‹ទស្សនៈនយោបាយកម្ពុជា› ព័ត៌មានថា៖ ហ៊ុន សែន ឈឺគេគួរយល់យ៉ាងណា?

 

ដោយ ពិន សំខុន

ដំណឹងថា‹លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជម្ងឺជាទម្ងន់›នាថ្ងៃ១៤កក្កដានេះ ធ្វើឱ្យមានអ្នកសើច អ្នកយំ តែក៏មានអ្នកមិនជឿថាលោកហ៊ុន សែន ឈឺមែនទែននោះដែរ។

ហេតុអ្វីក៏សុខភាពមិនល្អរបស់លោក ហ៊ុន សែន បានត្រូវគេយកចិត្តទុកដាក់សម្បើមម្លេះ? នេះក៏ដោយសារលោក ហ៊ុន សែន នៅចំណុចត្រីកោនដ៏សំខាន់បំផុត បើអត់ពីលោកទៅរចនាសម្ព័ន្ធគណប្រជាជន អាចនឹងរលំបាន។ តែខុសគ្នានឹងសង្គមប្រជាធិបតេយ្យ ដែលសុខភាពរបស់មេដឹកនាំបានត្រូវបង្ហាញជាសាធារណ នាំលំនឹងដល់ការគ្រប់គ្រងប្រទេសជាតិ ជម្ងឺរបស់លោកនាយករដ្ឋមន្ត្រីខ្មែរ បែរជាល្បិចគួរឱ្យខ្លាចទៅវិញ។

នយោបាយក្រាញក្នុងអំណាច បានធ្វើឱ្យលោក ហ៊ុន សែន មានសត្រូវស្លាប់រស់ច្រើន ដូច្នេះអ្នកសើចគេថា‹ឱ្យឆាប់ងាប់ទៅចុះ សមមុខវាហើយ›, រីឯអ្នកយំគេថា‹សម្តេចតេជោទៅពិនិត្យសុខភាពធម្មតាទេ មិនចាំបាច់នរណាមកធ្វើការជំនួសទេ!›, តែជាធម្មតាទម្លាប់របស់មេដឹកនាំកំពូលរបស់កុម្មុយនិស្ត តែងតែលាក់សុខភាពរបស់ខ្លួនជានិច្ច ពីព្រោះតែខ្លាចមានការសងសឹក ដណ្តើមអំណាចគ្នា នៅពេលដែលខ្លួនឈឺ ក្តាប់អំណាចមិនណែន (ឧទាហរណ៍ៈ ម៉ៅសេទុង ស្លាប់១ខែហើយទើបមាការផ្សាយដំណឺង, ចំណែកឯលោក ជា ស៊ីម ស្លាប់ច្រើនថ្ងៃហើយបានឱ្យគេដឹង…) ដល់វេនលោក ហ៊ុន សែន ក៏ដូចគ្នា ធ្វើនាយករដ្ឋមន្ត្រីរហូតដល់ស្លាប់ មិនចង់ឱ្យគេមកយកអំណាចពីខ្លួនបានទេ… ហេតុអ្វី? ពីព្រោះលោកយល់ថា៖ អំណាចកម្ពុជាបានមកដោយមធ្យោបាយ‹ពាលស៊ីពាល› ហើយបានក្លាយជាសម្បត្តិរបស់លោកទៅហើយ, បើអត់ពី ហ៊ុន សែន ទៅត្រូវតែកូនគាត់ជាអ្នកទទួលមរតក.. មិនមែនគណបក្សសង្គ្រោះជាតិទេ.. រឺតតែមិនមែនគ្នាគាត់ទៅទៀត ដូចជា សាយ ឈុំ ជាគណចាត់តាំងរបស់បក្ស ឬក៏ ស ខេង ជាវង្សវរ្ម័នរបស់មរតក ជា ស៊ីមឬក៏ ម៉ែន សំអន ជាជំនិតនៃមេបក្ស ជាដើម។ ហេតុនេះហើយបានជាបក្សកុម្មុយនិស្ត គេច្រើនឡើងកាន់អំណាចបន្តរគ្នាដោយការសងសឹក សម្លាប់មនុស្ស ឬដាក់គុកមួយជីវិត…។

