ព្រះសង្ឃខ្មែរមួយអង្គកំពុងធ្វើការស្រាវជ្រាយនៅសាកលវិទ្យាល័យ‹ហាវឺដ›

ដោយ ពិន សំខុន

ឡូវែលៈ ព្រះសង្ឃខ្មែរមួយអង្គព្រះនាម ព្រះឧបាលិវង្ស យ៉ន សេងយាត ព្រះជន្ម៣៩វស្សា គង់ប្រចាំវត្តឧណ្ណាលោម ព្រះអង្គមានតួរនាទីជា អនុប្រធាន

ពុទ្ធីកមហាវិទ្យាល័យភ្នំពេញ បាននិមន្តមកបន្តរការសិក្សានាដើមឆ្នាំ២០១៧នេះនៅសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនាសហរដ្ឋអាមេរីក សាកលវិទ្យាល័យ‹ហាវឺដ›(សាលាហាវឹដទេវវិទ្យា-Harvard Divinity School)ដែលជាករណីកម្របំផុតសម្រាប់ប្រទេសកម្ពុជា។

ព្រះអង្គ សេងយ៉ាត កំពុងធ្វើការសិក្សាស្រាវជ្រាវធ្វើនិក្ខេបបទ រយពេល១៤ខែ ក្នុងកម្មវិធីសិក្សាបន្ទាប់ពីកំរឹតបណ្ឌិត(Post Doctrate Fellowship)សញ្ញាប័ត្របណ្ឌិតដែលព្រះអង្គបានទទួលនៅសាកលវិទ្យាល័យសេរីលង្កា ពេលនេះព្រះអង្គស្រាវជ្រាវក្នុងប្រធានបទ‹‹ជិវិតសម្តេច មហាឃោសនន្ត វ៉ា យ៉ាវ ក្នុងដំណោះស្រាយសន្តិភាពតាមព្រះពុទ្ធសាសនានៅកម្ពុជា››។

 

IMG_0111 (2)

ខ្មែរផុសស.រ.អា.បានជួបសម្ភាសន៍ជាមួយព្រះអង្គ យន សេងយ៉ាត កាលពីថ្ងៃទី៧មេសាកន្លងទៅនេះនៅឡូវែលៈ

ខ្មែរផុសស.រ.អាៈ ហេតុអ្វីក៏ព្រះជ្រើសយកប្រធានបទនេះសម្រាប់ការស្រាវជ្រាវរបស់ព្រះអង្គ?

ព្រះអង្គ យន សេងយ៉ាតៈ អាត្មាជ្រើសយកប្រធានបទនេះជាមួយ លោកគ្រូជាមេប្រយោគរបស់មហាវិទ្យាល័យ ដោយយល់ឃើញថា‹ព្រះអង្គមហាឃោសនន្តបានជួបសិក្សាច្រើនពីគម្រូរបស់ មហាត្ម័កគន្ធី្ន នៃប្រទេសឥណ្ឌា,  ព្រះអង្គប្តើមធ្វើធម្មយាត្រាដើម្បីសន្តិភាពនៅកម្ពុជាពិឆ្នាំ១៩៩២ ដល់ ១៩៩៧, ដោយព្រះអង្គយល់ថា កិច្ចព្រមព្រាងក្រុងប៉ារីស ជាការចុះសម្រុងគ្នាតាមផ្លូវច្បាប់ តែកំហឹងនៅពោរពេញក្នុងខ្លួននៃគូរភាគីជម្លោះនៅឡើយ ដូច្នេះនៅមានការចុះសម្រុង រំងាប់កំហឹងផ្លូវចិត្តថែមទៀតទើបបានជោគជ័យ, រីឯព្រះសង្ឃនៅតែវត្តអារាមបើនៅរំងាប់ជម្លោះតែក្នុវត្តទេ នឹងមិនមានប្រសិទ្ធភាពទេ, ដូច្នេះព្រះសង្ឃត្រូវចេញទៅទីតាំងប្រជាពលរដ្ឋ បង្ហាត់បង្ហាញ បិណ្ឌបាត ពីការជានាគ្នាដោយសណ្តោស មិនចងពៀរនឹងគ្នា គ្មាននរណាជាអ្នកឈ្នះ ហើយក៏គ្មានអ្នកចាញ់ដែរ… នេះហើយជាគម្រូនៃសន្តិភាពដែលព្រះពុទ្ធសាសនាផ្តល់ដល់កម្ពុជា នឹងសម្រាប់ប្រើក្នុងតំបន់ផ្សេងៗទៀតក្នុពិភពលោកផង› …

