‹‹ទស្សនៈនយោបាយនៅកម្ពុជា›› ជញ្ជីងអយុត្តិធម៌-ពលរដ្ឋខ្មែរនៅតែមិនខ្លាច

ដោយ ពិន សំខុន

លទ្ធផលបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៤មិថុនានេះ ប្រជាពលរដ្ឋខ្មែរក្បែរពាក់កណ្តាលនគរ បានបញ្ចេញមតិ គាំទ្រក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិ។ ៥ពាន់ ទល់នឹង ៦ពាន់នាក់ ចូលរួមចលនាត្រួតត្រាប្រទេសបានកើនចំនួនដ៏ច្រើនខ្លាំងខ្លា តែភាពមិនស្មើកម្លាំងគ្នាបានធ្វើឱ្យលទ្ធផលបានមេឃុំតែ៤៨៩ ទល់នឹង១១៦០ របស់គណបក្សប្រជាជន ។

គឺជាកម្លាំតស៊ូ១ទល់នឹង២ របស់ប្រជាពលរដ្ឋខ្មែរដែលហ៊ានខ្លាំងណាស់ ទប់ទល់នឹងការគម្រាមកំហែង តែនៅតែទទួលបានលទ្ធផលខ្ពស់ដដែលរបៀបនេះ គឺជា‹វិរភាព›នៃពលរដ្ឋនឹងគណបក្សមួយ ដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងប្តូររបបដឹកនាំប្រទេសទៅរកលទ្ធិប្រជាធិបតេយ្យថ្មីមួយបាន។

សប្តាហ៍ទី២៧មិថុនានេះ ខ្ញុំបានជួបអ្នកនយោបាយគណបក្សសង្គ្រោះជាតិម្នាក់ លោកនិយាយថាៈ ១-‹លោកមិនសង្ឃឹមថា ខ្មែរនឹងមានការបោះឆ្នោតនៅឆ្នាំ២០១៨នោះទេ› ប្រយោគនេះធ្លាយមកដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គម្រាមហើយគម្រាមទៀតអំពីសង្គ្រាមនឹងកើតឡើង បើលោកមិនកាន់អំណាចតទៅទៀតទេ,ហ៊ុន សែនគិតថាដោយសារ‹កម្ពុជាជាជ័យភ័ណ្ឌរបស់គាត់ ជាអ្នកដែលបានបណ្តេញក្រុមខ្មែរក្រហមកាលពីថ្ងៃ៧មករា១៩៧៩› ហើយគណបក្សប្រជាជនដែលប្រាកដជានឹងចាញ់ឆ្នោតប្រឈមនឹងគណបក្សសង្គ្រោះជាតិនៅខែកក្កដា២០១៨ខាងមុខ ដូច្នេះគណបក្សប្រជាជននឹងបង្ករលក្ខណៈគ្រប់យ៉ាងនៅ១ឆ្នាំខាងមុខ ដើម្បីកុំឱ្យការបោះឆ្នោតប្រព្រឹត្តទៅបាន, តែលោកបន្តរថាៈ ២-‹បើមានការបោះឆ្នោតទៅវិញ តែសង្គ្រោះជាតិបែរជាចាញ់ឆ្នោតលើកនេះទៀត កម្ពុជានឹងចប់ហើយ, ងើបចេញពីកណ្តាប់ដៃយួនមិនរួចទេ!› ជាការពិតដែលគេឃើញការបង្រើយួនរបស់រដ្ឋបាលលោកហ៊ុន សែន កាន់តែជ្រៅទៅៗរាល់ថ្ងៃរាល់ឆ្នាំ ក្នុងដំណើរទៅរករូបភាពជាប្រទេស‹ចម្ប៉ា› យួនមិនមែនជាប្រទេសសម្ព័ន្ធមិត្រទេ គណបក្សប្រជាជន បើឈ្នះឆ្នោតលើកនេះទៀត ប្រាកដជានឹងបញ្ចប់កាងារយកដីខ្មែរទៅឱ្យប្រទេសយួននោះជាមិនខាន។