ពពួកមេកុម្មុយនិស្តធំៗ គេមិនទៅវិស្សមកាលទេ ជារឿយៗ គេទៅ‹បំប៉នសុខភាព›១ខែនៅប្រទេសកុម្មុយនិស្តដូចគ្នា មានការផ្គត់ផ្គង់គ្រប់យ៉ាងដល់មេដឹកនាំរបស់គេ ទោះជាអ្វីដែលខ្លួនឯងធ្លាប់បានហាមឃាត់អ្នកដទៃក៏ដោយ, អ្នកដែលមិនដឹងរឿង នាំគ្នាឆ្ងល់ថា‹បាត់មេដឹកនាំគេទៅណា?› ចំណែកឯករណី ហ៊ុន សែនក៏ដូចគ្នានេះ។ និយាយឱ្យខ្លី មេដឹកនាំកុម្មុយនីស្តមិនដែលទុកអ្នកដែលមិនមែនបក្សជនរបស់គេ‹ជាមិត្ត›ទេ ហើយអ្នកដែលមិនមែនជាមិត្តគឺ‹ជាខ្មាំង›ទាំងអស់ គ្មានអ្នកនៅអព្យាក្រឹត្យទេ។ ចាប់ពីចំណុចនេះទៅ គេមិនត្រូវឆ្ងល់ទៀតទេថា ហ៊ុន សែន ឈឺឬជានោះទៀតទៅ ! ត្រូវទុកឱ្យក្រុមអ្នកឯកទេសរកការពិតមកប្រាប់ជាសាធារណវិញ រីឯអ្នកមិនមែនឯកទេស ឈប់បំពុលបរិយាកាស ដែលនឹងធ្វើឱ្យយើងភ្លេចខ្លួនពីដំណើរទៅរកគោលដៅ អាចនឹងត្រូវត្មោងរបស់ពួកកុម្មុយនីស្ត នៅពេលដែលអ្នកនៅសង្ស័យថា‹ជនផ្តាច់ការនិយម›នៅតែជាមិត្តនៅឡើយនោះ ។

រំលឹកឡើងវិញនូវភាពអមិត្តរបស់អម្បូរកុម្មុយនីស្ត នៃក្រុម ហ៊ុន សែន ទទួលការអប់រំ ទទួលមនោគមន៍ រហូតដល់ ទូ សាមុត, សា ឡុតស, គេសម្លាប់មិត្ររបស់មិត្តតៗគ្នា។ សាឡុត ស សម្លាប់ ស៊ិន សេន ជាមេទ័ពរបស់ខ្លួន ចោទថាក្បត់បក្ស, ដាក់គុក តាជើង១ឈ្មោះម៉ុក, តាម៉ុកសងសឹកវិញចាប់ ប៉ុល ពត ដាក់គុកវិញ ។ រីឯ ហ៊ុន សែន ទៅចាប់ខ្លួន ប៉ែន សុវណ្ណ ចាប់ខ្លួន ស៊ឹន សុង ជាមិត្តរួមបក្ស, ចាប់ ជា ស៊ីម បញ្ជូនទៅសៀម ចុងបញ្ចប់ តម្លើងកូនខ្លួនឯង ឱ្យបន្តរតំណែងជំនួសអ្នកតស៊ូឯទៀតៗ ឯណាឆ្កុយទៅវិញ ។ មើលប្រធាន ម៉ៅ សេទុង ក៏ក្បត់នឹងមិត្រដូចគ្នា សម្លាប់លីវចាវជី  សម្លាប់ ជូអេនឡាយ, កូរ៉េខាងជើងក៏ក្បត់មិត្តដូចគ្នា… ទាំងនេះជាទ្រឹស្តីផ្តាច់ការនិយមនៃវណ្ណអធន ដែលជាជំនឿរបស់ ហ៊ុន សែន នឹងក្រុមរបស់គាត់, តើវណ្ណអធនរបស់ពួកគាត់បញ្ចប់ដោយ‹ដុល្លាវាស់មែត្រ›ហើយឬនៅ? រួមសេចក្តីទៅ ទង្វើនឹងសម្តីទាំងអស់របស់‹សមមិត្រសែន›សុទ្ធតែជាការភូតភរកុហក, ទោះជាបាន‹ដំណែងខ្ពស់ក្នុងរបបសេរី›ក៏ដោយក្តី ក៏នៅតែមិនចេះប្រើភាសានឹងទស្សនៈនៃ‹ការពិត›ដដែល។ សម រង្សីបានល្បងចូលជិតបើកការចរចាជាមួយ ហ៊ុន សែន ច្រើនដង តែភ្លាត់នឹងជំនាញបោកបញ្ឆោត របស់កុម្មុយនិស្ត ដូចជាប្តូរ‹ច្បាប់បោះឆ្នោតនៅសភា៥០%+១› ប្តូរច្បាប់មួយចំនួនទៀតជាថ្នូរនឹងការចូលស្រុករបស់ រង្សី ពេលមុនៗ ឬក៏ជាថ្នូរនៃការចូលសភារបស់បក្សប្រឆាំងជាដើម។

