្ត្រី និងក្រុមគ្រួសារ ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែស្ត្រីមានតួនាទីក្នុងការថែរក្សាកូនផង និងជាអ្នក​ដែលធ្វើដំណើរដ៏ឆ្ងាយទៅយកទឹកសម្រាប់គ្រួសារ និងដើម្បីប្រមូលថវិការជួយដល់ប្រជាពលរដ្ឋដែលខ្វះខាត់ទឹកស្អាត់ប្រើប្រាស់ទូទាំងពិភពលោក។

Layout No.222(24P).qxp

ក្នុងយុទ្ធនាការឆ្នាំនេះ វិចិត្រករចំនួន 3 ប្រទេសមានដូចជាកម្ពុជា, ប្រេស៊ីល, និងយូក្យានដា  ត្រូវបានជ្រើសរើសដើម្បីធ្វើការរចនាគំនូរលើកែវតំណាងឲ្យប្រទេសរៀងៗខ្លួន។ សម្រាប់កម្ពុជា វិចិត្រ​ការិនី ម៉ម លីសា ​ត្រូវបាន​ក្លាយ​ជា​អ្នក​តំណាង​កម្ពុជាក្នុងការរចនាគំនូរសម្រាប់​​គម្រោង​មួយ​នេះ​។ ថ្លែង​តាម​សារ​អេឡិចត្រនិច​កញ្ញា ម៉ម លីសា​ ថា <<ខ្ញុំពិតជាមានកត្តិយសណាស់ដែលត្រូវបានជ្រើសរើសជាតំណាងកម្ពុជា និងក៏ជាវិចិត្រករដើម្បីធ្វើការរចនាគំនូរលើកែវសម្រាប់តំណាងកម្ពុជា>>។ កញ្ញា លីសា បានបន្តថា សម្រាប់រូបគំនូរដែលបង្កើតឡើងនេះគឺជាការរចនា និងការយល់ឃើញរបស់កញ្ញាផ្ទាល់ ដោយមានការរចនាតាមបែបខែ្មរទំនើប តែមានទំនោរជាការរចនាតុបតែងតាមបែបប្រពៃណីបុរាណខ្មែររបស់យើង ហើយមានលក្ខណៈសាមញ្ញ​ ដោយរូបនេះគឺមានន័យថាទឹកផ្តល់នូវជីវិត។ ផ្នែកដែលសំខាន់បំផុត គឺរូបគំនូរទាំងអស់មានទំនាក់ទំនងគ្នា ដោយមានរូបស្រី្តយកដៃទ្រដំណកទឹក និងផ្តល់ជីវិតដល់បរិដ្ឋានទាំងអស់ដែលកំពុងរីកលូតលាស់នៅជុំវិញដែលជាធាតុផ្សំនៃធម្មជាតិ ។

លីសា ក៏បានបន្តទៀតថា កែវនេះត្រូវបាន​ដាក់​លក់​នៅ​ Amazon.com ក្នុង​តម្លៃ 13 ដុល្លារ​អាមេរិក សម្រាប់កែវមួយហើយប្រាក់ដែលបានមកពីការលក់នេះ នឹងត្រូវប្រើប្រាស់ដើម្បីជួយដំឡើងទឹកស្អាតដល់គ្រួសារដែលទទួលរងបញ្ហាផ្នែកសុខភាពដោយសារបញ្ហាកង្វះទឹក។ កញ្ញាក៏បានលើក​ឡើងថា រាល់ការចំណាយថវិការក្នុងការទិញកែវមួយ គឺវាស្មើនឹងការជួយផ្គត់ផ្គង់ទឹកស្អាតជល់គ្រួសារ1 សម្រាប់រយៈពេល 5 ឆ្នាំ​។ រហូតមកដល់ពេលនេះ កែវចំនួនច្រើនជាង300,000 ហើយត្រូវបានលក់ ដូច្នេះមានន័យថា គ្រួសារចំនួនច្រើនជាង 300,000 ហើយ ដែលត្រូវបានជួយឲ្យមានទឹកស្អាត់ប្រើប្រាស់ដល់លំនៅដ្ឋានរបស់ពួកគេ។

សូមបញ្ជាក់ថា​ ម៉ម  លីសា បានបញ្ចប់ការសិក្សាថ្នាក់ទន្តសាស្ត្រនៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកាលពី 2 ឆ្នាំមុន ហើយបច្ចុប្បន្ននេះ លីសាជាទន្ត​បណ្ឌិត​។​ កញ្ញាមិនពុំបានចូលរៀនគូគំនូរនៅសាលារៀននោះទេ តែដោយសារតែទេពកោសលើពីធម្មជាតិ, ការស្រលាញ់សេរីភាព និងចំណងចំណូលចិត្តក្នុងការគូរតាំងពីក្មេងដែលកើតចេញពី​ការឃើញរូបគំនូរតាមទីសាធារណៈនៅពេលរធ្វើដំណើរទៅប្រទេសបារាំងជាច្រើនដងជាមួយគ្រួសារ ទាំងនេះគឺជាធាតុផ្សំចំបងបំផុតដែលធ្វើឲ្យ លីសា អាចបញ្ចេញទេបកោសលនៃការគូគំនូរដោយមានសេវីភាព និងការឆ្នៃប្រឌិតដោយខ្លួនឯង​ ហើយធ្វើឲ្យយុវតីមួយរូបនេះហាក់ទទួលបានជោគជ័យក្នុងអាជីបសិល្បៈរហូតដល់បច្ចុប្បន្ននេះ។ លីសា​ ថា ការគូរគំនូរ​គឺជាអ្វីដែលនាងចូលចិត្តធ្វើពីមុនការគូរគឺអ្វីដែលកញ្ញាចូលចិត្តនៅពេលមានមានទំនេរប៉ុណ្ណោះ តែឥឡូវនេះការគូរវាគឺជាអ្វីដែលកញ្ញាចំណាយពេលធ្វើភាគច្រើនបំផុត។

ស្នាដៃរបស់លីសា ដែលត្រូវបានចាប់ផ្តើមទទួលស្គាល់ និងមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុកគឺរូបគំនូរលើជញ្ជាំងនៅជុំវិញក្រុងភ្នំពេញ ហើយឯសម្រាប់បរទេសវិញ គឺចាប់តាំងពីកញ្ញាបានរចនាម៉ូតស្បែកជើងឲ្យក្រុមហ៊ុន Bucketfeet ដែលមានទីតាំងនៅ Chicagoសហរដ្ឋអាមេរិក។ ជាចុងក្រោយ លីសា ថា <<ខ្ញុំសូមអរគុណចំពោះការគាំទ្រនូវការងារសិល្បៈរបស់នាង ហើយខ្ញុំក៏ចងប្រាប់ថា អ្វីក៏ដោយឲ្យតែអ្នកមានចំណង់ចំណូលចិត្ត និងក្តីស្រមៃ អ្នកគូរតែធ្វើទៅតាមអ្វីដែលអ្នកជឿជាក់ ការប្រគួតប្រជែងតែមួយគត់របស់អ្នក គឺខ្លួនអ្នកផ្ទាល់  គ្មាននរណាផ្សេងនោះទេ  គិតអ្វីដែលល្អ និងមានការយល់ឃើញវិជ្ជមានទៅលើអ្វីៗដែលអ្នកធ្វើ និងអ្វីៗដែលនៅជុំវិញអ្នក >>។​