‹‹ទស្សនៈចំពោះហ្វេសប៊ុក›› អ្នកជាវិរបុរសរបស់ខ្ញុំ

 

ដោយ ពិន សំខុន

មិនទាន់ទាំងចេញដំណើរផង ‹ហ្វេសប៊ុក›សារឺត ស្រី នាយប់ទី១៤កញ្ញា បានបញ្ជូនសារ ពីការរៀបចំដំណើរដែលពាក្យខ្មែរក្រហមថា‹សស្រាក់សស្រាំ›របស់ក្រុមធ្វើដំណើរពីឡូវែល ទៅរដ្ឋធានីវ៉ាស៊ីនតោន។ មុននេះបន្តិច សារហ្វេសប៊ុករបស់ ចិត្រា កែវ ថាទៅ‹ធ្វើបាតុកម្មនេះ ជាការឥតបានការទេ!›ធ្វើឱ្យខ្ញុំឆ្លើយតបទៅសារ សារឹទ្ធ ស្រី វិញភ្លាមថា‹អ្នកជាវិរបុរសរបស់ខ្ញុំ!›។

សម្រាប់ខ្ញុំ កាយវិការចាប់អារម្មណ៍ចំពោះប្រទេសជាតិរបៀបនេះ គួរឱ្យគោរពនឹងកោតសសើរពន់ពេក បាតុកររាប់រយ ឬ រាប់ពាន់អ្នកបានស្កាត់ពីទីឆ្ងាយៗដើម្បីទៅជួបប្រជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន មុខវិមានក្រសួងកិច្ចការបរទេស កាលពីថ្ងៃសុក្រទី១៥កញ្ញា២០១៧ ដើម្បីសម្តែងមតិប្រឆាំងនឹងសកម្មភាពអយុត្តិធម៌ នឹងទុច្ចរឹត របស់រដ្ឋបាលប្រទេសកម្ពុជាដែលចុងក្រោយបង្អស់នេះបានចាប់យ៉ាងរំលោភ ប្រធានគណបក្សដ៏ធំមួយ គឺលោក កឹម សុខា យកដាក់ពន្ធនាគារ។ គួរឱ្យគោរពនឹងកោតសសើរជាពន់ពេក ចំពោះវិរភាព ដែលជាកាយវិការប្រកបដោយការលះបង់ខ្ពស់ ដើម្បីគំនិតដ៏ត្រឹមត្រូវ ការពារការរំលោភលើលោក កឹម សុខា នឹងប្រជាពលរដ្ឋខ្មែរ។

លោក ជេម សុខ
លោក ជេម សុខ

លោកអ្នកនឹងយុវនារីយុវជន បានទិញសំបុត្រ៦០ដុល្លាសម្រាប់ជិះរថយន្តឈ្នួលទៅមកឡូវែល-វ៉ាស៊ីនតោនឌីស៊ី ក្នុងដំណើរទៅមក គ្មានកន្លែនដេកពួន ផ្លាស់សំលៀកបំពាក់ នឹងគ្មានកន្លែងបត់ដៃបត់ជើង ខ្លះចំណាយថ្លៃធ្វើការមួយថ្ងៃ ខ្លះទិញសំបុត្រកុប៉ាលហោះមកធ្វើបាតុកម្ម… គឺក្នុងបំណងតែមួយទៅ‹‹ធ្វើបាតុកម្មសម្តែងឆន្ទៈដ៏ត្រឹមត្រូវ››របស់ខ្លួនរួមគ្នាជាមួយបងប្អូនឯទៀតៗ ដើម្បីឱ្យបានសម្លេងរឹតតែឰខ្លាំងឡើង អាចជួយបងប្អូននៅឯកម្ពុជា ឱ្យរឺតតែមានប្រសិទ្ធិភាព។ អ្នកនៅតិចសាស នៅមេនិសូតា នៅណតការ៉ូឡាយណា នៅឡុងប៊ិច…។ល។ ក៏បានធ្វើការលះបង់នេះដូចៗគ្នានេះដែរ ក្នុងចំនួនច្រើនរយនាក់ ក្នុងបុព្វហេតុដូចគ្នា។ ចំនួននេះច្រើនណាស់បើប្រៀបធៀប ទៅបាតុកម្មពីមុនៗ ដែលដំណាងឱ្យអ្នកដែលមានវិរភាពខ្ពស់បំផុត នៅឯបរទេស ចូលរួមឈឺចាប់នឹងសុខទុក្ខបងប្អូនខ្មែរនៅឯកម្ពុជា។

