១៤៨ -_សន្សំតក់ៗ(ភាគ២)

Rich & Poor pictureដកស្រង់ពីសៀវភៅផ្សេងៗ  – សម្រាយដោយខ្មែរផុស ស.រ.អា.

កាលពីលេខមុន យើងបានផ្តើមសេចក្តីថ្លែងសារ អំពី‹សន្សំតក់ៗ›នៅចំណុចទី១ ដែលមានន័យថា ដើម្បីក្លាយជាអ្នកមានទៅអនាគត់ ត្រូវ‹ចង់មាន›ជាមុនសិន ។ លក្ខខណ្ណដំបូងបង្អស់នៃការ‹ចង់មាន›នេះ វានឹងរៀបចំវិញ្ញាណយើង ឱ្យដឹងពីចរន្តទទួលលុយចូល ឫបង្អាក់ដំណើរលុយចេញ បានយ៉ាងងាយស្រួល ។ ដោយសារតែលក្ខណៈ‹ចង់មាន› មានរស់ជាតិជា ១-ជំនួញគឺការប្រឹងប្រែងមិនឈប់ឈរ ឫក៏ ២-រស់នៅដូចជានិយោជិកក្នុងជីវភាពធម្មតាជាដើម យើងក៏ជ្រើសយកលេខរៀងទី២ ដែលជាទម្លាប់របស់ខ្មែរជាង៩០ភាគរយចូលចិត្ត លើកមកសរសេរ ។ ‹ចង់មាន›ពុំមែនបានន័យថា‹លោភលន់›នោះទេ តែការ‹ចង់មាន›បែរជាធ្វើសកម្មភាព‹មិនចង់មាន›ជាទម្លាប់ភូទភរមិនគួរធ្វើទេ ។ រីឯការ‹មិនចង់មាន›ហើយប្រគល់ខ្លួនឱ្យទៅតាមវាសនាកម្មផលនោះ មិនអាចនឹងក្លាយជា‹អ្នកមាន›បានដែរ ។ នៅមានលក្ខខណ្ឌរួមផ្សេងទៀត ដែលត្រូវបំពេញ៖

