ឥណ្ឌូនេស៊ី និង នាយកដ្ឋានយុត្តិធម៌អាមេរិក គាំទ្រវិធីសម្របសម្រួលទំនាស់ក្រៅផ្លូវតុលាការ

ដោយសុខា

ស្របពេលស្ថានភាពនយោបាយប្រទេសកម្ពុជាកំពុងតែប្រឈមនឹងភាពប្រទាញ្ញប្រទង់ មើលមុខគ្នាមិនចំ មិនចង់ស្តីរកគ្នារវាងគណបក្សនយោបាយនាំមុខទាំងពីរ ខាងប្រទេសឥណ្ឌូនេស៊ីឯណោះ សហការជាមួយនាយកដ្ឋានយុត្តិធមរបស់អាមេរិកប្រចាំទីក្រុងចាការតា បានរៀបចំសន្និសីទអន្តរជាតិធំមួយ ក្នុងទីក្រុងចាការតា ដោយឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ ផ្តោតលើប្រធានបទ ដំណោះស្រាយវិវាទតាមរយៈការសម្របសម្រួល យុទ្ធសាស្រ្តដោះស្រាយទំនាស់រវាងភាគីជម្លោះ ដែលអនុញ្ញាត្តិឲ្យមានអន្តរាគមពីតតិយភាគី ។

សិក្ខាកាម និង អ្នកបណ្តុះបណ្តាលជំនាញសម្របសម្រួល មិនតិចជាង ១០ ប្រទេស តួយ៉ាង សហរដ្ឋអាមេរិក ហ្វីលីពីន ថៃ ភូមា រដ្ឋចំណុះភូមាគឺរដ្ឋស្យាន និង ឃីយ៉ាង កម្ពុជា ទួរគី កេនយ៉ា និង ឥណ្ឌូនេស៊ីផ្ទាល់ បាន ស្រុះស្រួលសិក្សា និងពង្រឹងជំនាញសម្របសម្រួលបន្ថែម ដោយឆ្លងកាត់វគ្គបណ្តុះបណ្តាលប្រាំថ្ងៃ គួបផ្សំនឹងការរៀបចំសន្និសីទអន្តរជាតិនាថ្ងៃទីប្រាំមួយ។ កម្មវិធីបានចាប់ផ្តើមនៅល្ងាចថ្ងៃអាទិត្យទី ១៧ ដល់ ២៤ កក្កដា ឆ្នាំ ២០១៦។

IMG_6182
(បទបង្ហាញដោយ នាយិកាអ្នកសម្របសម្រួលឥព្រំដែន ប្រាបា សាំងហ្គារ៉យ៉ាន Prabha Sankaranarayan )
(ពីឆ្វេងទៅស្តាំ៖ Prabha Sankaranarayan, Lynn H. Cole, Steve Goldsmith)

ត្បិតវិធីសម្របសម្រួលជាយុទ្ធសាស្រ្តដែលត្រូវបានគេប្រើប្រាស់ ក្នុងការដោះស្រាយវិវាទ ដោយសន្តិវិធី ឆ្ពោះរកសន្តិភាព គេបានបញ្ចូលការសិក្សាស្វែងយល់ពីសន្តិភាពក្នុងតំបន់ នៃប្រទេសឥណ្ឌូនេស៊ី ដោយមានការរៀបចំទស្សនកិច្ចសិក្សាផ្ទាល់ទៅកាន់ មជ្ឈមណ្ឌលអាស៊ីដើម្បីយុត្តិធម និង សិទ្ធមនុស្ស ហៅកាត់ថា AJAR ដែលមានពាក្យពេញជាភាសាអង់គ្លេសគឺ Asia Justice and Rights។ មណ្ឌលមួយនេះ ស្រាវជ្រាវកូនៗនៃគ្រួសារឈាមឥណ្ឌូនេស៊ី ក្នុងប្រទេសដែលផ្តាច់ខ្លួនពីឥណ្ឌូនេស៊ី និងទើបទទួលបានឯករាជ្យ និងស្វ័យតភាពមិនយូរប៉ុន្មានគឺ ទីម័រខាងកើត ឬ East Timor។ កាលៈទេសៈស៊ូនឹងគ្នា អំណាចទាហានឥណ្ឌូនេស៊ី បានចុះទៅទីម័រខាងកើត និង ពង្រាត់កូនៗពីឪពុកម្តាយរបស់ក្មេង។ ទាក់ទិននឹងការពង្រាត់ក្មេងពីសំណាក់អ្នកមានអំណាចរបស់ឥណ្ឌូនេស៊ី ទៅកាន់ទីម័រខាងកើតនោះ ប្រភពបានបង្ហាញថា ក្មេងមិនតិចជាងពាន់នាក់នៃគ្រួសារទីម័រខាងកើតដែលត្រូវបានឃ្លាតឆ្ងាយពីគ្រួសារ ហើយត្រូវបានរស់នៅជាខ្ញុំគេ ឬទទួលទណ្ឌកម្មយ៉ាងព្រៃផ្សៃ។ ក្រោយឯករាជ្យ AJAR ធ្វើកិច្ចការប្រមូលរុករកក្មេងទាំងនោះ និងបញ្ជូនពួកគេពីប្រទេសឥណ្ឌូនេស៊ី ត្រឡប់ទៅផ្ទះរបស់គេដែលនៅទីម័រខាងកើតវិញ។ AJAR កំពុងបន្តកិច្ចការនេះ ត្បិតការរុករកនៅមិនទាន់បញ្ចប់នៅឡើយ។

