បច្ចុប្បន្នភាពនៃពលរដ្ឋខ្មែរនិរទេសចេញពី​សហរដ្ឋអាមេរិក​មកកាន់កម្ពុជា​

ដោយ សុខារ័ត្ន កូយ

ភ្នំពេញ – កាលពីពេលថ្មីនេះ ពលរដ្ឋខែ្មរដែលរស់នៅក្នុងទឹកដីអាមេរិកជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសកម្ពុជា ហើយតួលេខនៃការធ្វើនិរទេសមានការកើនឡើងជាលំដាប់ជាពិសេសបន្ទាប់ពីការឡើងកាន់ដំណែងជាប្រធានាធិបតេយ្យថ្មីរបស់លោក ដូ ណាល់ត្រាំ ដែលលោកបានកំពុងអនុវត្តន៏នូវការសន្យា ក្នុងកំឡុងពេលយុទ្ធានាការបោះឆ្នោតពីគោលនយោបាយអន្តោប្រវេសន៏ ក្នុងហេតុផលដើម្បីសុវត្ថភាព និងសន្តិសុខប្រទេសអាមេរិក។

លោក ប៊ីល ហឺរ៉ដ (Bill Herod) ទីប្រឹក្សានៃមជ្ឈមណ្ឌលគាំទ្រជនមាតុភូមិនិវត្តន៏សមារណកម្ម (Returnee Integration Support Center) ហៅកាត់RISCដែលធ្វើការងារផ្ទាល់ជាមួយជនភៀសខ្លួនបានឲ្យខ្មែរផុសដឹងតាមរយៈសារអេឡិចត្រូនិចថាគិតពីឆ្នាំ ២០០២ រហូតមកដល់បច្ចុប្បន្ននេះពលរដ្ឋខ្មែរសរុបទាំងបុរសនិងស្ត្រីចំនួន ៥៦៦ នាក់ហើយដែលត្រូវបាននិរេទសចេញពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជា បានរស់នៅជុំរិញប្រទេសកម្ពុជា ដែលភាគច្រើនរស់នៅក្រុងភ្នំពេញ និងខេត្តបាត់ដំបង ហើយមួយចំនួនតូចរស់នៅខេត្តផ្សេងៗទៀត ។

បើតាមការឲ្យដឹងពីលោក ប៊ីល ហឺរ៉ដ ពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនមកកម្ពុជា ជាទូទៅប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនប្រភេទចាប់ពីបទល្មើសតូចតាចរហូតដល់បទឧក្រិដ្ឋហិង្សាធ្ងន់ធ្ងរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ភាគច្រើននៃអ្នកដែលត្រូវបញ្ជូនមក មិនបានដឹងថាការធ្វើនិរទេសនឹងមិនទំនងជាអាចកើតមានឡើងនៅចំពេលនៃការប្រព្រឹត្តបទល្មើសពួកគេនោះទេ។

លោកបានបន្តថា បញ្ហាប្រឈមជាក់ស្តែងសម្រាប់ពលរដ្ឋខ្មែរអាមេរិកដែលត្រូវបាននិរទេសមកកម្ពុជាគឺ អ្នកមួយចំនួននិយាយភាសាខ្មែរមិនបានល្អនោះទេ។ ពួកគេជាច្រើន មិនមានការជួយពីគ្រួសារនៅអាមេរិក រឺកម្ពុជានោះទេនៅពេលមកដល់។ពួកគេជាច្រើន បានរៀបការ និងចាប់ផ្តើមគ្រួសារក្នុងប្រទេសកម្ពុជា។​ បន្ទាប់ពីការមកដល់ក្នុងរយៈដំបូង ពួកគេភាគច្រើនរស់តាមបែបជីវភាពធម្មតា​ ប៉ុន្តែពួកគេតែងតែចង់ចាំ និងនឹកឃើញមិត្តភ័ក្រ្តនិងក្រុមគ្រួសាររបស់ពួកគេដែលនៅសហរដ្ឋអាមេរិក។​