២- រៀបចំខ្លួននឹងចរិយា ដើម្បីឱយសម្បត្តិហូរចូលមកបានៈ ទស្សនៈ‹អ្នកមាន›គឺការពូនប្រមូលទ្រព្យឱ្យចេះតែកើនឡើង ពុំមែនការរកលុយបានច្រើនមកចាយវាយនោះទេ ។ មានកាងារធ្វើ មានមុខរបរ មានកម្លាំងកាយ មានទេពកោសល្យអ្វីមួយ សុទ្ធតែរកលុយចូលផ្ទះបាន ដូច្នេះដំបូងបង្អស់គេត្រូវគិតថា‹រកលុយឱ្យបានច្រើនជាងចំណាយសម្រាប់ជីវភាពគ្រួសារ›។ គោលការណ៍នៃជីវិត គឺត្រូវស្គាល់ថា‹មានប្រាក់តិចបំផុតប៉ុណ្ណាសម្រាប់ចាយ ដើម្បីឱ្យអាចរស់នៅជាគ្រួសារសមរមបាន?› បើយើងរកបានតែត្រឹមចំណាយនោះ មិនអាចសន្សំអ្វីបានទេ បន្ថែមពីនេះទៀតក៏ត្រូវមានទម្លាប់គ្រោងថា‹ពេលណាខ្លះនឹងមានចំណាយធំមួយៗមកដល់ ដូចជាពេលឈឺថ្កាត់ ឫកូនចូលរៀនមហាវិទ្យាល័យ តើយើងប្រឈមមុខបានឫក៏អត់?›បើចំណូលនៅតែដដែល ពេលនោះ ការខ្វះខាតក៏មកដល់ សេចក្តីក្រក៏មកជាន់កយើងងើបលែងរួច ។ ការប៉ាន់ស្មានកម្លាំងខ្លួនឯង អាចឱ្យដឹងថា អាចធ្វើការ២កន្លែងបាន ឫរកការងារកាន់តែធំខ្ពស់បានប្រាក់ខែច្រើនជាងមុន ដោយមិនឱ្យប៉ះពាល់អ្វីជាវិបត្តដល់គ្រួសារឡើយ ព្រោះគ្រួសារគឺជាបុព្វហេតុនៃចំណង់‹មានបាន›នេះ… ចំណែកឯចរិយាសម្បត្តិក៏ត្រូវរៀបចំឱ្យជាទីគាប់ប្រសើរ សម្រាប់ញាតិមិត្រជីតឆ្ងាយ ចរិយានោះដូចជា មនុស្សឧស្សហ៍ មនុស្សចេះយកអាសារគេ មនុស្សមានគេរាប់អានច្រើនដោយសារឫកពារ មនុស្សសុច្ចរិត មនុស្សទៀងពេល មនុស្សម៉ាត់យ៉ាត់នឹងកាងារ…។ល។ ចរិតល្អប្រសើរនេះហើយ ដែលទំនាក់ទំនងមនុស្សខ្នាតធំបង្គួរ នឹងបង្កើនជាប្រាក់ចំណូលមុនគេឯង ដោយការផ្តល់កាងារធ្វើ ដោយមានមនុស្សសំខាន់រាប់រក ដំឡើងបុណ្យសក្តិ…។ល។   ពាក្យថា‹ចិត្តជាអ្នកមាន›ហាក់ដូចជាធំហើយពិបាកធ្វើបាន តែនេះជាការអប់រំពត់ចិត្ត រហូតដល់ក្លាយជាជំនឿជាទម្លាប់  ដូចជាទម្លាប់កត់ត្រាការខ្ចីប្រាក់អ្នកដទៃ ដោយមានកិច្ចសន្យានឹងពេលវេលាសង – ការមានទម្លាប់សុំគេក៏ត្រូវមានទម្លាប់សងវិញ ទោះជាដោយសំណង់ផ្សេង ឫប្រើពេលយូរយ៉ាងណាក៏ដោយ – ជៀសវាងសុំលុយគេយកទៅធ្វើបុណ្យឫទាន ឫទៅជួយអ្នកដ៏ទៃ សម្រាប់ផលប្រយោជន៍ខ្លួនឯង តែយើងក៏អាចលើកទឹកចិត្តអ្នកឌ៏ទៃប្រាប់ឱ្យគេធ្វើទានដោយខ្លួនឯង ឫក៏ប្រាប់ពីហេតុផលឱ្យបានពិតប្រាកដ – ទម្លាប់កត់ត្រាគ្រប់ចំណាយនឹងចំណូល – ពិគ្រោះជាមួយគ្រួសារពីការរបន្ថយចំណាយ ពីការរកចំណូលដោយសុច្ចរិតឱ្យបានច្រើន – កត់ត្រាពីពេលវេលាដែលកូនដល់អាយុ ត្រូវដូរខោអាវ ត្រូវទៅវិស្សមកាល ឫត្រូវចូលបហាវិទ្យាល័យ…។ល។ បើគេផ្ញើលុយឫរបស់មានតម្លៃ ត្រូរក្សាទុកឱ្យគេវិញឱ្យបានល្អ ឱ្យបានគង់ អាចឱ្យទៅគេវិញគ្រប់ពេលដែលគេទារយកទៅវិញ … អស់នេះទាំងនេះ សុទ្ធតែយើងអាចធ្វើបានទាំងអស់ ខ្មែរច្រើនណាស់ដែលមានការរៀបចំខ្លួននឺងចរិយាបែបខាងលើនេះ តើហេតុអ្វីក៏នៅតែក្រ? ពីព្រោះនៅមានលក្ខខណ្ឌច្រើនផ្សេងទៀត នៅជាប់ជាមួយគ្នានេះ។ រួមសេចក្តីមក សៀវភៅមួយចំនួនសរសេរថា ចរិយាសម្បត្តនៃ‹ចិត្តជាអ្នកមាន› គឺ១-ការទៀងត្រង់ ២-មានវិន័យក្នុងជីវិត ៣-រក្សាភាពសុច្ចរឹត(Integrity) ៤-ការហ៊ានឆក់ឱកាសបង្កើនធន់ធាន ។

លេខក្រោយ យើងនឹងបន្តរទៅលក្ខខណ្ឌទី៣ ដែលនឹងនិយាយពី‹ប្រាក់សន្សំលុយដែលបង្កើតកូនខ្លួនឯង›ដែលជាវក្គសំខាន់បំផុត ជួយយើងឱ្យក្លាយជាអ្នកមានបានឆាប់រហ័ស់ ។

 

Leave a Reply