ទស្សនាតំបន់ភ្នំ‹ប៊ើកស្ហៀ›ខាងលិចរដ្ឋម៉ាសាឈូសិត

ទំព័រទេចរ
ទស្សនាតំបន់ភ្នំ‹ប៊ើកស្ហៀ›ខាងលិចរដ្ឋម៉ាសាឈូសិត

ដោយ ពីន សំខុន
បន្ទាប់ពីយើងបានធ្វើការសម្រេចនូវកម្មវិធី ‹‹កេរមរតកពលរដ្ឋអាស៊ានប៉ាស៊ីហ្វីកអាមេរីកាំង››នាខែឧសភា នៅឡូវែលរួចមក សប្តាហ៍បន្ទាប់នេះ យើងបានសម្រេចចិត្តចេញមកសម្រាកកាយនៅតំបន់ភ្នំ ដ៏ធំធេងនឹងល្បីល្បាញមួយ ដើម្បីសម្រាកពីកាងារ នឹងមកសិក្សាពីតំបន់ថ្មីមួយទៀតនៅ‹‹ប៊ើកស្ហាយ Berkshire››ដែលបងប្អូនខ្មែរជាច្រើនបានមកដល់ តែមិនបានដើរកំសាន្ត ហើយនិយាយប្រាប់ឱ្យបានទូលំទូលាយជូនលោកអ្នកអាន។ នៅលើប្រជុំផ្លូវធ្វើដំណើរ ដែលគេឯងធ្លាប់ស្គាល់ គឺផ្លូវលេខ៩០-លេខ២ នឹងលេខ២០ ប៉ែកខាងលិចបង្អស់ នៃរដ្ឋម៉ាសាឈូសិត នៅចម្ងាយប្រមាណជា៤ម៉ោងពីឡូវែល ក្រៅពីទីក្រុងធំ២-៣កន្លែង ដែលជាទីប្រជុំជនមានផ្ទះសម្បែង ដូចជា ‹‹វិញហ្វៀល-ស្ហែលប៊ើន-ភីតហ្វៀល…›› ក្រៅពីនោះ គឺជាព្រៃភ្នំដ៏ក្រាស់នឹងធំសម្បើម សម្បូរដោយជ្រលងជ្រោះភ្នំ ជាជម្រកលាក់បាំងប្រវត្តិសាស្ត្ររបស់ជនជាតិ‹‹ភ្នងម៉ូហក››ម្ចាស់ស្រុកដើមរស់នៅកាលពី២០០ឆ្នាំមុន។ តំបន់‹‹ប៊ើកស្ហាយ››ឥឡូវស្ថិតនៅក្នុងចំណោមរមនីយដ្ឋានដ៏ត្រកាល ចំនួន១០ដំបូងគេបង្អស់ នៃរដ្ឋម៉ាសាឈូសិត ដែលគួរទៅទស្សនា ហេតុនេះហើយបានជាយើងជ្រើសយកតំបន់នេះមកបង្ហាញជូនជាសណ្តាប់។

យើងថាបងប្អូនខ្មែរជាច្រើនធ្លាប់បានស្គាល់ ពីព្រោះតែទីនោះ មានទីជម្រកនៃ‹អាស្រមសំណាក់ធម៌ព្រះពុទ្ទសាសនា›ដ៏សំខាន់មួយ ដែលបានកើតឡើងដំបូងបង្អស់នៅសហរដ្ឋអាមេរីកនេះ គឺ‹មជ្ឈមណ្ឌលវិប្បសនាស្ហែប៊ើន› ដែលរៀងរាល់ឆ្នាំមនុស្សច្រើនពាន់នាក់ មានទាំងចាស់ទុំខ្មែរផង បានទៅស្វែងរកសេចក្តីស្ងប់ ឱ្យបានស្គាល់ជម្រៅនៃព្រះធម៌ នៅទីនោះ។ គឺជាសំណង់នៅចង្កេះភ្នំដ៌ធំទូលាយ នឹងដ៏ដាច់ស្រយ៉ាល នៅមិនឆ្ងាយពីផ្លូវជាតិលេខ២ ផ្ជាប់ពីតំបន់បូស្តុនយើងមកទេ។