១-បើគ្មានការបោះឆ្នោតឆ្នាំ២០១៨…

ខ្ញុំមិនបានយល់ស្របទស្សនៈអ្នកនយោបាយនោះទាំងស្រុងទេ ពីព្រោះថា នយោបាយគណបក្សប្រជាជន‹នៅត្រូវការការបោះឆ្នោតជាចាំបាច់›នៅឡើយគ្រប់គ្រងប្រទេសដោយគ្មានការទទួលស្កាល់ពិប្រទេសសេរីនឹងជាពិសេសពីប្រទេសអាស៊ានដែលតម្រូវឱ្យប្រទេសជាសមាជិកជាប្រទេសប្រជាធិបតេយ្យ គឺប្រាកដជាគាំងដំណើរ ប្រទេសចិនក៏ជួយគណបក្សប្រជាជនមិនរួច ដោយសារខ្មែរជាប្រទេសទន់ខ្សោយបំផុតសេដ្ឋកិច្ច ត្រូវការគេជួយពីក្រៅ, ហ៊ុន សែន ក៏ជាជននៅមានល្បិចនយោបាយ ណឹងអំណាចបំបែកបំបាក់ផ្ទៃក្នុងខ្ពស់ចំពោះគណបក្សណាហ៊ានមកដណ្តើមអំណាចពីដៃខ្លួន, រួមសេចក្តីៈ ហ៊ុន សែន នៅតែត្រូវការយន្តការបោះឆ្នោត តែក្នុងលក្ខខណ្ឌដែលគណបក្សប្រជាជនត្រូវតែឈ្នះឆ្នោត។ប្រសិនបើមានល្បិចធ្វើមិនឱ្យមានបោះឆ្នោតប្រជាពលរដ្ឋខ្មែរនឹងមើលឃើញថា ល្បិចនោះជាអ្វី ? ចេញមករបៀបណា ? ពីព្រោះមិនមែនប្រជាពលរដ្ឋនៃ១០ឆ្នាំមុននោះទេ -កុំភ្លេចថា‹លោក អាគីណូ នៃប្រទេសហ្វីលីពីន នៅក្រៅប្រទេស បានប្តូរនយោបាយផ្តាច់ការពីដៃដែកប្រធានាធិបតី ស៊ូហាតូ បាន› រីឯ ‹លោកស្រី អូនសាន់ស៊ូជី នៃប្រទេសភូមា កំពុងមានជោគជ័យក្នុងការប្តូរអំណាចផ្តាច់ការពីដៃដែកក្រុមយោធា….. សូធីន បាន›ដូចគ្នា, សូមកុំនឹកថា សមរង្សី-កឹមសុខា មិនមែនជា អាគីណូ ឬ ស៊ូជី ឱ្យសោះ ពីព្រោះនោះគឺជាការមើលងាយដល់កម្លាំងតស៊ូរបស់ប្រជាពលរដ្ឋខ្មែរដែលនៅពីក្រោយនោះពេកហើយ!គណបក្សសង្គ្រោះជាតិបានបញ្ចេញតម្រុយប្រាប់ពលរដ្ឋខ្លះៗមកហើយថាៈ ពលរដ្ឋខ្មែរកំពុងឈរនៅលើប្រធានបទក្តៅៗដូចជា‹សម្លឹងមើលសាវតារនៃគណបក្សប្រជាជនដែលមានកំណើតពីនយោបាយវាតទឹកដីរបស់យួន› ដូចជាប្រធានបទក្តៅនៃ‹កម្ពុជាក្រោមដែលមានប្រជាពលរដ្ឋខ្មែរត្រូវរំដោះខ្លួន…› ទាំងនោះ បើគ្មានការបោះឆ្នោតទេ យើងនឹងដឹងថា‹កំដៅ›វានឹងឡើងពីទឹកណាហើយ។

