ទស្សនៈសំណាងនៃនយោបាយកម្ពុជា

អឺរ៉ុប . ទី១មិនា២០២៤
មនុស្សដែលស្គាល់នឹងស្រឡាញ់កម្ពុជា តែងនិយាយពេលនេះថា«ប្រទេសកម្ពុជាគ្មានសំណាងទេ»ដោយសង្គ្រាមរ៉ាំរ៉ៃ មិនចេះចប់ ដោយភាពក្រីក្រក៏មិនព្រមចេញពីកម្ពុជា ដោយការជិះជាន់ពីអ្នកធំដល់អ្នកតូចក៏នៅតែមិនរលប់បាត់ ទៅតាមពេលវេលា…»ធ្វើឲ្យប្រជាជនខ្មែរទូទៅ មិនអាចធានាថានឹងមានជីវភាពប្រសើរ​បានឡើយ នោះហើយជា«នយោបាយគ្មានសំណាង»នៃកម្ពុជា។
មតិទូទៅ យល់ថាលោក ហ៊ុន សែន បានសម្រេចបំណងនយោបាយនៅកម្ពុជាគ្រប់ជ្រុងជ្រោយរួចហើយ ទើបបានចុះចេញពីដំណែង ហើយប្រគល់អំណាចប្រទេស ទៅឲ្យកូនខ្លួនគឺលោក ហ៊ុន ម៉ាណែត កាន់កាប់ជានាយករដ្ឋមន្ត្រី ម្តងវិញ។ រីឯខ្លួនឯងនៅ សំឡឹងទៅកាន់ដំណាក់ការមួយទៀត គឺដំណែងប្រធានព្រឹទ្ធសភា ដើម្បីសម្រេចបំណងមួយថ្មីទៀត គឺដំណែងខ្ពង់ខ្ពស់បំផុត ជាដំណែងប្រមុខរដ្ឋ នៅពេលព្រះមហាក្សត្រអវត្តមាន ក្នុងប្រទេស។ តើលោក ហ៊ុន សែន នឹងបញ្ចប់ត្រឹមប្រមុខរដ្ឋ នោះឬ?

លោក ហ៊ុន​ ម៉ាណែត តំណាងរដ្ឋាភិបាល ក្រុមបាតុករតំណាងបក្សប្រឆាំង
លោក ហ៊ុន​ ម៉ាណែត តំណាងរដ្ឋាភិបាល ក្រុមបាតុករតំណាងបក្សប្រឆាំង

មើលដំណើរវិវត្តន៍ នៃនយោបាយរបស់លោក ហ៊ុន សែន តាំងតែ១៩៧៩ មកដល់ពេលនេះ គេអានសន្និដ្ឋានបានថា«មានតែសេចក្តីស្លាប់ទេ ដែលបញ្ឈប់បំណងដ៏មុះមុត របស់លោក ហ៊ុន សែន បាន» និយាយនេះហាក់ដូចជាប្រទេសកម្ពុជាគ្មានគណបក្សប្រឆាំង សម្រាប់ទប់ទល់«នយោបាយគ្មានសំណាងរបស់កម្ពុជា»ទាល់តែសោះតែម្តង។ ប៉ុន្តែ តើគណបក្សប្រឆាំងសព្វថ្ងៃនេះធ្វើអ្វីបាន?
ធ្វើបានច្រើនដែរ តែមិនដែលបានចប់ចុងចប់ដើម ឬក៏បានអ្វីជាក់ច្បាស់ណាមួយទេ ដែលជាហេតុធ្វើឲ្យចលនាប្រឆាំងនោះ គ្មានសេសសល់អ្វីទាំងអស់ ជាកេរដំណែលនៃបក្សប្រឆាំងដ៏ធំបង្អស់ នៅស្រុកខ្មែរ។ បើគេនិយាយពីគណបក្សប្រឆាំង គេតែងនឹកទៅដល់ គណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃបំបែកគ្នាជាផ្នែកតូច ហើយតស៊ូនៅក្នុងស្រុក តែមិនមែនជាសង្គ្រោះជាតិទៀតទេ ពួកគេតស៊ូយ៉ាងត្រដាបត្រដួស ទាំងភ័យខ្លាច ទាំងឥតមានចក្ខុវិស័យសម្រាប់សង្ឃឹមថាអាចនឹងឈ្នះ ដណ្តើមអំណាចបានខ្លះមកវិញ អ្វីបន្តិចទេ ដូច្នេះតើគេធ្វើជាគណបក្សប្រឆាំងធ្វើអ្វីទៀត? សត្រូវនយោបាយរបស់បក្សប្រឆាំងឥឡូវ មានតែ«យួន»តែប៉ុណ្ណោះ ដែលគេត្រូវប្រឆាំងគ្រប់មាត់ គ្រប់ដង្ហើមចេញចូល រាប់ទាំងអ្នកគាំទ្រចលនាប្រឆាំងផងដែរ.. តើគណបក្សកាន់អំណាចគ្មានខុសអ្វីបន្តិចទេឬ?

