សមាគមខ្មែររៀចចំកម្មវិធីកីឡា និងភាពជាអ្នកដឹកនាំដល់យុវជននៅរដូវក្តៅឆ្នាំ ២០១៧

ដោយ សុខារ័ត្ន កូយ
ឡូវែល-ក្នុងកំឡុងពេលនៃការសំរាកវិសមកាលពីសាលានៅរដូវក្តៅនេះ សមាគមខ្មែរCMAAបាននឹងកំពុងរៀបចំកម្មវិធីមួយដែលមានឈ្មោះថា «តារាកំពុងរះ» សម្រាប់កុមារនិងយុវជនដែលមានអាយុចាប់ពី ៧ ឆ្នាំ ដល់ ១៤ ឆ្នាំ។កម្មវីធីតារាកំពុងរះនេះ គឺមានរយៈពេលល ៦ សប្តាហ៌ ដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៧ខាងមុខ។
អ្នកនាងស្រីមុំ វារី ដែលជាអ្នកគ្រប់គ្រងកម្មវិធី នៃសមាគមខ្មែរ បានឲ្យយើងដឹងថា សម្រាប់ឆ្នាំនេះមានកុមារ និងយុវជនចំនួន ៧៩ នាក់ចុះឈ្មោះចូលរួមក្នុងកម្មវិធីតារាកំពុងរះនេះ ហើយគោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្តល់ឪកាសឲ្យកុមារ និងយុវជនបង្កើតនូវមិត្រ្តថ្មី, កាត់បន្ថយការផ្លេចពីការសិក្សា, រៀនពីជំនាញ់ថ្មីៗ រឺពង្រឹងទេពកោសល្យរបស់ពួកគេ។
អ្នកនាងបន្តថា រយៈពេលពីរសប្តាហ៏ដំបូងនេះ សកម្មភាពនៃកម្មវិធីនេះ គឺត្រូវបានរៀបចំនៅទីតាំងសាលាបឋមសិក្សាJoseph McAvinnue Elementary Schoolដោយនៅក្នុងនោះមានការចូលរួមពីមន្រ្តីប៉ូលីសចម្រុះជាតិសាសន៌ និងភេទដែលបម្រើការងារក្នុងនាយកដ្ឋានប៉ូលីសក្រុងឡូវ៉ែលធ្វើការរៀបរាប់ពីរឿងរាវនៃការខិតខំប្រឹងប្រែងរបស់ពួកគេ, វិធីសម្រេចចិត្តនៅពេលចូលរួមក្នុងការងារជាមន្ត្រីប៉ូលីស និងមានការចូលរួមលេងកីឡាកំសាន្តជាមួយកុមារ និងយុវជនផងដែរ។
ក្រៅពីសកម្មភាពនៅក្នុងទីតាំងសាលារៀនកុមារនិងយុវជនក៏ត្រូវបានទៅឧស្យានប្រវត្តិសាស្ត្រជាតិក្រុងឡូវែល(Lowell Historical National Park)ដោយបានស្វែងយល់ពីរបៀបនៃការរស់នៅរបស់ពលរដ្ឋក្រុងឡូវែលកាលពីអតីតកាល,ការស្លៀកសំលៀកបំពាកប្រពៃណី និងបទពិសោធន៏សំអាតអំបោះដើម្បីធ្វើសំលៀកបំពាក់។
អ្នកនាង ស្រីមុំ ថា «យើងសង្ឈឹមថា កុមារនិងយុវជនដែលចូលរួមក្នុងកម្មវិធីតារាកំពុងរះនេះ នឹងត្រូវបានបំផុស និងជុំរុញចិត្ត និងគំនិតពួកគេ តាមរយះវីរបុរសក្នុងស្រុករបស់យើងដែលពួកគេបានជួបជាមួយនៅក្នុងក្រុងឡូវែលដែលពួកគេកំពុងរស់នៅ»។ អ្នកនាងលើកឡើងថា យើងម្នាក់ៗគឺជាវីរបុរស ដែលធ្វើការផ្លាស់ប្តូរក្នុងជីវិតដែលយើងបានជួបប្រទះ ទោះបីតាមសេវាដែលយើងផ្តល់ឲ្យ រឺផលិតផលដែលយើងធ្វើសម្រាប់លក់ក៏ដោយ។
សូមបញ្ជាក់ថាសម្រាប់កម្មវិធីតារាកំពុងរះរបស់សហគមខ្មែរនេះ មិនមែនជាកម្មវិធីលើកដំបូងរបស់សមាគមខ្មែរនោះទេ បើតាមការឲ្យដឹង នេះគឺជាលើកទីពីរហើយសម្រាប់ឆ្នាំនេះ ដោយលើកទីមួយត្រូវបានរៀចចំឡើងនៅឆ្នាំ ២០១៦ មានរយៈពេល ៦ សប្តាហ៌ ដោយមានអ្នកចូលរួមចំនួន ៨២ នាក់ច្រើនជាងការរំពឹងទុក ៕