ដំណើរត្រឡប់ទៅអាស៊ីប្រទេសកំណើតវិញ

 

(តពីលេខមុន)

ដោយ ពិន សំខុន

205-2 copy copy copy

យន្តហោះ‹JetStarជេតស្តារ›បានចុះសំចតនៅព្រលានយន្តហោះភ្នំពេញ វេលាម៉ោង២កន្លះនៃថ្ងៃទី១៨មិថុនា២០១៦ នៅចំណតយន្តហោះ‹ភ្នំពេញ› ដែលយើងឃើញប្លែកខុសពី២ឆ្នាំមុន ដោយមានផ្លូវចំណតទទួលយន្តហោះបាន៤ ហើយការជួសជុលក៏បានធ្វើចប់សព្វគ្រប់ទៀតផង ។ ថ្ងៃនេះមិនសូវមានភ្ញៀវធ្វើដំណើរតាមជើងយន្តហោះ ដូចពេលខ្លះទៀតនោះទេ ធ្វើឱ្យព្រលានស្ងាត់មនុស្សស្រួលយកឥវ៉ានចេញមកក្រៅ ប្លែកជាពិសេសនោះគឺពុំមានបុគ្គលិកប៉ូលីសឯកសណ្ឋានប្រសេចប្រសាច ដណ្តើមជួយភ្ញៀវរកកំរៃក្រៅដូចមុនៗទៀតទេ តែក៏នៅមានសុំលុយក្រៅខ្លះៗដែរ។ យើងចេញមកក្រៅ បានជួបកូនកម្លោះ ប៊ុនឡេង មកចាំទទួលយើងជាមួយកូនរថយន្តតូចមួយ… ដោយមានឥវ៉ាន់ច្រើនពេក យើងក៏សម្រេចយក‹អាទុកៗ›រទេះម៉ូតូដឹកមនុស្ស មួយទៀតដែលធ្វើឱ្យ ប៉ុណ្ណារ៉ូ រីករាយជាងគេ នឹងការសម្រេចចិត្តនេះ។ នៅតាមផ្លូវដែលយើងជិះ‹អាទុកៗ ទៅទួលទំពូង› យើងឃើញភ្នំពេញ មានទីកន្លែង-ផ្ទះសម្បែងស្អាតៗជាច្រើន សម្រាមក៏មិនមានជាគំនរក្រខ្វក់ជាងមុនទេ តែក៏នៅតែជាទីក្រុងរស់ប្រជ្រៀតគ្នាដដែល ចរាចរចេះគោរពច្បាប់តិចតួច ដ៏ចង្អៀតគួរឱ្យខ្លាច។

205-2a

ថ្ងៃនេះមេឃក្តៅហែង គ្មានភ្លៀងតែធ្វើឱ្យមានដីនឹងធូលីហុយទ្រលោមទៅវិញ… មិនហុយតែមកលើយើងជាអ្នកដំណើរ តែហុយទៅលើម្ហូបអាហារដែលដាក់លក់តាមចិញ្ចើមថ្នល់ ជាច្រើនកន្លែង មើលទៅគួរឱ្យឆ្ងាញ់ មានដូចជាត្រីសាច់ខ្វៃ បន្លែបង្ការ ផ្លែឈើគ្រប់ធុន ដែលបើជាមានរបៀបនេះ នៅស្រុកអាមេរីកទៅវិញ នឹងមានការផាកពីន័យយ៉ាងចាស់ដៃ រហូតដល់មានការបិទហាងជំនួញ ជាមិនខាន… តែភ្នំពេញនេះជាភូមិកំណើតរបស់យើង ៗនៅតែអាចអត់ឱនសណ្តោសគ្នាបានជានិច្ច។

