ត្រមៈ ១០០ថ្ងៃដើម្បីរៀបចំគណរដ្ឋមន្ត្រី និងនយោបាយថ្មីស្រឡាង

ដោយ ពិន សំខុន

ស.រ.អា.៖  សន្លឹកឆ្នោតរាប់ដោយដៃ ដោយលទ្ធផលនៅប្រកិតគ្នាពេក ហើយគេក៏មិនអាចឱ្យរាប់ច្រឡំបានទេ, ហ៊ីឡារីបានឈ្នះឆ្នោតប្រជាប្រីយ២លានសន្លឹកទៅហើយ តែនៅតែចាញ់ឆ្នោតតំណាង(ឬឆ្នោតប្រតិភូ)ដដែល, គេនៅមិនទាន់ដឹងថានឹងមានអ្វីនាំឱ្យប្តូរលទ្ធផល ទៅជាហ៊ីឡារីឈ្នះវិញបាននៅឡើយនោះទេ។ ថ្មីៗនេះ ឌណល ត្រម ក៏បានត្អូញថា‹មានឆ្នោតរាប់លាននាក់ ចេញពីអ្នកបោះឆ្នោតខុសច្បាប់›ដែរ, ហើយនៅចុងក្រោយបង្អស់ ‹អេហ្វប៊ីអាយ-FBI›ក៏ចេញមកនិយាយថាខ្លួនបានចូលរួមធ្វើឱ្យធ្លាក់សន្លឹកឆ្នោត ហ៊ីឡារី មែនទៀត។ យ៉ាងហោចណាស់លទ្ធផលរបៀបនេះ នឹងនាំឱ្យមានការចាប់អារម្មណ៍ដល់អ្នកដែលធ្វើច្បាប់ជាមិនខាន ពីព្រោះក្នុងលទ្ធិប្រជាធិបតេយ្យ គឺអ្នកដែលទទួលបានសម្លេងច្រើន គួរតែជាអ្នកឈ្នះឆ្នោត។

ម៉ាយផេន អនុប្រធានាធិបតី
ម៉ាយផេន អនុប្រធានាធិបតី
នាយកសេតវិមាន
នាយកសេតវិមាន
រដ្ឋលេខាធិការខាងបេឡាជាតិ     រដ្ឋលេខាធិការខាងពាណិជ្ជកម្ម
រដ្ឋលេខាធិការខាងបេឡាជាតិ រដ្ឋលេខាធិការខាងពាណិជ្ជកម្ម

សម្លេងឈ្លោះគ្នារវាង ឌណល ត្រំ នឹង ហ៊ីឡារី បានត្រូវបន្ថយយ៉ាងច្រើនមែន, តែបាតុកម្មប្រឆាំងនឹងត្រម នៅតែមានទំហ៊ំធំនៅឡើយ, បុព្វហេតុគឺ កាលពីពេលធ្វើការឃោសនានោះ ឌណល ត្រម បានធ្វើឱ្យអ្នកបោះឆ្នោតមួយចំនួនខឹងសម្បារចំពោះការរំលោភសិទ្ធរបស់ពួកគេ ជាច្រើនអន្លើ ដូចជា៖

-ការប្រើសម្តីមើលងាយស្ត្រីភេទអាមេរីកាំង, មើលងាយស្ត្រីស្បានីស, មើលងាយស្ត្រី‹មូស្លីម›

-មានទស្សនៈប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ហួសហេតុ,មានទស្សនៈទប់ស្កាត់អន្តោប្រវេសន៍លក្ខណៈឆេវឆាវ ដូចជាធ្វើជញ្ជាំងនៅព្រុំប្រទល់មិចសីកូ, ចាប់បញ្ជូនអ្នកដែលរស់នៅខុសច្បាប់ច្រើនលានអ្នក បញ្ជូនទៅស្រុកដើមវិញ

-ខឹងនឹងអ្នកកាសែតថាពូកែរភូតភរ មាន‹ញូយ៉កថាម›ជាដើម

-ព្យាយាមថានឹងចាប់ចងគូរប្រកួតរបស់ខ្លួន ហ៊ីឡារី គ្លីងតុន យកទៅដាក់គុកដោយសាររឿងពុករលួយ នៅក្នុង‹Clinton foundation›នឹងនៅរឿងអ៊ីមែលក្នុងក្រសួងការបរទេស …។

