យល់ដឹងពីការស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ជាលក្ខណៈគ្រួសារ មករស់នៅសហរដ្ឋអាមេរិក

ដោយ សុខារ័ត្ន កូយ

ដើម្បីមកកាន់សហរដ្ឋអាមេរិក មានប្រភេទទិដ្ឋាការ រឺវីសាជាច្រើនប្រភេទដែលត្រូវបានប្រើប្រាស់ រួមមានដូចជាទិដ្ឋាការទេសចរណ៏, សិស្ស,  ពាណិជ្ជកម្ម,ធ្វើការងារ, អន្តោប្រវេសន៍ និងឆ្នោត DV។ សម្រាប់ទិដ្ឋាការអន្តោប្រវេសន៍គឺជាប្រភេទទិដ្ឋាការដែលមករស់នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក ដោយមានលក្ខណៈខុសពីប្រភេទវីសាផ្សេងទៀត។

បើតាមការឲ្យដឹងពីកម្មវិធី Let’s Chat Facebook Live របស់ស្ថានទូតអាមេរិកកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៧ គឺថា ដើម្បីសុំវីសាអន្តោប្រវេសន៍  មានវិធី ៣ យ៉ាងដែលអាចទទួលបាន គឺទី១ ត្រូវមានអ្នកធានាជាសាច់ញាត្តិ រឺបងប្អូន, ទី២ អ្នកធានាជានិយោជកនិងទី៣គឺការលេងឆ្នោត Diversity Visa (DV)។ សម្រាប់ពេលនេះខ្មែរផុស សូមធ្វើការណែនាំតែប្រភេទទិដ្ឋាការអន្តោប្រវេសន៍ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ចំពោះពលរដ្ឋខ្មែរ អ្នកដែលអាចដាក់ពាក្សស្នើសុំទិដ្ឋាការអន្តោប្រវេសនសន៍ជាលក្ខណៈគ្រួសារមករស់នៅអាមេរិកនេះ ត្រូវតែមានអ្នកធានាដែលជាសាច់ញាត្តិ រឺបងប្អូនរស់នៅសហរដ្ឋអាមេរិក។ សាច់ញាត្តិ រឺបងប្អូន គឺមានដូចជាប្រពន្ធ, ប្តី, កូន, ឪពុក, ម្តាយនិងបងប្អូនបង្កើត។ ចំពោះបងប្អូនជីដូនមួយ,អ៊ុំ, ពូ រឺក៏មីង មិនអាចធ្វើជាអ្នកធានា ដើម្បីដាក់ពាក្សសុំវីសាអន្តោប្រវេសន៍មករស់នៅសហរដ្ឋអាមេរិកបានទេ។

អ្នកធានាដែលជាសាច់ញាត្តិ រឺបងប្អូននោះ ត្រូវជាមានសញ្ជាតិអាមេរិក រឺក៏មានកាន់កាតស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់រឺGreen Card ១០ ឆ្នាំ។ ដំណើរការនៃការដាក់ពាក់សុំទិដ្ឋាការអន្តោប្រវេសនសន៍ជាលក្ខណៈគ្រួសានេះ គឺថាដំបូង អ្នកធានាត្រូវតែបំពេញពាក្សស្នើរសុំ រឺញត្តិធានា តំណាងឲ្យអ្នកដែលចង់មករស់នៅអាមេរិក ដោយដាក់ទៅកាន់សាវាកម្មអន្តោប្រវេសន៍និងពលរដ្ឋអាមេរិក (USCIS)។

បន្ទាប់ពីដាក់ពាក្សស្នើសុំធានានិងបង់ប្រាក់ធានាដែលមានតំលៃ ៥៣៥ ដុល្លាររួចហើយ USCIS នឹងធ្វើការពិនិត្យលើឯកសារដើម្បីឲ្យប្រាកដពីទំនាក់ទំនងរវាងអ្នកធានា និងអ្នកដែលត្រូវបានធានា។ប្រសិនបើមិនមានបញ្ហាអ្វីនោះទេ USCIS នឹងអនុម័តញត្តិដែលបានដាក់នោះ បន្ទាប់មក USCIS នឹងបញ្ជូនសុំណុំរឿងទៅកាន់មជ្ឈមណ្ឌលវីសា(Nnational Visa Center)។

នៅពេលមជ្ឈមណ្ឌលវីសាបានទទួលសុំណុំរឿងពីUSCISមជ្ឈមណ្ឌលវីសានឹងប្រាប់ព័ត៌មាននៃសុំណុំរឿនមកយើងដើម្បីរៀបចំឯកសារដែលគេចង់បាន ដើម្បីបញ្ជាក់អះអាងពីទំនាក់ទំនងរវាងអ្នកធានា និងអ្នកដែលត្រូវបានធានា។ បន្ទាប់ពីមជ្ឈមណ្ឌលវីសាបានទទួលឯកសារដែលត្រូវការទាំងអស់រួមហើយ មជ្ឈមណ្ឌលនេះ នឹងបញ្ជូនសុំណុំរឿង រឺពាក្សស្នើសុំវីសានេះ មកកាន់ស្ថានទូតអាមេរិកក្រុងភ្នំពេញ ដើម្បីធ្វើការសម្ភាសន៏។ ដូច្នេះអ្នកធានាអាចមានសិទ្ធដាក់ពាក្សស្នើសុំវីសាឲ្យគ្រួសារដែលចង់មកអាមេរិក នៅឯស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្រុងភ្នំពេញបាន ដើម្បីធ្វើការសម្ភាសន៏។

