ព្រះមហាក្សត្រ​យាង​ទៅ​បរទេស​​​គេចវេះ​ការ​ឡាយ​ព្រះហស្ត​លើ​ច្បាប់ស្ដីពី​គណបក្ស​នយោបាយ

ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីម្សិលមិញ ខណៈមានការរំពឹងថានៅប៉ុន្មានថ្ងៃខាងមុខ ព្រះអង្គនឹងត្រូវគេស្នើឱ្យឡាយព្រះហស្តលេខាលើវិសោធនកម្មដ៏ចម្រូចម្រាសនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបណ្ដាអ្នករិះគន់ចាត់ទុកថាផ្ទុយពីរដ្ឋធម្មនុញ្ញ។

 

ការយាងចាកចេញរបស់ព្រះអង្គធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិ  បានដាក់ញត្តិផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ ស្នើសុំឱ្យព្រះអង្គចៀសវាងកុំឡាយព្រះហស្តលើវិសោធនកម្មនេះ ដែលអាចនឹងចាប់ឱ្យគណបក្សនេះទទួលខុសត្រូវចំពោះការគាំទ្រ ឬការមានទំនាក់ទំនងណាមួយជាមួយលោក សម រង្ស៊ី អតីតប្រធានរបស់ខ្លួនដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

ហើយការយាងចាកចេញនេះស្រដៀងគ្នាទៅនឹងព្រះរាជដំណើរមួយទៅកាន់ប្រទេសចិន កាលពីខែមីនា ដែលធ្វើឡើងចំពេលមានវិសោធនកម្មមុននេះលើច្បាប់ស្ដីពីគណបក្សនយោបាយ។ នៅពេលនោះព្រះអង្គក៏បានអះអាងដែរថា ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពដូចដែលព្រះអង្គធ្លាប់មានបន្ទូលថាធ្វើឡើងរាល់៦ខែម្ដង ប៉ុន្តែព្រះអង្គបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យយ៉ាងតិចមួយផ្សេងទៀត ខណៈទ្រង់គង់នៅបរទេស និងជួបជាមួយមេដឹកនាំរបស់ចិន។

កាលពីម្សិលមិញ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានអះអាងថា ព្រះមហាក្សត្រមិនធ្វើសេចក្ដីថ្លែងការណ៍នយោបាយទេ នៅពេលព្រះអង្គយាងចាកចេញ។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរតាមរយៈសារមួយកាលពីម្សិលមិញថា “នេះជាព្រះរាជដំណើរទស្សនកិច្ចប្រចាំឆ្នាំដែលតំណាងឱ្យមិត្តភាពជាប្រវត្តិសាស្ត្ររវាងរាជវង្សានុវង្ស និងប្រទេសចិន ដែលបានកសាងឡើងតាំងពីសម័យសម្ដេចឪ នរោត្តម សីហនុ”។ លោកបានគូសបញ្ជាក់ថា “គ្មានអ្វីជារឿងនយោបាយទេ”។

នៅក្នុងព្រះរាជសារមួយចុះកាលបរិច្ឆេទថ្ងៃសៅរ៍ ព្រះមហាក្សត្រមានបន្ទូលថា ព្រះអង្គបានយាងទៅប្រទេសចិន កាលពីម្សិលមិញ ដើម្បី “ពិនិត្យ និងព្យាបាលព្រះរាជសុខភាព”។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ជាន់ខ្ពស់ផ្សេងទៀតបានជូនព្រះរាជដំណើរព្រះមហាក្សត្រដល់អាកាសយានដ្ឋានកាលពីព្រឹកម្សិលមិញ ហើយតាមរយៈសារចំនួនបីបង្ហោះតាមហ្វេសប៊ុក លោក ហ៊ុន សែន បានថ្វាយព្រះពរព្រះមហាក្សត្រឱ្យទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍។

