ចងចាំណែលសិន ម៉ាឌីបា ម៉ាន់ដេឡា

ដោយសុខា

មិនខុសគ្នាពីចច វ៉ាស៊ីនតោន បិតានៃប្រទេសអាមេរិក និងអាលប្រាហាមលីនខុន វីរៈបុរសក្នុងសង្គ្រាមស៊ីវិលអាមេរិក លោកណែលសិន ម៉ាឌីបា ម៉ាន់ដេឡា ត្រូវបានចាត់ទុកជាវីរៈបុរសសម្រាប់ប្រជាជនអាហ្វ្រិកខាងត្បូង និងជាសកល តាមរយៈការលះបង់តស៊ូរបស់លោកទល់នឹងរបបអាប៉ាថេត ប្រឆាំងការរើសអើង ប្រកាន់សាសន៍ និងសម្បុរ។ លោកណែលសិន ម៉ាន់ដេឡា ជាស្ថាបនិកប្រទេសដែលបំបាត់ការមើលងាយ និងភាពមិនស្មើគ្នាចេញពីសង្គមនៃប្រទេសនេះ។ លោកចំណាយពេល ២៧ឆ្នាំ ក្នងពន្ធធានាគារនៅកោះរ៉ូបបិន មុនលោកក្លាយជាប្រធានាធិបតីនៃប្រទេសអាហ្រ្វិកខាងត្បូង។

នៅអាយុ៩៥ឆ្នាំ លោកម៉ាន់ដេឡា ទទួលមរណភាព។ ថ្ងៃទី៥ ខែធ្នូ ថ្ងៃចុងក្រោយ ដែលលោកនៅជាមួយយើង។ មរណភាពរបស់ម៉ាន់ដេឡា ត្រូវបានទទួលការយកចិត្តទុកដាក់ និងចងចាំពីសំណាក់មនុស្សជាច្រើន ហើយក៏មានប្រារព្ធនូវកម្មវិធី ការថ្លែងសុន្ទរកថា ការពិភាក្សា ជុំវិញស្នាដៃ ការលះបង់ និងប្រយោគល្អៗដែលលោកបានលើកឡើងក្នុងដំណើរជីវិត និងការងាររបស់លោក។

ស្របគ្នានោះ សមាគមវប្បធម៌ប្រទេសអាហ្រិ្វកក្នុងឡូវែល (African Cultural Association of Greater Lowell)សហការជាមួយសាធារណៈឆាធឺ(Lowell Community Charter Public School) បានប្ររព្ធកម្មវិធីមួយ ដើម្បីចងចាំ ណែលសិនម៉ាន់ដេឡា(A Memorial Event in Honor of Nelson Mandela 1918-2013)។ កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៣ ក្រោមការចូលរួមពីតំណាងរាស្រ្ត អៃលីន ដូណាហ៊ូ(Senator Eilene Donoghue) អភិបាលក្រុង ផាទ្រី មឺហ្វី(Mayor Patrick Murphy) ទីប្រឹក្សាក្រុងរីតា មឺស្សឺ (Rita Mercier) មន្រ្តីចុះបញ្ជី រីឆាដ ហូវ(Richard Howe) ប្រធានគណៈកម្មការសាលាសាធារណៈឡូវែល (Chair of LCCPS Trustees Hung Mai and Trustee Fru Nkimbeng) នាយកសមាគមវប្បធម៌អាហ្រ្វិក លីវ៉េណា ហ្វូរ៉ូសា(A.C.A President Levenia Furusa) ក្រុមសិល្បៈស៊ីងហ្គូនៃប្រទេសកាម៉េរូន(Singo Dance Group from Cameroon) ក្រុមភ្លេងកុមារនៃសាលាសាធារណៈឆាធឺឡូវែល(Drumming and Percussion of LCCPS) ក្រុមចម្រៀងនិងស្គរ អូស៊ីប៊ី នៃប្រទេសហ្គាណា(Osibi Drumming & Singing Group of Lowell​ of Ghana) ព្រមទាំងភ្ញៀវជាច្រើនទៀត។

ជាមួយគ្នា តំណាងរាស្រ្ត អៃលីន ដូណាហ៊ូ(Senator Eilene Donoghue) បានមានប្រសាសន៍ថា គុណសម្បត្តិរបស់ម៉ាន់ដេឡា តស៊ូប្រឆាំងការរើសអើង ជឿជាក់លើភាពត្រឹមត្រូវ យុត្តិធម៌និង គុណតម្លៃនៃទឹកចិត្តអភ័យទោស ចំពោះអ្នកដែលដកសេរីភាពរបស់លោកពីជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ។ សេចក្តីល្អទាំងអស់នេះ ត្រូវបានចងចាំ ហើយយើងយកវាមកអនុវត្តក្នុងសហគមន៍របស់យើង។ យើងទាំងអស់គ្នា ជាសរសៃឈាមនៃឡូវែល ហើយឡូវែលជាសហគមន៍ចម្រុះជាតិសាសន៍ និងជនអន្តោប្រវេសន៍ដែលមកពីទីកន្លែងផ្សេងគ្នាក្នុងពិភពលោក។ ដូចនេះ ជំហលុបបំបាត់ការរើសអើង និងការគាំទ្រយុត្តិធម៌មានសារសំខាន់ណាស់។

រីឯអភិបាលក្រុងផាទ្រីក មឺហ្វី បានថ្លែងសរសើរអំពីការលះបង់ និងស្នាដៃរបស់ម៉ាន់ដេឡាចំពោះមនុស្សជាតិ។

កម្មវិធីខាងលើប្រព្រឹត្តទៅយ៉ាងជោគជ័យ និងមានការចូលរួមយ៉ាងសកម្មពីមនុស្សគ្រប់គ្នាក្នុងកម្មវិធី។