ពិធីបុណ្យអុំទូកនៅឡូវែល 21st Annual Lowell Southeast Asian Water Festival 2017

ដោយ ពិន សំខុន

ឡូវែលៈ មនុស្សម្នាប្រមាណ៣ម៉ឺននាក់ បាននាំគ្នាមកទីគ្រប់ទិសទីនៃតំបន់‹ញូឥនគ្លិន› ចូលរួមពិធីបុណ្យអុំទូកនៅឡូវែល កាលពីថ្ងៃទី១៩កក្កដា២០១៧ ក្រោមបរិយាកាសជាគ្រួសារអាស៊ី នឹងក្រោមធាតុអាកាសថ្ងៃក្តៅលើស៨០អង្សារ ។

ដូចរៀងរាល់ឆ្នាំ ការប្រណាំងទូកជាប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ ជាអតីតមហានគរ ដែលបានលាតត្រដាងឥទ្ធិពលរបស់ប្រទេសនៅលើតំបន់មានវិសាលភាពធំធេង តាំងពីសត្យវត្យទី១រហូតដល់សតវត្យទី១៤ បានត្រូវយកមកប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃសៅរ៍ នៃសប្តាហ៍ទី៣នាខែកក្កដា នៅទន្លេ‹មេរីម៉ាក›ត្រង់កន្លែងទំនប់ទឹកធ្លាក់សិប្បនិមិត្ត ដែលកសាងឡើងកាលពី ១០០ឆ្នាំមុន សម្រាប់បំពេញព្រែកជីកក្នុងក្រុងឡូវែល ហើយបង្វិលម៉ាស៊ីនភ្លើងសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មសង្គ្រាមនៅសហរដ្ឋអាមេរីក។

កីឡាករ៧ក្រុម មាន៖ 1-Dragon Boat Z 2- Lady Klahan 3-Payanak 4-RI Phoenix 5-New England Top Gun 6-Angkorian Warriors 7-Brotherhood 0f Strenghtដែលសុទ្ធតែល្បីច្រើនឆ្នាំមកហើយ បានប្រកួតគ្នាជាថ្មីម្តងទៀត ជាមួយនឹងទូកងរបស់សហគមន៍ឡាវ២ នៅលើទឹកទន្លេ‹មេរីម៉ាក›។

នៅពេលដែលទូកកំពុងប្រណាំងយ៉ាងហ៊ឹកហ៊ាក់ក្នុងទន្លេ នៅលើច្រាំងឯណេះ តូបតូចៗប្រមាណ១០០ ក៏បានបញ្ចេញរបស់លក់ដូរ នឹងបង្ហាញផលិតផលនៃប្រជាជនអាស៊ីអគ្នេយ៍ យ៉ាងព្រោងព្រាត ទាក់ទាញអារម្មណ៍ភ្ញៀវគ្រប់ជាតិសាសន៍ ឱ្យភ្លក់រស់ជាតិម្ហូបអាហារពិសេសរបស់ប្រទេសខ្មែរ លាវ នឹងថៃ រួមទាំងចិន វៀតណាម ដែលជាជនជាតិថ្មីមករស់នៅដែនដីថ្មី ។

មនុស្សម្នាប្រជ្រៀតគ្នាទិញ ទឹកអំពៅកិន ទិញទឹកកកឈូស នៅមានសាច់គោអាំង ឬមាន់អាំង ដ៏ឈ្ងុយឆ្ងាញ់ សម្រាប់ហូបជាមួយបាយដំណើប ផ្ទាប់ជាមួយញាំល្ហុង ដ៏ហិលរបស់ជនជាតិឡាវ ។ មានពាណិជ្ជករលក់កូនឈើ មាក្រូចសើច មានដើមស្លឹកគ្រៃ ដើមផ្កានាស្រុកអាស៊ីយើង តូបខ្លះទៀតដាក់ផ្ទាំងគំនូរអង្គរវត្តខ្មែរ ឬក៏ជីវភាពប្រជាជនជនបទនៃស្រែចំការខ្មែរ…។

ប្រទេស៣ មានខ្មែរ ឡាវនឹងថៃ បានដណ្តើមបង្ហាញពីប្រវត្តិជាម្ចាស់នៃបុណ្យអុំទូក តែរៀងៗខ្លួន តែពុំមាននរណាមានទំនាស់ ពីប្រវត្តិដើមនៃពិធីដ៏មានប្រជាប្រីយនេះទេ គឺជាការរួមរស់ប្រកបដោយភាពចុះសម្រុងគ្នា ឥតប្រកែរប្រកាន់កសាងជីវិតថ្មីយ៉ាងសុខសាន្ត។