ទាំងសារដែលលោក ហ៊ុន សែន បានបង្ហោះតាមហ្វេសប៊ុក និងព្រះរាជលិខិតរបស់ព្រះមហាក្សត្រសុទ្ធតែមិនបញ្ជាក់ពីពេលវេលាដែលទ្រង់គ្រោងយាងត្រឡប់មកប្រទេសកម្ពុជាវិញ ហើយព្រះរាជដំណើរលើកមុនៗពេលខ្លះអាចមានរយៈពេលដល់ទៅ២ខែ។

ព្រះរាជដំណើរនេះទំនងជាធ្វើឱ្យសំណើច្បាប់ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការពិនិត្យផ្ទៀងផ្ទាត់ពីក្រុមប្រឹក្សាធម្មនុញ្ញដែលពេញទៅដោយមន្ត្រីគណបក្សប្រជាជនកម្ពុជា ធ្លាក់ក្នុងដៃរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ មានសិទ្ធិត្រឹមតែចុះហត្ថលេខាលើច្បាប់នេះប៉ុណ្ណោះ ហើយគ្មានសិទ្ធិអំណាចជំទាស់ឡើយ។

ការធ្វើវិសោធនកម្មច្បាប់នេះរារាំងគណបក្សនយោបាយនានាមិនឱ្យពាក់ព័ន្ធជាមួយបុគ្គលដែលជាប់ទោសព្រហ្មទណ្ឌ ឬបង្ហាញរូបភាពរបស់បុគ្គលទាំងនោះក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សឡើយ បន្ថែមពីលើវិធានថ្មីៗស្ដីពីឈ្មោះ និងស្លាកសញ្ញាគណបក្ស។ លោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា វិធានទាំងនោះតម្រង់គោលដៅទៅរកលោក សម រង្ស៊ី គូប្រជែងជាយូរមកហើយរបស់លោកដែលបានបាត់បង់ការតស៊ូតាមផ្លូវច្បាប់ ដែលបណ្ដាអ្នកសង្កេតការណ៍ចាត់ទុកថាជារឿងនយោបាយ។

បណ្ដាអង្គការសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិលើកឡើងថា វិសោធនកម្មនេះនឹងរឹតត្បិតសិទ្ធិមនុស្សសេរីភាពមួយចំនួន និងរំលោភរដ្ឋធម្មនុញ្ញ ចំណែកឯគណបក្សប្រជាជនកម្ពុជាអះអាងថា វាចាំបាច់សម្រាប់ទប់ឧក្រិដ្ឋជនឱ្យនៅក្រៅឆាកនយោបាយ។

គណបក្សនយោបាយនានាបានចាប់ផ្ដើមត្រៀមខ្លួនហើយសម្រាប់ការអនុម័តច្បាប់នេះ ដែលប្រហែលជាមិនអាចចៀសផុត ដោយគណបក្សសង្គ្រោះជាតិបានប្ដូរស្លាកសញ្ញាដែលមានរូបលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធានបច្ចុប្បន្នរបស់ខ្លួនជំនួសដោយស្លាកសញ្ញារូបព្រះអាទិត្យរះ។

ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិសោធនកម្មនេះ នេះបើយោងតាមការឱ្យដឹងពីលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សនេះ។

លោក ទាវ វណ្ណុល ប្រធានស្ដីទីគណបក្ស សម រង្ស៊ី នៅតែមានក្ដីសង្ឃឹមថា ព្រះមហាក្សត្រប្រហែលជាបាន “ផ្ដាំផ្ញើ” លោក សាយ ឈុំ កុំឱ្យចុះហត្ថលេខាលើវិសោធនកម្មនេះ។

ប៉ុន្តែ គណបក្សរបស់លោកបានត្រៀមខ្លួនសម្រាប់ហេតុការណ៍អាក្រក់បំផុត ដោយត្រូវជួបប្រជុំគ្នានៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីឈ្មោះថ្មី ពីព្រោះឈ្មោះបច្ចុប្បន្នរបស់ខ្លួននឹងត្រូវបានហាមឃាត់ក្រោមច្បាប់ថ្មីនេះ។

