‹ឡូវ៌ហាយស្គូល›ប្តូរទីតាំងឬអត់? Is Lowell High School ready to Move?

ដោយខ្មែរផុសស.រ.អា.

វាស្នា‹ទីតាំងអនាគត›របស់វិទ្យាល័យ‹ឡូវ៌ហាយស្គូល›កំពុងឋិតនៅក្នុងដៃលោកអ្នក តើលោកអ្នកនឹងផ្តោតការ‹វាស្នាសិក្សាធិការ›កូនចៅលោកអ្នកទៅលើ‹ទីតាំងអនាគតរបស់វិទ្យាល័យ›កូនចៅលោកអ្នករបៀបណា?

យោបល់ឳពុកអាយុជាង៥០ឆ្នាំម្នាក់និយាយថាៈ ‹ទីតាំងរបស់វិទ្យាល័យ មិនទាក់ទងនឹងការសិក្សារបស់កូនខ្លួនទេ កូនរៀនអន់ ពីព្រោះគ្រូបង្រៀនមិនល្អ មិនតាមដានកូនសិស្សឱ្យបានល្អ ដូច្នេះមិនចាំបាច់ប្តូរទីតាំងក៏មិនអីដែរ›, ឱពុកម្នាក់ទៀតជាបញ្ញាវន្តអាយុជិត៤០ឆ្នាំនិយាយថា‹ខ្ញុំខ្វល់ពីបរិយាកាសកូនខ្ញុំរៀនខ្លាំងណាស់ ធ្វើការក៏ដើម្បីតែកូនមានអនាគតល្អ បើវិទ្យាល័យស្ថិតនៅកន្លែងមិនល្អ កូនឆាប់គេទាក់ទាញឱ្យទៅធ្វើផ្តេសផ្តាសណាស់ នឡូវ៌ហាយស្គូលយើងឋិតនៅកណ្តាលក្រុង ជិតផ្ទះយើងនៅមែន តែសម្បូរបរិយាកាសដែលរំខានជីវិតជាសិស្សរបស់កូនក្មេងណាស់ ដូច្នេះបើប្តូរទីតាំងចេញពីកណ្តាលក្រុងទៅរកកន្លែងស្ងប់ស្ងាត់ទើបប្រសើរជាង មិនថាទីតាំងនោះនៅឆ្ងាយពីផ្ទះទេ តែឆ្ងាយក៏គេមានរថយន្តដឹកសិស្សទៅមកដែរ…›, ឳពុកម្នាក់ទៀតចូលនិវត្តន៍ហើយនិយាយថា‹វិទ្យាល័យនឹងម្តាយឳពុកមានការទទួលខុសត្រូវលើការសិក្សារបស់កូនដូចគ្នា នេះជាច្បាប់ បើគ្រូបំពេញកាងាររបស់គេ ហើយនៅផ្ទះកូនសិស្សមិនធ្វើកាងារដែលសាលាដាក់ឱ្យធ្វើ ឳពុកម្តាយជាអ្នកទទួលខុសត្រូវ ចំពោះលទ្ធផលនៃការរៀនរបស់កូន ខ្ញុំមានកូន២នាក់រៀននៅទីនោះ ខូចអស់កូនប្រុសមួយ ព្រោះរៀនមិនបានចប់ហាយស្គូល›…។

វិទ្យាល័យ‹ឡូវ៌ហាយស្គូល› ទទួលកូនសិស្សខ្មែរនៅឡូវែលឱ្យរៀនស្ទើរតែទាំងអស់ ដូច្នេះមានឥទ្ធិពលទៅលើជីវភាពគ្រួសារសហគមន៍ខ្មែរប្រកែកមិនបាន, ពីព្រោះតាំងពី៣០ឆ្នាំមកហើយ កំរឹតជីវភាពទាំងឳពុកម្តាយជំនាន់ជនភៀសខ្លួន, ទាំងកូនជំនាន់បន្ទាប់, ទាំងជំនាន់ចៅបន្តរមកទៀត, ក៏មិនទាន់ឆ្លងទៅដល់‹កំរឹតសិក្សាមហាវិទ្យាល័យ›បានលើស១០%នៅឡើយទេ គ្រួសារនិមួយៗ ស្ទើរតែគ្មានសមាជិកមានកំរឹតមហាវិទ្យាល័យតែម្នាក់ក្នុងផ្ទះផង។ កុមារនៅតំបន់ឡូវែលជាច្រើន រងគ្រោះមិនត្រឹម‹រងគ្រោះ›តែនៅផ្ទះ ឬនៅសាលាទេ តែនៅតាមផ្លូវពីផ្ទះទៅសាលាតែម្តង ដោយសារវត្តមាននៃក្រុម‹គ្ហេង›, ដោយសារហាងលក់បារីហាងលក់សុរា, ដោយសារជួបមិត្រភក្ក្រប៉ោឡែតាមផ្លួវ, ម្លោះហើយនាំឱ្យរំខានដល់ការសិក្សាយ៉ាងដំណំ, មានខ្លះរងគ្រោះរហូតដល់ជាប់គុក នឺងត្រូវគេបញ្ជូនទៅប្រទេសដើមរបស់ខ្លួនទៀតផង។ ទាំងនេះគឺជាបុព្វហេតុ‹ទីតាំង›នៃការរៀននៅវិទ្យាល័យ នៅពេលដែលវ័យកុមារភាពកំពុងស្ថិតនៅរយៈពេល‹ឆាប់រងគ្រោះថ្នាក់›ជាទីបំផុតនោះ។

