អនាគតសិស្សវិទ្យាល័យឡូវែលនៅក្នុងកណ្តាប់ដៃសាលាក្រុង”The future of Lowell H.S. is in hand of City Councilors”

ដោយ សុបិន ពិន

ថ្វីត្បិតតែមានការសួរយោបល់ប្រជាពលរដ្ឋជាឳពុកម្តាយ នឹងជាម្ចាស់ឆ្នោតដោយសាលាក្រុងឡូវែលក៏ដោយ, លោក វាស្នា នួន អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែលបានឧទ្ទានថា‹ការសួរយោបល់នេះ គ្រាន់តែជាឆាកល្ខោនធ្វើឱ្យល្អមើលតែប៉ុណ្ណោះ ពីព្រោះគេបានដឹងលទ្ធផលរួចជាស្រេចទៅហើយ!› បើជាយ៉ាងដូច្នោះមែន គឺពិតជាចំអកឱ្យសហគមន៍ខ្មែរនឹងស្បានីសខ្មាំងពេកហើយ។ ថ្មីៗនេះ ខ្មែរផុសស.រ.អា.បានលើកបទវិភាគជាច្រើនសម្រាប់ជាវិភាគទានជូនលោកអ្នកអាន ឱ្យអាចធ្វើសេចក្តីសម្រេចចិត្ត ជ្រើសយកកន្លែងណាមួយសម្រាប់សង់វិទ្យាល័យ ដែលអាចជួយដល់ការសិក្សាដល់កូនចៅសង្គមខ្លួនឯងជាជនជាតិភាគតិច ឱ្យអាចបញ្ជប់មធ្យមសិក្សារបស់ខ្លួនប្រកបដោយជោគជ័យបាន កន្លងមកលទ្ធផលនៃការសិក្សានៅទាបណាស់ឆ្ងាយពីសេចក្តីប្រាថ្នារបស់ម្តាយឳពុក។

ខ្មែរផុសបានផ្តល់ការវិភាគជាបន្តរបន្ទាប់ថា មានកត្តាជាច្រើនដែលបង្ហាញថា‹វិទ្យាល័យឡូវែលគួរតែមានទីតាំងនៅក្រៅទីក្រុង›ទើបសិស្សានុសិស្សអាចរៀនសូត្រក្នុងបរិយាកាសស្ងប់ស្ងៀមបាន ពីព្រោះ

កត្តា១-សាលាត្រូវការភាពស្ងប់ស្ងៀម ដែលនៅក្នុងក្រុងសម្លេងចរាចរនៃរថយន្តធំតូច សម្លេងឡានទឹក ឡានពេទ្យ សម្លេងអ៊ូអរ ព្រឹត្តិការណ៍នៃទីក្រុង សុទ្ធតែរំខានភាពស្ងប់ស្ងាត់នៃសាលរៀនជាប្រចាំថ្ងៃ –

កត្តា២ -កូនសិស្សដើរកាត់ទីក្រុង តែងប្រទះហាងលក់ដូរដែលទាក់អារម្មណ៍របស់ពួកគេ មានផ្ទះលក់កាហ្វេ មានទៀមលក់សុរាឬគ្រឿងស្រវឹងផ្សេងៗ ពេលខ្លះទំនិញមួយចំនួនគឺជាទំនិញដ៏សែនគ្រោះថ្នាក់ ដូចជាកញ្ឆា-អាភៀនជាដើម ដែលជនអនាថានៅចែកចាយក្រោមច្រមុះប៉ូលិសនៅឡើយ… កូនខ្មែរជាច្រើនហើយធ្លាប់បានឆ្លងព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់នោះ ខ្លះក៏មានទោសត្រូវគេចាប់និរទេសទៅស្រុកខ្មែរមិនទាន់ចប់នៅឡើយ…