២-បើសង្គ្រោះជាតិចាញ់ឆ្នោតឆ្នាំនេះ យួននឹងយកកម្ពុជាហើយ…

ចំពោះគំនិតថា‹បើចាញ់ឆ្នោតលើកនេះទៀត ប្រទេសកម្ពុជានឹងចប់ហើយ មុខជានឹងក្លាយទៅជាយួនហើយ› ខ្ញុំនៅតែមានទុទដ្ឋិនិយម ថា‹ភាពធ្ងន់ធ្ងរកាន់តែកើនមែន ភាពគ្រោះថ្នាក់-ផ្តាច់ការ នឹងហឹង្សាក៏កាន់តែរឺងប៉ឹងមែនហើយ ប៉ុន្តែគណបក្សសង្គ្រោះជាតិនឹងរឺតតែមានប្រជាប្រីយភាពក្នុងការហ៊ានទប់ទល់នឹងអំណាចហ៊ុន សែន ពុំមាននរណាស្មានដល់នោះទេ, ការតស៊ូរបស់ពលរដ្ឋដែលស្រឡាញ់ជាតិក៏នឹងមានសន្ទុះរហូតដល់ផ្ទុះសង្គ្រាមស៊ីវិលក៏អាចថាបាន, គេក៏មិនត្រូវភ្លេចទេថា‹សន្លឹកបៀរអាត់មួយទៀតនៅក្រៅប្រទេស គឺ សម រង្សី ជាមេដឺកនាំម្នាក់ទៀតដ៏មានប្រជាប្រីយភាពទាំងក្នុងនឹងក្រៅប្រទេស ដែលមានដៃទំនេរ កំពុងរង់ចាំអ៊ុតលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨នោះ លោកអាចប្តូរចរន្តនយោបាយ‹ត្រជាក់›របស់សង្គ្រោះជាតិ មក‹ក្តៅ›វិញក៏បានដែរ មិនថាច្បាប់បានហាមឃាត់មិនឱ្យលូកដៃ ចូលនយោបាយក៏ដោយ ពីព្រោះច្បាប់អយុត្តិធម៌ មិនអាចប្រើចំពោះសម រង្សី ដែលនៅក្រៅប្រទេសបានទេ។

ម្យ៉ាងទៀត លទ្ធផលនៃការបោះឆ្នោត ក៏មិនទាន់ធានាថានឹងឈ្នះគណបក្សប្រជាជននៅឡើយទេ ដោយសារស្របគ្នានឹងការគម្រាមរបស់លោក ហ៊ុន សែន ក៏គណបក្សប្រជាជនខំប្រឹងណាស់ដែរដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនដែលនៅក្នុងដង្គាបរបស់គេ នៅតែបោះឆ្នោតឱ្យគេដដែល ហើយបន្ថយចំណង់បោះឆ្នោតឱ្យសង្គ្រោះជាតិឱ្យមកនៅកំរឹតជាអប្បរិមា។ សេចក្តីរាយការនៃអ្នកសង្កេតការឯករាជ្យ បាននិយាយថា‹គណបក្សប្រជាជនបណ្តេញមន្ត្រីគ្មានប្រសិទ្ធភាពរបស់ខ្លួន បញ្ចេញអ្នកឧកញ្ញាខ្លួនឱ្យទៅសួរសុខទុករាស្ត្រម្ចាស់ឆ្នោត ខិតខំដោះស្រាយជម្លោះដីធ្លីឬក៏នៅតែមានអ្នកមិនទាន់ដាច់ចិត្តពីអ្នកធ្វើការចាស់នៅឡើយ…›ដូច្នេះលទ្ធផលនៃការបោះឆ្នោតខាងមុខ វានឹងនៅប្រទាញប្រទង់គ្នាក្បែរៗ៥០% ទល់នឹង៥០%នោះហើយ, ទាយទុកថា‹បោះឆ្នោតឆ្នាំក្រោយចាញ់វាចប់ហើយនោះ ប្រាកដជាមិនមែនទេ!នយោបាយនៅតែធ្វើបាននៅឡើយ បន្ទាប់ពិពីបោះឆ្នោតរួច គ្មានគណបក្សណាមួយនឹងរលាយបាននោះទេ ជាពិសេសនៅពេលដែលសម្លេងពលរដ្ឋនៅប្រកៀកគ្នាក្បែរ៥០%នោះ។