ដោយសារ‹ឡូវ៌ហាយស្គូល›មានទីតាំងដែលរំខានដល់ការសិក្សា មានប្រជាពលរដ្ឋនៃវប្បធម៌ថ្មីច្រើន មានកំរឹតសេដ្ឋកិច្ចទាប បានធ្វើឱ្យវិទ្យាល័យមួយនេះរក្សាកំរឹតសិក្សារបស់ខ្លួន‹ទាប› បើប្រៀបធៀបទៅនឹងវិទ្យាល័យឯទៀតៗក្នុងតំបន់,ដែលចុងបញ្ចប់បណ្តាលឱ្យសិស្សចេញពីឡូវ៌ហាយស្គូល ទៅចូលបន្តរសិក្សានៅមហាវិទ្យាល័យមិនបានច្រើន, ហេតុនេះហើយបានជាគេបង្កើត‹មហាវិទ្យាល័យសហគមន៍មីឌលសិច›មានកំរឹតកណ្តាល សម្រាប់ទទួលស្រង់យកសិស្សដែលមានកំរឹតមធ្យមឱ្យឆ្លងទៅមហាវិទ្យាល័យបាននឹងគេ។ កន្លងទៅនៅឡូវែល មាន‹ហ្គើលនឹងប៊ូយក្លឹប›គេមានកម្មវិធីសម្រាប់ជួយកូនសិស្សឱ្យធ្វើមេរៀននៅផ្ទះ សិស្សច្រើនរយនាក់បានទៅទទួលសេវានៅទីនោះ, ឥឡូវមានសមាគមខ្មែរក៏ទើបនឹងបើកកម្មវិធី‹ក្រោយម៉ោងសាលា›សម្រាប់ជួយកូនសិស្សដែរ គឺជាជំហ៊ានថ្មីមួយសំដៅទៅជួយលើកដំកើងជិវភាពសហគមន៍តែតាមពិតទៅ គឺជាជំនួយដោយចំពោះដល់ឳពុកម្តាយនឹងអនាព្យាបាល ដែលនៅតែជាអ្នកទទួលខុសត្រូវលើកំរឹតសិក្សារបស់ក្មេងដដែល។ មាតាបីតាខ្លះ បានគិតពីភាពងាយស្រួលនឹងដើរទៅសាលាដែលនៅជីតទីលំនៅ នេះក៏មិនបានជួយដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់សិស្សទាំងអស់គ្នាដែរ, នាខែរងារដូវធ្លាក់ព្រិល សិស្សថ្មើរជើងទាំងនោះ ដើរឆ្លងកន្លែងឥតចូកព្រិលចោលច្រើនកន្លែង នៅក្បែរចរាចររថយន្តដែលបើកលឿន បានបង្កើនភាពគ្រោះថ្នាក់គួរឱ្យបារម្ភក្រៃលែង។

ការពិតទៅកណ្តាលក្រុងទីក្រុងឡូវែល ត្រូវការមនុស្សច្រើនអ៊ូអរជាក្រុងសេដ្ឋកិច្ច, អ្នករកស៊ីជាច្រើនរអ៊ូថា‹មិនមានភ្ញៀវ›ច្រើនសម្រាប់ហាងរបស់ពួកគេទេ, រីឯទីតាំង‹ឡូវ៌ហាយស្គូល›វិញ ក៏មិនត្រូវការភាពអ៊ូអរនោះទេ ដូច្នេះមាន‹ទំនាស់នៃផលប្រយោជន៍›ជារៀងរហូតមក ដែលធ្វើឱ្យក្រុងឡូវែល រីកធាត់ធំមិនបានប្រសើរឡើយ។

បើនិយាយពីការវិវឌ្ឍន៍នៃសង្គមមនុស្សទៅវិញ សាលាចាស់នេះស្ថិតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុងឡូវែល ក៏យូរល្មមនៅជាសារមន្ទីរហើយ រីឯយុវជនជំនាន់ថ្មី ក៏គួរផ្តល់សំណាងឱ្យគ្នា ទៅរៀននៅកន្លែងដ៏សមរម្យសម្រាប់ឱ្យយុវជនឡូវែលធាត់ធំ ទៅតាមសម័យថ្មី ដោយទីកន្លែងថ្មី មានអាគារទាន់សម័យ ជាមួយនឹងការទទួលបច្ចេកវិជ្ជាទំនើបដែលនឹងមកដល់នៅពេលជាមួយគ្នា។

ជម្រើសនៃ កន្លែងសង់‹ឡូវ៌ហាយស្គូល›ថ្មីមាន១កន្លែងនៅក្រៅក្រុង្ គឺនៅ‹ខលីស្តេឌីយោម-នៅបែលវឺឌៀ› នឹង៣កន្លែងទៀតនៅក្នុងក្រុង ដែលក្រុមប្រឹក្សាក្រុងឡូវែល កំពុងរង់ចាំមតិនៃសាធារណជន ដើម្បីធ្វើសេចក្តីសម្រេចចិត្តជាចុងក្រោយ នៅពេលឆាប់ៗខាងមុខនេះ៕