ចាប់តាំងពីថ្ងៃទីមួយ នៃការស្នាក់អាស្រ័យនៅភ្នំពេញ កង្វល់ធំរបស់យើងគឺនៅលើម្ហូបអាហាររៀងរាល់ថ្ងៃ ដែលបន្លែបង្ការត្រីសាច់ សុទ្ធសឹងតែធ្វើឱ្យយើងពុលបាន ដូចជាទឹក បន្លែស្រស់ សាច់ ឬផ្លែឈើជាដើម។ ការបរីភោគលើកនេះ មិនខុសអ្វីពី២ឆ្នាំមុនទេ បានធ្វើឱ្យយើងឈឺពោះ រាគ មួល ក្តៅខ្លួន អស់រយពេល១អាទិត្យ ទើបបាត់បន្ទាប់ពីបានទទួលការព្យាបាលពីលោកគ្រូពេទ្យឯកជនឈ្មោះ យ៉ាធី រួចមក។ មនុស្សម្នាក់បានរ៉ាយរ៉ាប់អំពីការសម្បូរដោយជាតិពុលក្នុងបន្លែបង្កាថាៈ កាលពីមុនបន្លែខ្មែរគ្មានជាតិពុលទេ ដោយសារ‹កង្កែបអាច់គោ›ដែលនៅរស់តាមវាលស្រែ វាស៊ីដង្កូវ-ក្រានានា តែដោយការចង់លក់ថ្នាំបំពុលសត្វល្អិត ក៏មានមនុស្សប្តូរឈ្មោះកង្កែបអាច់គោ ទៅជា‹សត្វត្រឡនតន›ដែលគេនិយមចាប់មកធ្វើម្ហូបអាហារ។ ដល់ចាប់ហូប‹ត្រឡនតន›ច្រើនទៅ ក៏បង្កើតជាដង្កូវ-ក្រាស៊ីដំណាំព្រោងព្រាតពេញស្រែចំការ ម្លោះហើយអ្នកស្រែចំការ ក៏កើតទម្លាប់ដាក់ថ្នាំបំពុលសត្វយ៉ាងអនាធិបតេយ្យ… ចាប់ពីពេលនោះមកបន្លែបង្ការខ្មែរក៏ចាប់មានជាតិពុល គ្មានការត្រួតពិនិត្យអ្វីបន្តិចទេ។ ឥឡូវនេះ សូម្បីតែនៅភោជនីយដ្ឋានធំៗ ក៏មិនអាចទុកចិត្តបានដែរ… មានហាងជាច្រើនបានផ្សព្វផ្សាយម្ហូបអាហាររបស់ខ្លួនថា‹យើងមានចំការបន្លែខ្លួនឯង› ដែលជារឿងគួរឱ្យអាម៉ាស់ដល់ប្រទេសដ៏សម្បូរភ្ញៀវមួយនេះណាស់។

205-1

យើងមានការចាប់អារម្មណ៍មួយទៀត ចំពោះសន្តិសុខរបស់អ្នកដំណាងរាស្ត្រនៃបក្សប្រឆាំងខ្មែរ ដែលរងការគម្រាមកំហែងយ៉ាងកំរោល ពីអ្នកកាន់អំណាច យើងក៏ឆ្លៀតទៅជួបសម្តែងការគួរសម ដល់លោក កឹម សុខា ដល់ទីស្នាក់ការលោក នៅ‹ចាក់អង្រែលើ›នៅ១សប្តាហ៍បន្ទាប់ពិមកដល់ភ្នំពេញ។ យើងមានការអនោចអធម៌ដល់របបប្រជាធិបតេយ្យខ្មែរ ដែលបានបកស្រាយអត្ថន័យនៃច្បាប់តាមតែកម្លាំងអំណាច ប្រជាពលរដ្ឋជាច្រើនចេញមុខមកកាពារ អ្នកតំណាងរាស្ត្ររបស់ខ្លួនយ៉ាងក្លាហាន លែងមានជំនឿទាល់តែសោះលើរដ្ឋាភិបាលរបស់ខ្លួន។

នៅភ្នំពេញ មាន‹អ្នកមាន›ច្រើនណាស់ តែ‹អ្នកក្រ›ក៍សម្បូរដែរ ហើយអ្នកទាំងនោះបានត្រូវគេបណ្តេញចេញទៅជាយក្រុងកាន់តែឆ្ងាយ – ជនបទនៅសល់ដីទំនេរច្រើន តែរាស្ត្ររស់នៅដោយគ្មានការគ្រប់គ្រង ការអាណិតអាសូរ នឹងគ្មានដើមទុនសម្រាប់រស់ទេ ។

