១៤៧ -_សន្សំតក់ៗ ( ភាគ ១ )

ដកស្រង់ពីសៀវភៅផ្សេងៗស្តីពីគំនិតអ្នកមាន  – សម្រាយដោយខ្មែរផុស ស.រ.អា.

ថ្ងៃនេះខ្ញុំសូមលើកពីការសន្សំលុយតក់ៗ ដើម្បីឱ្យអាចក្លាយជាអ្នកមានម្នាក់ ទៅថ្ងៃក្រោយបាន។ គឺជាអត្ថបទសេដ្ឋកិច្ចគ្រួសារ ដែលនៅស.រ.អា.នេះ គេអនុវត្តន៍គ្រប់គ្នា ប៉ុន្តែទ្រឹស្តីលុយសន្សំនេះមិនជាទីទម្លាប់ផ្តោតអារម្មណ៍សំខាន់សំរាប់គ្រួសារខ្មែរជាទូទៅនៅឡើយទេ ប៉ុន្តែក៏មិនមាននរណាម្នាក់មិនបន់ស្រន់ឱ្យ‹មានបាន›នោះដែរ។ នៅគ្រប់ពេលអុចធូបបន់ស្រន់ឫឱ្យពរគ្នាម្តងៗ ពាក្យ ‹…សុំឱ្យជួបតែសម្បុកសម្បត្តមានបានកុំបីខានឡើយ…› តែពាក្យនេះពុំបានជាមេរៀន ឫជាមាគ៌ានៃដំណើរជីវិតបន្តិចណាទេ ។ តើធ្វើដូម្តេចទើបក្លាយទៅជាអ្នកមានទៅបាន? គឺទាល់តែសន្សំម្តងបន្តិច ដោយព្យាយាម ទើបសម្បត្តិនោះកើតហើយពូនជាសម្បត្តិច្រើន៑បាន ។ យើងបានអានសៀវភៅស្តីពី‹អ្នកមានលុយវាល់លាន›មួយចំនួន ហើយក៏នឹកដល់អ្នកអានយើង ដែលពុំមានវាសនានឺងឰការពន្យល់ពីលោកអ្នកមានទាំងឡាយរបស់ជាតិខ្លួន ដូច្នេះក៏សរសេរសម្រាយអត្ថន័យចែកចាយជូនជាសណ្តាប់ ដូចតទៅ ។ អ្នកដែលហៅថា‹មាន›ប្រាក់វាល់លាន នៅស្រុកអាមេរីកនេះ មានច្រើនជាង៥ភាគរយ នៃប្រជាជនទាំងមូល ហើយស្ទើរតែទាំងអស់ ពុំមែន‹មាន›ដោយចៃដន្យនោះទេ មានដោយចៃដន្យគឺមានដោយត្រូវឆ្នោត ដោយឈ្នះល្បែងកាស៊ីណូជាដើម ម្យ៉ាងទៀតប្រាក់នោះក៏មិនមែនមានប្រភពអាថិកំបាំង ដែលជាប្រភពខុសច្បាប់ ដូចជាលក់អាភៀននោះទេ… គេថា‹នរណាក៏អាចក្លាយជាអ្នកមានបានដែរ› ។

ក្លាយទៅជាអ្នកមាន ដំបូងបង្អស់គឺៈ ១-ចំណង់ ហើយប្រាថ្នាឱ្យទៅជាអ្នកមានម្នាក់ ២- រៀបខ្លួននឹងចរិយាដើម្បីឱ្យសម្បត្តនោះជ្រាបចូលមកនៅបាន ៣-សម្បត្តិនោះចូលមកហើយធ្វើឱ្យវាបង្កើតកូនដោយខ្លួនវា ៤- កិច្ចកាពារកុំឱ្យសម្បត្តិនោះចេញទៅវិញដោយខ្ជះខ្ជាយ ៥-រក្សាសីលធម៌ជាគោលកាណ៌ប្រចាំជីវិត ៦-អនាគតគ្រួសារ គឺជាគោលដៅប្រចាំជីវិត ។ ទាំងនេះជាដំណើរជីវិតសង្ខេបនៃអ្នកមាន តើគេត្រូវយល់ពីគំនិតនោះយ៉ាងណា?

