(ភូមិសាស្ត្រនយោបាយនៅអាស៊ីអគ្នេយ៍) ត្រមៈ ‹‹គិតផលប្រយោជន៍អាមេរីកាំងជាមុន››

ដោយ ពិន សំខុន

ក្នុងនយោបាយការបរទេស បើទោះបីជាកម្ពុជាជាប្រទេសតូចក្តី គឺជា‹កាំមួយនៃច្រវ៉ាក់›ដ៏មានតម្លៃសម្រាប់ជួសជុលនយោបាយក្រៅប្រទេសរបស់សហរដ្ឋអាមេរីកដែរ ពីព្រោះតែប្រទេសកម្ពុជាកំពុង‹ឆ្លាក់នយោបាយវាតទីរបស់ចិន›ដ៏សំខាន់បំផុតនៅអាស៊ីអគ្នេយ៍ បន្ទាប់ពីរជ្ជកាល នរោត្តម ស៊ីហនុ មក។ ‹គិតផលប្រយោជន៍អាមេរីកាំងជាមុន› គឺដើម្បី‹លំនឹងលោកខាងលិចនឹងខាងកើតទប់ទល់នឹងកុម្មុយនិស្ត›អាមេរីកាំងឈប់ចំណាយលុយនឹងពេលវេលាទៅលើកម្ពុជា ដែលគ្មានការទទួលខុសត្រូវតទៅទៀត… តើហេតុអ្វី?

 

ភូមិសាស្ត្រនយោបាយនៅឈូងសមុទ្រចិនៈប្រទេសអាស៊ីស្ទើរតែទាំងអស់បានក្លាយទៅជាប្រទេសផ្តាច់ការ ក្រោមច្រមុះអាមេរីកាំងដែលមិនបានធ្វើអ្វីដែលខ្លួនត្រូវថែររក្សា ក្នុងនាមខ្លួនជាលោកខាងលិច។ ប្រទេសថៃដែលជាសម្ពន្ធមិត្តនៃលោកខាងលិច ហើយក៏ជារនាំងទប់ទល់ការរំកិលរបស់លោកខាងកើត គឺកុម្មុយនិស្តចិនឬរុស្សី បានក្លាយទៅជាប្រទេសយោធានិយមផ្តាច់ការ យូរឆ្នាំ ងាយស្រួលនឹងខិតទៅខាងកុម្មុយនិស្ត ដោយសារតែភ្លេចគិតថានេះ‹ជាផលប្រយោជន៍អាមេរីកាំងជាមុន› ដែលត្រូវធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសប្រជាធីបតេយ្យមកវិញ ហើយទទួលខុសត្រូវចំពោះមុខប្រជាជាតិខ្លួន ដោយខ្លួនឯង។ នៅមានប្រទេសហ្វីលីព្ពីន ដែលជាកូនសោសំខាន់របស់អាមេរីកាំង ប្រឈមមុខនឹងចិន ដែលកំពុងតម្លើងខ្លួនជាមហាអំណាចនៅឈូងសមុទ្រចិន បានហក់ទៅចូលក្នុងការបីបមរបស់ចិន ដោយសារ‹ការមិនបានយកផលប្រយោជន៍អាមេរីកាំងជាមុន› គេនឹងនឹកឃើញដល់ការបីបមរបស់ចិនមកលើកម្ពុជា នាចន្លោះឆ្នាំ១៩៧៥-៧៩តើមានទំហ៊ំបំផ្លាញប៉ុណ្ណានោះ? នៅមានប្រទេសវៀតណាមដែលកំពុងរងារ ដោយសារបានតំាងខ្លួនជាសត្រូវរបស់ចិន, ប្រទេសឥណ្ឌូណេស៊ី ដែលហ៊ានចោទចិនថា‹ជាប្រទេសឈ្លានពាន›…។ កន្លងមកសហរដ្ឋអាមេរីក ដើរតួរជាអ្នកដោះស្រាយជម្លោះប្រទេសដែលខ្លួនយល់ថា‹តូចៗ›នោះ ដោយអ្នកនយោបាយអាមេរីកាំងខ្លួនឯង មិនបានជម្រុញឱ្យមានដំណោះស្រាយផ្ទៃក្នុងប្រទេស ឱ្យមានការទទួលខុសត្រូវដោយខ្លួនឯងនោះទេ ‹និយាយចោលមិនបានការ›ដូចកាលរដ្ឋលេខាធិការ‹គីស៊ីញជើ› ដែលបានទុកឱ្យកម្ពុជាធ្លាក់ទៅក្នុងដៃខ្មែរក្រហមនឹងចិនកុម្មុយនិស្តដ៏គួរឱ្យខ្លាច នាឆ្នាំ១៩៧៥។

