ស្ថានទូតអាមេរិកប្រចាំកម្ពុជា:មិនមានការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋខ្មែរមកកាន់សហរដ្ឋអាមេរិក

ភ្នំពេញ– បន្ទាប់ពីបញ្ចប់ការបោះឆ្នោតក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំ 2016 លោកប្រធានាធិប្បតេយ្យជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ កាលពីខែមករា ឆ្នាំ 2017 បានចុះហត្ថលេខាលើគោលនយោបាយអន្តោប្រវេសន៏ដ៍ចំរូងចំរាស់មួយ ក្នុងគោលបំណងដើម្បីការពារប្រជាជនអាមេរិក។ ក្រោយពីការចុះហត្ថលេខានេះ ក៏មានសេចក្តីរាយការណ៏បរទេសមួយចំនួន បានធ្វើការផ្សព្វផ្សាយដោយបាននិយាយពីការលើកលែងទិដ្ឋាការក្នុងការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជា។ សេចក្តីរាយការណ៏នោះ បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ត្រូវបានអនុញ្ញាតធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកស្នាក់នៅរយៈពេល 30 ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ ជាពិសេសសម្រាប់អ្នកចូលមកក្នុងគោលបំណងពាណិជ្ជកម្ម និងទេសចរណ៍។ព័ត៌មាននេះ ត្រូវបានប្រជាពលរដ្ឋខែ្មរទាំងក្នុងស្រុក និងក្រៅប្រទេស​ ធ្វើការចែករំលែកតៗគ្នាជាពិសេសតាមបណ្តាញសង្គមហ្វេសបុក។ ប្រការនេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការត្រេកអរ និងសាទរ ប៉ុន្តែខ្លះទៀតមិនទាន់មានភាពច្បាស់លាស់ចំពោះព័ត៌មានខាងលើនេះ។

ដើម្បីបំបាត់នូវចំងល់ និងឲ្យកាន់តែច្បាស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានធ្វើសេចក្តីជូនដំណឹងតាមរយៈហ្វេសបុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ៥ ខែកុម្ភះកន្លងទៅ​ដោយបានបញ្ជាក់ថាព័ត៌មានទាក់ទងនឹងការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិចមិនចាំបាច់មានទិដ្ឋាការនោះ គឺជាព័ត៌មានប្រឌិត។ សហរដ្ឋអាមេរិច មិនមានការលើកលែងទិដ្ឋាការសម្រាប់ជនជាតិខ្មែរនោះទេ។

បើតាមប្រភពដដែលបានបន្តថា ប្រជាជនកម្ពុជាដែលមានបំណងមកកាន់សហរដ្ឋអាមេរិក ទោះបីស្នាក់នៅរយៈពេលប៉ុន្មានក៏ដោយ ត្រូវតែដាក់ពាក្សស្នើរសុំទិដ្ឋាការនៅទីស្នាកការស្ថានទូត។ មានន័យថា ប្រជាពលរដ្ឋខ្មែរ ត្រូវបំពេញបែបបទទៅតាមកលក្ខខ័ណ្ឌទាមទារ ដើម្បីទទួលបានទិដ្ឋាការមកកាន់សហរដ្ឋអាមេរិក។​

ជាមួយគ្នានេះដែរ ពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅក្នុងសហរដ្ឋអាមេរិកក៏លិចឮមានព័ត៌មានពីមាត់មួយទៅមាត់មួយទាក់ទងនឹងការធ្វើដំណើរសម្រាប់អ្នកមិនទាន់មានសញ្ជាតិអាមេរិក (អ្នកកាន់កាតស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់ រឺ Green Card)ទៅកាន់កម្ពុជា នឹងមិនអាចត្រឡប់មកអាមេរិកវិញនោះទេ ដោយសារច្បាប់ថ្មីនេះ។ ទាក់ទងនឹងបញ្ហានេះ ស្ថានទូតអាមេរិកក៏បានលើកឡើងដែរថា ពលរដ្ឋខ្មែរដែលមានកាន់កាតស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់ក្នុងសហរដ្ឋអាមេរិក មិនមានការហាមឃាត់ណាមួយមិនឲ្យត្រឡប់មកអាមេរិកវិញនោះទេ នៅពេលធ្វើដំណើរមកលេងស្រុកកំណើតនោះ គឺអាចធ្វើដំណើរទៅមកដោយសេរី៕