‹‹ព្រហ្មបាយ័ន››បានមកដល់ឡូវែលដ៏សុខសាន្ត

ដោយខ្មែរផុសស.រ.អា.

រូបចម្លាក់ព្រហ្មបាយ័នបានដម្លើងរួចជាស្រេច នៅមាត់ទ្វារនៃក្រុងខ្មែរឡូវែល កាលពិថ្ងៃទី២៥កញ្ញាមុន ហើយបានបញ្ចប់ទំនាស់មួយចំនួននៅក្នុងក្រុងដ៏សម្បូរប្រជាពលរដ្ឋអាមេរីកាំងដើមកំណើតខ្មែររស់នៅ។ ដូចដែលយើងអធិប្បាយពីលើកមុន ការបញ្ចប់ទំនាស់នេះក៏ដោយសារ អ្នកគ្រប់គ្រងក្នុងគណកម្មការក្រុងខ្មែរ បានស្តាប់វត្ថុបំណងរបស់ខ្មែរអាមេរីកាំងភាគច្រើនដែលចង់ឃើញថា‹អ្វីដែលជាដំណាងឱ្យខ្មែរទូទៅ មានកំណើតស្របនឹងការប្រឹងប្រែងដោយផ្ទាល់ដៃរបស់ប្រជាជន ហើយដើម្បីកេរឈ្មោះនៃខ្មែរអាមេរីកាំងក្នុងតំបន់នោះ›។ ក្រុងខ្មែរឡូវែលនេះ កំណត់នៅជុំវិញផ្លូវ‹មីដលសិច-ប្រេនស្ទ្រីត›រហូតដល់ផ្លូវ‹វែសហ្វឺត›ហើយហៀរទៅដល់ដើមផ្លូវ‹ឆែមហ្វឺត›ថែមទៀត(ផ្នែកផ្លូវឆែមហ្វឺតនេះ មិនស្ថិតនៅក្នុងរង្វង់ក្រុងខ្មែរជាផ្លូវការទេ តែសម្បូរពាណិជ្ជករខ្មែរណាស់ដែរ)។

210-monks
សម្លឹងមើលរូបព្រហ្មបាយ័ន ឆ្លាក់ពីដុំថ្មសុទ្ធសាធ ដូចគ្នានឹងថ្មអង្គរវត្តដែរនោះ អ្នកស្រី ពង្សលក្ខិណាសាធុកា ផល្លី ប្រធាន រួមទាំងគណកម្មការក្រុងខ្មែរទាំងមូល បានប្រមែប្រមូលអំណោយម្តងបន្តិចៗ មានទាំងធ្វើបុណ្យផ្ការច្រើនដងផង យ៉ាងព្យាយាម រហូតទាល់តែបានថវិការគ្រប់គ្រាន់សម្រាប់បញ្ជាទិញរូបចម្លាក់ពីស្រុកខ្មែរ ដែលមានអ្នកឯកទេសចម្លាក់ឆ្នើមបំផុត ខាងឆ្លាក់រូបរបៀបនេះតាមខ្នាតដែលឡូវែលចង់បាន ព្រមទាំងដឹកជញ្ជូនរូបចម្លាក់ ទម្ងន់ច្រើនតោននេះ មកតម្លើងដល់ឡូវែលបានយ៉ាងពេញចិត្ត។ ការធ្វើឱ្យបានសម្រេចតម្លើងរូបចម្លាក់នេះបាន ហើយធ្វើឱ្យទាំងអស់គ្នាសប្បាយចិត្តបាន អាចរាប់ថា‹ជាគុណសម្បត្តិគួរឱ្យកត់សំគាល់ នៃអ្នកបំរើផលប្រយោជន៍សាធារណ› ជាគំរូនៃការគិតត្រូវ, តាំងពីជំនាន់លោក សេងលី គង់ ដែលបានផ្តួចផ្តើមបញ្ចេញគំនិត‹មាត់ទ្វារក្រុងខ្មែរជារូបព្រហ្មបាយ័ន› រហូតមកដល់ជំនាន់អ្នកស្រី ពង្សលក្ខិណាសាធុកា ផល្លី ដែលបញ្ចប់គម្រោងនេះប្រកបដោយជោគជ័យ។

