ដំណើរត្រឡប់ទៅអាសុីប្រទេសកំណើតវិញ

*បន្តដំណើរមកដល់កម្ពុជាក្រោម

ដោយ ពិន សំខុន

Car

ព្រហ៊ាមនៃ ថ្ងៃទី៧កក្កដា២០១៦ ជាថ្ងៃចុងក្រោយនៃការស្នាក់អាស្រ័យនៅកម្ពុជា យើងបានឡើងរថយន្តក្រុងពី‹ផ្សារអូរឬស្សី›នៃទីក្រុងភ្នំពេញ សំដៅមក‹ក្រុងព្រៃនគរ›ដែលឈ្មោះផ្លូវការរបស់គេគឺ‹សាយគ្ហន›ឬ‹ក្រុងហូជីមិញ›ដែលជាទិប្រជុំជនធំដូចរដ្ឋធានីនាផ្នែកខាងត្បូងនៃប្រទេសវៀតណាម។

លើកនេះ ជាមួយនឹងយើង មានភ្ញៀវទើបនឹងរៀបការថ្មីថ្មោង២រូបក៏មករួម‹ដំណើរក្របទឹកឃ្មុំ›ជាមួយគ្នា បានជា៥នាក់ គឺសុបិន-ប៉ុណ្ណារ៉ូ-សៀកលឺ-ប៊ុនឡេង នឹង ខ្ញុំសំខុន ដែលធ្វើឱ្យដំណើរក្លាយជាអ៊ូអរជាងមុនគួរឱ្យរីករាយជាពន់ពេក។ សៀកលឺមិនដែលចេញមកវៀតណាមទេ ធ្វើដំណើរស្ងៀមស្ងាត់ ធ្វើឱ្យប៉ុណ្ណារ៉ូចូលចិត្តនឹងភាពទន់ភ្លន់ទៅគេងលើភ្លៅក្នុងដំណើរដ៏វែងឆ្ងាយនេះរហូតតាមផ្លូវ។ នៅតាមផ្លូវស្រុកខ្មែរមិនមែនចេះតែមានផ្ទះខ្ពស់នឹងមនុស្សច្រើនដូចភ្នំពេញតែគ្រប់កន្លែងនោះទេ រហូតដល់អ្នកលឿង នៅសល់វាលស្រែធំទូលាយពណ៌បៃតងស្រង៉ាត់ឆ្ងាយរហូតដល់ឯជើងភ្នំ យូរៗទើបមានភូមិករមួយៗដែលផ្ទះសម្បែងមិនបានប្រែប្រួលរូបរាងខុសពីសំណង់៥០ឆ្នាំមុនមកប៉ុន្មានទេ… ក៏ប៉ុន្តែផ្លូវទៅវៀតណាមឥឡូវ បានក្លាយទៅជា‹មហាវិថី›ធំទូលាយ ចាក់កៅស៊ូស្អាតភ្លឹងរហូតដល់ព្រុំប្រទល់ដែន គ្មានឆ្លង‹សាឡាង›ដូចមុនទៀតទេ គឹមានស្ពានសម្រាប់ឆ្លងកាត់ទន្លេមេគង្គគ្រប់កន្លែងទាំងអស់ ដូចជា‹ស្ពានអ្នកលឿង›ជាដើម។ ផ្លូវបន្តរពីអ្នកលឿង ទៅដល់បាវិតព្រុំប្រទល់ដែនខ្មែរ-វៀតណាម ក៏មានសភាពប្រហាក់ប្រហែលគ្នា ប្រកបដោយវាលស្រែធំទូលាយដដែល នឹងក្រុងដែលទំនើបជាងមុនបន្តិចដោយផ្ទះល្អៗរបស់អ្នកមាន នៅដោយកន្លែង។កំណាត់ផ្លូវដែលថែរទាំបានស្អាតមួយនេះ មានចរាចរខ្វាត់ខ្វែងរថយន្តធំតូច ម៉ូតូ រទេះមិនមានដាច់ គឺជាផ្លូវផ្ជាប់តំបន់សំខាន់២ នៃប្រទេសអាស៊ាន គឺ‹ភ្នំពេញ›នឹង‹ក្រុងហូជីមិញ›មានគោលការគ្រប់គ្រងមកពិច្រើនប្រទេស។