វិរភាពនេះ ជាដំណោះស្រាយសន្តិភាព ដ៏ខ្លាំងខ្លា បញ្ជូនសារទៅរដ្ឋបាលអាមេរីកកាំង ទៅរដ្ឋបាលសហគមន៏អឺរ៉ុប រដ្ឋបាលអូស្ត្រាលី ប្រជាពលរដ្ឋភាគតិចនៃអាស៊ី ជាម្ចាស់ឆ្នោតដែរកំពុងតែមានទុក្ខ មកប្តឹងប្តល់ប្រាប់នឹងរដ្ឋបាលប្រទេសនិមួយៗឱ្យចូលរួមសកម្មភាពរំដោះកម្ពុជា ពីគ្រោះមហន្តរាយបណ្តាលមកពី ‹ការខ្លាចចាញ់ឆ្នោត ការបាត់បង់អំណាច›របស់មេដឹកនាំខ្មែរដ៏ផ្តាច់ការឈ្មោះ ហ៊ុន សែន។ សារនេះជាជំនួយដល់ការសម្រេចចិត្តផ្នែកកិច្ចការបរទេស នៃប្រទេសមហាអំណាច ឱ្យងាកទៅតាមដានស្ថានភាពនៅកម្ពុជាឱ្យបានឆាប់ បើពុំនោះទេ ជនភាគតិចភាគតិចខ្មែរ នឹងមិនបោះឆ្នោតឱ្យអ្នកទៀតទេ ឆ្នោតគាំទ្រអ្នកនឹងធ្លាក់ចុះ គណបក្សអ្នកនឹងអស់អំណាចគ្រប់គ្រងប្រទេសតទៅទៀត។ រីឯសារមួយទៀត បញ្ជូនទៅរដ្ឋបាលលោក ហ៊ុន សែន រដ្ឋបាលចិន រដ្ឋបាល យួន ដែលជាអណាព្យាបាលរបស់កម្ពុជាថា ដង្កៀបទណ្ឌកម្មមហាអំណាចម្ចាស់នៃទីផ្សារពិភពលោក នឹងធ្លាក់មកលើកម្ពុជាចិននឹងវៀតណាម ដែលមិនត្រូវគិតខ្លីពីប្រទេសនឹងប្រជាពលរដ្ឋរបស់ខ្លួននោះទេ។ កុំថាការធ្វើបាតុកម្មនេះជាការឥតប្រយោជន៍ឱ្យសោះ នេះជាអាវុធនៃអ្នកសន្តិភាព គេបានធ្វើមហាបាតុកម្មរបៀបនេះ ដើម្បីបញ្ឈប់សង្គ្រាមអាមេរីកាំងនៅវៀតណាមម្តងហើយ, វាធ្វើឱ្យងាប់ទាំងខ្មែរសាធារណរដ្ឋថែមទៀត… បន្ទាប់បន្តិចមក ខ្មែរបានចំណាយជីវិត២លាននាក់ ?។

លឺឡាយស្រេងដោះ‹មីន›នយោបាយ Lou LaySreng Political deminer

អតីតឧបនាយករដ្ឋមន្ត្រី នឹងជាអតីតតំណាងរាស្ត្ររដ្ឋសភាខ្មែរ អណត្តិទី១ លឺ ឡាយស្រេង បានថ្លែងលើហ្វេសប៊ុកយ៉ាងខ្លីមួយមានន័យថា‹‹សម្តេចហ៊ុន សែន ខ្លាចចាញ់ឆ្នោត បែរជាទៅចាប់ កឹម សុខា នឹងចាប់គេឯងដាក់គុក, បែរជាទៅវាយផ្ទះយកដីអ្នកស្រុកទៅវិញ? ខ្ញុំមិនយល់ទេ ខ្ញុំមិនចង់ឃើញខ្មែរឈ្លោះសម្លាប់គ្នាទៀតទេ សម្រាប់លោក ហ៊ុន សែន ចង់ឈ្នះវាស្រួលសោះ ឱ្យដីទៅគេឯងរាប់លានហិចតាបាន ហេតុអីក៏មិនឱ្យដីទៅខ្មែរ២-៣ម៉ែត្រហ្នឹង ក៏មិនបាន? ថ្មីៗនេះសម្តេចទៅសួរសុខទុក្ខរាស្ត្រនៅផ្សារថ្មី, ទៅសុខទុក្ខកម្មកររោងចក្រទៀតទៅ! គ្នាចង់បានអី?គ្នាទារប្រាក់ខែ១៦០-១៨០ដុល្លា ហេតុអី បើសម្តេចចង់ឈ្នះឆ្នោតមែន ហេតុដូចម្តេចក៏មិនឱ្យ៣០០ដុល្លាតែម្តងទៅ នៅប្រទេសជិតខាងគេធ្វើបាន ហេតុអីក៏យើងមានរោងចក្រដូចតែគ្មាន ថៅកែរតែមួយដដែល គេធ្វើបាន ឯយើងធ្វើមិនបាន? អ្នកណាហ្នឹងឱ្យយោបល់សម្តេច ម៉េចក៏មិនប្រាប់អាហ្នឹងផងទៅ?

