ទស្សនៈនយោបាយកម្ពុជា ឧទ្ទាមនៅគ្រប់កន្លែងពេលបោះឆ្នោតមកដល់

 

ដោយ ពិន សំខុន

គណរដ្ឋមន្ត្រីរបស់នាយក ហ៊ុន សែន កំពុងតែមើលឃើញសត្រូវនៅគ្រប់ទិសទិ ពិព្រោះតែការបោះឆ្នោតសាកលនឹងមកដល់នៅតិចជាងមួយឆ្នាំទៀតតែប៉ុណ្ណោះ។ ថ្ងៃទី២៩កក្កដា២០១៨ គឺជាថ្ងៃដែល‹ផ្ទុះអាវុធ›នៅពេលដែល ហ៊ុន សែន ប្រធាន

គណបក្សប្រជាជន ដឹងថាចាញ់ឆ្នោតហើយ មិនមានបំណងទទួលស្គាល់លទ្ធផលនៃសន្លឹកឆ្នោត ឬក៏ជាថ្ងៃ‹ដាក់អាវុធ›ក៏បាន ប្រសិនបើផ្ទុយទៅវិញ ហ៊ុន សែន បែរជាទទួលស្គាល់លទ្ធផលដែលខ្លួនបានចាញ់ឆ្នោតទៅហើយ ក៏ប៉ុន្តែហ៊ុន សែន មិនទាន់ចាញ់នៅឡើយឯណា ហេតុអ្វីក៏គិតតែពីផ្ទុះអាវុធ? នៅប្រទេសជាច្រើនការបោះឆ្នោត មានចាញ់មានឈ្នះ ហេតុអ្វីក៏ ហ៊ុន សែនគិតតែពីឈ្នះ?

សាលា‹កុម្មុយនីស្ត›ពុំមានចាញ់ទេ! នេះហើយជាចម្លើយចំពោះទង្វើ នឹងការគិតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រទេសកម្ពុជា ពុំមាន‹ទស្សនវិទូសេរីនិយម›ទេ សម្បូរតែកេរដំណែលនៃសក្តិភូមិ នឹងកុម្មុយនិស្តនិយមបានរីកដុសដាលជាច្រើនដំណរ ជាច្រើនឆ្នាំ បង្កើតបានជាថ្នាល ចាក់ឬស ស្មុកស្មាញពេញកម្ពុជា មិនងាយនឹងជីកយកទៅចោលបានងាយៗឡើយ។ ដូច្នេះនៅឱកាសនៃការបោះឆ្នោតនិតិកាលលើកទី៦នេះ យើងគួរតែយល់ថា‹ការបោះឆ្នោតលើកនេះ មិនមែនជាការសម្រេចចិត្តតាមលិទ្ធីប្រជាធិបតេយ្យទៀតទេគឺជាសង្គ្រាមរវាងគណបក្សសង្គ្រោះជាតិ នឹងគណបក្សប្រជាជន›។

ដោយសារតែលោក ហ៊ុន សែន គិតថាការបោះឆ្នោតជា‹សង្គ្រាមនៅខែកក្កដា›ខាងមុខនេះហើយ ទើបជាគណបក្សប្រជាជននិយាយពិ‹ការសម្លាប់-ឬចាប់ដាក់គុក-វាយនឹងគល់ឬស្សី-វាយបាក់ធ្មេញ›អ្នកណាដែលប្រឆាំងនឹងខ្លួន អ្នកណាដែលហ៊ានមកដកជ័យជំនះពីដៃខ្លួននោះ, ប្រយោគនៃសាលាកុម្មុយនិស្តបាន ធ្លាយចេញមកដោយឯកឯង។សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិបានក្លាយជាឧទ្ទាមដែលត្រូវកំទេចមុនគេ, កឹម សុខា ប្រធានសង្គ្រោះជាតិថ្មីនឹងទទួលការកំទេចជាបន្ទាប់ ហើយគណបក្សសង្គ្រោះជាតិទាំងមូលនឹងត្រូវរំលាយ ជាបន្តរមកទៀត។ ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ដោយលេសអ្វីក៏ដោយ គឺមានបុព្វហេតុពីភ្លើងសង្គ្រាមដែល ញឹក ប៊ុនឆៃ គ្រាន់តែប្តើម‹មានអ្នកគាំទ្របានមួយឃុំ›យ៉ាងចេញមុខដែលអាចនាំគ្រោះថ្នាក់មកដល់គណបក្សប្រជាជនទៅអនាគត ដូច្នេះគណបក្សនេះក៏នឹងត្រូវកំទេចចោលដូចគ្នា។ គណបក្សហ៊ុនស៊ីនបិច របស់ទ្រង់រណឬទ្ធិ ដែលបានត្រូវរំលាយរួចហើយ មិនងាយនឹងដុះពន្លកចេញមកវិញបានទេ នាឱកាសធ្វើសង្គ្រាមនេះ ក្រៅតែពីទទួលកាងារឬឋាណៈជារណបគណបក្សប្រជាជនតែប៉ុណ្ណោះ គឺជាវត្តមានដែលមានតួរនាទីធ្វើឱ្យប្រជាពលរដ្ឋច្រឡំថាប្រទេសកម្ពុជានៅជាប្រទេស‹រាជានិយមប្រជាធិបតេយ្យ›នៅឡើយ តែតាមពិតនោះ ហ៊ុនស៊ីនប៉ិច ក៏ជាឧទ្ទាមរបស់ពួក ហ៊ុន សែន ដូចគ្នាដែរ ខុសគ្នាត្រង់ទ្រង់ នរោត្តម រណឬទ្ធ មិនដែលជឿលើរបបសេរីដូច្នេះងាយស្រួលនឹងកំទេចជាង សមរង្សី-កឹមសុខា រួមគ្នាជាសង្គ្រោះជាតិ។