DSC_2180 - Copy

DSC_1955រថយន្តក្រុងនាំយើងមកដល់កន្លែងឆ្លងព្រុំដែន ក្នុងដំណើរជាង៤ម៉ោង ហើយបន្តរ៣ម៉ោងកន្លះទៀត ទើបដល់‹ក្រុងហូជីមិញ›។ នៅទីនោះ ក្រុមញាតិសាច់សាលោហិតបង្កើតរបស់សូបិនប្រមាណ១០នាក់ មកពិ‹បាយសៅ›ដែលបានបែកគ្នាការពី២ឆ្នាំមុន បានត្រឡប់មកចាំទទួលពួកយើង យ៉ាងរីករាយជាទីបំផុត ហើយនាំពួកយើង បន្តរដំណើរជិត៥ម៉ោងទៀត តាមរថយន្ត‹វ៉ែន›៤បាំង សំដៅត្រឡប់ទៅស្រុក‹បាយឆៅ› នៃខែត្ត‹ត្រាវិញ› ដែលជាជនបទ‹កម្ពុជាក្រោម› ដែលជាទីយើងត្រូវស្នាក់អាស្រ័យ២០ថ្ងៃខាងមុខទៀតនោះ។

ស្រុក‹បាយឆៅ›ស្ថិតនៅតំបន់ដីសណ្តរ ចន្លោះម្រាមដៃនៃទន្លេមេគង្គ នាខាងត្បូងឈៀងខាងលិចនៃ‹ក្រុងព្រៃនគរ›គឺជាស្រុកមួយនៅក្នុងខេត្ត្‹ត្រាវិញ›ហៅជាខ្មែរថា‹ខេត្តព្រះត្រពាំង›នៅជាប់គ្នានឹងខេត្តធំៗអតិតកម្ពុជា៤ខេត្តទៀត ដ៏សម្បូរខ្មែរក្រោមរស់នៅ រហូតដល់ទំហ៊ំ៩០%នៃប្រជាពលរដ្ឋក្នុងខេត្តនិមួយៗ។ គេអាចយល់បានយ៉ាងងាយថា‹ហេតុអ្វីក៏មិនចាំបាច់ចេះភាសាយួនក៏ខ្មែរអាចរស់នៅបានដែរនោះ›។

DSC_1900DSC_2119 - Copy - Copy

ខុសគ្នាពីកម្ពុជាកណ្តាល ‹កម្ពុជាក្រោម›របស់វៀតណាមមិនមានបញ្ហាម្ហូបមានជាតិពុលទេ ហើយចរាចររថយន្ត-ម៉ូតូ-ឬយានជំនិះផ្សេងៗ គេគ្រប់គ្រងបានល្អប្រសើរណាស់។ ថ្វីត្បិតតែយើងមានទិដ្ឋាការចូលទឹកដីវៀតណាមហើយក្តី អ្នកដំណើរគ្រប់រូប ត្រូវតែទៅបង្ហាញខ្លួននៅការិយាល័យប៉ូលិសនៃកន្លែងដែលយើងទៅស្នាក់នៅ បន្ថែមទៀត។

ប្រជារាស្ត្រនៅជនបទ ជាទូទៅមានជីវភាពក្រីក្រ ‹បងលាង›ជាបងប្រុសរបស់សូបិន មានដីធ្វើស្រែមួយចំនួនដែលគាត់អាចធ្វើស្រែបាន៣ដងក្នុងមួយឆ្នាំ បានស្រូវ៤០០បាវ – ដាំអំពៅលើដី១កុង បានផល១ឆ្នាំម្តង- ចញ្ចិមគោបាន៣ លក់បាន២ហើយ- តែរដូវចុងក្រោយនេះ គាត់ខូចស្រូវអស់១កុង នឹងអំពៅអស់មួយកុងទៀតដោយទឹកដែលបូមបញ្ចូលស្រែចំការមានជាតិប្រៃពីសមុត្រ – ការខូចខាតនេះរដ្ឋអំណាចគេជួយបង់ខាត នឹងបានឱ្យប្រាក់មួយចំនួនសម្រាប់ប្រឈមមុខនឹងការខាតបង់នេះ។