img_1720-copy-copy-copy

ក៏ប៉ុន្តែ ដល់បោះឆ្មោតចប់ហើយ ឌណល ត្រម បានប្រកាសឈប់តាមរករឿង ហ៊ីឡារី គ្លីតុន។ ឌណល ត្រម បន្ថយការនិយាយស្តីពីរឿងធ្វើជញ្ជាំងការពារអន្តប្រវេសន៍មិកសីកាំង, បានបង្ហាញការមិនប្រកាន់ខឹងនឹងអ្នកដែលបាននិយាយអាក្រក់ពីខ្លួន ដូចជា មីត រ៉មនី, កែរប្រែប្រយោគដូចជាថា‹ខ្លួនចូលចិត្តអានកាសែតណាស់›ផ្ទុយពីពេលមុនដែលថា‹អ្នកកាសែតសុទ្ធតែភូតភរ›… រួមសេចក្តីមក គេអាចនិយាយថា‹គឺជាការឃោសនាយកតែឈ្នះរបស់ ឌណល ត្រម ច្រើនជាងការចង់ធ្វើឱ្យបានសម្រេចមែនទែន›។ ចុះបើការឈ្នះនេះ ជាការភូតភរប្រើពាក្យមិនពិត, ជាការឃោសនាបំភិតបំភ័យដើម្បីឱ្យមានការផ្លាស់ប្តូរទស្សនៈអ្នកបោះឆ្នោត, តើនេះរាប់ថាជាអំពើឧក្រឹដ្ឋដែរឬទេ? បើមែន តើសហរដ្ឋអាមេរីក នឹងធ្វើយ៉ាងណា?

លោក ហ៊ុន សែន នៅពេលគាំទ្របេក្ខភាពរបស់ ឌណល ត្រម និយាយថា‹ឌណល ត្រម ធ្វើនោះមិនមែនជាអំពើផ្តាច់ការទេ› គឺនិយាយត្រូវ ពីព្រោះ ឌណល ត្រម ‹និយាយបានតែមិនទាន់ធ្វើបាននៅឡើយ›ហើយអ្នកគ្រប់គ្រងច្បាប់ ប្រាកដជាមិនមែន ត្រម ទេ, រីឯសមាជិកនៃគណបក្សរបស់ ត្រម ក៏មិនមែនស្ថិតនៅក្រោមបញ្ជាការរបស់ ត្រម ថែមទៀត, មិនដូចគ្នានឹងនៅប្រទេសដែលលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនោះទេ។

ច្បាប់នៅស.រ.អា.នេះ បើគេយល់ថាប្រធានាធិបតីរបស់គេប្រព្រឺត្តអ្វី‹មិនស្របច្បាប់ឬមិនគប្បី› សភាអាចធ្វើការកាត់ទោសបាន ដែលគេហៅថា‹Empichment›គឺសភាតំណាងរាស្ត្រ‹House Representatve›ជាង៥០០រូប គេហៅថា‹សភាជាន់ទាប›ត្រូវលើករឿងនេះឡើងមកចោទប្រកាន់ ឱ្យបានសម្លេងភាគច្រើន(៥០%+១), រួចហើយបញ្ជូនបន្តរទៅព្រឹទ្ធសភា‹Senate›មាន១០០រូប គេហៅថា‹សភាជាន់ខ្ពស់›ដែលត្រូវដើរតួរជាតុលាការជាន់ខ្ពស់ ហើយអាចសម្រេចកាត់សេចក្តីបានក្នុងសម្លេង២ភាគ៣។ មានប្រធានាធិបតីអាមេរីកាំង៣រូបហើយ ដែលមានប្រវត្តិចូលក្នុងករណីនេះ តែការកាត់សេចក្តីលើប្រធានាធិបតី២រូប មិនបានសម្លេងសម្រេច២ភាគ៣ទេ, ១រូបទៀត បានលាលែងមុនការកាត់ទោសរបស់ខ្លួន។

img_1717-copy-copy-copy

ករណីរបស់ប្រធានាធិបតីជាប់ឆ្នោត នៅពេលនេះ មិនទាន់ជាស្ថាពរនៅឡើយទេ ទោះជា ត្រម ធ្លាប់និយាយថា‹នឹងទទួលយកលទ្ធផលនៃការបោះឆ្នោតបាននៅពេលដែលខ្លួនឈ្នះឆ្នោត›ក៏ដោយ,ពីព្រោះសន្លឹកឆ្នោតនៅរដ្ឋ៣កំពុងត្រូវរាប់ឡើងវិញ គឺរដ្ឋ មីឈីហ្គេន ផែនស៊ីវេនា នឹង រដ្ឋ វីសកុងស៊ីន, គេនឹងធ្វើមិនឱ្យមានការសង្ស័យថាមានការលួចបន្លំសន្លឹកឆ្នោត ហើយគេក៏នៅតែសង្ស័យដែរថា មិនមានការផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតទេ, តែបើមានទៅវិញ ក៏គេមិនខ្លាចនឹងប្រកាសលទ្ធផលពិតប្រាកដ ដែលនឹងធ្វើឱ្យគ្រប់ភាគីមានការយកព្រមទាំងអស់គ្នានោះទេ ពីព្រោះគណកម្មការរៀបចំការបោះឆ្នោត ក៏មិនស្ថិតនៅក្រោមអំណាចប្រធានាធិបតីដែរណាម្នាក់ដែរ។

