តើសហគមន៍ខ្មែរបោះឆ្នោតរបៀបណា?

ដោយ ពិន សំខុន

ខ្មែរយើងតែងតែនិយាយថា‹ទៅបោះឆ្នោតធ្វើអ្វី បើទោះជាទៅក៏នឹងបានលទ្ធផល នៅតែមិនដូចចិត្តតែដដែលនោះ!› ខ្លះទៀតក៏បន្ថែមថា‹រវល់ខ្លាំងណាស់ បើអត់ខ្ញុំម្នាក់ក៏មិនធ្វើឱ្យខូចលទ្ធផលដែរ!›ខ្លះទៀតនិយាយដែរថា‹ខ្ញុំមិនចង់ធ្វើនយោបាយទេ!›… គំនិតទាំងឡាយនេះ សុទ្ធតែយើងនាំយកមកពិប្រទេសយើងទាំងអស់, មកដល់ទីនេះហើយ គឺសហរដ្ឋអាមេរីក ជាប្រទេសនាំមុខគេខាងប្រជាធិបតេយ្យ គំនិតចាស់

គំរឹលពេកហើយ គួរតែបោះបង់ចោល! ចាប់យកវាស្នាថ្មីនៃប្រទេសដែលគេហៅថា‹ប្រទេសដែលផ្តល់ឱកាសឱ្យយើងងើបរួច› … ការបោះឆ្នោត គឺជាការចូលរួមកសាងសង្គម ដែលគ្រួសារយើងរស់នៅ ឱ្យសង្គមនោះផ្តល់ឱកាសមកឱ្យយើង ដើម្បីឱ្យយើងរុងរឿងបាន។ បើទុកតែរបៀបនេះតទៅទៀត ជាលទ្ធផលនៃជំនឿចាស់របៀបនេះ ខ្មែរយើងបានចេញទៅបោះឆ្នោត បញ្ចេញមតិ កាលពីថ្ងៃទី៧វិច្ឆិកា មិនបានដល់២០%ទេ សាសន៍ដ៏ទៃនៅតែមើលបំណាំយើង ហើយដឹកច្រមុះយើងបន្តរទៅទៀត។

កាលពីលេខមុន ខ្ញុំបាននិយាយថាឃុំ‹បែលវឺធៀ›នៃក្រុងឡូវែល ជាអ្នកដឹកនាំនយោបាយនៃឡូវែលទាំងមូល តើគេធ្វើយ៉ាងណា បានជាម្នាក់ៗ មានឆ្នោតមួយសន្លឹកដូចយើងដែរ ស្រាប់តែដឹកមុខឃុំទាំង៧នាក្រុងទាំងមូលបាន? សូមលោកអ្នកមើលលទ្ធផលនៃការបោះឆ្នោត តាមរូបភាពដែលជូនជាប់ជាមួយនេះ…

ក្នុងរូបភាពនោះ យើងឃើញតំបន់‹បែលវឺឌៀ›តែមួយ មានសមាជិកក្រុមប្រឹក្សាក្រុង‹ជាប់ឆ្នោតដល់ទៅ៥រូប› ហើយនៅសល់អាសនៈ៤ទៀត ដែលត្រូវចែកឱ្យដល់៦តំបន់ នេះដោយសារតែតំបន់ទាំង៦នោះ មានអ្នកចេញទៅបោះឆ្នោតពី៨% -២០% ប្រឈមមុខនឹង‹បែលវឺឌៀ›តែមួយដែលចេញទៅបោះឆ្នោតដល់ទៅ៥៨%, បានន័យថាៈ សេចក្តីសម្រេចនានា នៅឆ្នាំ២០១៨-១៩ ដែលចេញពីសាលាក្រុងឡូវែល គឺមតិភាគច្រើន នឹងបានទៅជាសម្បត្តិក្រុម‹បែលវីឌៀទាំងអស់ ។