ខ្មែរផុសស.រ.អាៈ មានធម្មយាត្រាព្រះអង្គមហាឃោសនន្តខ្លះ ធ្វើទៅប្រកបដោយភាពគ្រោះថ្នាក់ខ្លាំងណាស់, តើព្រះអង្គមានដែលចូលរួមដំណើរធ្វើធម្មយាត្រានោះដែរឬទេ?

ព្រះអង្គ យន សេងយ៉ាតៈអាត្មាធ្លាប់ចូលរួមដែរ កាលពីនៅក្មេង ដោយសារចូលចិត្ត តែមិនយល់ពីអត្ថន័យនៃធម្មតាត្រានោះ បានន័យថាអ្វីនោះទេ, អាត្មាចាំថាពេលបានទៅដល់តំបន់ខ្មែរក្រហម ជួបលោក អៀង សារី ក៏ព្រះអង្គឥតមានឱ្យនរណាខុសនរណាត្រូវអ្វីទេ មានតែបិណ្ឌបាទការខឹងគ្នាទៅវិញទៅមក អត់ឱនឱ្យគ្នាតែប៉ុណ្ណោះ…

ខ្មែរផុសស.រ.អាៈ គឺព្រះអង្គបញ្ចុះបញ្ជូលឱ្យទទួលយកនូវការជានាគ្នាដោយស្ម័ក្រចិត្តខ្លួនឯង មែនដែរឬទេ?

ព្រះអង្គ យន សេងយ៉ាតៈ ពរ នេះហើយជាការជានាគ្នាដោយផ្លូវចិត្ត…

ខ្មែរផុសស.រ.អាៈ មុនពេលព្រះមហាឃោសនន្តសុគតទៅ ព្រះអង្គបានគង់នៅវត្ត‹ហ្វីឡាដែលហ្វៀ› បន្ទាប់មកលោកទៅគង់នៅវត្ត‹អំហឺ›, តើព្រះអង្គមានបានទៅមើលកន្លែងដែលព្រះមហាឃោសនន្តរស់នៅនាសហរដ្ឋអាមេរីកជាចុងក្រោយដែរឬទេ? មានបានឯកសារអ្វីខ្លះពីដំណើរទៅទីទាំងនោះទេ?

ព្រះអង្គ យន សេងយ៉ាតៈ -មានដែរ តែច្រើនទទួលតែពាក្យចចាមអារាម ដែលអាត្មាប្រើមិនបាន, អាត្មាគ្រាន់តែដឹងថាជីវិតចុងបញ្ចប់របស់ព្រះអង្គវេទនាណាស់ ដោយព្រះអង្គខ្វះអ្នកថែរទាំ ក្នុងនាមជាមនុស្សចាស់ជរា…

ខ្មែរផុសស.រ.អាៈ តើនៅសាលារៀនសហរដ្ឋអាមេរីក ព្រះអង្គមានអារម្មណ៍នឹងការកត់សំគាល់យ៉ាងណាដែរ?