លោក ទាវ វណ្ណុល បានស្នើឱ្យដាក់ឈ្មោះ “គណបក្សពន្លឺប្រជាធិបតេយ្យ” (Light of Democracy Party) សម្រាប់គណបក្ស សម រង្ស៊ី ដែលបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១២ និងបន្តរក្សាអាសនៈបក្សប្រឆាំងនៅព្រឹទ្ធសភា ប៉ុន្តែគណបក្សនេះក៏នឹងពិចារណាឈ្មោះផ្សេងទៀតដែរ។

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិចមានប្រសាសន៍ថា គណបក្សរបស់លោកគ្មានជម្រើសទេក្រៅពីដកព្រះឆាយាលក្ខណ៍ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ចេញពីស្លាកសញ្ញាគណបក្ស ដើម្បីអនុលោកតាមបទប្បញ្ញត្តិផ្សេងទៀតនៃច្បាប់នេះ ដែលហាមឃាត់មិនឲ្យមានរូបបុគ្គលនៅលើស្លាកគណបក្ស។

លោកមានប្រសាសន៍ថា ” រឿងមកសួរខ្ញុំថា គណបក្សហ្វុ៊នស៊ិនប៉ិចយល់យ៉ាងម៉េច? ខ្ញុំគ្មានយោបល់យ៉ាងម៉េចទេ។ នីតិវិធីគឺគោរពតាមច្បាប់”។

អ្នកនាំពាក្យរូបេនះបានរិះគន់គណបក្សសង្គ្រោះជាតិ ចំពោះការធ្វើពហិការមិនចូលរួមបោះឆ្នោតអនុម័តច្បាប់នេះជាជាងពន្យារពេលអនុម័តច្បាប់នេះតាមរយៈកិច្ចពិភាក្សាដេញដោល ហើយបានរិះគន់សំណើរបស់គណបក្សប្រឆាំងសុំឱ្យព្រះមហាក្សត្រអន្តរាគមន៍ថា “គ្មានប្រយោជន៍”។

ព្រះមហាក្សត្របានចូលរួមពាក់ព័ន្ធរឿងនយោបាយតាមរយៈព្រះរាជសារមួយចុះកាលបរិច្ឆេទខែកុម្ភៈ ដែលអំពាវនាវឱ្យអ្នកបោះឆ្នោត “កុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ” នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។

កាលពីខែមីនា ព្រះអង្គបានយាងចេញពីប្រទេសដើម្បីពិនិត្យព្រះរាជសុខភាពនៅក្នុងប្រទេសចិន ខណៈសមាជិកសភាប្រញាប់ប្រញាល់បោះឆ្នោតអនុម័តវិសោធនកម្មច្បាប់លើកមុន ដែលទីបំផុតត្រូវបានចុះហត្ថលេខាដោយលោក សាយ ឈុំ។

បិតាព្រះអង្គគឺសម្តេចឪ នរោត្ត សីហនុ  បានធ្វើឲ្យកើតមានវិបត្តិនយោបាយដ៏តូចមួយកាលពីឆ្នាំ២០០៤ ពេលព្រះអង្គទ្រង់បដិសេធមិនព្រមឡាយព្រះហស្តលេខាលើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយជិតមួយឆ្នាំរវាងគណ បក្សហ៊្វុនសិុនបិុច និងគណបក្សប្រជាជនកម្ពុជា ដោយអនុញ្ញាតឲ្យមាន ”ការបោះឆ្នោត ជាកញ្ចប់” សម្រាប់តំណែងសភា និងគណៈរដ្ឋមន្ត្រី។ពីមុនក៏ដូចឥឡូវដែរ គឺអង្គការសង្គមស៊ីវិលបានជំទាស់យ៉ាងខ្លាំងចំពោះវិសោធន កម្មនេះដែលអ្នករិះគន់លើកឡើងថា ពង្រឹងអំណាចរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដោយប៉ះពាល់ដល់ស្ថាប័នប្រជាធិបតេយ្យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាកចេញមកវិញបន្ទាប់ពីជូនព្រះរាជដំណើររបស់មហាក្សត្រ នរោត្តម សីហមុនី នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ កាលពីម្សិលមិញ។ Khem Sovannara
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាកចេញមកវិញបន្ទាប់ពីជូនព្រះរាជដំណើររបស់មហាក្សត្រ នរោត្តម សីហមុនី នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ កាលពីម្សិលមិញ។ Khem Sovannara