បើខ្មែរចង់ នៅឡូវែលនេះយើងអាចប្តូរចរន្ត‹គេដឹកច្រមុះ›នេះបាន សហគមន៍ខ្មែរចុះឈ្មោះបោះឆ្នោតជាង១ម៉ឺននាក់ នៅជុំគ្នា និយាយភាសាតែមួយ មានទំនាក់ទំនងគំនិតល្អៗជាមួយគ្នាបាន មិនពិបាកនឹងធ្វើឱ្យមានតំណាងរបស់ខ្លួនប្រចាំឡូវែលនេះទេ ‹បែលវឺឌៀ›ក៏មិនអាចទប់ចរន្តខ្មែរនេះជាប់ដែរ តែមានលក្ខខណ្ធមួយដែលត្រូវបំពេញ គឺត្រូវចេញទៅបោះឆ្នោត ឱ្យបានតែ‹៥ពាន់នាក់›សោះ
នឹងបានតំណាងខ្មែរ ប៉ុន្មាននាក់ក៏បានដែរ ចង់បានសាសន៍អីក៏បាន …ឱ្យតែគេមានចិត្តស្រឡាញ់ខ្មែរ ហើយរួមរស់ប្រកបដោយមិត្តស្មើរភាពគ្នា។ មកទល់ពេលនេះ លោក រ៉តនីយ អេលីយ៉ុត – លោកស្រី រីដា មែសើ្- លោក ដាន់ រួក – លោក ជិម ឡេរី – លោក កូរី បាឡិនជើ … សុទ្ទទេធ្លាប់បង្ហាញពីភក្តីភាព ចំពោះសហគមន៏ខ្មែរយើងយ៉ាងជ្រាលជ្រៅ រួចមកហើយដែរ។ គ្រាន់តែខ្ញុំនិយាយប៉ុណ្ណេះ លោកអ្នកអាចប៉ាន់ប្រមាណថា‹សហគមន៍ខ្មែរអាចមានកម្លាំងខ្លាំងបុណ្ណារួចទៅហើយ› គឺឆ្នោត៥ពាន់សន្លឹក ដែលយើងអាចគូសយកបេក្ខជន ដល់ទៅ៩នាក់ គឺវាក្លាយជាសន្លឹកឆ្នោតជិត៥ម៉ឺនសម្លេង នៃសហគមន៍ខ្មែរ គិតទៅមើល តើយើងនឹងអាចមានតំណាងប៉ុន្មានរូប ដែលបំរើសហគមន៍យើងនៅសាលាក្រុង?

គេថា‹សហគមន៍ខ្មែរចេះតែបែកគ្នា›ប្រមូលសម្លេង៥ពាន់នាក់មិនបានទេឬ? វាជាការពិត នៃស្ថានភាពសព្វថ្ងៃនេះ, បើយើងជ្រើសយកអ្នកដែលចូលចិត្តតែបែងចែកគ្នា ជាក្រុម ជាបក្សពួក ឱ្យទៅប្រមូលគ្នានោះ អ្នកនឹងមិនអាចបានក្រុមដែលមូលតែមួយបានទេ, ប៉ុន្តែគេក៏អាចរកមនុស្សដែលមានឧត្តមគតិនិយម ដឹងត្រូវខុស មិនប្រកាន់‹គ្នាគេ គ្នាអញ›, ឱ្យមកជាអ្នកប្រមូលប្តុំគ្នា លើកបញ្ហានឹងដំណោះស្រាយរួម នោះទើបសាមក្កីភាព វាអាចកើតឡើងបាន។

ម្យ៉ាងទៀត នៅសហគមន៍ខ្មែរយើង មានការអប់រ៉នយោបាយបែបអាមេរីកាំងនេះតិចតួច រីឯមនុស្សជំនាន់ថ្មី រៀនសូត្របានច្រើន តែដឹងពីសង្គមខ្មែរ នឹងវត្ថុបំណងសហគមន៍‹អតីតជនភៀសខ្លួន› តែចូលជាថ្នាក់ដឹកនាំមិនចុះសម្រុងគ្នានឹងជំនាន់មុនទេ ទោះជាមានចំនួនកាន់តែច្រើនគួរសមមែនក៏ដោយ ។ ហេតុនេះ‹ចាស់ទុំ›នៃសហគមន៍យើង ត្រូវចេះដើរតួរជា‹ព្រឺទ្ធាចារ្យ› អ្នកមានចិត្តសណ្តោស ចូលចិត្តប្រមែរប្រមូលមនុស្សគ្រប់ជំនាន់ ឱ្យមកសម្តែងការចេះដឹងរបស់ខ្លួន សម្តែងការចង់បំរើសហគមន៍របស់ខ្លួន ពេលនោះទើបយើងអាចឃើញថា‹សហគមន៍យើង ក៏មានបេក្ខជនចំណានៗច្រើនណាស់នឹងគេដែរ អាចជាសេចក្តីសង្ឃឹមរបស់ព្រឺទ្ធាចារ្យយើងទៅអនាគតបាន ៕