មានសម្លាញ់ម្នាក់ទៀត ដែលធ្លាប់ភ្លក់រស់ជាតិជាសមាជីកបក្សប្រជាជន ជាអតីតៈសមាជិកជាន់ខ្ពស់ថែមទៀតនោះ និយាយថាៈ ខ្ញុំមើលឃើញថា ហ៊ុន សែន នឹងមិនថយក្រោយទេ យោងតាមអតីតកាលជាមេទ័ព ជាមេខ្មែរក្រហម រួចជាលេខាបក្ស តួរនាទីទាំងនេះបង្ហាញថា ជាមនុស្សមានលក្ខណៈដាច់ណាត់ ដូច្នេះ‹បោះឆ្នោតឬមិនបោះគណបក្សប្រជាជនត្រូវតែឈ្នះ›។ មែនហើយ! នរណាក៏ដឹងពីការប្តេជ្ញាចិត្តរបស់ ហ៊ុន សែន ហើយប្រើ‹ដង្គៀបដៃដែក›ក្នុងការគ្រប់គ្រងជ័យជំនះរបស់ខ្លួន តែស្របពេលជាមួយគ្នានោះ ការតស៊ូរបស់ពលរដ្ឋខ្មែរ រួមដៃជាមួយនឹងគណបក្សប្រឆាំងមួយដែលគេជឿបានធ្វើឱ្យ‹ជញ្ជីងអយុត្តធម៌ខ្មែរ›មិនបាក់ទៅខាងយួននៅឡើយជារហូតមក៣០-៤០ឆ្នាំហើយនោះទេ ជ័យជំនះរបស់គណបក្សប្រជាជន គ្រាន់តែជារង្វាន់ថ្មីមួយដល់វៀតណាមមែន ប៉ុន្តែការតស៊ូនៅតែបន្តរប្រើពេលកាន់តែវែងប៉ុណ្ណោះ –  ខ្ញុំជឿថា ទោះជាវែងប៉ុណ្ណាក៏ដោយ កម្ពុជាជាផ្ទះរបស់ខ្មែរ ជាឈាមរបស់យើង ‹ហ៊ុន សែន នឹងមានដៃគូរធ្វើសង្គ្រាម នៅពេលដែលដំណាក់ការបាត់បង់កម្ពុជាជាស្ថាពរបានមកដល់› – ឱទាហរណ៍ដ៏គួរឱ្យចងចាំ គឺនៅឆ្នាំ១៩៧៩ជាមួយការយកទឹកដីខ្មែររបស់យួន ក៏ជាកំណើតនៃចលនាតស៊ូប្រដាប់អាវុធរំដោះទឹកដី រហូតដល់បានកម្ពុជាមកវិញនៅឆ្នាំ១៩៩៣ដែរ ។

‹បោះឆ្នោតឬមិនបោះ គណបក្សប្រជាជនត្រូវតែឈ្នះ› គណបក្សប្រជាជនរបស់ ហ៊ុន សែន ធ្លាប់ឈ្នះឆ្នោតនៅឆ្នាំ២០០៣-២០០៨ហើយទេតើ ដោយប្រើ‹ជញ្ជីងអយុត្តធម៌›របស់ខ្លួន តែចលនាតស៊ូគ្មានអាវុធរបស់ សម រង្សី ក៏បានប្តើមឡើងយ៉ាងប្តូរផ្តាច់ដែរ – មកដល់ឆ្នាំ២០១៣ សមរង្សី-កឹមសុខា បានឱ្យកំណើតដល់ចលនាធំមួយឈ្មោះសង្គ្រោះជាតិ – តែហ៊ុន សែន បានយកឈ្នះឆ្នោតម្តងទៀតដោយប្រើ‹ជញ្ជីងអយុត្តិធម៌›ដដែលរបស់ខ្លួន តែមិនមែនឈ្នះដោយសម្លេងពិតប្រាកដរបស់ពលរដ្ឋខ្មែរទេ។

ជញ្ជីងអយុត្តិធម៌ជាអ្វី?

