បារាំងជ្រើសបានប្រធានាធិបតីថ្មីដែលបញ្ចប់ការព្រួយបារម្ភ Emanuel Macron elected President ofFrance

ដោយ ពិន សំខុន

ការបោះឆ្នោតប្រធានាធិបតីថ្មីរបស់ប្រទេសបារាំង លទ្ធផលបានទៅលោក អេម៉ានុយអែល ម៉ាក្រុង អាយុ៣៩ឆ្នាំ ដែលជាអតីតប្រធានធានាគារ ជាអតីតនាយកការិយាល័យប្រធានាធិបតី ហ្វ្រង់ស្វា អូឡងដ៍, ចុងក្រោយបង្អស់អតីតរដ្ឋមន្ត្រីគណបក្សសង្គមនិយមក្រសួងសេដ្ឋកិច្ច (មាននិន្នាការនយោបាយឆ្វេងកណ្តាល), លោកបានលាចាកពីគណបក្សសង្គមនិយម មកបង្កើតគណបក្សឯករាជ្យកណ្តាលនៅឆ្នាំ២០១៦តែនៅមានទំនាក់ទំនងល្អជាមួយ

គណបក្សសង្គមនិយមនៅឡើយ។ ចំពេលដែលសហភាពអឺរ៉ុប កំពុងមានវិបត្តិភេរវកម្មអ៊ីស្លាម ហើយគណបក្សស្តាំនឹងឆ្វេងប្រទេសបារាំងទាំងអស់ បានត្រូវបេក្ខនារី ម៉ារីន ឡឺផែន វាយប្រហារពីអសមត្ថភាពក្នុងការកាពារប្រទេសបារាំងពីភេរវកម្ម‹អាយស៊ីស›អស់រលីង នៅសល់តែ អេម៉ានូយអែល ម៉ាក្រុង តែម្នាកគត់ ដែលជាទីសង្ឃឹមថាទប់ចរន្តនិន្នាការនយោបាយស្តាំផុតបាន ហេតុនេះហើយបានជាឆ្នោតរបស់ ម៉ាក្រុងឡើងរហូតដល់៦៥% រីឯ ម៉ារីន ឡឺផែន បានឆ្នោតតែ៣៤%តែប៉ុណ្ណោះ ។

ជាប់ជាប្រធានាធិបតីភ្លាម លោក ម៉ាក្រុង បានផ្ញើរសារតាម‹ហ្វេសប៊ុក›មកប្រជាពលសហរដ្ឋអាមេរីក ឱ្យនៅតែមកកាន់ប្រទេសបារាំង ដោយប្រទេសលោកមិនមានការភ័យព្រួយបារម្ភ ដូចដែលលោកប្រធានាធិបតី ឌណល ត្រម និយាយក្រើនរំលឹកនោះទេ ហើយឱ្យចាត់ទុកប្រទេសបារាំងថា‹នៅតែមានសុវត្ថិភាពល្អ នឹងជាប្រទេសរបស់អ្នក›ដដែល។

ស្ត្រីទី១ថ្មីរបស់ប្រទេសបារាំង គឺលោកស្រីប្រ៊ីជីត ម៉ាក្រុង មានអាយុច្រើនជាង លោកប្រធានាធិបតី ម៉ាក្រុង ២៤ឆ្នាំ ហើតធ្លាប់ជាគ្រូបង្រៀនរបស់លោក ម៉ាក្រុង ផង ។ ប្រវត្តផ្អែមល្ហែម នឹង ជូរចត់នៃអ្នកទាំង២ បានឆ្លងអតីតកាលរហូតបាននៅជាប់លាប់គ្នា យ៉ាងពេញមុខរហូតមកដល់កាន់ដំណែងដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រទេសបារាំង ហើយបានទទួលការកោតសសើរក៏បានខ្ពង់ខ្ពស់ផងដែរ។

ប្រទេសបារាំងរបបថ្មី មិនផ្លាស់ប្តូរនយោបាយ ខុសពីជំនាន់មុនៗប៉ុន្មានទេ នៅរក្សាសមាជិកភាពរឹងមាំជាមួយសហភាពអឺរ៉ុបដដែល នៅមានការគាំទ្រដល់អ្នកគ្រីក្រ នឹងសមត្ថភាពតិច បានច្រើនខាងឆ្វេងនិយមដដែល ដែលខុសគ្នាត្រង់លោក ម៉ាក្រុង មិនមានជំពាក់គុណអ្វីនឹងនយោបាយក្រុមចាស់ៗ ជំនាន់មុននោះទេ ហើយមានឋាមពលជាមនុស្សក្មេង ដែលប្រជាជនបារាំងរង់ចាំការបញ្ចេញមកប្រើនូវនយោបាយថ្មិនេះ។ នៅពេលដែលលោកប្រធានគណកម្មការធម្មនុញ រ៉ូឡុង់ ហ្វាប្យូស ប្រកាសថ្លែងការណ៍ទទួលស្គាល់ប្រធានាធិបតីថ្មីរបស់បារាំង ដោយប្រើសំដីដូចជាគ្រូបង្រៀនប្រដៅសិស្សសាលារបស់ខ្លួន លោក ម៉ាក្រុង គ្រាន់តែឆ្លើយថា‹ប្រទេសបារាំងត្រូវការឋាមពលថ្មីសម្រាប់អភិវឌ្ឍន៍› ក៏ជាការគួរឱ្យយល់បានគ្រប់គ្រាន់ទៅហើយ។ ជាទូទៅ ថ្វីត្បិតតែមិនសូវស្គាល់ប្រវត្តិនយោបាយរបស់ លោកប្រធានាធិបតីថ្មីរបស់គេក៏ដោយ ពលរដ្ឋបារាំងមានការកក់ក្តៅនឹងលទ្ធផលនៃការបោះឆ្នោត ចុងក្រោយនេះ ដោយសង្ឃឹមថាប្រធានាធីបតីរបស់គេ នឹងដឺកនាំប្រទេសបានប្រសើរជាងវរជនជំនាន់មុន។

គួររំលឹកថា នៅប្រទេសបារាំង មានសហគមន៍ខ្មែរ-បារាំងច្រើន ចំនួនមិនចាញ់ខ្មែរ-អាមេរីកាំងទេ អ្នកទាំងនោះចូលរួមក្នុងនយោបាយសកម្មណាស់ដែរ តែមិនទាន់មានអ្នកដែលឡើងជាមន្ត្រីនយោបាយជាន់ខ្ពស់នៅឡើយទេ៕