ចាប់លោក កឹម សុខាសហគមន៏ខ្មែរឡូវែលប្រតិកម្ម

ខ្មែរផុសស.រ.អា

ឡូវែលៈ ប្រជាពលរដ្ឋខ្មែរអាមេរីកាំងនៅឡូវែល វូស្ទ័រ នឹងលីន នៃរដ្ឋម៉ាសាឈូសិត ប្រមាណ១០០នាក់ បានធ្វើបាតុកម្មសម្តែងការមិនពេញចិត្តចំពោះការចាប់ខ្លួន លោក កឹមសុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងជាសមាជិកសភាជាតិ

កាលពីរាត្រីទី២កញ្ញាមុននេះ នាទីក្រុងភ្នំពេញ។ បាតុកម្មបន្ទាន់របស់សហគមន៍ខ្មែររៀបចំដោយប្រធានសាខា រឺទ្ធី អ៊ុង នឹងក្រុមយុវជន សុខផល ប៉ែន នៅមុខសាលាក្រុងឡូវែល ដែលនៅពេលម៉ោង៦ល្ងាចនោះ មានមន្ត្រីសមាជិកក្រុមប្រឹក្សាក្រុង ចេញមកទទួលនឹងចូលរួមជាមួយបាតុករខ្មែរផងដែរ។

បាតុករបានស្រែកបញ្ចេញពាក្យស្លោកយ៉ាងច្រើន ដូចជា‹‹ឱ្យដោះលែងលោកកឹម សុខាដោយគ្មានលក្ខខណ្ឌ››មានពាក្យ‹‹ហ៊ុន សែន ជាជនផ្តាច់ការ››ឬក៏‹‹ត្រូវឱ្យមានការបោះឆ្នោតដោយសេរីនឹងយុត្តិធម៌នៅកម្ពុជា››

លោក រ៉តនីយ អេលីយ៉ុត សមាជិកក្រុមប្រឹក្សានឹងជាអតីតអភិបាលក្រុងម្នាក់បានឡើងថ្លែង ពីការយល់ចិត្តនឹងកង្វល់របស់សហគមន៍ខ្មែរ នៅពេលដែលប្រទេសធ្លាក់ទៅក្នុងកណ្តាប់ដៃ នៃជនផ្តាច់ការបានស្រែកទាមទារឱ្យ‹ដោះលែង កឹម សុខា›។

វាគ្មិនឯទៀតៗ មានលោក រឹទ្ធី អ៊ុង អតីតសមាជិកក្រុមប្រឹក្សា ជាប្រធានសាខាគណបក្សសង្គ្រោះជាតិនៃសហរដ្ឋអាមេរគ បានឡើងប្រកាសពីរការទាមទារឱ្យដោះលែងកឹមសុខា ព្រមទាំងរំលឹកថា‹ដោយសារ ហ៊ុន សែន ខ្លាចចាញ់ឆ្នោតឆ្នាំ២០១៨ ទោះចាប់អ្នកដែលប្រឆាំងនឹងគណបក្សខ្លួនដាក់គុក› នឹងមានការហៅរកសហគមន៌អន្តរជាតិឱ្យជួយកម្ពុជាឱ្យមានការបោះឆ្នោតដោយសេរីនឹយុត្តិធម្ម។ បន្តរបន្តាប់គ្នា មានការស្រែកជ័យឃោសន៍របស់បាតុករ បន្ទោសសកម្មភាព ហ៊ុន សែន មានវាគ្មិន វាស្នា នួន អតីតក្រុមប្រឹក្សាក្រុង មានបេក្ខជនក្រុមប្រឹក្សា ផលរដ្ឋា យ៉ែម ក៏ទាមទារ‹ឱ្យដោះលែងកឹមសុខាដោយគ្មានលក្ខខណ្ឌ› មានបេក្ខជនសមាជិកក្រុមប្រឹក្សាក្រុងនឹងគណកម្មការសាលាអាមេរីកាំង២-៣រូបទៀត ក៏ឡើងមកសម្តែងការចាប់អារម្មណ៍ប្រឆាំងនឹងនយោបាយហ៊ុនសែននៅកម្ពុជានាពេលនេះ ដូចគ្នា។ ក្រៅពីនេះ មានវាគ្មិន ជាច្រើនទៀតក៏បានឡើងមកសម្តែងការមិនពេញចិត្ត នឹងនយោបាយខ្មែរ ដូចជា លោក ស៊ីនួន ខែម កញ្ញាអេនី វ៉ែន កញ្ញា ស៊ូស្ហី លោក ម៉ែន វណ្ណ ប៉ុន្តែ គេពុំឃើញវត្តមានរបស់លោកតំណាងរដ្ឋខ្មែរ រ៉ាឌី ម៉ម ទេ។

បាតុកម្មនៅឡូវែលនេះ គឺជាការចាប់ប្តើមប្រតិកម្មជាបន្ទាន់នឹងខ្លាំងក្លា តបតទៅនឹងទង្វើអយុត្តិធម៌ចំពោះគណបក្សសង្គ្រោះជាតិ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានចាប់លោក កឹម សុខា ពីបទល្មើសជាក់ស្តែង ដែលបានកើតតាំងពី៥ឆ្នាំមកហើយ ជាមួយគ្នានោះ ក៏មានការបង្ករឱ្យបិទកាសែត‹ឌឺខាំបូឌាដេលី› នឹងបញ្ជាឱ្យបិទស្ថានីយផ្សាយសម្លេងបន្តររបស់វីទ្យុ‹VOA› នឹង‹RFA›ថែមទៀត។

សាលាក្រុងឡូវែល ដែលធ្លាប់មានដំណាងជាខ្មែរច្រើនដង តែគ្រប់គ្រងពលរដ្ឋដើមកំណើតខ្មែរដ៏ច្រើនលើសលប់ក្នុងតំបន់ បានយល់ពីបញ្ហានយោបាយនៅកម្ពុជាបានច្បាស់លាស់ ហើយក៏ធ្លាប់បោះឆ្នោតមិនទទួលបដីសណ្ថារកិច្ចដល់ឧត្តមសេនីយហ៊ុន ម៉ាណែត ជាកូនលោក ហ៊ុន សែន នៅឡូវែលផងដែរ។ បាតុកម្មនៃសហគមន៍ខ្មែរលើកនេះ ក៏បានបង្ហាញភាពតានតឹងនៃនយោបាយនៅកម្ពុជារឺតតែដុនដាបទៅដល់ សាលាក្រុងនឹងប្រជាពលរដ្ឋអាមេរីកាំងផងដែរ។

ទោះបីជាមិនមានការលើកទឹកចិត្តពីការិយាល័យកណ្តាល ឱ្យសាខាគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មនៅឯបរទេសក៏ដោយ ក៏ក្រុមអ្នកគាំទ្រមិនបានស្តាប់ការឱ្យយោបល់របស់អង្គការកណ្តាលរបស់គេទេ មិនតែប៉ុណ្ណោះ ពួកគេគ្រោងធ្វើបាតុកម្មដ៏សំខាន់មួយទៀត ក្នុងទ្រង់ទ្រាយកាន់តែធំ នៅថ្ងៃទី១៥កញ្ញាខាងមុខ នៅមុខវិមានប្រធានាធិបតីអាមេរីកាំង នារដ្ឋធានីវ៉ាស៊ីនតោនតែម្តង៕