ចំការនៅក្នុងក្រុងឡូវែល

ខ្មែរផុសស.រ.អា

ថ្វីត្បិតតែឡូវែលមានសង់ទីលំនៅប្រជាពលរដ្ឋ ពេញណែនស្ទើរមិនឃើញមានដីទំនេរ ដែលគេអាចដាំដំណាំចិញ្ចិមអ្នកក្រុងក៏ដោយ យើងបានទៅដល់ទិបណ្តុះបណ្តាលដំណាំបន្លែបង្ការដ៏ធំទូលាយមួយរបស់‹សមាគមស៊ីទីគ្រោ-City Grow›

នៅលើទំហ៊ំដី៤ហិចតា ក្នុងនោះមានបណ្តុះដំណាំជាបន្លែច្រើនមុខ សម្រាប់បង្ហាត់បង្រៀនបណ្តាអ្នកចូលចិត្តធ្វើកសិកម្មផង នឹងសម្រាប់ផ្គត់ផ្គង់បន្លែស្រស់ ដែលធានាគុណភាពបានជូនដល់ប្រជាពលរដ្ឋ កសិដ្ឋាននោះដឹកនាំដោយ‹លិឌីយ៉ា ស៊ីហ្សិន›ជាសហនាយកជាមួយលោក‹ហ្វ្រែនហ្សី›នឹងជាអ្នកផ្តួចផ្តើមគំនិតកសិដ្ឋាននៅឡូវែលនេះផង។

ស្របនឹងឡូវែលដែលសម្បូរប្រជាពលរដ្ឋមកពីអាស៊ី មានខ្មែរឡាវជាដើម ដែលជាពូជអ្នកស្រែចំការ ដែលកំពុងតែភ្លេចមុខរបរដូនតាម្តងបន្តិចៗទៅហើយ ស្រាប់តែ‹សមាគមស៊ីទីគ្រោ›បានចាប់កំណើតកាលពី៦ឆ្នាំមុន ធ្វើសកម្មភាពកសិកម្មយ៉ាងព្យាយាម នៅពេលដែលឡូវែលស្វែងរកការចិញ្ចិមប្រជាពលរដ្ឋ ដោយម្ហូបអាហារប្រកបដោយជិវជាតិនឹងប្រកបដោយសុខភាព ឥឡូវនេះមានសមត្ថភាពកាន់តែខ្ពស់ បាននាំឱ្យមានបងប្អូនខ្មែរយើង១៨០គ្រួសារ កំពុងតែហាត់ហ្វឹកហ្វឺនមុខជំនាញដូនតារបស់ខ្លួនមកវិញ, ខ្លះក៏បានចេញទៅប្រកបមុខរបរដាំដុះដំណាំនេះ ដោយសមត្ថភាពខ្លួនឯង នឹងមានការឧបត្ថម្ភពី‹ស៊ីទីគ្រោ›យ៉ាងគៀកកិត បានលទ្ធផលផ្លែផ្កាជបន្រតបន្ទាប់ហើយ។

នាដើមខែសីហានេះ ថ្ងៃក្តៅហែងមិនតិចជាង៨០អង្សាទេ,លីឌីយ៉ា បាននាំយើងដើរមើលដំណាំជាច្រើនដូចជា ខ្ទឹមស ខ្ទឹមក្រហម ត្រប ឬប៉េងប៉ោះ សាឡាដ … នៅតាមរងយ៉ាងវែងអន្លាយមានតាំងពីដើមរនោង ដើមល្ពៅ ដើមប៊្លូបេរី ឬក៏ដើមស្បារ៉ាគឹស ដែលបច្ចេកទេសបំប៉នទឹក គេមិនដងទឹកស្ទឹង ឬអូរ រែកឡើងប៉ោងខ្នង យកទៅស្រោចដំណាំដូចកាលនៅស្រុកយើងទេ គឺគេបង្ហូរតាមបំពង់ទឹក ដែលគេបាញ់ទៅលើរងតែម្តង, គ្រាន់តែបើក‹រ៉ូប៊ីណេ›នៅរងណាមួយជាការស្រេច គឺជាកសិដ្ឋានក្នុងរូបភាពជាសាលាគំរូ សម្រាប់បើកបង្រៀន ដល់អ្នកដែលចង់បានចំណេះខាងដំណាំបន្លែបន្លុក ដំណាំផ្កា មានថែមទាំង ការចិញ្ចឹមឃ្មុំយកទឹកឃ្មុំផង។