ព្រះអង្គ យន សេងយ៉ាតៈអាត្មារីករាយណាស់ដែលបានមកស្រាវជ្រាវនៅ‹មហាវិទ្យាល័យហាវឺដ›នេះ, បានជួបនឹងអ្នកប្រាជ្ញឯទៀតជាច្រើន មកពីច្រើនប្រទេសនានានៃសាកលលោក, នៅក្នុងសាលាដែលអាត្មារៀននោះ គែហៅថា‹សាលទេវ – Divinity School› គេក៏មកស្រាវជ្រាវដូចយើងដែរ,… គ្រូៗយើងមានចរឹកស្លូតបូត មិនដូចស្រុកអាស៊ីយើង សិស្សត្រូវតែគោរពគ្រូ ថាស្តីឱ្យសិស្សអ្វីក៏បាននោះទេ គឺគេគោរពគ្នាទៅវិញទៅមកស្មើរគ្នា គ្រូជាអ្នកចេះពិតប្រាកដច្បាស់លាស់ ដូចជាភាសាបាលី ភាសាឥណ្ឌាជំនាន់‹ព្រះបាទធម្មាសោក›កាលពី២០០០ឆ្នាំមុន ក៏គេចេះដែរ ចង់រកសៀវភៅអ្វីក៏មានដែរ មានរាប់លានក្បាល ដែរសិស្សអាចមើលឬចម្លងយកមកប្រើប្រាស់មិនមានខ្វះទេ… សិស្សគេទៅរៀនដោយប្រឹងប្រែង ដោយចង់ចេះ ចង់ដឹង មិនចាំបាច់នរណាប្រៀនប្រដៅគេទេ, កម្មវិធីរៀននៅសាលា មានតាំងពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់ គ្មានឈប់ឈរទេ កូនសិស្សមករៀនពេញៗ រាល់ថ្ងៃ

ខ្មែរផុសស.រ.អាៈព្រះអង្គជាសង្ឃអីចឹង ទៅរៀននៅសាលាមានស្រីមានប្រុស តើមានកន្លែងអ្វីពិសេសសម្រាប់ព្រះអង្គជាព្រះសង្ឃដែរឬទេ?

ព្រះអង្គ យន សេងយ៉ាតៈពរ! អត់មានអ្វីពីសេសពីគេទេ, ពេលឆាន់ទៅយកម្ហូបអាហារដោយខ្លួនឯង ទៅអង្គុយតុរួមឆាន់អាហាជាមួយគេឯងមិនមានអ្វីខុសពីគេទេ!

ខ្មែរផុសស.រ.អាៈ តើមានចង្ហាន់ខ្លះ ដូចចង្ហាន់ដែរព្រះអង្គធ្លាប់ឆាន់ដែរឬទេ?

ព្រះអង្គ យន សេងយ៉ាតៈពរអត់មានទេ បានប្អូន(ចង្អុលទៅព្រះសង្ឃមួយអង្គដែលនៅក្បែរ)គេនាំមកឡូវែលម្តងៗ ពេលសម្រាក ចូលរួមបុណ្យទានទៅ ក៏បានចង្ហាន់ស្រុកយើងខ្លះទៅ!

ខ្មែរផុសស.រ.អាៈ តើព្រះអង្គនិមន្តមកនេះ មានអាហារូបករណ៍ ការឧបត្ថម្ភការសិក្សានៅសហរដ្ឋអាមេរីកយ៉ាងណាដែរ?

ព្រះអង្គ យន សេងយ៉ាតៈ អាត្មាមកនេះដោយញាតិញោមគេឧបត្ថម្ភឱ្យមករៀន មិនមានអាហារូបករណ៍ពិអាមេរីក ឬ ពីរដ្ឋាភិបាលកម្ពុជាទេ,សាលាបានអនុញ្ញាត្តិឱ្យមករៀនសូត្រ នៅ‹ហាវឺដ› ក៏ឆក់យកឱកាសមករៀនទីនេះទៅ!

ខ្មែរផុសស.រ.អាៈ ខ្ញុំព្រុះករុណាអរព្រះគុណ ហើយនឹងសុំអនុញ្ញាត្តិធ្វើសម្ភាសន៍ជាមួយព្រះអង្គ នៅពេលក្រោយទៀត

ព្រះអង្គ យន សេងយ៉ាតៈ ពរ