តែជំនាញដ៏ក្រខ្វក់នេះ មិនមែនចេះតែឈ្នះរហូតទេ, ដល់ពេលគេ‹លែងជឿ›គ្រប់គ្នា ហ៊ុន សែន ងាកមករកប្រើអំណាចយោធា អំណាចតុលាការ‹មមីសមាន់› របស់គាត់ទៅវិញ, អកុសលរបស់គាត់ ពលរដ្ឋ‹មិនខ្លាចទាហ៊ាន›នឹង‹មិនខ្លាចគុក›របស់គាត់ទៀតទៅហើយ នេះហើយដែលជាហេតុដែលនាំ ហ៊ុន សែន ទៅរកកម្លាំងពីចិន តាមមាគ៌ារបស់សម្តេចឳ ក្រែងមានគេខ្លាចខ្លះ។ គ្មានអ្វីផ្លាស់ប្តូរពីខាងចិននៅឡើយទេ,ហើយឥទ្ធិពលយួនក៏នៅមានពេញស្រុកខ្មែរនៅឡើយដែរ, ខ្មែរបានលុយពិចិនសម្រាប់ដោះស្រាយបញ្ហាខ្លះ តែយួនក៏ពុំមានសប្បាយចិត្តការជ្រៀតជ្រែករបស់ចិនទេ វាជាទំនាស់គ្រប់ជ្រុងក្នុងកម្ពុជា ដែល ហ៊ុន សែន ត្រូវរំដោះខ្លួនឱ្យរួចមុនឆ្នាំខែកកក្កដា២០១៨ បើពុំនោះទេ សម រង្សី នឹងត្រឡប់មកគ្រវីទង់ជ័យ ជាមួយកឹម សុខាម្តងទៀត រីឯ ហ៊ុន សែន នឹងទទួលវេនជាអ្នករត់គេចពីបណ្តាញតុលាការឧក្រឹដ្ឋកម្មប្រល័យពូជសាស្ត្រ ទៅនៅឯបរទេស ដូចជានៅសៀងហៃជាដើម វិញម្តង ។

បើតាមទំហុំនៃបញ្ហា‹ដោះមិនរួច›ច្រើនយ៉ាងនេះ មនុស្សគ្រប់រូបតែងតែរងត្រូវ‹ជម្ងឺ›អន្ទោលតាមប្រាណនោះហើយ មិនថាអ្នកសម្បូរប្រាក់ ឬក្រីក្រនោះទេ – ដូច្នេះបើមើលទៅអនាគត ហ៊ុន សែន នៅសល់តែច្រកមួយតែប៉ុណ្ណោះ គឺ‹ការមិនប្រគល់អំណាច›បើមិនចង់លែងដៃពីអំណាចទេនោះ -ពេលនោះតើអ្នកនឹងនៅសល់អ្វីខ្លះទៀត? គឺនៅសល់តែអ្នកស៊ីឈ្នួលកាន់កាំភ្នើងឱ្យអ្នកតែប៉ុណ្ណោះ, តែបើគ្មានអ្នកកាន់អាវុធ ច្បាំងតទល់នឹងអ្នកទេនោះ អ្នកនឹងឈរលើខ្សែទោងតែម្នាក់ឯងបានយូរប៉ុណ្ណា? ការដែល ហ៊ុន សែន ឈឺមែនទែន ឬ ឥតមានឈឺថ្កាត់អ្វីសោះ លែងមានទម្ងន់លើការឈឺចាប់របស់ពលរដ្ឋទៀតហើយ បើទោះជាលោកឯងស្លាប់មុនខែកក្កដា២០១៨ ក៏ដោយ ក៏អំណាចវានៅតែប្តូរដៃនៅពេលវេលាដដែលនោះ៕