កត្តា៣- មានមនុស្សមិនគប្បីជាច្រើន ដែលរំខានដល់សន្តិសុខរបស់សិស្សថ្មើរជើងទៅកាន់វិទ្យាល័យរបស់ខ្លួន ជនទាំងនោះមាន ជនគ្មានទីលំនៅប្រាកដ ជនក្រីក្រកឹកស្រវឹងខួប ឈររេរាតាមដងវិថី ឬអង្គុយរំខានជណ្តើរការិយាល័យនានា… អ្នកទាំងនោះមិនគ្រាន់តែសុំទាន ឬសុំបារីមួយដើម ឬក៏សុំភ្លើងអុចបារីតែប៉ុណ្ណោះទេ គេដោះដូរទំនិញគ្រឿងញៀនយ៉ាងចំណានទៀតផង…ឳពុកម្តាយខ្លះភ្លាត់ស្នៀត មានវិប្បដិសារី ដោយបានបណ្តោយឱ្យកូនដើរទៅរៀនតាមដងផ្លូវនៃទីក្រុងឡូវែលតែម្តង ២ដងសោះ ក៏ហួសពេលខូចកូន កែរលែងបាន។

កត្តាទាំង៣នោះ ជាគុណវិបត្តិរបស់‹ក្រុងឡូវែល›មកលើផ្នែកមួយក្នុងវិស័យអប់រំ របស់បណ្តាកូនសិស្សជាជនជាតិភាគតិច។ គួរចងចាំថា យុវជនជាសិស្សវិទ្យាល័យ នៅផុយស្រួយជាទីបំផុត ប្រឈមនឹងគ្រោះថ្នាក់នៅតាមផ្លូវ ហើយបំផ្លាញការសិក្សានឹងអប់រំបានយ៉ាងងាយស្រួល តែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ ។ បន្ថែមពីលើគ្រោះថ្នាក់នៅ‹តាមដងផ្លូវ›ទាំងនោះជនជាតិភាគតិចខ្មែរយើង ក៏មានប្រឈមនឹងគ្រោះថ្នាក់មួយទៀតដែលរំខានការសិក្សារបស់កូនចៅ គឺ‹គ្រោះថ្នាក់នៅផ្ទះ›និមួយៗ, ឳពុកម្តាយចេញទៅប្រកបរបរចិញ្ចឹមជីវិត តាំងពីព្រលឹម ទៅដល់យប់ព្រលប់ មិនបានជួបមុខកូនទេ ម្លោះហើយកិច្ចការសាលារៀន ដែលប្រគល់មកឱ្យឳពុកម្តាយជួយដល់កូនខ្លួន ក៏ខ្វះខាត។ដូច្នេះសម្រាប់កូនខ្មែរយើងដែលជាជនជាតិភាគតិច នាំគ្នាមានសង្ឃឹមតែទៅលើផ្នែកកម្មវិធី‹ក្នុងសាលារៀន›តែប៉ុណ្ណោះ ដែលមានសន្តិសុខគ្រាន់បើ ចំណែកនៅក្រៅសាលា នឹងនៅផ្ទះ កូនចៅសហគមន៍យើងធ្លាប់មានការខូចខាតខាងមធ្យមសិក្សាជាដំណំរួចទៅហើយ… សង្ឃឹមថាមាតាបីតាជំនាន់ទី៣-ទី៤ក្រោយៗមក មានការយល់ដឹងពីវប្បធម៌អប់រំកូនចៅ តាមច្បាប់នៃសហរដ្ឋអាមេរីក ទើបកាពារកូនចៅឱ្យទទួលការអប់រំប្រសើរបាន។ដូច្នេះដំណោះស្រាយគឺ‹យកសាលាមធ្យមសិក្សាចេញពីកណ្តាលក្រុង – ដឹកសិស្សានុសិស្សដោយរថយន្តលឿងទៅមកពីផ្ទះទៅសាលារៀន – នឹងប្រើកម្មវិធីធ្វើកិច្ចការសាលាក្រោយម៉ោងរៀនឱ្យហើយមុននឹងមកផ្ទះវិញ› ការជ្រើសយកកន្លែងសង់សាលាថ្មីនៅ‹កីឡាដ្ឋានខលី-បែលវឺឌា›គឺប្រសើរណាស់។

បុព្វហេតុចម្បងមួយទៀត ដែលគួរតែសម្រេចប្តូរទីតាំង‹វិទ្យាល័យឡូវែលចេញទៅក្រៅប្រជុំជន› ពីព្រោះវានឹងក្លាយជាព្រឹត្តិការប្រវត្តិសាស្ត្រដែលអាចប្តូរមុខមាត់ឡូវែលសម្រាប់១០០ឆ្នាំទៅមុខទៀត ហេតុអ្វី?