ត្រម កំពុងរៀបខ្លួនជាប្រធានាធិបតីនៃសហរដ្ឋអាមេរីកៈ ថ្ងៃទី២០មករា២០១៧ ឌណល ត្រម នឹងធ្វើសច្ចាប្រណិធាន ចូលកាន់ដំណែងជាប្រធានាធិបតី ក៏ប៉ុន្តែខុសគ្នាពីកាលនៅជាបេក្ខជន, ប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រម បានផ្លាស់ប្តូររូបសម្ផស្សជាច្រើនពណ៌ បង្ហាញខ្លួនថាមានសមត្ថភាពគ្រប់គ្រាន់នឹងគ្រប់គ្រងប្រទេសបាន។ នាឱកាសបុណ្យ‹ថាំងហ្គីវិង›នេះ ផ្សារស្តុក‹ដូវជន›បានឡើងថ្លៃដ់១៩ពាន់ហ៊ុន មិនដែលមានពីរាប់សិបឆ្នាំមកហើយ, គេនាំគ្នាយល់ថា‹នេះជាសញ្ញាដំបូងបង្អស់នៃការទុកចិត្តដល់ប្រធានាធិបតីជាប់ឆ្នោតថ្មី›, បានន័យថាជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចអាមេរីកាំង តែយើងមានសំនួរថា‹តើសញ្ញាល្អនោះនៅឋិតឋេរបានប៉ុណ្ណា?›យោងទៅតាមទម្លាប់របស់សហរដ្ឋអាមេរីកនេះ ‹សញ្ញាល្អនៃសេដ្ឋកិច្ច›មិនដែលមានសារសំខាន់ជាងការ‹ធ្វើត្រូវស្របច្បាប់›ម្តងណាឡើយ, ការផ្លាស់ប្តូរសម្តីច្រើនកន្លែងរបស់ ឌណល ត្រម ក៏មិនទាន់គួរជាទីជឿជាក់ថា‹នឹងច្បាស់ជាធ្វើបានដូចពាក្យដែលធ្លាប់និយាយកែរសម្តីជាថ្មី›នៅឡើយនោះទេដែរ។

តាំងពីបានជាប់ឆ្នោតរួចមក ប្រធានាធិបតីនឹងអនុប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រម នឹង ម៉ាយ ផិន មានកាងារមមាញឹក ក្នុងការរៀបចំគណរដ្ឋមន្ត្រីរបស់ខ្លួន ដែលមិនមានលក្ខណៈដូចពេលមុនៗ ពីព្រោះ ត្រម មានប្រភពមកពីថ្នាក់ដឹកនាំសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុមិនដែលមានពីមុនមកទេ វាខុសគ្នាពីថ្នាក់ដឹកនាំនយោបាយ ដូច្នេះត្រូវដាក់រដ្ឋលេខាធិការឱ្យស្របតាមជំនាញនឹងទិសដៅនយោបាយ ដែលពលរដ្ឋអាមេរីកាំងអ្នកបោះឆ្នោតឱ្យរង់ចាំ ឱ្យបានមុនថ្ងៃ១៥ធ្នូខាងមុខ។ នៅវិមានអាកាស‹ត្រម›នៃទីក្រុងញូយ៉ក ឌណល ត្រមបានជួបសម្ភាសន៍វរជនរបស់ខ្លួនជាច្រើន អ្នកដែលនឹងត្រូវតែងតាំងមួយចំនួនបានលេចខ្លះមកហើយ មនុស្សដំបូងបង្អស់គឺរ៉ែន ព្រីប៊ឺស Reince Priebus កាន់ដំណែងជា‹នាយកបុគ្គលិកវិមានស Chief of Staff›ធ្លាប់ជាអ្នកដឹកនាំឃោសនាការរបស់ ត្រម, អ្នកឯទៀតៗសុទ្ធសឹងជា‹អ្នកមាន›ជាមនុស្សជំនាញសេដ្ឋកិច្ច ដែលគេអាចយល់បានថា ទិសដៅនយោបាយ‹ត្រម›គឺសេដ្ឋកិច្ចជាធំ២យ៉ាងគឺនឹងមានការប្តូរប្រព័ន្ធពន្ធដារយ៉ាងជ្រាលជ្រៅ ឱ្យស្របនឹងពាក្យថា‹វិនិយោគនាំឱ្យកើនកាងារក្នុងប្រទេស› ម្យ៉ាងទៀតនឹងមានការនាំការផលិតកម្មនានាត្រឡប់ចូលក្នុងប្រទេសវិញ, អ្នកទាំងនោះមានStevenMnuchinខាង បេឡាជាតិTreasury Secretary, វីលប៊ឺ រ៉ស Wilbur Ross ខាងពាណិជ្ជកម្ម Commerce Secretary,នៅសល់តួរនាទីជារដ្ឋលេខាធិការខាងការបរទេស Secretary of State ដែលគេសង្ស័យថា នៅក្នុងចំណោមមនុស្ស២នាក់ គឺ ហ្គូលីយ៉ានីGulliani ឬក៏ មីត រ៉មនី Mit Romney ដែល ឌណល ត្រម ត្រូវសម្រេចចិត្តយកនាពេលខ្លីខាងមុខ តែក៏ត្រូវមានការជឿច្បាស់ជាមុនថា‹នឹងស្តាប់តាមឆន្ទៈរបស់ខ្លួន›សិន ដោយសារ រ៉មនី ធ្លាប់ទិទាន ត្រម ជាសាធារណថា‹…នឹងនិយាយគ្មានបានការ›កាលពីពេលមុន ត្រម ជាប់ឆ្នោត។

