បុណ្យណូអែលនៅរដ្ឋម៉ាសាឈូសេត

បុណ្យណូអែលនៅរដ្ឋម៉ាសាឈូសេត

ដោយ រីឆាដ ហូវ ជូនញៀរ

ប្រែសម្រួលជាខេមរភាសាដោយសុខា

អ្នកស្នាក់អាស្រ័យសញ្ជាតិអង់គ្លេសជំនាន់ដើមដែលតាំងលំនៅក្នុងរដ្ឋម៉ាសាឈូសេតមិនចូលចិត្ត​បុណ្យណូអែលឡើយ។ ពួកគេស្ទើរតែចាត់ទុកបុណ្យនេះថាខុសច្បាប់។ ឆ្នាំ១៦៥៩ ខាងនីតិបញ្ញត្តិបាន​ចេញច្បាប់មួយ ផាកពិន័យដល់ជនណាដែលត្រូវបានរកឃើញថា​ ធ្វើការប្រារព្ធបុណ្យនេះ។ តើមូលហេតុអ្វី​ធ្វើឲ្យអ្នកស្នាក់អាស្រ័យសញ្ជាតិអង់គ្លេសជំនានដើមមានឆន្ទៈប្រឆាំងទៅនឹងបុណ្យណូអែល ឬគ្រីស្តម៉ាស? ពួកគេតម្រូវឲ្យបុណ្យគ្រីស្តម៉ាសកំណត់ជាបុណ្យសាសនាដ៏តឹងរ៉ឹងមួយ ប៉ុន្តែពួក​គេបែរជាឃើញប្រជាជនជាច្រើនប្រារព្ធបុណ្យនេះធ្វើជាបុណ្យមួយអធិកអធមមានការបរិភោគ ទទួលទានអាហារ ភេសជ្ជៈ និងការលេងល្បែងនានាដែលជាវត្ថុបម្រាម មិនបានអនុញ្ជាតិ​ដោយព្រះ​ជាម្ចាស់ ដែលពួកគេប្រណិបត្តិនោះឡើយ។

អាកប្បកិរិយាអ្នកស្រុកនៅរដ្ឋម៉ាសាឈូសេតចាប់ផ្តើមកែប្រែបន្តិចម្តងៗ។ រហូតដល់ឆ្នាំ 1870 សាលា និងជំនួញជាច្រើន ត្រូវបានបើកនៅថ្ងៃបុណ្យណូអែល។ រឿងរ៉ាវក៏ត្រូវបានផ្លាស់ប្តូរបន្ទាប់ពីពេលនោះ​មក ហើយមិនយូរប៉ុន្មាន បុណ្យគ្រីស្តម៉ាសក៏ក្លាយជាថ្ងៃឈប់សម្រាកប្រចំាឆ្នាំដ៏សំខាន់សម្រាប់មនុស្ស​ជាច្រើន។

គ្រិស្តសាសនិកចាត់ទុកបុណ្យគ្រិស្តម៉ាសជាថ្ងៃដែលព្រះយេស៊ូទ្រង់ប្រសូត ដូចនេះ មនុស្សម្នា​ចូលរួមក្នុងវិហារ និងនៅដល់ពាក់កណ្តាលអធ្រត្រថ្ងៃគ្រិស្តម៉ាសអ៊ីវ(មុនគ្រិស្តម៉ាសមួយថ្ងៃ)។ ផ្អែកលើ​ព្រះគម្ពីរ ព្រះយ៉េស៊ូគ្រិស្តទ្រង់ប្រសូត្រក្នុងបរិវេណក្រោលសេះ ដែលព័ទ្ធជុំវិញដោយក្រោលសត្វ ដូចនេះ វាមិនមានអ្វីប្លែកឡើយសម្រាប់មនុស្សជាច្រើនដែលដាក់តាំងនូវវត្ថុតាំងតូចៗនៃរូបសំណាកព្រះយ៉េស៊ូ និងរបស់ផ្សេងៗទៀតដែលមានវត្តមានកាលថ្ងៃចាប់កំណើតរបស់ទ្រង់ ក្នុងនោះមានសត្វគោ និងចៀម ក្នុងផ្ទះរបស់ពួកគេផងដែរ។

បុណ្យគ្រិស្តម៉ាស មានអត្ថន័យទូលំទូលាយ លើសពីថ្ងៃបុណ្យសាសនា។ សម្រាប់ក្មេងៗ គ្រិស្តម៉ាសជាថ្ងៃដែលលោកតាសាន់តាខ្លសមកលេងពួកគេ ហើយផ្តល់ដល់ក្មេងៗនូវកាដូ ដែលដាក់ពីក្រោមដើមគ្រិស្តម៉ាស។ ការអនុវត្តនូវការជូនកាដូក្នុងពេលវេលាដ៏ជាក់លាក់ប្រចាំឆ្នាំ ត្រូវបានរកឃើញថាអនុវត្តក្នុងវប្បធម៌ដោយឡែកៗពីគ្នា ប្រៀបប្រដូចទៅនឹងការបន្សល់នូវកាដូដល់ក្មេងៗនៅពេលរាត្រីនៃថ្ងៃគ្រិស្តម៉ាសផងដែរ។ នេះជាឧទាហរណ៍នៃការបន្សុំាវប្បធម៌ដោយជាតិសាសន៍មួយ និងការវិវត្តដោយជាតិសាសន៍ផ្សេងទៀត។

សម្រាប់រឿងជំនួញ បុណ្យគ្រិស្តម៉ាសជាពេលដែលគួរកត់សម្គាល់ខ្លាំងបំផុតនៃឆ្នាំទាំងមូល។ ត្បិតមានការជូនកាដូជាហូហែរ ថវិកាជាច្រើនត្រូវបានចាយទៅដល់ឈ្មួញកណ្តាល(អ្នកលក់រាយ) ជាពិសេសគឺក្នុងរដូវកាលបុណ្យគ្រិស្តម៉ាស។ នេះជាពេលដែលអ្នកជំនួញរកបានយ៉ាងកាក់កប។ អំឡុងសម័យធ្លាក់ចុះនៃពិភពលោកឆ្នាំ1930ខណៈដែលលុយជួបនឹងអតិផរណា ធនាគារនានាបានបង្កើតឲ្យមានគណនីពិសេសមួយឲ្យឈ្មោះថា ក្លឹបគ្រិស្តម៉ាស។ រៀងរាល់​សប្តាហ៍នៃ​ឆ្នាំ អតិថិជនអាចដាក់ប្រាក់កក់អតិបរមាក្នុងគណនីដាច់ដោយឡែក ហើយបន្ទាប់មកគឺនៅមុន​ថ្ងៃគ្រិស្តម៉ាស ប្រាក់នឹងវេរទៅឲ្យអតិថិជន នៅចំថ្ងៃគ្រិស្តម៉ាស យកទៅចាយវាយក្នុងហាងផ្សេងៗ។

យ៉ាងណាមិញ បុណ្យគ្រិស្តម៉ាស មិនមែនមានតែអំពីសាសនា ឬ ការទិញទំនិញ តែវាជាវេលាសម្រាប់ក្រុមគ្រួសារ ចំណាយពេលជាមួយគ្នា ឬយ៉ាងហោចណាស់ជាពេលដែលពួកគេផ្ញើកាតជូនពរដល់គ្នាទៅវិញទៅមក។ ម្យ៉ាងទៀត វាក៏ជាពេលដែលប្រជាជនក្លាយជាមនុស្សសប្បុរសបំផុតទៅដល់អ្នកទាំងឡាយណាដែលត្រូវការ​ជំនួយ។

Leave a Reply