ស្ថានភាពកម្ពុជាពេលនេះ កំពុងតែគ្រោះថ្នាក់ជាទិបំផុត ដោយសារពេលនេះគេខ្លាំង នៅក្នុងអំណាច សាលាកុម្មុយនិស្តគេគិតថា‹កម្លាំងយោធាគឺជាដំណោះស្រាយសម្រាប់រក្សាអំណាចរបស់គណបក្សប្រជាជន›បាន។ គេនៅយល់នៅឡើយថា ចលនាប្រជាពលរដ្ឋចំពោះរឿងដីធ្លីរបស់គេ ជាក្រុមតូចតាច – ចលនាកម្មកររោងចក្រដែលទាមទារតម្លើងប្រាក់ខែ ជាចលនាមិនទាន់សំខាន់ដែលថាដោះស្រាយមិនបាន – ចលនានៃអ្នកកាពារព្រៃឡង់ មិនមានអ្វីគួរឱ្យភ័យ ពីព្រោះនៅដាច់ស្រយាលពីគេ – ចលនារកយុត្តធម្មឱ្យសពបណ្ធិត កឹម ឡី ឱ្យលោក កឹម សុខ ឱ្យនាង ទេព វន្នី ជាចលនាតូចតាចមិនពិបាកកំទេចទេនោះ ទាំងអស់នោះគឺសុទ្ធតែជា‹ឧទ្ទាម›របស់គណបក្សប្រជាជនទាំងអស់ ពីព្រោះជាអ្នកបោះឆ្នោតឱ្យគណបក្សប្រឆាំង អ្នកនឹងទទួលទុក្ខទោសពេលក្រោយជាមិនខាន។ អ្នកទាំងអស់ជា‹ឧទ្ទាម›នោះហើយ ដែលបានផ្តោតសេចក្តីសង្ឃឹមថាកម្ពុជានឹងមានការកែរប្រែបាន តែមិនជឿ-លែងសង្ស័យពីកំណើតគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ទៀតទេ, ហើយប្រសិនបើ ហ៊ុន សែន នៅតែបញ្ឈឺពួកគេមិនឈប់ឈរ រហូតដល់មិនមានការបោះឆ្នោត ឬក៏ មិនប្រគល់អំណាច នៅពេលចាញ់ឆ្នោតឆ្នាំ២០១៨,ពេលនោះកម្លាំងនោះនឹង‹បាក់ទ្រនប់›ដែលកម្លាំងទ័ព ហ៊ុន សែន មិនអាចទប់ជាប់កម្លាំងស្នេហាជាតិ-ស្នេហាសេរីភាព របស់ពលរដ្ឋបានទេ។

ថ្វីត្បិតតែខាងលោក ហ៊ុន សែន មានកម្លាំងស្នេហាអំណាច-លុយកាក់ ឱនក្បាលឱ្យវៀតណាមនឹងចិនកុម្មុយនិស្តប្រើ ហាក់បីដូចជាមានប្រៀបខ្លាំងខ្លាណាស់ក៏ដោយ, ក៏ចុងបញ្ចប់នឹងមកដល់ ពីព្រោះប្រជាពលរដ្ឋខ្មែរនឹងឈប់ខ្លាច ឈប់ខ្សោយ, ចលនាទាំងអស់នឹងប្រមូលផ្តុំ មេដឹកនាំសង្គ្រោះជាតិនៅប្រចាំការរួចជាស្រេចនឹងប្តូរចរន្តអហឹង្សា ទៅទប់ទល់ក្រុមជនផ្តាច់ការ ពីព្រោះតែទឹកមកដល់ច្រមុះទៅហើយ, ប្រជាពលរដ្ឋនៅក្រៅប្រទេសស្រាប់រួមទាំង សម រង្សី នឹងមកជាជំនួយ ប្រទេសសេរី រួមទាំងអង្គការសហប្រជាជាតិ ក៏នៅខាងប្រជាពលរដ្ឋស្នេហាជាតិ… ទាំងអស់នេះហើយ ដែលគេធ្លាប់បានឃើញ‹ឧទ្ទាម›នៃមេដឹកនាំប្រទេសផ្តាច់ការ ប្រែក្លាយជា‹ចលនារំដោះប្រជាជាតិ›ដ៏ខ្លាំងខ្លា ងើបឡើងដើម្បីរំលំ‹របបតិរិច្ឆាន›ចោលចេញ ពិគ្រប់ទីកន្លែងនោះ៕