គ្រោះថ្នាក់នៅសមុទ្រ លោកឈៀន ឈុន លង់ទឹកស្លាប់

ដោយខ្មែរផុស ស.រ.អា.

ឡូវែលៈ ថ្ងៃទី អង្គារទី ៦ មិថុនា២០១៧ វេលាម៉ោង៤រសៀល លោក ឈៀង ឈុន នឹងលោក សុខផល ប៉ែន ប្រធានយុវជនគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរីក មានទីលំនៅនៅឡូវែល បានចេញទៅកំសាន្តតាមកាណូតសមុទ្រដើម្បីទៅស្ទូចត្រី។

គាប់ជួន ខ្យល់ព្យុះកំរឹត៨មកដល់ រលកធំៗបោកបក់ខ្លាំងនាកណ្តាលសមុទ្រ បានធ្វើឱ្យកាណូតរបស់អ្នកទាំងពិរក្រឡាប់ ផ្ងារពោះឡើងលើ ធ្វើឱ្យអ្នកទាំង២ធ្លាក់ចូលទៅក្នុងសមុទ្រ។ សុខផល និយាយប្រាប់យើងថា កាណូតនោះមិនលិចទៅក្នុងទឹកទេ ដែលជាហេតុឱ្យសុខផល នឹង ឈៀង ហែលមកតោងកាណូតនោះយ៉ាងអស់សង្ឃឹម ពីព្រោះខ្យល់នឹងរលកខ្លាំងពេក, សុខផល តោងខាងម៉ាស៊ីន ដែលរលត់ទៅហើយ រីឯឈៀងតោងនៅក្បាលកាណូត ទំនងជាគ្មានកន្លែងតោង ធ្វើឱ្យគាត់ធ្លាក់របូតដៃច្រើនដង ។ នាំគ្នាតោងរបៀបនេះប្រមាណ ១ម៉ោង ឬ ១ម៉ោងកន្លះ កាណូតក៏ត្រូវរលកច្រានមករកច្រាំងយ៉ាងយឺតៗ ទើបឃើញមាន កាណូតសង្គ្រោះរបស់ឆ្មាំសមុទ្រមកដល់ រីឯច្រាំងសមុទ្រក៏ខិតជិត ឃើញកាន់តែច្បាស់ ។ នៅពេលឃើញឆ្មាំសមុទ្របោះពោងមកឱ្យ ឈៀងចាប់ តែឈៀងចាប់មិនបាន, សុខផល បន្តរថា ខ្លួនសម្រេចចិត្តបោះបង់កន្លែងតោងរបស់ខ្លួន លោតហើយហែលសំដៅច្រាំង ជាជាងទៅឱ្យកាណូតសង្គ្រោះជួយ ពីព្រោះខ្លាចកាណូតសង្គ្រោះនោះលិចដូចគ្នាមួយទៀត, ជាមួយគ្នានោះ ឈៀងក៏សម្រេចលោតចោលកាណូតផ្ងាពោះនោះ ទៅចាប់យកពោង ដែលគេបោះមកឱ្យម្តងទៀត តែនៅតែចាប់មិនបានដដែល ឆ្មាំសមុទ្រឃើញឈៀងនៅជិតបង្កើយ ក៏ចាប់កអាវក្រៅទាញយកមក តែយកបានតែអាវ ដោយឈៀងមិនបានបិតរូតអាវ ក៏ធ្លាក់ទៅក្នុងទឹកវិញទៅ ហើយលែងឃើញងើបមករហូត… សុខផលប្រឹងហែលរហូតដល់ច្រាំង ឡើងទៅចាំលើផ្ទាំងថ្មសមុទ្ររួចជីវិតរីឯដល់យប់ជ្រៅហើយនៅតែរកឈៀងមិនឃើញដដែល ក៏បោះបង់ការរុករកនោះទៅ ។

សាក្សីម្នាក់ ដែលទំនងជាសាច់ញាតិ បាននិយាយថា ឈៀង នឹង សុខផល មិនមានពាក់‹អាវពោង›ទេ នៅពេលចុះសមុទ្រ ជាពិសេស ឈៀង ពាក់ស្បែកជើង‹ប៊ូត›កវែង ដែលមិនអាចឱ្យខ្លួនហែលទឹកបាន បើទោះជាចេះហែលក៏ដោយ ហើយម្នាក់នោះបន្តរថា បើកុំតែមានប៉ូលីសទៅជួយប្រហែលមិនស្លាប់ទេ ពីព្រោះកាណូតដែលខ្លួនតោងនោះ កំពុងតែត្រូវរលកច្រានមករកច្រាំងទៅហើយ, នៅពេលឃើញអ្នកជួយមកដល់ សង្ឃឹមថាគេមកជួយបាន ក៏លោតពីកន្លែងតោង ទៅរកជំនួយ ក៏ត្រូវរលកសមុទ្រវាយយកទៅបាត់មុនគេជួយរួច។
មកទល់ពេលនេះគ្រួសារលោក ឈៀង ឈុន អាយុ៤៨ឆ្នាំ បានសន្មត់ថាស្លាប់ក្នុងទឹករកសពមិនឃើញ ។ លោក ឈៀង ឈុន បានស្លាប់ចោលភរិយា ឈ្មោះសោភា ឈុន នឹងកូនស្រីតូចៗ២នាក់។

ពិធីបុណ្យឧទ្ទិសដល់សពលោក ឈៀង ឈុន នឹងប្រារព្ធនៅវត្ត‹ត្រៃរតនារាម› ថ្ងៃសុក្រទី ១៧ មិថុនា តាំងពិម៉ោង៩.៤០ព្រឹកទៅនឹងមានពីធីសូត្រមន្តប្រគេនចង្ហាន់ តាមប្រពៃណិនៃព្រះពុទ្ធសាសនា៕