សម្តេចឪ នរោត្តម សីហនុ ដែលជា ព្រះ មហាក្សត្រនៅពេលនោះ បានទុកការបោះឆ្នោតនេះឲ្យស្ថិតក្រោមការសម្រេចតាម “មនសិការ” របស់លោក ជា សឹុម ជាប្រធានព្រឹទ្ធសភានៅពេលនោះ និងជាគូប្រជែងរបស់លោក ហ៊ុន សែន ដែលត្រូវបានអម ដំណើរដោយនគរបាលប្រដាប់អាវុធយ៉ាង ច្រើន ដោយមន្ត្រីគណបក្សប្រជាជនកម្ពុជាអះអាងថា ជាការចេញទៅពិនិត្យសុខភាពនៅក្នុងប្រទេសថៃ។ ទីបំផុតច្បាប់នេះ ត្រូវបានចុះហត្ថលេខាដោយលោក ញឹក  ប៊ុនឆៃ  ជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនសិុនបិុចនៅពេលនោះ ដែលលេចមុខសាជាថ្មីតាមប្រព័ន្ធ ផ្សព្វផ្សាយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីលោក និងអ្នកគាំទ្រគណបក្សថ្មីរបស់លោក មួយចំនួនទៀតបានបាត់បង់តំណែងក្នុងជួររដ្ឋាភិបាល។

កាលពីឆ្នាំ២០០៥ លោក ហ៊ុន សែន បានគំរាមរម្លាយរាជានិយមចោលទាំងស្រុក បន្ទាប់ពីសម្តេចឪ នរោត្តម សីហនុ បានមានបន្ទូលថា បុត្រាព្រះអង្គនឹងយាងទៅប្រទេសក្រៅសម្រាប់ការបោះឆ្នោតស្តីពីសន្ធិសញ្ញាព្រំដែនដ៏ចម្រូងចម្រាសជាមួយវៀតណាម។

ដំណើរយាងទៅប្រទេសក្រៅចុងក្រោយបំផុតរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី គឺជា”កាយវិការទន់ភ្លន់” ក្នុងប្រព័ន្ធដែលព្រះមហាក្សត្រត្រឹមតែជានិមិត្តរូប នេះបើយោងតាមលោក Markus Karbaum អ្នកវិទ្យាសាស្ត្រនយោបាយអាល្លឺម៉ង់ដែលផ្តោតលើប្រទេសកម្ពុជា។

លោកបានសរសេរនៅក្នុងអីុម៉េលមួយថា តួនាទីពិតប្រាកដរបស់ព្រះមហាក្សត្រតម្រូវឲ្យព្រះអង្គលើកកម្ពស់ឯកភាពជាតិតាមរយៈ “ប្រពៃណីវប្បធម៌នយោបាយ” ។

លោកបានបន្ថែមថា “មានការពឹងពំនាក់ទៅវិញទៅមក។ ព្រះមហាក្សត្រផ្តល់គោលការណ៍ស្របច្បាប់ផ្នែកនយោបាយ រីឯរដ្ឋាភិបាលធានារាជនិយម និងឯកសិទ្ធិរបស់រាជវង្សានុវង្ស”។ លោកបានបន្ថែមទៀតថា “ហេតុដូច្នេះហើយមានឱកាសតិចតួចណាស់ក្នុងការសម្តែងការមិនយល់ស្រប”៕ សុខុម និងស៊ុយឈាង