លោក ហ៊ុន ម៉ាណែត៖ ការ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​គឺ​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ

ផ្សាយថ្ងៃទី២៤ ខែ០២ ឆ្នាំ២០២៤
នាយករដ្ឋមន្ត្រី​បន្ត​អំណាច​ពី​ឪពុក​គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​តែងតាំង​ប្អូនប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ពី​លើ​មុខតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ គឺ​ដើម្បី​ឱ្យ​មាន​ទម្ងន់​ក្នុង​ការ​បំពេញ​ការងារ​លើ​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ប៉ុណ្ណោះ មិនមែន​ដោយសារ​លោក ហ៊ុន ម៉ានី ជា​ប្អូន​បង្កើត​របស់​លោក​នោះ​ទេ។

លោក ហ៊ុន ម៉ាណែតៈ ការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី គឺដើម្បីឲ្យមានប្រសិទ្ធិភាពក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ
លោក ហ៊ុន ម៉ាណែតៈ ការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី គឺដើម្បីឲ្យមានប្រសិទ្ធិភាពក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ជ័យលាភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ការ​ដំឡើង​ឋានៈ​លោក ហ៊ុន ម៉ានី មិនមែន​ដោយសារតែ​គាត់​ជា​ប្អូន​បង្កើត​របស់​លោក​នោះ​ទេ គឺ​ធ្វើ​ឡើង​តាម​លក្ខខណ្ឌ​ជាក់ស្តែង ព្រោះ​ថា​មន្ត្រី​ដែល​កាន់​មុខតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ទោះ​ជា​បុគ្គល​រូប​ណា​ក៏ដោយ ក៏​ត្រូវ​តែ​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ដែរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ។
លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទោះ​បី​លោក ហ៊ុន ម៉ានី ជា​អ្នក​ណា​ក៏ដោយ ឱ្យ​តែ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ គឺ​ត្រូវតែ​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ដូច​គ្នា ព្រោះ​ថា​ក្រសួង​នេះ​នឹង​ត្រូវ​ដើរ​តួនាទី​សំខាន់​ណាស់ ត្បិត​ក្រសួង​មុខងារ​សាធារណៈ គឺជា​សេនាធិការ​ដែល​នាយករដ្ឋមន្ត្រី​ត្រូវ​ដឹកនាំ​ដោយ​ផ្ទាល់​ក្នុង​ការ​អនុវត្ត​កែទម្រង់​មុខងារ​សាធារណៈ ដែល​ពាក់ព័ន្ធ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់។
នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​រូប​នេះ​បញ្ជាក់​ថា តម្រូវការ​ចាំបាច់​ក្នុង​ការ​កំណែ​ទម្រង់​ជា​អាទិភាព រដ្ឋាភិបាល​ត្រូវ​បង្កើន​ប្រសិទ្ធភាព បង្កើន​តួនាទី​ជា​ចាំបាច់ ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ​ទៀត ដែល​នាយករដ្ឋមន្ត្រី​ដឹកនាំ​ដោយ​ផ្ទាល់​ទៅ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​មួយ​ចំនួន ដូចជា​មុខងារ​សាធារណៈ អប់រំ និង​សុខាភិបាល ក្នុង​នោះ​ក្រសួង​មុខងារ​សាធារណៈ ទទួល​ធ្វើ​កំណែ​ទម្រង់​ធំ​ជាងគេ គឺ​រដ្ឋបាល​សាធារណៈ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។
កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី ក្រោយ​រដ្ឋសភា​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត។
អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២១ កុម្ភៈ នេះ​ថា ត្រកូល​ហ៊ុន​កំពុងតែ​ស្រវឹង​នឹង​អំណាច​ដែល​ពួកគេ​បាន​ប្លន់​ពី​ប្រជារាស្ត្រ​ខ្មែរ​តាម​គ្រប់​វិធី​ជាង ៤០​ឆ្នាំ​មក​នេះ រហូត​ធ្វើ​ឲ្យ​ពួកគេ​គិត​ថា អំណាច​នីតិប្បញ្ញត្តិ ឬ​រដ្ឋសភា មិន​ត្រូវតែ​ឯករាជ្យ​ពី​អំណាច​នីតិប្រតិបត្តិ ឬ​រដ្ឋាភិបាល​នោះ​ទេ។