យើងបានទៅដល់ក្រុង‹ត្រាវិញ› ហើយហួសទៅមើលដើមឈើទាលប្រវត្តិសាស្ត្រ ដាំបញ្ច្រាសជើងដោយចៅហ្វាយគុយកាលពីជាង២០០ឆ្នាំមុន។ លោកតា សឺង កង បាននិទានរឿងប្រាប់ចៅៗថា‹មុននឹងស្លាប់ដោយបានធ្វើការបះបោរ ហើយកងទ័ពយួនចាប់បាន លោកចៅហ្វាយ សឺង គុយ បានឧទ្ទិសថា សូមឱ្យដើមឈើទាលដែលលោកបានដាំបញ្ច្រាសជើងនៅថ្ងៃនេះ បើបានរស់រានជារៀងរហូតតទៅ នោះប្រទេសកម្ពុជានឹងមិនសាបសូន្យទេ› និយាយរួចហើយ លោកក៏យកកូនដើមឈើទាលទៅកប់ចុងចូលក្នុងដី ហើយឬសឡើងលើ… ២០០ឆ្នាំក្រោយមក ដើមឈើទាលដ៏ចំឡែក មានដើមរមួលខ្មាញ់ទំហ៊ំ៤ឱប នៅតែមានជីវិតនៅឡើយ ហើយកម្ពុជាក៏មិនបានសាបសូន្យ ដូចពាក្យឧទ្ទិសរបស់លោកមែន។

រំលឹកប្រវត្តិសាស្ត្រនាជាង២០០ឆ្នាំមុន ខេត្តខ្មែរខាងកើតទន្លេមេគង្គ នៅជាចំណុះ‹សៀម›ជំនាន់‹ហ្លួងអង្គឌួង› ហើយនឹងម្ខាងទៀត ខេត្តខ្មែរខាងលិចទន្លេមេគង្គ នៅក្រោមអំណាចយួន  នាជំនាន់‹ជ័យជេត្ថាទី២› នឹង‹អង្គម៉ី›… អស់សង្ឃឹមថាកម្ពុជាអាចនឹងរស់រានមានជីវិតទៅបាន ទើបចៅហ្វាយ សឺង គុយ ធ្វើការឧទ្ទិសយ៉ាងនោះ – បន្តិចក្រោយមកទើបបារាំងមកដល់ បានវាតទីយកកម្ពុជានាជុំវិញទន្លេ៤មុខធ្វើជាអាណាព្យាបាលនាជំនាន់‹ហ្លួងនរោត្តម› ខ្មែរក៏បានទឹកដីនៅសែសសល់មកវិញមែន នៅពេលបារាំងឱ្យឯករាជ្យនៅឆ្នាំ១៩៥៤ នោះមក តែមិនបានយកទឹកដីកម្ពុជាក្រោមមកឱ្យខ្មែរទេ។

ផ្ទះថ្មីសង់ឱ្យម៉ែនៅបាយឆៅ

គ្រួសាររបស់សូបិន មានគ្នាច្រើនអ្នក រស់នៅជួយយកអាសារគ្នា ប្រដៅកូនចៅ តាមវប្បធម៌‹ចៅចិន នឹងចៅខ្មែរ›យ៉ាងរអូករអឺន។ ក្មួយៗឥឡូវធំស្រោងហើយនិយាយខ្មែរនឹងយួនបានល្អ តែម្នាក់ៗចង់ឈប់រៀនដោយម្តាយឳពុកក្រ មកធ្វើការជួយគ្រួសារ ក៏ប៉ុន្តែកាងារល្អបានប្រាក់ខែច្រើនមិនសូវមានទេ មានតែការងារលក់ដូរ ស៊ីឈ្នួលគេ ឬកាងាររោងចក្រជាដើម។ សូបិនដែលបានគេចរួចពីជីវភាពស្រុកខ្មែរ-ស្រុកយួន បានស្នើឱ្យខ្មួយៗបន្តរនៅរៀន ឬទៅរៀនយកឯកទេសអ្វីមួយ ក្រែងជួយម្តាយឳពុកបានប្រសើរជាងពេលនេះ តែហាក់ដូចជាពុំទាន់ទាក់ទាញនរណាបាននៅឡើយទេ សង្ឃឹមថាក្នុងរយពេលដែលយើងនៅ‹បាយឆៅ› ពួកគេនឹងប្តូរគំនិតថ្មីជាមិនខាន។ បងប្អូន‹ខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរីក›ជួយក្រុមគ្រួសារខ្លួននៅឯស្រុកយួន បានច្រើនក្រែល ធ្វើផ្ទះ ទីញដី ឱ្យម៉ែឳបងប្អូនបានល្អ ហើយក្នុងតម្លៃថោក មិនដូចនៅឯកម្ពុជាទេ អ្វីៗក៏ថ្លៃដូចនៅសហរដ្ឋអីចឹង តែទិញមិនបានរបស់ល្អដូចនៅអាមេរីកទៀត។ ក្មួយប្រុសម្នាក់ឈ្មោះ‹អាលឹន› ទើបការប្រពន្ធ បានកូនតូចច្រឡឹងមួយអាយុ១ឆ្នាំ ឥឡូវទៅនៅខាងស្រីគេមានផ្ទះសម្បែងរួចស្រេចហើយ។ ‹អាលីន›មានចំការអំពៅដែលទទួលផល់១ឆ្នាំម្តង ចិញ្ចឹញគោយកសាច់៣ក្នុងមួយឆ្នាំអាចលក់បានលុយគ្រាន់នឹងរស់បានហើយ ជីវភាពគ្រួសារអាលិនបានប្រសើរជាង២ឆ្នាំមុនដែលយើងបានឃើញ ពួកគេថ្វីត្បិតតែក្រ តែមានសង្ឃឹមក្នុងជីវិត។

