ព័ត៌មានរបស់កាសែតខ្មែរផុសនឹងមាននៅវ៉ិបសាយសាកលវិទ្យាល័យ UMASS Lowell

ឡូវែល– សាកលវិទ្យាល័យម៉ាសាជូសេតឡូវែល ហៅកាត់UMASS Lowell នៅពេលនេះ បានកំពុងរៀបចំប្រមូលផ្តុំព័ត៌មានរាល់ការចុះផ្សាយរបស់កាសែតខ្មែរផុសដែលមានចាប់តាំងពីលេខចេញផ្សាយដំបូងរហូតមកដល់បច្ចុប្បន្នមិនត្រឹមតែសម្រាប់ជាជំនួយដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវបុណ្ណោះទេ ថែមទាំងសម្រាប់សាធារណៈជនទូទៅផងដែរ។

003 copy copy

សាកលវិទ្យាល័យ UMASS Lowellដែលមានប្រវត្តិតាំងពីឆ្នាំ1894 ហើយបច្ចុប្បន្ននេះ បានក្លាយជាសាកលវិទ្យាល័យដ៏ល្បីមួយក្នុងចំណោមសាកលវិទ្យាល័យធំៗក្នុងរដ្ចម៉ាសាជូសេត ដោយមានសិក្សានុសិស្សចុះឈ្មោះសិក្សាកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ហើយក៏ជាសាកលវិទ្យាល័យដែលមានសិស្សមានសញ្ជាតិខ្មែរចូលសិក្សាច្រើនជាងគេផងដែរក្នុងតំបន់។ តាមរយៈកំណើននេះ UMASS Lowellបានបង្កើតមជ្ឈមណ្ឌលសេវា​ឌីជីថលមួយ ដែលជាកន្លែងសម្រាប់ជាជំនួយរាល់ព័ត៌មានជាឌីជីថល និងសាព័ត៌មានទាំអស់ដល់សិស្សានុសិស្ស។

លោក មេមីដ អាលី(Mehmed Ali)ជាជំនួយការនាយកផ្នែកគម្រោងគំនិតផ្តួចផ្តើមឌីជីថល(Digital Initiatives) បានប្រាប់កាសែតខ្មែរផុសតាមអ៊ីម៉េលឲ្យដឹងថា មជ្ឈមណ្ឌលសេវា​ឌីជីថល បានបង្កើតឡើងនៅឆ្នាំ 2016 និងមានតួនាទីជាច្រើនដូចជា រក្សាទុក និងកែសម្រួលព័ត៌មានឌីជីថល, ធ្វើឌីជីថលរាល់ឯកសារ, ខ្សែភាពយន្ដនិងខ្សែអាត់សម្លេង, ការដាក់អក្សររត់នៅលើវីដេអូ, បង្កើតវ៉ិបសាយ និងឲ្យខ្ចីឧបករណ៏សម្រាប់ធ្វើភាពយន្ត។

លោកបន្តថា តាមរយៈជំនួយហិរញ្ញវត្ថុថ្មីៗនេះពីអង្គការ National Endowment of the Humanitiesមជ្ឈមណ្ឌលសេវា​ឌីជីថលមានលទ្ធភាពធ្វើការរៀបចំរាល់ឯកសារដែលបានប្រមូលទាំងអស់ឲ្យបានរៀបរយ និងបានជួយដល់ការបង្កើតវិបសាយជាច្រើន ហើយបានដាក់បញ្ចូលឯកសារឌីជីថលប្រហែលជាង 50,000រួចមកហើយ។​

001 copy copy

មជ្ឈមណ្ឌលនេះ ក៏បានកំពុងប្រមូលព័ត៌មានជាភាសាខ្មែរដែលចេញផ្សាយដោយកាសែកខ្មែរផុស ស.រ.អាដោយសម្រួលទៅជាឯកសារឌីជីថល PDF សម្រាប់ផ្តល់ឪកាសដល់សិស្សានុសិស្សខ្មែរងាយស្រួលក្នុងកិច្ចការសិស្សាស្រាវជ្រាវ។ លោក អាលី  បានបន្ថែមទៀតថា ការប្រមូលព័ត៌មានចុះផ្សាយដោយកាសែកខ្មែរផុសនេះបានចាប់ផ្តើមតាំងពីឆ្នាំ 2016 និងមិនទាន់បានបញ្ចប់រួចរាល់នៅឡើយនោះទេ នូវកំពុងដំណើរការបន្តនៅឡើយ ហើយគ្រោងនឹងដាក់បញ្ចូលក្នុងបណ្ណាល័យ​ឯកសារ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឌីជីថលរបស់សាលានៅពេលបញ្ចប់ការប្រមូលនាពេលឆាប់ៗខាងមុខនេះ។ ដូច្នេះលោកអ្នក អាចនឹងទទួលបានព័ត៌មានរាល់ការចុះផ្សាយទាំងអស់របស់កាសែតខ្មែរផុសនាពេលខាងមុខដ៏ខ្លី ដោយគ្រាន់តែចូលទៅកាន់វ៉ិបសាយរបស់សាកលវិទ្យាល័យ UMASS Lowell តាមរយៈ https://www.uml.edu/បន្ទាប់មកចុចលើពាក្ស Academics រួមជ្រើសរើសយកពាក្ស Libraries នោះលោកអ្នកនឹងអាចស្វែងរកព័ត៌មានរបស់ខ្មែរផុសជាមិនខាន។

សូមបញ្ចាក់ថា ដោយបង្កើតនៅឆ្នាំ 2007 ក្នុងក្រុងហ្វីឡាដេលហ្វៀ  ហើយបានផ្លាស់ប្តូរមកកាន់ក្រុងឡូវេល ក្នុងឆ្នាំ 2010 កាសែតខ្មែរផុស ស.រ.អា បានធ្វើការចុះផ្សាយបានចំនួន 221 លេខរួមមកហើយរហូតមកដល់បច្ចុប្បន្ននេះ ដោយបាននាំមកនូវព័ត៌មានក្នុងស្រុក, ជាតិ និងអន្តរជាតិ ដល់សហគមន៏ដែលមិនបានទទួលព័ត៌មានជាភាសារបស់ពួកគេ តាមរយៈការបោះពុម្ភផ្សាយទាំងភាសា ខ្មែរ និងអង្លេស។

ដោយ សុខារ័ត្ន កូយ