រយៈពេលនៃការដាក់ពាក្សសុំទិដ្ឋាការអាមេរិកនៅក្រុងភ្នំពេញដើម្បីធ្វើការសម្ភាសន៍និងការត្រួតពិនិត្យឯកសារ បន្ទាប់ពីសម្ភាសន៍រួមហើយ គឺមិនមានកាលកំណត់ច្បាស់លាស់នោះទេ គឺវាអាស្រ័យទៅលើសុំណុំរឿងនិមួយៗ។ បើទោះបីជាមិនមានកាលកំណក់យ៉ាងណាក៏ដោយ គ្រប់សុំណុំរឿងទាំងអស់នឹងត្រូវដំណើរការពិនិត្យ ដោយផ្អែកលើសុំណុំរឿងណាមកមុន នឹងពិនិត្យមុនជាបន្តបន្ទាប់។

បន្ទាប់ពីទទួលបានកាលបរិឆ្ឆេទនៃការសម្ភាសន៏ ហើយនៅថ្ងៃសម្ភាសន៏ យើងចាំបាច់ត្រូវរៀបចំឯកសារច្បាប់ដើម និងភស្តុតាងទាំងអស់ដែលមាន ដើម្បីបញ្ជាក់ពីទំនាក់ទំនងពិតប្រាដកមែនជាមួយនឹងអ្នកធានាសម្រាប់ពិភាក្សាជាមួយមន្រ្តីស្ថានទូត។

ដំណើរការនៃការស្នើសុំវីសាអន្តោប្រវេសន៍ជាលក្ខណៈគ្រួសារមករស់នៅសហរដ្ឋអាមេរិកនេះ វាមានលក្ខណៈស្មុកស្មាញបន្តិចមែន តែមិនមានការតំរូវឲ្យមានមេធាវីដើម្បីធ្វើការងារនោះទេ។ ប៉ុន្តែបើជ្រើសរើសប្រើប្រាស់មេធាវីឲ្យជួយ មិនមានការហាមឃាត់នោះទេ។

សម្រាប់ការដាក់ស្នើសុំវីសាធានាបងប្អូនបង្កើតវិញ ដំណើរការនៃការដាក់ពាក្សសុំគឺដូចគ្នានឹងអ្វីដែលរៀបរាប់ខាងលើ តែចំនួនវីសាដែលធានាដោយបងប្អូនបង្កើតគឺចេញដោយមានចំនួនកំណត់ ដូច្នេះត្រូវរងចាំក្នុងរយៈពេលយូរ រហូតទាល់តែមាន ដោយសារអាមេរិកផ្តល់វីសាប្រភេទនេះ មានកំរិតកំណត់។

សម្រាប់អ្នកធានាដែលជាសាច់ញាត្តិ រឺបងប្អូន ហើយមានសញ្ញាតិអាមេរិក មិនស្នាក់នៅអាមេរិក តែរស់នៅប្រទេសកម្ពុជាវិញ គឺមិនអាចធ្វើជាអ្នកធានាបាននោះទេ។ មានន័យថា អ្នកធានាត្រូវតែរស់នៅក្នុងសហរដ្ឋអាមេរិក, មានសញ្ជាតិអាមេរិក រឺក៏មានកាន់កាតស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់រឺGreen Card ១០ ឆ្នាំ។

ចំពោះការស្នើសុំវីសាអន្តោប្រវេសន៍ដោយមានអ្នកធានាមានសញ្ជាតិអាមេរិក គឺថាចំនួនវីសាដែលផ្តល់ឲ្យមិនមានចំនួនកំណត់នោះទេ តែបើសិនជាអ្នកធានាមិនមានសញ្ជាតិអាមេរិក តែមានមានកាន់Green Card ១០ ឆ្នាំវិញ ការផ្តល់វីសាមានចំនួនកំណត់ និងត្រូវរងចាំរយៈពេលយូរ។ ដើម្បីឲ្យដឹងថាតើការរងចាំមានរយៈពេលយូរប៉ុណ្ណា យើងអាចចូលទៅកាន់ព្រឹត្តិបក្រវីសា តាមរយៈគេហទំព័រhttp://travel.state.gov/

ប្រសិនបើមិនមានសាច់ញាតិ្ត រឺបងប្អូន រស់នៅអាមេរិកនោះទេ លោកអ្នកមិនអាចស្នើសុំវីសាអន្តោប្រវេសន៍មករស់នៅសហរដ្ឋអាមេរិកបានទេ។ តែបើចង់មករស់នៅអាមេរិក លោកអ្នកដាក់ពាក្សសុំ​ រឺលេងកម្មវិធីឆ្នោត DV ផ្សងសំណាង់ដែលចាប់ផ្តើមទទួលពាក្សតាមអនឡាញនៅជារៀងរាល់ខែតុលា។

ប្រសិនបើលោកអ្នកចង់ដឹងលំអិត និងការណែនាំបន្ថែមពីដំណើរការនៃការដាក់ពាក្សសុំវីសាអន្តោប្រវេសន៍ សូមចូលទៅកាន់គេហទំព័រhttp://travel.state.gov/រឺhttps://kh.usembassy.gov/ ដោយមានព័ត៌មានជាភាសាអង្លេស និងខ្មែរ។