IMG_5699

សិក្ខាកាមដែលចុះទៅដោយផ្ទាល់ក្នុងទស្សនកិច្ចសិក្សានៅ AJAR ខ្លះយំ ខ្លះទៀតសុំរួមចំណែកធ្វើការងារសម្រាប់មជ្ឈមណ្ឌលនេះ ត្បិតអ្នកខ្លះក៏មានសាច់រឿងស្រដៀងគ្នា ឬ ធ្លាប់ជាជនរងគ្រោះដោយការរំលោភសិទ្ធមនុស្សនេះ។

ក្រៅពីនោះ ក៏មានប្រធានបទពង្រឹងបន្ថែមលើខ្លឹមសារភាពជាអ្នកដឹកនាំ ការចរចាសន្តិភាព ដោយលើកយកឧទាហរណ៍ជាក់ស្តែងពីការចរចាសន្តិភាពនៃតំបន់អាចេ ប្រទេសឥណ្ឌូនេស៊ី ដែលឆ្លងកាត់ការតស៊ូនឹងក្រុមអ្នកតស៊ូដើម្បីសេរីភាព(Freedom Fighters) និង អាជ្ញាធរឥណ្ឌូនេស៊ី ច្រើនជាង ៣០ឆ្នាំ។ បន្ថែលើនេះ គឺជាបណ្តុះបណ្តាលស្តីពីការរៀបចំ និង ធ្វើគម្រោង ដើម្បីបព្វហេតុសង្គម ត្រូវបានផ្តល់បទបង្ហាញដោយ អង្គការអន្តរជាតិ គឺ រ៉ូថឺរី (Rotary International)។

ទន្ទឹមនឹងការសិក្សាជំនាញសម្របសម្រួល ភាពជាអ្នកដឹកនាំ ការរៀបចំគម្រោង ក៏មានការស្វែងយល់ពីវប្បធមឥណ្ឌូនេស៊ី មានរបាំ និង ម្ហូបអាហារជាដើម។

IMG_6047

ថ្ងៃចុងក្រោយជាថ្ងៃនៃសន្និសីទដ៏ធំ ស្តីពីការសម្របសម្រួលនេះ ត្រូវបានចូលរួមពីស្ថាប័នពាក់ព័ន្ធនានាក្នុងប្រទេសឥណ្ឌូនេស៊ី ចម្រុះទាំងពីខាងរដ្ឋាភិបាល សង្គមស៊ីវិល អ្នកតំណាងសាសនា អ្នកតស៊ូមតិដើម្បីស្រ្តី និង យុត្តិធម សមាជិករ៉ូថឺរី ពីច្រើនខណ្ឌ និង បញ្ញវ័ន្តទាំងឡាយ មានសាស្រ្តាចារ្យ និង និស្សិត។ ស្របគ្នានឹងការធ្វើបទបង្ហាញគេក័រៀបចំឲ្យមានជាការបំបែកគ្នាជាក្រុម និងពិភាក្សាលើពាក្យថាសន្តិភាព និងន័យផ្តល់ដោយបុគ្គលនិមួយៗ ព្រមទាំងការសម្តែងជាតួ ក្នុងការសម្របសម្រួលប្រឌិត ក្នុងជម្លោះលក្ខណៈគ្រួសារ ដើម្បីបានយល់ទាំងទ្រឹស្តី និង ទិដ្ឋភាពដែលអាចកើតឡើងជាក់ស្តែង។

ការស្វែងយល់ពីសន្តិភាព និង ការសម្របសម្រួល កើតឡើងក្នុងប្រទេសឥណ្ឌូនេស៊ី មិនបានកើតឡើងចៃដន្យ។ ប្រទេសឥណ្ឌូនេស៊ី ធ្លាប់ដើរតួជាតតិយភាគី សម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ ២០១១។ យ៉ាងណាមិញ ឥណ្ឌូនេស៊ីខ្លួនឯងផ្ទាល់ ក៏ឆ្លងកាត់ភាពរុំរ៉ៃក្នុងទំនាស់ស៊ីវិលជាច្រើនសន្ធឹកសន្ធាប់ផងដែរ ជាក់ស្តែង

IMG_6206ករណីទំនាស់ អាចេ។

ប្រធានបទសម្របសម្រួល និង កិច្ចការដើម្បីសន្តិភាពក្នុងពិភពលោក មិនថាតែក្នុងប្រទេសកម្ពុជា និង ឥណ្ឌូនេស៊ី ជាកិច្ចការយូរអង្វែង ហើយចំពេលវឹកវរ និង គំរាមកំហែងពីការរាតត្បាតនៃសកម្មភាពភេរវកម្ម ឧទារណ៍ករណីបំផ្ទុះនៅនីស នៃប្រទេសបារាំង និង មូនិច នៃអាល្លឺម៉ង់ថ្មីៗនេះ ជាប្រធានបទសំខាន់ដែលត្រូវយល់ដឹងឲ្យបានកាន់តែជ្រាលជ្រៅ ត្បិតវាជាកិច្ចការយូរអង្វែង និង ខានមិនបាន។

Leave a Reply