សូមអញ្ជើញតាមដាន នឹងធ្វើការទិទានតាមរយៈកាសែតខ្មែរផុស តាមការគួរ ។

១- ចំណង់ក្លាយជាអ្នកមាន គឺគិតថា‹រស់ជាអ្នកក្រ មានន័យថាខ្វះខាតជាប្រចាំ ការខ្វះខាតនេះនឹងនាំឱ្យគំនិតសុញ ធ្វើអ្វីមិនបានសម្រេច ផ្ទះសម្បែងក៏ពីបាករស់ ទំនាក់ទំនងអ្នកនៅជុំវិញក៏មិនស្មើមុខ រីឯគ្រួសារដែលខ្វះមុខខ្វះក្រោយ ច្រើនគ្មានសេចក្តីសុខ រាប់ទាំងមិនអាចកាពារសុខភាពបានទៀតផង…› ដូច្នេះត្រូវតែគិតប្រាថ្នាចាប់យកជីវិតគ្រប់គ្រាន់ ឫលើសពីគ្រប់គ្រាន់ឱ្យខាងតែបាន ដើម្បីឱ្យការគិតទៅមុខមានភាពភ្លឺថ្លាវាងវៃ អាចនឹងមិនពឺងពាក់អ្នកជិតខាងក៏បាន ពេលនោះភាពគ្រប់គ្រាន់ក៏អាចនាំឱ្យក្លាយជាថ្នាក់ដឹកនាំមានកេរ្ត៍ឈ្មោះ មានការគោរពកោតសរសើរពីក្រុមគ្រួសារ នឹងពីក្នុងសង្គមបាន ។ រឿងព្រេងតម្រាខ្មែរជាច្រើន ផ្តល់គម្រូនៃ‹អ្នកមាន›ថាជារឿងអច្ឆរីយ ដូចជាចៅស្រទបចេកបានក្លាយជាស្តេច លែងមានការខ្វះខាតអ្វីទៀតជាដើម តែតួរសេដ្ឋីជាច្រើន មានបានដោយខំប្រឹងប្រែងផ្ទាល់ខ្លួនមែន មានដីមានផ្ទះ មានបរិវារាប់រយ តែពុំមានសម្រាយថាបានធ្វើយ៉ាងណាទើបមាននោះទេ ។ នៅគ្រប់តម្រាថ្មីទាំងអស់ សេចក្តីបំណងជាអ្នកមាននេះនឹងបានដល់ទីសម្រេច លុះត្រាណាតែមាន‹គំនិតជាអ្នកមាន›ជាមុន មានសេចក្តីប្រាថ្នាដ៏មោះមុត សម្លឹងទៅអនាគត បោះជំហ៊ានប្រកបដោយក្តីសង្ឃឹម ឆ្ពោះទៅទីដៅនោះដោយមិនរួញរា។ យើងខិតខំរៀនសូត្រឱ្យបានពូកែរឱ្យបានថ្នាក់ខ្ពស់ គឺតស៊ូអត់ទ្រាំច្រើនឆ្នាំ ក៏ព្រោះតែប្រាថ្នាឱ្យប្រាជ្ញាវាងវៃ ចំណេះអាចប្រកបកាងារធំខ្ពង់ខ្ពស់ ឱ្យមានជីវភាពប្រសើរ លែងស្គាល់ក្រ ។ នៅមានការអប់រំក្នុងគ្រួសារ តាំងពីកុមារភាពទៀត គឺទម្លាប់មានគំនិតច្បាស់លាស់ដូចជា‹មិនចាយលុយទាំងអស់ដែលខ្លួនរកបានម្តងៗ› មានស្មារតីសុច្ចរិតដូចជាមិនត្រូវរកលុយដោយលួចប្លន់ឫស៊ីសំណូកប្រាក់រដ្ឋ ឫឯកជន ទម្លាប់ចាយលុយតិចជាងលុយរកបានជាដ៏រាប។

មានបំណងហើយ មិនទាន់គ្រប់គ្រាន់នៅឡើយទេ នៅមានលក្ខខណ្ឌផ្សេងទៀតផ្គួបគ្នា ទើបសម្រេចបំណងបាន ។ លេខក្រោយ យើងនឹងលើកយកគំនិតដែលត្រូវរៀបចំខ្លួន នឹងចរិយាយ៉ាងណា ដើម្បីឱ្យសម្បត្តហូរចូល? ជាបន្តរទៅទៀត ។។

(នៅមានតទៅលេខក្រោយ៑)