យើងបានទៅទស្សនាតំបន់លើភ្នំ នឹងតំបន់ជុំវិញ ដែលបានប្តូរស្រឡះពីដំណើរទស្សនកិច្ចនាពេលមុនៗ ដែលជាតំបន់‹សមុទ្រ› ឬតំបន់‹ទំនាបទឹកលិច›ជាដើម។ តំបន់ភ្នំគឺតំបន់ព្រៃក្រាស់ ដើមឈើធំៗ កាពារដោយរដ្ឋាភិបាល ពីការកាប់បំផ្លាញ នឹងពិការវាតទីរបស់ទីក្រុង នឹងទិប្រជុំជន ដែលជាហេតុធ្វើឱ្យទេសភាពនាខែមិថុនានេះ គ្របដណ្តប់ដោយធម្មជាតិបៃតងខ្ចី ទាំងដើមឈើធំខ្ពស់នៃព្រៃល្វឹងល្វើយ ឬក៏វាលស្មៅ ដែលមិនខ្វះសត្វម្រឹគីម្រឹគារចេញមកស៊ីជាចំណីអាហារដ៏សម្បូរហូហៀរនោះឡើយ។ នៅទីដដែលនោះ ក៏ជាទិផ្តល់ភាពងាយស្រួលនឹងវង្វេងផ្លូវណាស់ដែរ ប្រសិនបើគេធ្វេសប្រហែសតែបន្តិច, ដូចជាថ្មីៗនេះ ពត៌មាននិយាយថា នៅក្នុងព្រៃ‹ប៊ើស្ហាយ›នេះ មានស្ត្រីចំណាស់ម្នាក់បានចេញដំណើរទៅធ្វើ‹ខាំពីង Camping›ជាមួយ មនុស្សមួយក្រុម, ដល់ថ្ងៃចេញដំណើរត្រឡប់មកវិញ មនុស្សមួយក្រុមសម្រេចចេញដំណើរមកមុននាវេលាល្ងាច, តែ នោះនៅតែម្នាក់ឯង ដោយមិនបានដឹងថាត្រូវចេញទៅស្អែកតែម្នាក់ឯងទេ។ នៅម្នាក់ឯង ស្ត្រីនោះរកផ្លូវចេញមិនឃើញ វង្វេងពេញព្រៃច្រើនថ្ងៃ ហេវហត់ដោយគ្មានអាហារបរិភោគ។ ក្រុមអ្នករុករក បានស្រាវជ្រាវច្រើនថ្ងៃ តែអស់សង្ឃឹមក៏បញ្ឈប់ការរុករកនោះទៅ, តែប្តីស្ត្រីនោះមិនអស់ចិត្ត នៅតែបន្តររកតែម្នាក់ឯង្ ១ខែមកទើបរកឃើញសាកសពប្រពន្ធស្លាប់នៅក្នុងព្រៃ ដោយនឿយហត់ នឹងអត់អាហារជាង២០ថ្ងៃ។ គេបានដឹងរឿងរ៉ាវទាំងនោះ ក៏ដោយសារស្ត្រីនោះបានសរសេរដំណើរផ្សងព្រេងវង្វេង ផ្លូវរបស់ខ្លួន, ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់សរសេរលែងកើត ដេកស្លាប់តែម្នាក់ឯងក្នុងព្រៃជ្រៅនោះទៅ។

ព្រៃជ្រៅ ថ្វីត្បិតតែជាប្រភពនៃចំណីអាហាររបស់មនុស្ស តែមនុស្សរស់នៅ អាចទាញយកផលប្រយោជន៍បាន លុះណាតែមានចំនេះខាង ប្រឹងរស់ Survivor, ធ្វើឱ្យខ្ញុំនឹកថា នេះប្រាកដជាជំនាញនៃជនភៀសខ្លួនជាច្រើន ដែលមិនអាចស្លាប់ដោយអត់អាហារ នៅក្នុងព្រៃនៃសហរដ្ឋអាមេរីកនេះទេ។ នៅចន្លោះភ្នំធំតូច នឹងព្រៃជ្រៅនោះ ក៏មានអូរនឹងជ្រោះជាច្រើន ដែលនាំទឹកពីទីខ្ពស់ ហូរកាត់គ្រប់តំបន់នានា ដែលក្រុមប្រជាជននាំគ្នាក៏សាងជាភូមិឃុំ បង្កើតជាពាណិជ្ជកម្ម ជាតំបន់រស់នៅប្រកបដោយបរិដ្ខានបរិសុទ្ធសម្រាប់ពួកគេរស់នៅដោយសុខសាន្តផង។

IMG_8309ថ្ងៃបន្ទាប់មកទៀត យើងបានទៅទស្សនាហាងលក់វត្ថុបូរាណដ៏អស្ចារ្យមួយ ដែលបានក្លាយទៅជា‹សារមន្ទីរឯកជន› ដ៏ល្បីឆ្លងរដ្ឋ នៅក្នុងភូមិ ប៊ើកស្ហៀ នៃតំបន់ ស្តុកប្រ៊ីដ។ នៅលើលំហរដីប្រមាណ១ម៉ឺនស្គែហ្វីត សម្រាប់តាំងដោយវត្ថុបូរាណរាប់ពាន់គ្រឿង មកពីអាស៊ី។ លោក ប៊ីល ថាល់បត បានមកតាំងទីតាំងពី៣០ឆ្នាំមកហើយ លោកមានចំណូលចិត្តក្នុងការប្រមូលវត្ថុជាប្រវត្តិសាស្ត្រចិន-ខ្មែរ-ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី…។ល។ លោកនិយាយថា លោករស់នៅប្រទេសម៉ាឡេស៊ី ៦ខែក្នុងមួយឆ្នាំ សម្រាប់ស្វែងរកឬផលិតគ្រឿងចម្លាក់ទាំងនោះសម្រាប់ដឹកយកមកស្រុកអាមេរីក ដែលលោករស់នៅ៦ខែទៀតក្នុង១ឆ្នាំ។ យើងបានទៅដល់ចំពេលដែល‹កុងតឺណែរ›មួយ ទើបនឹងដឹកគ្រឿងចម្លាក់ថ្មីមកដល់។
(នៅមានតទៅលេខក្រោយទៀត)