សម្តេចធ្វើដូចសព្វថ្ងៃហ្នឹង ‹សន្លឹកឆ្នោតសង្គ្រោះជាតិចេះតែឡើងជិតស្មើគ្នាហើយ› ខ្ញុំប្រាប់ពីចម្ងាយទៅ ថាប្រជារាស្ត្រខ្មែរឆាប់ភ្លេចណាស់ បើសម្តេចធ្វើល្អតែ៦ខែទៅនឹងឈ្នះមកវិញហើយ, សម្តេចមិនអាចរំលាយគណបក្សសង្គ្រោះជាតិបានទេ ពីព្រោះខ្មែរយើងពឹងពាក់ទៅលើអន្តរជាតិខ្លាំងណាស់ សម្តេចបែរទៅចិនមិនបានទេ! បែរម្តងអស់២លាននាក់ ចិនមកលើកនេះ គេ‹ឱ្យលុយតិចជាងគេយកទៅវិញ› ដឹងទេ? …››

លោក លឺ ឡាយស្រេង និយាយនេះ‹អស់ពីពោះពីពង់ហើយ›គឺជា‹គន្លឹះឈ្នះរបស់លោក ហ៊ុន សែន› ដែលហ៊ុនសែនមិនចាំបាច់‹ចាក់ផុក›ដូចគេលេងល្បែងនោះទេ។ លោកបានបាលីដ៏សាកសិទ្ធមួយនេះ ពីលោក លឺ ឡាយស្រេង ឱ្យដោយមិនចេញថ្លៃមួយសេនសោះ តែលោកមិនដឹងពីបាលីនោះអាចធ្វើការជូនលោកបានប៉ុណ្ណា? ពីព្រោះលោកជាមនុស្ស‹ផ្តាច់ការ›មិនចេះស្តាប់ភាសា‹សេរី›នោះទេ។

បង្រួមសេចក្តី‹បាលី›លោកស្រេង ១-ការងារដែលត្រូវធ្វើភ្លាមៈ ដោះលែងកឹមសុខា-ឱ្យដីផ្ទះអ្នកស្រុកវិញ-ឱ្យប្រាក់ខែកម្មកររោងចក្រ៣០០ដុល្លា- ២ ធ្វើល្អជាមួយខ្មែរគ្នាឯងឱ្យបាន៦ខែ- ៣ ត្រៀមចូលរួមបោះឆ្នោតដោយមិនខ្លាចចាញ់។ បាលីនេះងាយស្រួលធ្វើតាម សម្រាប់អ្នកជឿលើ‹របបសេរី›, ដូច្នេះសម្រាប់លោក ហ៊ុន សែន ត្រូវតែប្រឹងប្រែងពីព្រោះវាយឺតពេលបន្តិចហើយដែរ សម្រាប់ធ្វើឱ្យ‹គ្នាគាត់›ឱ្យរឹងប៉ឹងឡើងវិញ, នឹងសម្រាប់‹គ្នាគេ›កុំឱ្យពង្រឹងវិញបាន៕

 

ហ្វេសប៊ុក‹ជេម សុខ›ដុតឱ្យហ៊ុន សែនផ្ទុះ James Sok’s Face book

ចូលស្តាប់ទំព័រហ្វេសប៊ុក‹ជេមសុខ›១០-១៥នាទិ ជាញយៗ ពេលខ្លះស្តាប់ដល់លេខក្រោយហើយ ត្រឡប់ទៅលេខមុនវិញ គួរឱ្យទាក់ទាញណាស់!ខ្ញុំបានចាប់អារម្មណ៍ ដោយការប្រើពាក្យត្រជាក់ចិត្តទោះជារឿងធំក៏ដោយ ដោយជម្រៅនៃការប្រើចំណេះដឹង ដែលធ្វើឱ្យខ្ញុំប្តើមចូលចិត្តទំព័រហ្វេសប៊ុកខ្លះៗថែមទៀត។ខ្ញុំជឿថា មានអ្នកអានច្រើនដែលចូលចិត្តអានទំព័រហ្វេសប៊ុក‹ជេមសុខ›ជាពត៌មានដ៏គួរឱ្យជឿបាន ហើយយកជាជន្ទល់នៃការវិភាគព្រឹត្តិការជាតិនឹងអន្តរជាតិរបស់ខ្លួន ដោយគ្មានលាយឡំនឹងជីវិតផ្ទាល់របស់រូបលោកជេមទេ។ ទំព័រខ្លះផ្សេងទៀតនោះ ច្រើនមិនមានក្បាលកន្ទុយ មានតែរូបភាពព្រឹត្តិការណ៍ តែគ្មានថ្ងៃខែ ឬក៏និយាយតែពីលំអខ្លួនឯង គ្មានទាំងកំប្លែងគួរឱ្យចង់សើច ឬក៏ចង់ស្អប់ក៏មិនបានផង។