តើនយោបាយអាមេរីកាំងថ្មីនឹង‹គិតពិផលប្រយោជន៌ខ្លួនជាមុន›របៀបណា សម្រាប់កម្ពុជា?›គ្មានជម្រើសច្រើនទេ ១-ទុកឱ្យរដ្ឋបាលលោកហ៊ុន សែន គ្រប់គ្រង? ឬក៏ទុកឱ្យប្រជាជាតិខ្មែរគ្រប់គ្រង? ជម្រើសទី១គឺជាជម្រើស‹គីស៊ីញជើ›នៅកម្ពុជា ដែលមិនបានស្តាប់យោបល់លោកឯកអគ្គរដ្ឋទូតពេលនោះ… ឱ្យតម្លើង‹កម្លាំងលំនឹង›របស់ ខៀវ សំផន ទប់ទល់ព្រឹត្តិការណ៍ដែលលោកជឿថានឹង‹មានការនឹងការកាប់សម្លាប់រង្គាល›របស់ប៉ុលពត តែលោកមិនបានធ្វើនៅកម្ពុជាទេ, ខុសគ្នានឹងនៅវៀតណាមដែលលោកបាន‹បង្កើនលំនឹង›ធ្វើចំពោះវៀតកុងទប់ទល់នឹងវៀតណាមខាងជើង។ ជម្រើសទី២ គឺតម្លើងកម្លាំងគណបក្សប្រឆាំងនៅកម្ពុជា សម្រាប់ទប់ទល់នឹងការគម្រាមរបស់គណបក្សកាន់អំណាច ដែលឈានទៅរកយ៉ាងច្បាស់ទៅរកចិននឹងរបបផ្តាច់ការនិយម, ដើម្បិ‹ដោះស្រាយបញ្ហាដោយសន្តិភាពនឹងដោយអំណាចពលរដ្ឋ›បានតាមរដ្ឋធម្មនុញ្ញ, ដំណោះស្រាយនេះ នឹងបង្ខំឱ្យភាគីទំនាស់ជជែកគ្នា រកចន្លោះឈ្នះចាញ់សម្រាប់រស់ដោយខ្លួនឯងបាន ដោយមិនចាំបាច់អាមេរីកាំងចំណាយលុយ នឹងចំណាយពេល សម្រាប់ទៅដោះស្រាយបញ្ហាទេ គឺគ្រាន់តែផ្តល់ការធានាថាដំណោះស្រាយគឺប្រកបដោយយុត្តិធម្មនឹងស្មើភាពគ្នាតែប៉ុណ្ណោះ។ ប្រទេសដូចកម្ពុជាមិនមែនល្ងង់រហូតដល់‹ចាំគេបញ្ចុកបាយ ទើបចេះលេបសម្រាប់រស់នៅ›នោះទេ ផ្ទុយទៅវិញ គឺជាប្រទេសដែលមានអ្នកចេះគ្រប់គ្រងគោរពឆន្ទៈពលរដ្ឋ មានអ្នកដឹកនាំដែលចិត្តសណ្តោសយកអាសារអ្នករងគ្រោះ នឹងមានពលរដ្ឋដែលរង់ចាំការរួមរស់ដោយសន្តិភាព… នេះជាលក្ខណៈដែលសហរដ្ឋអាមេរីកត្រូវដាក់‹គោពីមុខរទេះ› ពេលនោះអ្នកបររទេះនឹងនាំដំណើរប្រជាជាតិដោយខ្លួនឯងបានហើយ។

នយោបាយអាមេរីកាំងមានអ្វីខ្លះហើយសម្រាប់ដំណោះស្រាយកម្ពុជាៈមានច្រើនហើយ តែមិនទាន់អនុវត្តន៍ជាក់ស្តែង ដែលជាហេតុធ្វើឱ្យកម្ពុជាហក់លោតតាមអំពើចិត្តថ្នាក់ដឹកនាំមានអំណាច, ដែលនឹងនាំប្រយោជន៍ទៅឱ្យអ្នកដែលមានអំណាចតែប៉ុណ្ណោះ ដូច្នេះមិនមានសន្តិភាពទេ។ ប្រទេសកម្ពុជាជាប្រទេសគ្រប់គ្រងដោយកិច្ចព្រមព្រាងក្រុងប៉ារីសឆ្នាំ១៩៩១ មិនទាន់បានបញ្ចប់នៅឡើយទេ, ទាំងអស់គ្នាបានទទួលយល់ព្រម ថាត្រឹមត្រូវ ជាដំណោះស្រាយស្មើភាព នឹងប្រជាជាតិបានទទួលអបអររហូតមកដល់សព្វថ្ងៃ។ សហរដ្ឋអាមេរីក រួមទាំងបារាំង នាលោកខាងលិច មានមធ្យោយបាយដោះស្រាយឱ្យកម្ពុជារួចជាស្រេច តែនៅលាក់ខ្លួនពីក្រោយពាក្យថា‹អធិបតេយ្យរបសកម្ពុជា›ហើយមិនវិនិយោគចំពោះសន្តីភាពនៃតំបន់ ដែលខ្លួនត្រូវការនោះទេ។ លោកប្រធានាធិបតីជាប់ឆ្នោត ឌណល ត្រម នៅពេលនិយាយថា‹លោកគិតផលប្រយោជន៍អាមេរីកាំងជាមុន›នោះ ពេលនេះគឺជាឱកាសដ៏ប្រើបំផុតសម្រាប់លោកអនុវត្តន៍នយោបាយនៅអាស៊ីអគ្នេយ៍‹ពាក្យដែលមិនមែនគ្រាន់តែជាខ្យល់›នោះឱ្យបាន៕