ក្រុមហ៊ុន ទ្រីភាពគ្រុប ដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយច្បាប់ Global Manetsky ទទួលបានសិទ្ធិអភិវឌ្ឍកោះទន្សាយនៅខេត្ដកែបក្នុងតម្លៃ ១៣០ លានដុល្លារ

ភ្នំពេញ – រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រុមហ៊ុនទ្រីភាពគ្រុបបានចាប់ផ្តើមការសាងសង់នៅលើកោះទន្សាយ ជាគម្រោងវិនិយោគមានទុនវិនិយោគចំនួន ១៣០ លានដុល្លារអាមេរិក។

លោកវៅ សុខា អភិបាលរងខេត្តកែបបានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍលើកោះចំនួន ១៤០ ហិកតា មានសក្តានុពលសម្រាប់វិស័យទេសចរណ៍។ “ យើងមានឆ្នេរខ្សាច់ពណ៌សនៅជុំវិញកោះ។ នេះនឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាកោះនេះ»។ លោក បានថ្លែងនៅនៅក្នុងសេចក្តីថ្លែងការណ៍។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យគម្រោងវិនិយោគនេះនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដល់ក្រុមហ៊ុនចំនួនពីរ ដែលផ្តោតលើការវិនិយោគកសាងរមណីយដ្ឋានជាច្រើន ដូចជាសណ្ឋាគារផ្កាយ ៥ តំបន់លំនៅដ្ឋាន អគារពាណិជ្ជកម្ម រមណីយដ្ឋានឆ្នេរខ្សាច់ រថយន្តខ្សែកាបជាដើម ប៉ុន្តែអាជ្ញាប័ណ្ណរបស់ពួកគេត្រូវបានដកហូតបន្ទាប់ពីគម្រោងខកខានមិនបានអភិវឌ្ឍ។

លោកទ្រីភាព និងក្រុមហ៊ុនរបស់គាត់ឈ្មោះទ្រីភាពគ្រុប ទោះបីមានការដាក់ទណ្ឌកម្មពី         រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយក៏ដោយ ក៏គម្រោងនេះនៅតែមាន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារជាតិអាមេរិក ដែលបានចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់ថា “ទ្រីភាពជាបុគ្គលដែលត្រូវបានតែងតាំង បច្ចុប្បន្នឬជាអតីតមន្រ្តីរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះការផ្សំគំនិត និងពាក់ព័ន្ធនឹងអំពើពុករលួយ រួមទាំងការគៃបន្លំទ្រព្យ ការដកហូតទ្រព្យសម្បត្តិឯកជនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន អំពើពុករលួយទាក់ទងនឹងកិច្ចសន្យារបស់រដ្ឋាភិបាល ឬការទាញយកធនធានធម្មជាតិ ឬការសូកប៉ាន់” ។

លើសពីនេះទៀត រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអង្គភាពចុះបញ្ជីនៅកម្ពុជាចំនួន ១០ ផ្សេងទៀត ដែលជាកម្មសិទ្ធិឬគ្រប់គ្រងដោយក្រុមហ៊ុនភាព៖ ក្រុមហ៊ុននាំចេញនាំចូល M.D.S.Import Export Co. ក្រុមហ៊ុនផែស្ងួត (Try Pheap Dry Port Co., Ltd.) ក្រុមហ៊ុន វិស្វកម្ម និងសំណង់ (Try Pheap Engineering & Construction Co., Ltd.) ក្រុមហ៊ុន Try Pheap Grand Royal Co., Ltd.; ក្រុមហ៊ុន Try Pheap Im- port Export Co., Ltd.; ក្រុមហ៊ុនប្រេងឥន្ធនៈPapa Petroleum Co., Ltd.; ក្រុមហ៊ុនអចលនៈទ្រព្យទ្រីភាព (Try Pheap Property Co.,Ltd.) ក្រុមហ៊ុនធ្វើដំណើរ និងទេសចរណ៍ (Try Pheap Travel & Tours Co.,Ltd.)​ ក្រុមហ៊ុនថ្មដា (M D S Thmorda S E Z Co., Ltd.) និងក្រុមហ៊ុនទ្រីភាពអូរយ៉ាដាវ (Try Pheap Oyadav S E Z Co.)។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា “ទ្រីភាពបានប្រើបណ្តាញដ៏ធំរបស់គាត់នៅខាងក្នុងប្រទេសកម្ពុជាដើម្បីបង្កើតសម្ព័ន្ធកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ ដែលពឹងផ្អែកលើការឃុប  ឃិតពីមន្រ្តីកម្ពុជាដើម្បីរួមបញ្ចូលទាំងការទិញការការពារពីរដ្ឋាភិបាល ការការពារពីយោធាចំពោះចលនាផលិតផលខុសច្បាប់របស់គាត់”។ ទ្រីភាពបានប្រើយោធាកម្ពុជាដើម្បីធ្វើ សកម្មភាពជួញដូរឈើរបស់គាត់ និងលក់ទៅឱ្យឈ្មួញនៅប្រទេសវៀតណាម ចិន អឺរ៉ុប និង   រុស្ស៊ី។ ការគាំទ្ររបស់មន្រ្តីទាំងនេះធ្វើឱ្យពិបាកដល់អាជ្ញាធរមូលដ្ឋានក្នុងការចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងទ្រីភាព ជាឧទាហរណ៍មន្រ្តីឧទ្យានជាតិកម្ពុជាត្រូវបានទ្រីភាពបង់លុយ ដើម្បីរក្សាប្រតិបត្តិការរបស់គាត់ជាការសម្ងាត់ពីសហគមន៍អន្តរជាតិ។

នៅក្រោមច្បាប់ Global Manetsky Act បុគ្គលដែលបានកំណត់ និងក្រុមហ៊ុនរបស់គាត់ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ នៅក្នុងលក្ខខណ្ឌទូទៅនេះរួមបញ្ចូលទាំង ការបង្កក និងរារាំងទ្រព្យសម្បត្តិ និងការបដិសេធការមិនឲ្យចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះដាក់កម្រិតលើមន្រ្តីរដ្ឋាភិបាលលោកហ៊ុន សែន ពីការធ្វើអាជីវកម្ម និងវាជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលក្រុមហ៊ុនបញ្ចុះបញ្ចូលមួយនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ត្រូវបានជួលដោយរដ្ឋាភិបាលកម្ពុជាកាលពីខែមុន។