ក្រុងខ្មែរឡូវែលសម្ភោធន៍រូបចម្លាក់ព្រហ្មបាយ័ន

ដោយខ្មែរផុសស.រ.អា.

រូបចម្លាក់‹ព្រហ្មបាយ័ន›គំរូចម្លងពីប្រាសាទព្រហ្មបាយ័ននៅសៀមរាប, ធ្វើពីថ្មភក់ Sandstoneប្រភពថ្មភ្នំខេត្តសៀមរាប, ឆ្លាក់ដោយវិចិត្រករ‹ម៉ៅ ម៉ូវ›នៃក្រុមហ៊ុនសិល្បៈខ្មែរ បានត្រូវយកមកពីប្រទេសកម្ពុជា មកតម្លើងនៅចំនួបផ្លូវ‹មីឌលសិច›នឹងផ្លូវ‹ប្រេន› ដែលជាក្លោងទ្វារនៃក្រុងខ្មែរឡូវែល កាលពីថ្ងៃអាទិត្យទី២៥កញ្ញាឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក ដោយសមាគមក្រុងខ្មែរឡូវែល ដឹកនាំដោយអ្នកស្រី ផល្លីពង្សលក្ខិណាសាធុកា នៅចំពោះមុខភ្ញៀវផ្លូវការនឹងសាធារណជនប្រមាណ១០០ នាក់។ នេះជាលើកដំបូងបំផុត ដែលនៅក្នុងប្រវត្តិនៃសហគមន៍ខ្មែរនៅសហរដ្ឋអាមេរីកនេះ មានការតាំងរូបចម្លាក់ថ្មតំណាងវប្បធម៌ខ្មែរ ជាលក្ខណៈផ្លូវការលើទឹកដីថ្មី កសាងឡើងដោយប្រជាពលរដ្ឋក្នុងតំបន់របស់ខ្លួននៅ‹ឡូវែល› ថ្វីត្បិតតែក្រុងខ្មែរនេះ កើតក្រោយសហគមន៌ខ្មែរដ៏ធំបង្អស់មួយ នាទីក្រុងឡុងប៊ីចក៏ដោយ។

ចាប់តាំងពីព្រលឹមស្រាងៗ តុប្រកបដោយសំណែនពោរពេញ មានក្បាលជ្រូក មានស្ងោ នុំនែកនឹងផ្លែឈើ នៅកន្លែងមានតាំងបាយសី៩ជាន់ ដាក់សែនថ្វាយវត្ថុសាកសិទ្ធមានថ្វាយទាំងភ្លេងពិណពាតប្រកុំដោយក្រុមលោកគ្រូ សុង ហេង នៅប្រូវិដិននឹងកូនសិស្សភ្លេងចំណាប់ៗអាយុ៨ឆ្នាំនឹង១០ឆ្នាំចូលរួមផង ធ្វើឱ្យពិធី‹ឧទ្ទិសដល់អារក្សអ្នកតា›ឱ្យអញ្ជើញមកថែរក្សាបងប្អូនខ្មែរជាមួយនឹងការយាងមកដល់នៃព្រះកេសព្រហ្មបាយ័ន នាថ្ងៃនេះ។ ជាមួយគ្នានោះដែរព្រះគ្រូចៅអធីការវត្តត្រៃរតនារាម យី ឡែម បានសូត្រធម៌ជយន្តោផងដែរ។មិនត្រឹមតែផ្តើមពីធីនៅឡូវែលតែប៉ុណ្ណោះទេ អ្នកស្រី ផល្លី បានធ្វើ‹ពិធិគ្រងពាលី› ដង្ហែរ‹ព្រះកេសព្រហ្មបាយ័ន›តាំងតែពីចេញដំណើរពីកម្ពុជាមកម្លេះ ដោយមានជំនឿថា‹វត្ថុសាកសិទ្ធនឹងមកតាមសន្ថិតហើយថែរក្សាជាមួយព្រកេសនោះជានិច្ច›។ ថ្វីត្បិតតែគេមិនសូវឃើញវត្តមានមនុស្សសំខាន់ជាបញ្ញាវន្តខ្មែរដូចធម្មតានៃពិធីនានាក៏ដោយលោកអភិបាលក្រុងឡូវែល អេដ កាណ្ណឺឌី បានធ្វើសុន្ទរកថាខ្លីមួយសម្តែងការកោតសសើរដល់ការធ្វើសម្រេចបាន នូវសម្មិទ្ធិជាប្រវត្តិសាស្ត្រនេះ ហើយសន្យាថានឹងដាក់ភ្លើង ឱ្យសាធារណជនអាចមើលឃើញតម្លៃនៃរូបចម្លាក់វប្បធម៌ខ្មែរនោះ ទាំងថ្ងៃទាំងយប់បានទៀតផង។

img_1022 img_1040

ចាប់តាំងពីអ្នកស្រីប្រធានក្រុងខ្មែរ ទទួលដំណែងបន្តរពីបណ្ឌិត សេងលី គង់ កាលពិខែកញ្ញាឆ្នាំ២០១៥ ឥឡូវនេះគម្រប់១ឆ្នាំគត់ អ្នកស្រីបានផ្តោតអារម្មតែរឿងមួយគត់ គឺការបង្កើតរូបចម្លាក់ដែលជាគម្រោងនឹងជាវត្ថុបំណងរបស់ប្រជាពលរដ្ឋខ្មែរជាច្រើន បានស្នើច្រើនឆ្នាំមកហើយ ឱ្យសង់រូបចម្លាក់នេះឡើងជំនួសការបង្កើតជាក្លោងទ្វារក្រុង ដោយស្នាដៃពលរដ្ឋខ្លួនឯង ឥឡូវអ្នកស្រី ផល្លី ពង្សលក្ខិណាសាធុកា ធ្វើបានសម្រេចដូចបំណងនោះជាស្ថាពរ នៅខែកញ្ញាឆ្នាំ២០១៦នេះ។