ទៅលេងមាត់សមុទ្រ‹វង់តាវ›

ឃើញក្រុមគ្រួសារមិនដែលឃើញជីវិតអ្នកក្រុង រស់នៅមិនខ្វះមុខក្រោយ យើងក៌សម្រេចនាំក្រុមគ្រួសារមួយចំនួន ឱ្យទៅកាន់ទីក្រុងធំម្តង។នៅប្រមាណជា២ម៉ោង ពី‹ព្រៃនគរ›ទៅខាងជើងឈាងខាងកើត ឆ្នេរសមុទ្រ‹វង់តាវ›គឺជារមនីយដ្ឋានផ្កាយ៥របស់វៀតណាមខាងត្បូង ដែលមានទឹកសមុទ្រក្តៅអ៊ុនៗ ហើយថ្លាឆ្វង់ ខ្សាច់ម៉ត់ល្អិតពណ៌លឿងលាតសង្ធឹងយ៉ាងវែង នៅអបទីក្រុងដែលរៀបចំស្អាតសម្រាប់ទទួលភ្ញៀវថ្នាក់ខ្ពស់។ ក្រុមគ្រួសារខ្មែរផុស៩នាក់ បានចេញដំណើរតាំងពីព្រលឹមនៃថ្ងៃទី១៣កក្កដា ពី‹បាយឆៅ›ទៅតាមរថយន្តតូច ប្រមាណជា៨ម៉ោងទើបដល់ទីនោះ។ យើងរីករាយដោយបានចេញពិជនបទដ៏ក្រីក្រ ដែលយើងរស់នៅច្រើនថ្ងៃហើយ ទៅឃើញទឹដ្ឋភាពទីក្រុងដ៏ទំនើប ប្រកបដោយសណ្ឋាគារធំតូច មានអាងហែលទឹកខៀវថ្លា សួនច្បារចំរុះពណ៍ នឹងផ្លូវធំទូលាយ បើកបរដោយរថយន្តថ្មីៗ ទីនោះមិនឃើញមានខ្មែរក្រោមទេ ហើយក៏មិនឃើញមានជនបរទេសស្បែកសដែរ។

DSC_2081DSC_2063

ទីក្រុងថ្មី ទឹកសមុទ្ររលកតូច អាងហែលទឹកទំនើប ហូបម្ហូបចំណីបរិបូណ៌ បានផ្តល់ភាពសង្ហារឱ្យបងប្អូនយើងទាំងអស់ ឱ្យបានរស់ជាមនុស្សសំខាន់មានអ្នកបំរើឆ្វេងស្តាំ បាន២ថ្ងៃពេញគួរឱ្យរីករាយ មុននឹងត្រឡប់មកភូមិកំណើតមករកជីវភាពធម្មតារបស់យើងវិញ។

ត្រឡប់មក‹បាឆៅ›វិញ យើងនៅសល់៣ថ្ងៃទៀត នឹងចេញដំណើរទៅ‹សាយហ្កន-Saigon›ដើម្បីឡើងយន្តហោះទៅ‹សៀងហៃ›ជាបន្តរទៅទៀត, យើងដឹងថាកម្ពុជាក្រោមសម្បូរដោយវត្តអារាមណាស់ យើងនាំបងប្អូនជិះម៉ូតូទៅទស្សនាជុំវិញ‹បាយឆៅ›តើវត្តខ្មែរមានរូបរាងស្រស់បស់ ឬក៏ចាស់ជរាអស់ទៅហើយ? ផ្ទុយពីការង់ចាំរបស់យើង វត្តខ្មែរប្រមាណ១០ ដែលយើងទៅទស្សនានោះ វត្តនិមួយៗ នៅថែររក្សាបានថ្មីស្រឡាងដដែល ថ្វីត្បិតតែវត្តនិមួយៗ មានអាយុកាលច្រើនរយឆ្នាំហើយក៏ដោយ បង្ហាញសញ្ញាថាបងប្អូនខ្មែរកម្ពុជាក្រោមយើង មានជំនឿជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនាថេរវាទិខ្លាំងខ្លាណាស់ មានបង្រៀនភាសាខ្មែរ មានពន្យល់ពីវប្បធម៌បូរាណខ្មែរដោយព្រះសង្ឃក្មេងៗ បួសនៅទីនោះ។