នៅលើដំណាំ គេប្រើបច្ចេកទេសក្រាលផ្ទាំងក្រណាត់ផ្លាស្ទីកលើដីដែលទើបនឹងឆាយសំអាតរួចហើយ សម្រាប់ទប់ចំហាយទឹកពីក្នុងដី នឹងសម្រាប់សម្លាប់ស្មៅពុលចោលផង។ ក្រៅពីនេះ ដើម្បីបំប៉នជីដំណាំរបស់គេ គេប្រើជីធម្មជាតិ គឺគេជៀសវាងប្រើជីគីមី ហើយក៏មិនប្រើថ្នាំគីមីសម្រាប់សម្លាប់សត្វល្អិតដែរ ទាំងអស់នេះគេធ្វើឱ្យផលិតផលកសិកម្មរបស់គេក្លាយជាដំណាំ‹អ័រហ្គានីក› ដែលធម្មតាគេលក់បានថ្លៃ ហើយផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់បានផង។

‹ឡីឌីយ៉ា›បានឱ្យដឹងថា កសិដ្ឋានធំរបៀបនេះ នៅឡូវែលមាន២កន្លែង, បន្ថែមពីនេះមានការបង្ហាត់បង្រៀនដោយបង្កើតកសិដ្ឋាននៅមណ្ឌលសិក្សាតែម្តង គឺមាន១៤កន្លែង គឺមានគ្រូចេញមកបង្រៀនសិស្សនៅកន្លែងបណ្តុះដំណាំតែម្តង។

ផលិតផលទាំងនេះ បានត្រូវចែកចាយដល់បណ្តាពលរដ្ឋដែលមានប្រាក់ចំណូលតិចតួច ដោយមិនយកកំរៃ ដូចជាចែកដល់សហគមន៍ខ្មែរ តាមរយៈសមាគមខ្មែរជាដើម។ ក្រៅពីនេះមានរថយន្ត‹ត្រឹក›២គ្រឿង ដែលគេរៀបជាថតសម្រាប់ផ្ទុកទំនិញ មានខ្ទឹម មានដំឡូង មានពោត មានខ្ញី មានស្ពៃ សាឡាដ ការ៉ុត មានផ្លែឈើ ជាដើម សម្រាប់ដឹកយកទីលក់ក្នុងតម្លៃថោក នឹងគុណភាពខ្ពស់ ចែកជូនដល់សាធារណជន តាមកន្លែងសាធារណ ដូចជានៅម្តុំពេទ្យ‹មេត្តា›នៅឡូវែល នឹងនៅមជ្ឈមណ្ឌលមនុស្សចាស់‹យូដវិល›នៅផ្លូវ‹ផាតិកវិល›។

សកម្មភាពនេះ ផ្តល់ជាសំណាងជូនពលរដ្ឋឡូវែល មិនត្រឹមតែជាម្ហូបអាហារស្រស់ មានរស់ជាតិ សម្រាប់សេចក្តីត្រូវការទេ ថែមទាំងផ្តល់ជាចំណេះ នឹងការកំសាន្តក្នុងការដាំដុះ គេមានទាំងកន្លែងសម្រាប់ជួលក្នុងតម្លៃថោកបំផុត ឱ្យអ្នកដែលគ្មានដីដាំដំណាំ ក៏អាចដាំដុះបានដែរ។

បើចង់ជ្រាបច្បាស់សូមទាក់ទងទៅ 978-455-2620 លោកអ្នកនឹងមិនខកចិត្តឡើយ។