ជនភៀសខ្លួនទាំងនោះ ធ្វើរាល់ការងារទាំងអស់ភាគច្រើនបង្រៀនភាសាអង្លេស រឺធ្វើជាអ្នកបកប្រែភាសា​, អ្នកបើកបរឡាន, សន្តិសុខ រឺធ្វើការនៅខាងផ្នែកបដិសណ្ឋារកិច្ច ដូចជាអ្នកទទួលទូរសព្ទ, អ្នកបំរើតាមហាង, ជាងជួសជុលគ្រឿងអូឌីយ៉ូ, អ្នករត់តាកស៊ី រឺម៉ូតូកងបីជាដើម ហើយមួយចំនួនតូច មានការងារដែលមានមុខតំណែង និងប្រាក់ចំណូលល្អក្នុងក្រុមហ៊ុន ហើយមួយចំនួនទៀត បានចាប់ផ្តើមអាជីវកម្មតូចតាចផ្ទាល់ខ្លួន តែខ្លះទៀតតស៊ូធ្វើការងារខាងផ្នែកសំណង់ដែលទទួលបានប្រាក់ចំណូលទាប។ ទំនេរពីការងារពេលខ្លះ ពួកគេមួយចំនួនជួបជុំគ្នាលេងកីឡាបាល់បោះនិងហូបអាហារជុំគ្នានូវខាងក្រៅ។

ការធ្វើមាតុភូមិនិវត្តន៍ គឺកើតចេញពីកិច្ចព្រមព្រៀងទ្វេរភាគគីលើការបង្កើតគណកម្មការចំរុះកម្ពុជាអាមេរិកស្តីពីធ្វើមាតុភូមិនិវត្តន៍ (U.S.-Cambodian Joint Commission on Repatriation)កាលពីឆ្នាំ ២០០២ ដោយអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនិរទេសពលរដ្ឋខ្មែរដែលរស់នៅស្របច្បាប់ក្នុងទឹកដីសហរដ្ឋអាមេរិកក្រោយពីការអនុវត្តន៏ទោសជាប់ពន្ធនាគារ។

ដោយសារតែកិច្ចព្រមព្រៀងនេះ បានធ្វើឲ្យពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិកដែលខ្លះកើតក្នុងទឹកដីកម្ពុជា និងខ្លះទៀតមានកំណើតនៅជំរំជនភៀសខ្លួនក្នុងទឹកដីថៃ មានឈ្មោះក្នុងបញ្ជីគោលនយោបាយជនអន្តោប្រវេសន៏សហរដ្ឋអាមេរិក និងត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ដោយក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក (US Department of Homeland Security) តាមរយៈអាជ្ញាធរអន្តោប្រវេសន៏ ដោយសារមានទោសទណ្ឌរឿងប្រព្រឹត្តបទល្មើស និងធ្លាប់ជាប់ពន្ធនាគារ។​ ទទឹមនឹងនេះក៏មានពលរដ្ឋខ្មែរមួយចំនួនកំពុងតែជាប់បណ្តឹងឡើងតុលាអាមេរិកដើម្បីប្រឆាំងទាស់ទៅនឹងការចង់ចាប់បញ្ជូនខ្លួនរបស់ក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិកផងដែ។

លោក ប៊ីល ហឺរ៉ដ បានលើកឡើងថា <<គោលនយោបាយនៃការនិរទេសពលរដ្ឋដែលត្រូវបានទទួលស្គាល់ក្នុងទឹកដីអាមេរិកជាជនភៀសខ្លួន រឺបានទទួលសិទ្ធរស់នៅស្រមច្បាប់ជាពលរដ្ឋអចិន្រ្តៃយ៍ហើយនោះគឺជាទង្វើអសីលធម៍និងហួសហេតុប៉ុន្តែវាគឺជាសកម្មភាពស្របច្បាប់មួយ។ ពលរដ្ឋទាំងនេះ តាមបច្ចេកទសគឺជាប្រជាជនកម្ពុជា មិនមែនជាពលដ្ឋរបស់សហរដ្ឋអាមេរិកនោះទេ ហើយស្ថានភាពរបស់ពួកគេ គឺជាលទ្ធផលមកពីការបរាជ័យនៃដំណើរការនៃការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនក្នុងទឹកដីអាមេរិក>>។ តាមការរាយការណ៏របស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី ៣០ ខែមិនាតាមរយៈការដកស្រង់សម្តីរបស់អតីតជនភៀសខ្លួនដែលចេញពីសហរដ្ឋអាមេរិកថាការធ្វើមាតុភូមិនិវត្តន៍នេះ គឺជាការរំលោភបំពានសិទ្ធិពួកគេ។