krungkhmer-4

នៅមានមនុស្សគំរូផ្សេងទៀត ដែលចូលរួមប្រកបដោយភាពជ្រះថ្លា ក្នុងគម្រោងនេះដែរ គឺម្ចាស់ដី‹ត្រីកោណ›នៃកន្លែងដំកល់រូបចម្លាក់ដ៏ធំនោះ, អ្នកស្រីប្រធាននិយាយថា‹គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកនឹងលោកស្រី សេង អ៊ា ម្ចាស់ហាងបាងកក ដោយយើងបានចុះហត្ថលេខាព្រមព្រាងគ្នា នៅចំពោះមេធាវីយើងរួចហើយ›។ ប្រជាពលរដ្ឋខ្មែរនឹងពលរដ្ឋឡូវែល នឹងនៅចងចាំ ហើយអរគុណ ចំពោះអំណោយដ៏ធំធេងនេះ ដែលធ្វើឱ្យ‹ក្លោងទ្វារក្រុងខ្មែរ›កើតឡើងបាន។

អំណោយសម្រាប់លំអរ‹ក្លោងទ្វារ ឬ មាត់ច្រក›គឺដងទង់ជាតិ៤ដើមបញ្ឈរនៅទីនោះ គឺជាអំណោយដ៏ជ្រះថ្លារបស់វត្តខ្មែរទាំង៤ដែលខ្មែរឡូវែលតែងតែនាំគ្នាទៅធ្វើបុណ្យ ក្នុងតម្លៃនិមួយៗ ១ម៉ឺន២ពាន់ដុល្លា។ វត្តទាំង៤នោះគឺៈ វត្តត្រៃរតនារាម, វត្តពន្លឺពុទ្ធចក្រ, វត្តខ្មែរឡូវែល(វត្តទាំង៣នេះនៅឡូវែល) នឹងវត្តសាមគ្គីសង្ខិការាម(នៅធីងបូរ៉ូ)។ ចំណែកឯទង់ជាតិដែលលើកជាប្រចាំនោះគឺៈ ទង់ជាតិខ្មែរ, ទង់ជាតិអាមេរីកាំង, ទង់សាសនា, នឹងទង់រដ្ឋម៉ាសាឈូសិត។ ព្រះសង្ឃនៃវត្តទាំង៤ រួមទាំងព្រះសង្ឃនៅវត្ត‹លីន›នឹង‹រីវែ› ក៏បានមកចូលរួមសម្ភោធ សូត្រមន្ត ក្នុងពិធីដម្លើងរូបព្រះព្រហ្មនឹងទង់ជាតិទាំង៤ តាំងពីព្រហ៊ាមនៃទី២៥កញ្ញា ថ្ងៃសម្ភោធន៍នោះដែរ។

ការតម្លើងរូបព្រហ្មនេះហើយ នៅពុំទាន់ចប់សព្វគ្រប់នៅឡើយទេ គឺនៅមានសួនច្បារ ព័ទ្ធដោយរបងទាប មាននាគជុំវិញ មានកៅអីសម្រាប់អង្គុយលេង។ ទាំងអស់នៅត្រូវការប្រាក់៤ម៉ឺនទៀត ដើម្បីបញ្ចប់គម្រោងនេះទាំងមូល នៅមុនខែមេសា២០១៧ ដែលអ្នកស្រីផល្លី បានឱ្យដឹងថា រូបព្រហ្មបាយ័ននឹងត្រូវធ្វើពិធីសម្ភោធដ៏ធំមួយ នៅខែមេសា នាពេលចូលឆ្នាំខ្មែរនោះ, ពេលនោះ ក្រុងខ្មែរឡូវែល គឺជាក្រុងដំបូងបង្អស់នៅសហរដ្ឋអាមេរីក ដែលមានរូបព្រហ្មបាយ័ននៃវប្បធម៌ខ្មែរ នៅមាត់ទ្វារចូលក្រុង របស់ខ្លួន៕

Leave a Reply