មួយថ្ងៃជាមួយដំណាងរាស្ត្រខ្មែរនៅព្រៃវែង

យើងបានត្រៀមខ្លួនទៅតាមយកពត៌មានជាមួយដំណាងរាស្ត្រ យ៉ែម ប៉ុញ្ញារឹទ្ធ ក្នុងកម្មវិធី‹មួយថ្ងៃជាមួយដំណាងរាស្ត្រខ្មែរ› នៅមណ្ឌលព្រៃវែង។ យើងបានធ្វើដំណើរពីភ្នំពេញនៅម៉ោង៧កន្លះ នៃថ្ងៃទី១ខែកក្កដា ជាមួយរថយន្តមិត្រអ្នកថតរូបកាសែត‹អេភី›ម្នាក់ឈ្មោះ ហេង ស៊ីនិត ដំណើរទៅតាមផ្លូវ‹នាក់លឿង› ដែលចរាចរតាមដងផ្លូវភ្នំពេញចង្អៀតចង្អល់រហូតដល់ស្ពាន‹ជ្រោយចង្វារ›ទើបបានធូរស្រាល យើងបានចំណាយពេល២ម៉ោងកន្លះទើបដល់ទីស្នាក់ការខេត្ត ដែលនៅទីនោះ ប្រជាពលរដ្ឋប្រមាណជា៣០០នាក់ កំពុងស្តាប់សេចក្តីរាយការណ៍ដំណាងរបស់ខ្លួនដែលមកពីសភាជាតិ​ ។ លោក យែម ប៉ុញ្ញារឹទ្ធ ជាមួយនឹងតំណាងរាស្ត្រមណ្ឌលព្រៃវែងគណបក្សសង្គ្រោះជាតិ៥រូបទៀត បានមកដល់កន្លែងជួបប្រជុំជាមួយប្រជាពលរដ្ឋតាំងតែពីព្រលឹមម៉ោង៨មកម្លេះ សម្រាប់បើកសម័យប្រជុំនៅម៉ោង៩ដល់ម់ោង១១ព្រឹក។

ប្រធានបទថ្ងៃនេះ គឺការណែនាំប្រជាពលរដ្ឋឱ្យស្គាល់ការដឹកនាំប្រទេសខ្មែរតាមបែបនិតិរដ្ឋ ហើយផ្ជាប់ទៅនឹងបញ្ហានយោបាយក្តៅគគុកដែលគណបក្សកាន់អំណាចបានប្រើ រំលោភសិទ្ធរបស់គណបក្សភាគតិចនៅរដ្ឋសភា។ ជាមួយគ្នាហ្នឹងដែរ ក៏មានការពន្យល់សន្យាពីសំណាក់គណបក្សភាគតិច ពីនយោបាយរបស់ខ្លួននៅពេលឈ្នះឆ្នោត ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតផងដែរ។ ឆ្លៀតឱកាសបានមកជួបជុំគ្នា ដំណាងរាស្ត្រទាំងអស់ បានអញ្ជើញដំណាងក្រុមប្រឹក្សាឃុំសង្កាត់និមួយៗមកធ្វើការណែនាំផ្នែករដ្ឋបាល មួយក្រុមម្តងៗ មានទាំងក្រុមយុវជនផង រហូតដល់ម៉ោង៤ ទើបចប់សព្វគ្រប់ ហើយក៏លាគ្នាត្រឡប់មកទីស្នាក់ការធំ នៅឯ‹ចាក់អង្រែលើ›នាក្រុងភ្នំពេញវិញ។

នៅពេលដឹងថាមានអ្នកកាសែតខ្មែរមកពីសហរដ្ឋអាមេរីក បងប្អូនខ្មែរយើងមានការចាប់អារម្មណ៍ ចង់ដឹងណាស់ ពីការអនុវត្តន៌លទ្ធិប្រជាធិបតេយ្យនៅប្រទេសលោកសេរី។ ខ្មែរផុសស.រ.អា.ក៏បានពន្យល់ ពិបទពិសោធន៍ផ្ទាល់ខ្លួន ជូនជាសណ្តាប់ទាក់ទងទៅនឹងសេរីភាពនៃការចេញផ្សាយកាសែត នៅសហរដ្ឋអាមេរីក។ មានវាគ្មិនម្នាក់បាន ស្នើសុំឱ្យខ្មែរនៅខាងក្រៅប្រទេស ជួយឱ្យជួយចេញថ្លៃធ្វើ‹ប័ណ្ណបោះឆ្នោត›ដល់អ្នកចុះឈ្មោះថ្មី ដែលរដ្ឋអំណាចគេយកតម្លៃ១ម៉ឺនរៀល យើងបានជូនចម្លើយថា សូមឱ្យមានការបញ្ជូនឈ្មោះអ្នកត្រូវការជំនួយនេះ តាមឃុំឬសង្កាត់និមួយៗ មកឱ្យយើង ៗខ្ញុំនឹងបញ្ជូនដំណឹងនេះឱ្យទៅដល់សប្បុរសជន ដែលយើងសង្ឃឹមថាពួកគេនឹងរីករាយជួយបំពេញបំណងនេះជាមិនខាន។

(សូមអញ្ជើញអានជាបន្តរនៅលេខក្រោយទៀត)

Leave a Reply