ទាក់នឹងកិច្ចព្រមព្រៀងនេះផងដែរ រដ្ឋាភិបាលកម្ពុជា បង្ហាញប្រតិកម្មជំទាស់ទៅនឹងវិធានការបញ្ជូនខ្លួនពលរដ្ឋកម្ពុជានេះ ហើយកាលពីចុងខែតុលា ២០១៦ក្រសួងការបរទេសប្រទេសកម្ពុជា ក៏បានស្នើរសុំស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ ឲ្យធ្វើការពន្យាពេលជាបណ្តោះអាសន្ននូវកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ឆ្នាំ ២០០២ ហើយបន្ទាប់មក ភាគីកម្ពុជាក៏បានបញ្ចប់ពង្រៀងសំណើរវិសោធនកម្មកិច្ចព្រមព្រៀងបញ្ជួនខ្លួនរួចរាល់ហើយនឹងលើកសំណើរសុំចចារឡើងវិញជាមួយភាគីអាមេរិក។ លោក ប៊ីល ហឺរ៉ដ ថា <<ខ្ញុំមិនរំពឹងថាសហរដ្ឋអាមេរិកនឹងកែសម្រួលកិច្ចព្រមព្រៀងបញ្ជួនខ្លួននេះនោះទេ>>

លោកបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចេញបែបបទធ្វើដំណើរដល់ជនភៀសខ្លួនខ្មែរអាមេរិកទាំង ៥៥៦ នាក់រួចរាល់​ចាប់តាំងពីឆ្នាំ ២០០២ ហើយរដ្ឋាភិបាលកម្ពុជា ក៏បានបរិសេដចំពោះករណីនៃការបញ្ជួនខ្លួនមួយចំនួនកាលពីពេលកន្លងទៅ ដោយយោងតាមកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍រវាងកម្ពុជា និងអាមេរិកនេះដែលអនុញ្ញាតឲ្យធ្វើការពិនិត្យករណីមួយម្តងៗ ផ្អើកលើបុព្វហេតុមនុស្សធម៌និងមេត្ដាករុណា។ រដ្ឋាភិបាល ហាក់បីដូចជាកំពុងតែប្រើប្រាស់ប្រការនេះកាន់តែខ្លាំងជាងមុន ដូច្នេះយើងគួរតែជំរុញ និងគាំទ្រចំពោះកិច្ចខំប្រឹងប្រែងនេះ ជាពិសេស ដោយសារ រដ្ឋបាលអាមេរិកបច្ចុប្បន្ននេះ ហាក់ដូចជាទំនោរពង្រើកការអនុវត្តន៏ផ្នែកនៃបទល្មើសដែលអាចនិរទេស។​

សូមបញ្ជាក់ថា មជ្ឈមណ្ឌលគាំទ្រជនមាតុភូមិនិវត្តន៏សមារណកម្ម (RISC) ជាអង្គការមិនមែនរដ្ឋាភិបាលបង្កើតឡើងក្នុងឆ្នាំ ២០០២ដើម្បីឆ្លើយតមទៅនឹងការធ្វើមាតុភូមិនិវត្តន៏ដំបូងនៃពលរដ្ឋខ្មែរអាមេរិក និងមានអ្នកបំរើការងារចំនួន ៤ នាក់។ រាល់ការមកដល់របស់ជនភៀសខ្លួនខ្មែរពីអាមេរិក អង្គការRISCនឹងជួបជាមួយពួកគេនៅពេលមកដល់ និងជួយឲ្យជួមជាមួយនឹងសាច់ញាតិដែលពួកគេមាន។​ ប្រសិនបើមិនមានសាច់ញាតិនោះទេ RISC នឹងផ្តល់ការស្នាក់នៅជាបណ្តោះអាសន្ន និងជួយតំរង់ទិសនិងសម្រួលក្នុងការទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណសំខាន់ៗ, ស្វែងរកការងារធ្វើ និងផ្ទះស្នាក់នៅអចិន្ត្រ័យ ព្រមទាំងជួយការសេវាសង្គ្រោះបន្ទាន់បើចាំបាប់។