អ្នកស្រីបានឱ្យយើងដឹងទៀតថា‹ថ្ងៃ២៥នេះ គ្រាន់តែជាថ្ងៃតម្លើងព្រះកេសព្រះព្រហ្មតែប៉ុណ្ណោះនៅខែមេសាឆ្នាំក្រោយ នាឱកាសចូលឆ្នាំខ្មែរ ទើបមានពីធីសម្ភោធជាបញ្ខប់ ដោយសារតត្រូវធ្វើជាសួន-ដាំស្មៅ-ធ្វើបង្កាន់ដៃរូប‹នាគ›ហើយទើបចប់ការដ្ឋាន›។ អ្នកស្រីបានឱ្យដឹងទៀតថា‹រហូតដល់ពេលធ្វើចប់ នឹងចំណាយមានដល់ខ្ទង់១០ម៉ឺន ឥឡូវរៃអង្គាសបាន៦ម៉ឺនហើយ យើងនឹងបន្តររៃអង្គាសថែមទៀត ដោយសន្យាថា មិនមានលុយជាអំណោយមិនស្អាតស្អំណាមួយទេ យើងនឹងធ្វើសេចក្តីរាយការលំអិតជូននៅពេលក្រោយ›។ អ្នកស្រីបន្ថែមថា‹ការដែលធ្វើបានជោគជ័យ ដោយសារអ្នកស្រី ១-បានផ្តេជ្ញាចិត្តពុះពារធ្វើឱ្យបានទោះជាមានឧបស័ក្គក៏ដោយ២-ប្រើពេលវេលាដ៏ច្រើនលើសលុប៣–ចេញថវិការមុនរកបាន សម្រាប់ចំណាយ មិនឱ្យគាំងដំណើរបានឡើយ›។

img_1069 img_1089

ប្រជាពលរដ្ឋភាគច្រើនជាខ្មែរដែលបានមកចូលរួមពិធីដម្លើង‹ព្រះកេសព្រហ្មបាយ័ន› មានទឹកមុខរីករាយនឹងឃើញចម្លាក់ព្រះកេសព្រហ្មបាយ័ន ដែលបានមកដល់ឡូវែល។ បុព្វហេតុ២យ៉ាងដែល‹ព្រះកេសនេះនឹងនាំសន្តិភាពក្នុងសង្គមបាន គឺស្នាដៃដ៏សម្បើមអស្ចារ្យនេះ គឺជាការចូលរួមរបស់ប្រជាពលរដ្ឋឡូវែលនឹងក្រុងជុំវិញទាំងមូល ដូចដែលពលរដ្ឋបានស្នើ ហើយមិនឱ្យទទួលនូវអំណោយ ដែលអាចក្រខ្វក់ណាមួយនោះទេ… ការនេះអ្នកស្រី ផល្លី បានធ្វើរួចហើយ ២-ព្រះកេសព្រហ្មបាយ័នមានអត្ថន័យថារួបរួមដើម្បីសន្តិភាព, ព្រះបាទជ័យវរ្ម័នទី៧ ជាអ្នកសាងសង់ប្រាង្គប្រាសាទដែលមានមុខ៤ រួមទាំងអស់មានព្រះភក្ត្រ១២៣នៅខេត្តសៀមរាបព្រះអង្គជាអ្នកកាន់ព្រះពុទ្ធសាសនាមហាយាន តែមួយអង្គឯង នៅក្នងរង្វង់វង្សក្សត្រឯទៀតៗទាំងអស់ជាស្តេចកាន់ព្រហ្មញសាសនា នាជំនាន់នោះ… តែព្រះអង្គសង់ប្រាសាទដ៏ល្អប្រពៃមួយដែលមាន‹ព្រះកេសជាព្រះព្រហ្ម›ដើម្បីបំពេញចិត្តពួកព្រាហ្ម តែមានព្រះភក្ត្រជាជ័យវរ្ម័នទី៧ គឺជា‹សម្ព័ន្ធព្រហ្មញ+ពុទ្ធសាសនា›ដែលព្រះអង្គអាចរក្សាសន្តិភាពបានជាង៥០ឆ្នាំ ក្នុងរជ្ជកាលរបស់ព្រះអង្គបាន។

ជាមួយវត្តមានព្រះកេសាព្រះព្រហ្ម នៅពីមុខ‹ក្រុងខ្មែរ› សហគមន៍ខ្មែរនៅឡូវែល កំពុងមានជោគជ័យលើការទិទានដែលថា‹ខ្មែរចូលចិត្តតែឈ្លោះគ្នា›… ការពិតទៅការឈ្លោះគ្នានឹងមាន នៅពេលណាដែលគ្មានការពិគ្រោះហើយគ្មានការចុះសម្រុងគ្នាជាមុន ហើយការចុះសម្រុងគ្នាទៀតសោត ក៏ត្រូវគោរពគោលការចំបងគឺភាពសុច្ចរឺត ទើបថែររក្សាសន្តិភាពនោះបានគង់វង់៕