គណបក្សប្រជាជនកម្ពុជាមានតែវប្បធម៌បំភ័ន្តប្រវត្តិសាស្ត្រ

lim-kimya

លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងប្រាប់អង្គភាពព័ត៌មាន ​Fresh News នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ថា «បើតាមច្បាប់អន្តរជាតិ រាជរដ្ឋា​ភិបាលកម្ពុជាពិតជាទទួលស្គាល់ហើយរឿងបំណុលនេះ ទោះបីជា លន់ នល់ខ្ចីលុយអាមេរិកទិញគ្រាប់បែកទម្លាក់លើប្រជាជនកម្ពុជាឱ្យស្លាប់រាប់សែននាក់​ក៏ដោយ ក៏ក្នុងច្បាប់អន្តរជាតិ យើងទទួលស្គាល់ដែរក៏ប៉ុន្តែបញ្ហាសីលធម៌ ក៏គួរអាមេរិកលោកមើលឃើញអំពីបញ្ហាសីលធម៌នេះ ដែលគាត់ជាមហាអំណាច ហើយគាត់បង្កើតជាវិនាសកម្មនៅកម្ពុជាហើយទាមទារឱ្យអ្នករងគ្រោះសងបំណុលគាត់ នេះគឺជាបញ្ហាអសីលធម៌មួយ»

លោក សុខ ឥសាន បានបន្ថែមទៀតថា «ចំពោះរឿងបំណុលសហរដ្ឋអាមេរិកនេះខ្ញុំយល់ថា វាជាអំពើអយុត្តិធម៌សម្រាប់កម្ពុជាខ្លាំងណាស់ ដែលលុយនោះគឺជាគ្រាប់បែកទម្លាក់លើប្រជាជនកម្ពុជា វាជាបញ្ហាមួយគួរឱ្យខកចិត្តខ្លាំងណាស់បើសិនជាគាត់មានចេតនាមិនលុបចោលបំណុលនេះ»

តើបំណុលដែលលោកសេនាប្រមុខលន់ នល់ ខ្ចីអាមេរិកាំងសម័យនោះ ដូចពួកគណបក្សប្រជាជននិយាយថាយកលុយមកទិញគ្រាប់បាញ់ក្បាលខ្មែរ នោះទេ?

រឿងនេះ កាលពីប្រជុំសភាពេញអង្គ អនុមត្ត័ “ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ “ នៅថ្ងៃទី ២៨ ខែ ១១ ឆ្នាំ ២០១៤ លោកជាម យៀប ប្រធានគណៈកម្មការទី ២ ដែលត្រូវជាប្រធានរបស់ខ្ញុំ ក៏បាននិយាយរបៀបនេះដែរ តែនៅពេលនោះខ្ញុំក៏បានឡើងនិយាយកែតម្រូវថា ៖ “ បំណុលដែលលោកសេនាប្រមុខលន់ នល់ ខ្ចីលុយអាមេរិកាំងសម័យនោះគឺដើម្បីយកមកទិញស្បៀងចិញ្ចឹមប្រជាពលរដ្ឋនៅធានីភ្នំពេញ ដោយសារតែ យួនយៀកកុង និងខ្មែរក្រហម (“ដែលមានលោកហ៊ុនសែនជាសមាជិក និង សមមិត្តរបស់លោកហ៊ុនសែនផងដែរ”) បានបង្រាយតាមដងទន្លេមេកុងកុំឲ្យកប៉ាល់ដឹកទំនិញនិង ស្បៀងមកភ្នំពេញ មិនមែនយកមកទិញគ្រាប់បាញ់ក្បាលខ្មែរនោះទេ “។ ពេលនោះគ្មានអ្នកណាមួយមកកែតម្រូវសំដីខ្ញុំនោះទេ សម្តេចហេងសំរិន ដែលជាប្រធានរដ្ឋសភា បានងាកទៅសួរលោកងួន ញ៉ិល អនុប្រធានទី ២ រួចហើយ សម្តេចហេងសំរិនបានប្រាប់ខ្ញុំថា “ ច្បាប់បំណុលបានសំរេចហើយមិនអាចសំរេចម្តងទៀតទេ “ ខ្ញុំក៏ឆ្លើយថា៖ “ សុំទោស នេះគ្រាន់តែរំលឹកប្រវត្តិសាស្ត្រនិងការពិតទេ “ ។ តាំងពីនឹងមកក៏គេឈប់និយាយរឿងនេះទៀត ។ ពេលនោះ បើខ្ញុំមិនភ័នច្រឡំទេ តំណាងរាស្ត្រសុខ ឥសានក៏មានវត្ថមានដែរ ក៏មិនធ្វើការកែតម្រូវវិញទៅ ! ។ ខ្ញុំតែងតែធ្វើការកែតម្រូវរហូតបើប្រសិនណាជាមានអ្នកនិយាយភាពមិនពិតពីប្រវត្តិសាស្ត្រនោះ ។ ហេតុនេះសូមយើងទាំងអស់គ្នាមានសេចក្តីក្លាហាននឹងនិយាយពីការពិត និង ការកែតម្រូវដែលពួកគណបក្សប្រជាជនប្រឌិត ។

ភាពមិនពិតប្រាកដពីប្រវត្តិសាស្ត្រនេះ ក្នុងកម្មវិធីសិក្សាក៏មានដែរ គួរតែព្រះរាជាណាចក្រកម្ពុជាយើងរៀបចំគណៈកម្មការឯករាជមួយ ចំរុះពីគ្រប់មជ្ឈដ្ឋាន សរសេរប្រវត្តិសាស្ត្រជាតិ ហើយយកមកជជែកគ្នា ឲ្យមានតម្លាភាព មិនមែនដូចកាលពីនៅពេលបង្ហាញផ្ទៀងផែនទី ២ ដង ដែលមិនឲ្យអ្នកណាមួយសួរ ដោយសន្មត់ថាអ្វីដែលរដ្ឋាភិបាលនិយាយយកជាបានការ និងជា ការពិត ។ តែដោយយើងដឹង និង ស្គាល់ គឺពួកអស់នេះ មានវប្បធម៌តែម្យ៉ាង គឺមិនដែលនិយាយអ្វីដែលគួរឲ្យជឿ យើងត្រូវ តែផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់សិន ។

ចុះលោក សុខ ឥសានដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិននិយាយពីបំណុលជាមួយរុស្សី ជាង ១០០០ លាន ដុល្លា ផង ដែលខ្ចីលុយគេយកមកទិញគ្រាប់បាញ់ក្បាលខ្មែរទាំងពួករំដោះ និង ទាំងប្រជាពលរដ្ឋ នៅពេលដែលយួនត្រួតស្រុកនោះ ។ នេះជារឿងពិត !

លិម គិម យ៉ា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបណ្ឌលកំពង់ធំ