លោក សម រង្ស៊ី លើក​ឡើង​ថា លោក ហ៊ុន សែន ដែល​ជា​ឪពុក​បង្កើត​របស់​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី កំពុង​ត្រៀម​ខ្លួន​កាន់​កាប់​អំណាច​ជា​ប្រធាន​ព្រឹទ្ធសភា ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ ខណៈ​កូនៗ​ទាំង​ពីរ​នាក់​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដែល​ជា​អំណាច​នីតិប្រតិបត្តិ ដែល​ម្នាក់​ជា​នាយករដ្ឋមន្ត្រី និង​ម្នាក់​ទៀត​ជា​ឧបនាយករដ្ឋមន្ត្រី។
អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ត្រកូល​ហ៊ុន​កំពុង​ជាន់​ឈ្លី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​តម្រូវ​ឲ្យ​មាន​ការ​បែងចែក​ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា​រវាង​អំណាច​នីតិបញ្ញត្តិ និង​អំណាច​នីតិប្រតិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ទង្វើ​បែប​នេះ​ក៏​បង្ហាញ​ថា ពួកគេ​កំពុង​មើលងាយ​ប្រជារាស្ត្រ​ខ្មែរ​ទាំង ១៧​លាន​នាក់​ដែរ ដោយ​ចាត់ទុក​ថា​មាន​តែ​ក្រុម​គ្រួសារ​ពួកគេ​ទេ​ដែល​អាច​ដឹកនាំ​ប្រទេស​កម្ពុជា​បាន ខណៈ​គ្រួសារ​ល្មោភ​អំណាច​មួយ​នេះ​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​តាម​របៀប​ផ្ដាច់ការ និង​សក្ដិភូមិ​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ​សព្វថ្ងៃ​នេះ។
ចំណែក​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ ធ្លាប់​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា ជាពិសេស​លោក ហ៊ុន សែន គ្រាន់តែ​ជា​អ្នក​ប្រកប​មុខរបរ​ក្នុង​កិច្ចការ​នយោបាយ ដោយ​រក​កន្លែង​ឈរជើង​ដើម្បី​ជីវភាព​នយោបាយ​ខ្លួនឯង និង​ពង្រីក​អំណាច​សម្រាប់​ក្រុម​គ្រួសារ សាច់ញាតិ និង​បក្ខពួក​ប៉ុណ្ណោះ។
លោក​បន្ថែម​ថា ពួកគេ​មិនមែន​ប្រឡូក​នយោបាយ​ដើម្បី​ប្រទេស​ជាតិ ទឹកដី និង​ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។
ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​រៀប​ឱ្យ​កម្ពុជា​ក្លាយ​ជា​ការ​គ្រប់គ្រង​អំណាច​តាម​បែប​សន្តតិវង្ស​តាម​ការ​ចងក្រង​អំណាច​ជា​បែប​ផែន ដូចជា​លោក ហ៊ុន សែន ខ្លួនឯង​គ្រប់គ្រង​គណបក្ស និង​ស្ថាប័ន​ជាតិ​កំពូលៗ​ដូចជា ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ ចំណែក​លោក ហ៊ុន ម៉ាណែត គ្រប់គ្រង​ក្រសួង​ស្ថាប័ន និង​អង្គភាព​នានា​ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី។
ការ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ ត្រូវ​គេ​មើល​ឃើញ​ថា លោក ហ៊ុន សែន បាន​ចាប់​យក​ប្រទេស​កម្ពុជា​ទាំងមូល​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​សម្រាប់​គ្រួសារ​របស់​គាត់​រួច​ទៅ​ហើយ ដែល​មាន​ន័យ​ថា អំណាច​ផ្ដាច់ការ​ដោយ​ការ​ប្លន់​អំណាច​ប្រជារាស្ត្រ និង​បំផ្លិច​បំផ្លាញ​ជាតិ​នេះ នឹង​បន្ត​ជា​រៀង​រហូត​តាមរយៈ​ផែនការ​របស់​គាត់​ដែល​ចង់​ឲ្យ​កូន និង​ចៅៗ​របស់​គាត់​គ្រប់គ្រង​ប្រទេស​កម្ពុជា​បន្ត​ពី​ខ្លួន​ទៅ​ថ្ងៃ​មុខ​ទៀត៕
ដកស្រង់ Cambodia Daily

Hun Manet: Appointment of Hun Many as Deputy Prime Minister is to be Effective in Reforming Public Administration