ទំព័រ‹ជេមសុខ›ផ្ទុយទៅវិញ បានផ្តល់ការវិភាគ ទៅរកជ្រុងជ្រោយដែលគេមិនបានគិតដល់ ទៅរកដំណើរនយោបាយកម្ពុជាដែលទាក់ទងលំអិត ជាមួយបរទេសជាពិសេសអាមេរីកាំង ទៅរកអនាគតនៃការវិវត្តន៍នយោបាយរបស់លោកហ៊ុន សែន ដែលចេះតែតឹងទៅៗ ស្ទើរតែផ្ទុះទៅហើយ ។ តាមរយការវិភាគនោះ លោកនាយករដ្ឋមន្ត្រីខ្មែរ កំពុងតែបង្កើនធ្វើឱ្យមានការបិទរោងចក្រនៅកម្ពុជា កំពុងតែរំលាយគណបក្សប្រឆាំងដ៏មានប្រជាប្រីយភាព កំពុងតែបំប៉ោងអំណាចគ្រួសារ ហ៊ុន ឱ្យនៅពីលើកម្ពុជានឹងគណបក្សរបស់ខ្លួន មិនអាចនរណាប្រឆាំងក្រៅតែពី‹ទ្រព្រះស៊ុត›បានឡើយ។ ស្រាប់តែចុងក្រោយជេមសុខ បានផ្ទុះខ្លួនឯងមុន ដោយប្រើពាក្យ‹ភ្លើទេឬ?›‹ឆ្គួតមែនទែន!›ជាច្រើនដង នៅពេលខឹងនឹង ហ៊ុន សែន មើលងាយបន្ទាបបន្ថោកអាមេរីកាំងជាហេតុធ្វើឱ្យខ្ញុំស្តាយអត្ថបទដ៏ល្អៗ ដែលគេធ្លាប់ជឿពីមុនមក អាចនឹងអ្នកស្តាប់មើលឃើញថា ជេម កាន់ជើងអាមេរីកាំងខ្លាំងពេក អាចនឹងមើលស្រាលពេកខាង ហ៊ុន សែន។

កាលពីព្រឺត្តិការណ៌ខែកញ្ញា២០១១នៅបូរីញូយ៉ក ‹ជេមសុខ›ជាមនុស្សតែម្នាក់គត់ ដែលបានផ្តល់ពត៌មានផ្ទាល់ភ្នែក ដោយឥតតក់ស្លុត ដោយឥតគិតថ្លៃ ជាភាសាខ្មែរ ផ្សាយក្នុងវិទ្យុ‹អាស៊ីសេរី› ពីភេរវកម្មនៅលើ‹អាគារភ្លោះកប់អាកាស›ដែលកំពុងតែរលំ ជូនដល់ពលរដ្ឋខ្មែរឱ្យបានដឹងដំណឹងដ៏រន្ធត់នេះ ទាន់សភាពការណ៍មុនគេបង្អស់ តាមរយៈការសម្ភាសន៌ផ្ទាល់របស់វិទ្យុអាស៊ីសេរីនាខែកញ្ញា២០១១នោះ។ តាំងពីនោះមក លោកបន្តរផ្តល់ពត៍មានដ៏មានតម្លៃខ្ពស់គ្មានមនោសញ្ចេតនា ដូចដដែលនោះ ដោយមិនយកកម្រៃគ្មានផ្លាស់ប្តូរ រហូតមកដល់ថ្ងៃនេះ- គ្រាន់តែប៉ុណ្ណេះលោកអ្នកអាចយល់បានហើយថាហេតុអ្វីបានជាខ្ញុំលើកហ្វេសប៊ុក‹ជេមសុខ›មកនិយាយពេលនេះ ពីព្រោះមិនដូចពត៌មានហ្វេសប៊ុកសង្គមឯទៀតៗ គឺវាមានតម្លៃដូចស្តាប់បណ្តាញ‹ពត៍មានវិជ្ជាជីវៈ›ដែរ៕