តាំងពិព័ណ៌ៈ បន្លែបណ្តុះនៅឡូវែល

ដោយខ្មែរផុស ស.រ.អា

ការតាំងពិពណ៌របស់‹ក្រុមបណ្តុះបន្លែនៅឡូវែល›កាលពីរសៀលថ្ងៃទី១៨ នៅឡូវែល បាននាំមនុស្សរាប់រយនាក់ឱ្យមកចូលរួមកម្សាន្ត នឹងទទួលពត៌មានពីគោលបំណងដ៏ថ្លៃថ្លា នៃការបង្កើនផលដ៏ងាយស្រួលតាមធម្មជាតិ ស្របគ្នានឹងបំណងការបង្កើនសុខភាពបណ្តាជនដែលរស់នៅក្នុងតំបន់ទៀតផង។

img_0909

តូបបង្ហាញផលិតផលជាច្រើនប្រមាណ៥០ បានតម្រៀបគ្នានៅជុំវិញទីលានសម្រាប់សម្តែងសិល្បៈរាងមូលមួយនៅចំកណ្តាល ដែលពីធីករនឹងសិល្បៈករឡើងមកសម្តែងស្នាដៃ ជូនទស្សនិកជន ដែលមានទាំងក្មេងទាំងចាស់ មានអ្នកស្ម័ក្រចិត្តរាប់រយ មកចូលរួមរីករាយនឹងលទ្ធផលដែលសមាគម‹Mill City Grow›បានបំពេញច្រើនឆ្នាំមកហើយ។ ពិធិករបានឱ្យដឹងថា ពិធីនេះបានចាប់កំណើតតាំងពី៤ឆ្នាំមកហើយ ហើយចេះតែរីកធំទៅ ជារៀងរាល់ឆ្នាំទៅហើយ។

មនុស្សចាស់នឹងជំទង់ ដើរកំសាន្តសិក្សាពីសមិទ្ធិផលបណ្តុះបន្លែតាមធម្មជាតិ នឹងសាខានៃបច្ចេកវិជ្ជាដដែល ដែលប្រជាជនអាចចូលរួមចំណែកអភិវឌ្ឍន៍ក្នុងសង្កាត់របស់ខ្លួន… រីឯកុមារទៅកំសាន្តនៅកន្លែង‹គូរលើផ្លែល្ពៅ›ឬនៅកន្លែងលេងកីឡា ឬក៏នៅកន្លែង‹គូរគំនូរលើផ្ទៃមុខ›ជាមេអំបៅ ជាមុខឆ្មា ជាកណ្តុរ ជាដើម… ទាំងអស់គ្នាទៅស្រស់ស្រូបអាហារថ្ងៃត្រង់ យ៉ាងរីករាយ នឹងមិនមានចំណាយប្រាក់ ជាមួយនឹងផលិតផលសមាគម មាន‹ពីតហ្សា›ក្តៅៗ ភេសជ្ជៈ នំនែក ម្ហូបធ្វើពីបន្លែស្រស់…។ល។

img_0867 img_0907

មានការចែករង្វាក់ជាច្រើនដល់ៈ ផលិតករស្ម័ក្រចិត្ត ដែលបានផលិតបន្លែច្រើនធុន ច្រើនបែប នឹងច្រើន‹ផោន›… ដល់អ្នកដែលលើកទឹកចិត្តដល់ក្រុមកសិករស្ម័ក្រចិត្ត… ដល់អ្នកដែលបានក្លាយទៅជាអ្នកប្រើប្រាស់ផលិតផលដែលខ្លួនធ្លាប់ជាផលិតករ…។ល។

ការតាំងពិពណ៌សកម្មភាព‹ក្រុមបណ្តុះបន្លែនៅឡូវែល›កំពុងតែមានប្រជាប្រីយភាព ដោយសកម្មភាបនេះជាកត្តាមួយ ដែលនាំឱ្យឡូវែលរឹតតែក្លាយទៅជាតំបន់‹ងាយស្រួលរស់នៅ›កាន់តែប្រាកដឡើង៕