មុននឹងដល់ថ្ងៃ១៥ធ្នូ ត្រម បានសន្យាថា‹នឹងលាលែងពីមុខតំណែងក្នុងពាណិជ្ជកម្មទាំងអស់ ដើម្បីធ្វើការសម្រាប់ប្រទេសតែមួយមុខ›។ ដើម្បីកុំឱ្យមានទំនាស់នឹងច្បាប់ កិច្ចការពាណិជ្ជកម្មទាំងអស់ ត្រម នឹងប្រគល់ទៅឱ្យកូនៗជាអ្នកកាន់កាប់៕

ដំណឹងចុងក្រោយ

នាព្រឹកថ្ងៃចន្ទនេះដំណឹងថ្មីចេញមកថា‹តំណាងរាស្ត្រ ដាណា រ៉ូរ៉់ាបេគឺ ត្រឡប់មកជាជម្រើសក្នុងតំណែងរដ្ឋលេខាធិការខាងកិច្ចការបរទេសទៅវិញ, ធ្វើឱ្យបេក្ខភាព មីត រ៉មនី នឹង គូលិយានី ឃ្លាតឆ្ងាយទៅវិញដែរ, លោកតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ រ៉រាបេគឹ បានមកកាន់ដំណែងក្នុងសភាតាំងពីឆ្នាំ១៩៨៩មកម្លេះ, អ្នកវិភាគនិយាយថា‹ទស្សនៈនយោបាយរបស់ ដាណា រ៉រាបេគឺ ចំពោះប្រទេសដែលផ្តាច់ការនិយម នឹងចំពោះប្រទេសឥស្លាម មានភាពច្បាស់លាស់ នឹង មានលក្ខណៈស៊ីគ្នានឹងប្រធានាធិបតីជាប់ឆ្នោតច្រើនជាងគេ›។ ចំពោះកម្ពុជាវិញ លោក រ៉រាបេគឺ មិនដែលលាក់បាំងការមិនពេញចិត្តរបស់លោកចំពោះ‹នយោបាយភ្នំពេញ›នោះទេ,លោកមានទាំងធ្លាប់ស្នើច្បាប់ដាក់លោក ហ៊ុន សែន ជាឧក្រឹដ្ឋជនប្រឆាំងមនុស្សជាតិទៅសភាអាមេរីកាំងទៀតផង។ ប្រសិនបើជម្រើសចុងក្រោយនេះបានសម្រេចមែន គឺប្រាកដជាមិនមែនដំណឹងល្អពីការជាប់ឆ្នោតរបស់ ត្រម សម្រាប់រដ្ឋបាលលោក ហ៊ុន សែន នោះទេ៕

តំណាងរាស្រ្ត ដាណា រ៉ូរ៉ាបេគឺ
តំណាងរាស្រ្ត ដាណា រ៉ូរ៉ាបេគឺ