ថ្ងៃអង្គារទី១៧កក្កដា យើងបានទៅចូលរួមពីធី‹សិតទានវស្សា›នៅវត្តឈ្មោះ‹តាកូវ›តាមពិតទៅគឺវត្ត‹ថ្កូវ›សំដៅទៅរកវត្តមួយដែលមានដើមថ្កូវដុះនៅទីនោះ។ វត្តនោះមានអាយុ៥០០ឆ្នាំហើយ តាំងពីជំនាន់កម្ពុជាក្រោមជាប្រទេស‹កម្ពុជា›ម្លេះ មនុស្សរាប់រយនាក់ចូលរួមធ្វើបុណ្យកុះករ ដូចចាស់ទំគ្រប់ជំនាន់នៅតែទៅធ្វើបុណ្យ នៅតែទៅបួសដើម្បីរៀនសូត្រ តែជាមួយគ្នានោះ មនុស្សមួយចំនួនធំ នៅតែកាន់ជើងធូប‹ដូនតា›ជាវប្បធម៌‹កូនចៅចិន› ច្រើនជាងកាន់វប្បធម៌‹យួន›ឬស្ទើរតែគ្មានសោះតែម្តង។ ព្រះតេជគុណមេគន់ បានបង្ហាញវត្ថុបូរាណស្ថិតនៅក្នុងវត្តច្រើនរយឆ្នាំមកហើយ មានគ្រែតុទូ មានព្រះត្រៃបីតក មានសត្រាស្លឹករឹត ដែលកំពុងខ្វះបច្ចេកទេសថែរទាំកុំឱ្យខូចខាត តែការថែរទាំជំនឿលើព្រះពុទ្ធសាសនា ហើយនឹងការថែរក្រុមល្ខោន‹អាប៉េ›ខ្មែរក្រោម នៅតែខ្ពស់ត្រដែតដដែល។ ទៀនក្រមួនសុទ្ធ១៦ដើម នឹងត្រូវបញ្ឆេះឡើងក្នុងរយៈពេល៣ខែ នារដូវ‹ចូលវស្សា› ហើយក្នុងពន្លឺទៀននោះ ព្រះសង្ឃនឹងសូត្រជយន្តោប្រសិទ្ធីពរជ័យជារៀងរាល់ថ្ងៃនឹងរាត្រី រហូតដល់រដូវកឋិនទានមកដល់។

ដល់ថ្ងៃកំណត់ យើងនាំគ្នាមកមួយឡាន‹វ៉ែន›មកលេង‹សាយគ្ហន›ទៀត ដោយមានបំណងទស្សនាកំសាន្ត២ថ្ងៃជាចុងក្រោយ ទើបលាគ្នានៅទីនោះ, លើកនេះ‹តា›ប្តីម៉ែ មិនបានមកទេ ពីព្រោះនៅមើលជាងធ្វើផ្ទះពង្រីកបន្ថែម ធ្វើមិនទាន់ហើយនៅឡើយ។ ចុងបញ្ចប់ ប៊ុនឡេង នឹងសៀកលឺ ចេញដំណើរមកភ្នំពេញវិញ តាមរថយន្តក្រុងតាំងពីព្រលឹម ចំណែកសូបិន ប៉ុណ្ណារ៉ូ នឹងខ្ញុំនឹងឡើងយន្តហោះ‹ឆាយណាអ៊ីស្ទឺន›នាអាធ្រាតទៀបភ្លឺហោះឆ្ពោះទៅកាន់ក្រុងសេដ្ឋកិច្ចចិន‹សៀងហៃ› ដោយលាម៉ែ នឹងបងប្អូនស្រីប្រុស យ៉ាងអាឡោះអាល័យ នៅម៉ោង១១យប់ នាអាកាសយាន្តដ្ឋាន‹តាំងសឺងញឹក›។

(នៅមានត)