បាតុកម្មដែលគេវាយតម្លៃទាបនៅកម្ពុជា បាតុកម្មដែលគេវាយតម្លៃខ្ពស់នៅអាមេរិក
បាតុកម្មដែលគេវាយតម្លៃទាបនៅកម្ពុជា បាតុកម្មដែលគេវាយតម្លៃខ្ពស់នៅអាមេរិក

ការសំដៅទៅរកសត្រូវនយោបាយជាយួន គឺទុកចន្លោះប្រហោងដ៏ធំ សម្រាប់ភាពអត់សំណាងនឹងយកឈ្នះ របស់បក្សប្រឆាំង ហាក់ដូចជាទុកឲ្យលោក ហ៊ុន សែន នឹងកូនខ្លួន មានឱកាសគ្រប់ គ្រាន់នឹងធ្វើនយោបាយ«ឈ្នះឈ្នះ»របស់គាត់ មានន័យថា ជាមនុស្សខ្លាំង បំផ្លាញនរណាក៏បាន មិនអាចនរណាផ្សេងយកឈ្នះ តាមមាគ៏ានយោបាយបានឡើយ ពីព្រោះសត្រូវអ្នកនយោបាយប្រឆាំង គឺជាយួនឯណោះសោះ។ នោះហើយជាសង្គមនយោបាយអ្នកប្រកាន់ពូជសាស្ត្រ ដែលសម្រាប់ស្វែងរកការគាំទ្រពីប្រទេសលោកសេរី គឺជាការភាន់ច្រឡំទី១ រីឯការភាន់ច្រឡំមួយទៀត គឺនៅពេលយើងយល់ថា មានតែចិនកុម្មុយនីស្តទេ ដែលជួយខ្មែរបាននោះ បានន័យថា សង្គមអ្នកប្រឆាំងខ្មែរ នៅមិនចងចាំពីសោកនាថកម្មខ្មែរកាលពីឆ្នាំ១៩៧៥នៅឡើយទេ ទាំងនោះជាចំណុចខ្លាំងរបស់ក្រុមអ្នកប្រឆាំងខ្មែរ។

អ្នកប្រឆាំងមើលឃើញថា​ សមាគមវៀតណាមនៅកម្ពុជា គ្រប់គ្រងដោយប្រទេសវៀតណាម
អ្នកប្រឆាំងមើលឃើញថា​ សមាគមវៀតណាមនៅកម្ពុជា គ្រប់គ្រងដោយប្រទេសវៀតណាម