ខុសពីប្រទេសប្រជាធិបតេយ្យ ដែលគូរប្រកួតនយោបាយទាំងអស់មានសិទ្ធស្មើគ្នាក្នុងការប្រកួតយកសន្លឹកឆ្នោតពីប្រជាពលរដ្ឋ នៅប្រទេសកម្ពុជាមានគណបក្សកាន់អំណាច ចុះឈ្មោះប្រកួតដែរតែមានសិទ្ធធំជាងគណបក្សឯទៀតៗទាំងអស់ គណបក្សកាន់អំណាចនោះមាន‹ជញ្ជីងរបស់គាត់សម្រាប់ឱ្យគណបក្សទាំងអស់ថ្លឹង›តែជញ្ជីងនោះមានភាពអយុត្តិធម៌១០យ៉ាងៈ ១-ប្រើកម្លាំងតុលាការ-ប៉ូលីស-ទាហ៊ាន ដើម្បីផ្តល់ចំណេញនៅខាងគាត់ទាំងអស់ ២-កម្លាំងគ.ជ.ប.ដែលមានសមាជិកគណបក្សប្រជាជនពាក់កណ្តាល បានដាក់គុកសមាជិកអង្គភាពរបស់ខ្លួនបាន គឺគម្រាមសមាជិកឯទៀតៗមិនឱ្យទាមទាររកយុត្តិធម៌ឱ្យអ្នកដ៏ទៃបានពេញលេញទេ ៣-រៀបភូមិសាស្ត្រនៃអ្នកបោះឆ្នោតផ្តល់ផលចំណេញដល់គណបក្សកាន់អំណាច នៅក្នុងកណ្តាប់ដៃនៃរដ្ឋាភិបាល ៤-រក្សាដាក់គំនាបលើរាជការអង្គភាព-រក្សាសូកចិត្តពលរដ្ឋ បានប្រមាណ៣០-៤០% ជារៀងរហូត ឱ្យបោះឆ្នោតឱ្យគណបក្សខ្លួនទាំងរំលោភច្បាប់ ៥-រៀបចំឯកសារជនមិនស្របច្បាប់ឱ្យអាចបោះឆ្នោតបាន ៦-បញ្ចេញសារគម្រាមកំហែងដល់ជីវិតពីសំណាក់អ្នកមានអំណាច ចំពោះគណបក្សប្រឆាំង នៅពេលបោះឆ្នោត ដោយគ្មានទោសពៃរ៌ ឬដោយគ្មានការស្តីបន្ទោស ៧-ពេលបោះឆ្នោត ក្រុមសកម្មជននឹងរដ្ឋអំណាចគណបក្សប្រជាជន អាចឆ្លៀតឱកាសបន្លំ ឬរំខាន ឬបំបាក់ទឹកចិត្តគណបក្សប្រឆាំង ក្រោមកិច្ចកាពារពីអ្នកកាន់អំណាច ៨-សូកនឹងគម្រាមដោយចំហរឱ្យប្រជាពលរដ្ឋក្រីក្របោះឆ្នោតឱ្យខ្លួន នៅពេលបោះឆ្នោត ៩-គណបក្សកាន់អំណាចមានសិទ្ធគម្រាមកំហែងនឹងចាប់ដាក់គុកអង្គការសិទ្ធមនុស្ស ដោយគ្មានជំនុំជំរះ មិនឱ្យបំពេញកាងារដោយសុច្ចរឹតបាន ១០-ចុងបញ្ចប់ មានសិទ្ធមិនព្រមប្រគល់អំណាច នៅពេលចាញ់ឆ្នោតគណបក្សប្រឆាំង។

‹ជញ្ជីងអយុត្តិធម៌›លែងជាអាថ៌កំបាំងហើយៈ ប្រជាពលរដ្ឋខ្មែរហ៊ានប្រកួតជាមួយ ហ៊ុន សែន ទោះជាលោកនៅប្រើជញ្ជីញអយុត្តិធម៌នោះក៏ដោយ តែលោកហ៊ុន សែនខ្លួនឯងទៅវិញទេដែលកំសាកញីខ្លាចតាំងពី សម រង្សី តែម្នាក់ឯង, និយាយថាខ្លួនឯងជា‹បុរសខ្លាំង›តែចូលប្រកួតក្នុងសៃវៀន ដោយនៅតែប្រើអាវុធសម្ងាត់ទៅលើពលរដ្ឋរបស់ខ្លួនដដែល។នៅក្នុងការប្រកួត‹បោះឆ្នោតឃុំសង្កាត់›លើកនេះ ប្រជាពលរដ្ខខ្មែរវិញ ប្រឈមមុខនឹងគ្រោះថ្នាក់១០០ជំពូក គ្មានអ្វីអាងក្រៅតែពីខ្លួនឯង ពលី‹ជីវិត›ដើម្បីជីវភាពប្រសើរជាមួយនឹងគណបក្សសង្គ្រោះជាតិ បានមកដល់ទីមួយដែលពន្លឺនៃជ័យជំនះលើពួកផ្តាច់ការបានលេចមកខ្លះហើយ ។

វីរភាពនេះខ្ពង់ខ្ពស់ណាស់ ដែលប្រជាពលរដ្ឋខ្មែរអាមេរីកាំង ខ្មែរបារាំង ខ្មែរអូស្ត្រាលី …។ល។ ដែលមានជំហ៊រជាអ្នកប្រជាធីបតេយ្យ ត្រូវទទួលភារកិច្ចជាអ្នកជួយជម្រុញវិរភាពនៃពលរដ្ឋខ្មែរបច្ចុប្បន្ន ឱ្យយកជ័យជំនះនៅឆ្នាំ២០១៨ ប្តូរដៃឱ្យខាងតែបាន៕