១-បើសាលាមិនប្តូរទីកន្លែងទេនៅ៥ឆ្នាំទៅមុខ តំបន់កណ្តាលក្រុងនឹងក្លាយជា‹ក្រុងស្ទះចរាចរ›ដោយអាគ៌ាក្រសួងយុត្តិធម៌ថ្មី នាំបុគ្គលិក៨០០នាក់ថ្មីមកកណ្តាលក្រុង, ជាមួយនឹងវិទ្យាល័យឡូវែលថ្មីក៏នាំសិស្សានុសិស្ស៤០០០នាក់ចេញចូល រាល់ព្រឹកនឹងល្ងាច ។ ភូមិដ្ឋាននៃតំបន់កណ្តាលក្រុង នៅតែជាទីកន្លែងដែលពាណិជ្ជកររកស៊ី‹មិនកាក់កប›ហើយបិទហាងជាបន្តរបន្ទាប់ដដែល ពីព្រោះជាទីក្រុងចង្អៀត ហើយគ្មានអ្នកជិតខាងនឹងអ្នកដំណើរដែលសម្បូរលុយ។

២-តែបើវិទ្យាល័យប្តូរទីតាំងទៅវិញ ទីក្រុងក៏បានបន្ធូរចរាចរមនុស្សបាន៤០០០នាក់ ដែលចេញទៅមិនឆ្ងាយ ហើយនៅទីនោះ សាលារៀនថ្មីទំនើបនៅជាប់នឹងកីឡាដ្ឋាន ជាទីតាំងមានន័យនឹងគោលដៅវប្បកម្មដូចគ្នា ជំរះគុណវិបត្តច្រើនយ៉ាង។ រីឯនៅកណ្តាលក្រុងឡូវែលវិញ ទីក្រុងសេដ្ឋកិច្ចនឹងចូលមកជំនួសក្រុងឡូវែលចាស់ ធ្វើឱ្យក្រុងវប្បធម៌ចំណាស់រស់ឡើងវិញ ជាក្រុងទំនើប នាំទេសចរនឹងប្រាក់ចំណូលសម្រាប់ឧបត្ថម្ភក្រុងនឹងគុណភាពកម្មវិធីសិក្សាបានថែមទៀត។

៣-នៅពេលដែលតំបន់កណ្តាលក្រុងឡូវែលក្លាយជាតំបន់សេដ្ឋកិច្ច ចំណូលពន្ធដារនឹងកើនចំនួន ការប្រយុទ្ធនឹងភាពអនាថានឹងកែរលំអរបាន, តំបន់ក្រីក្រក៏ក្លាយទៅជាកន្លែងរកស៊ីបាន រួមទាំង‹ក្រុងខ្មែរ›ឬ‹ក្រុងស្បានីស›ដែលនៅក្បែរគ្នានោះ, ដូច្នេះនៅ១០ឆ្នាំខាងមុខ គេអាចនិយាយពិឡូវែលថា‹ជាក្រុងដែលងាយស្រួលរស់ប្រសើរបាន›

ក៏ប៉ុន្តែ នៅពេលដែលលោក វាស្នា នួន និយាយថាអ្វីៗបានសម្រេចរួចជាស្រេចហើយនោះ គេអាចនឹកភ្លាមទៅដល់គំនិតថា‹នៅក្នុងគណក្រុមប្រឹក្សាក្រុងឡូវែលមានសមាជិកមកពីតំបន់បែលវឺឌា៦រូបទៅហើយក្នុងចំណោម៩រូប ដែលមិនចង់ឃើញតំបន់របស់ខ្លួនសម្បូរដោយជនជាតិភាគតិចឆ្លងកាត់ច្រើននៅទីនោះទេ!› គេក៏អាចនឹកទៀតថា ថ្វីត្បិតតែបែលវឺឌាជាតំបន់ស្រស់ស្អាត ស្ងប់ស្ងាត់ ក៏មានមនុស្សដែលមានចិត្តទូលំទូលាយ ចង់រួមរស់ជាមួយក្រុមមនុស្សផ្សេង ដែលមានធ្លាប់វប្បធម៌អរីយធម៌ខ្ពង់ខ្ពស់ច្រើនពាន់ឆ្នាំមកហើយ នឹងចង់ឃើញអ្នកទាំងនោះមានសន្តិសុខនឹងសុភមង្គល នៅក្នុងក្រុងឡូវែលតែមួយជាមួយគ្នា ដូចខ្លួនជាមហាគ្រួសារតែមួយដែរ៕