នៅមានចំណុចខ្សោយរបស់បក្សកាន់អំណាច ដែលបក្សប្រឆាំងមិនដែលបានយកមកពន្យល់មូលដ្ឋានរបស់ខ្លួន ពីការភាន់ច្រឡំរបស់លោក ហ៊ុន សែន ដែលប្រញាប់ប្រញាល់ដាក់ក្រុមយុវវ័យ នៃគណបក្សប្រជាជនទាំងគ្មានបទពិ​សោធន៍នយោបាយ ទៅឲ្យឡើងកាន់ដំណែងជាមន្ត្រីទទួលខុសត្រូវលើប្រទេសទាំងមូល តើជាជម្ងឺឬជរាភាព ដែលកំពុងតែយាយីលោក ហ៊ុន សែន តែពេលនេះបក្សប្រឆាំងដាបទៅហើយ ដោយបែកបាក់នឹងអស់សង្ឃឹម ដូច្នេះដាក់តែរូបថតឲ្យគ្រប់គ្រងប្រទេស ក៏បានដែរ។ នៅមានចំណុចខ្សោយផ្សេងទៀត ដែលបក្សប្រឆាំងមិនហ៊ានគីត ដោយរវល់តែខ្លាចបាត់អំណាចខ្លួនឯងដែលនៅសល់តិចតួច ការមិនជឿរបស់លោកហ៊ុន សែន នឹងមេដឹកនាំនៃគណបក្សប្រជាជន ទៅលើរបបកុម្មុយនីស្តដែលធ្លាប់ជួយពួកខ្លួន ដោយបញ្ជូនកូនចៅខ្លួនឲ្យទៅរៀននៅប្រទេសលោកសេរី ដែលមានទស្សនៈផ្ទុយពីទស្សនៈគ្រប់គ្រងរបស់ពួកគាត់សព្វថ្ងៃ។ ការគ្រប់គ្រងសម័យថ្មី គឺជាការគ្រប់គ្រង តាមគំនិតនៃ«ភាពកតញ្ញូ»ច្រើនជាងគំនិតមានជំនឿទៅលើ«ទស្សនៈផ្តាច់ការនិយម»ដូចក្រុមឳពុកម្តាយរបស់ពួកអ្នកថ្មី នៅឡើយទេ។
នៅមានការភ័ន្តច្រឡំរបស់ក្រុមលោក ហ៊ុន សែន ច្រើនទៀត ដែលគេអាចមើលឃើញច្រកចេញរបស់ ក្រុមអ្នកប្រឆាំង ដើម្បីត្រឡប់មកកាន់អំណាចវិញបាន ប្រសិនបើគេស្រឡាញ់ ប្រជាពលរដ្ឋខ្មែរពិតប្រាកដ ហើយដោយមានទស្សនៈសេរីនិយមនឹងប្រជាធិបតេយ្យ។ គឺនៅទីនោះហើយដែលជា«សំណាងនៃក្រុមអ្នកប្រឆាំងនឹងរបបផ្តាច់ការ» ពុំមែនជាយួន ឬក៏ ខ្មែរក្រហមទេ តែជាការពង្រឹងខ្មែរស្នេហាជាតិទាំងអស់ជាធ្លុងមួយ ប្រកបដោយទស្សនៈ«លោកសេរី» ពេលនោះសំណាងនយោបាយនឹងត្រឡប់មករកក្រុមអ្នកប្រឆាំងវិញបាន ប៉ុន្តែពុំមែនសម្រាប់ឈ្លោះគ្នាទេ តែសម្រាប់បង្កើនស្មារតីលទ្ធិប្រជាធិបតេយ្យ តាមគម្រោង«កិច្ចព្រមព្រាងក្រុងប៉ារីស»ជូនពលរដ្ឋខ្មែរ ជាម្ចាស់ឆ្នោត របស់អ្នកនយោបាយគ្រប់គ្នា ទោះជា«ក្រុមអ្នកកាន់អំណាចថ្ងៃនេះ ក៏អាចមានកិត្តិយសជាក្រុមបក្សប្រឆាំងបានដែរនាថ្ងៃស្អែក»៕

Views of Unfortunate Cambodian Politics