រដ្ឋម៉ាសាឈូសិតទទួលស្គាល់ការប្រើ‹កញ្ឆា›មិនខុសច្បាប់ទៀតទេ

ខ្មែរផុស ស.រ.អា.

(តពីលេខមុន) ប្រជាពលរដ្ឋនៃរដ្ឋម៉ាសាឈូសិត បានបោះឆ្នោតប្រជាមតិ អនុញ្ញាត្តិឱ្យប្រើ‹កញ្ឆា›សម្រាប់ជក់កំសាន្ត នឹង សម្រាប់ប្រើជាថ្នាំបានដោយមិនបំពានច្បាប់រដ្ឋទៀតទេ។ បោះប្រជាមតិថ្ងៃទី៨វិច្ឆិកា អនុម័តចូលជាច្បាប់នៅសភាថ្ងៃទី១៥ធ្នូ បានត្រូវលោកអភិបាលក្រុង បេគឺ ចុះហត្ថលេខានៅថ្ងៃសុក្រមុនចូលឆ្នាំថ្មីរួចហើយ ។ ចូលជាច្បាប់ទៅហើយក្តី ក៏អភិបាលក្រុងនៅមិនបានចេញអាជ្ញាប័ណ្ណ អនុញ្ញាត្តិឱ្យលក់រាយនៅឡើយ ធ្វើឱ្យក្រុមអ្នកណែនាំឱ្យបានអនុម័ទច្បាប់នេះ ខឹងសម្បារនឹងការយឺតយ៉ាវរបស់លោក បេគឺ ពន្យាពេលរហូតដល់ទៅ៦ខែ មុននឹងច្បាប់អាជ្ញាប័ណ្ណនោះចេញឱ្យប្រើជាធរមានបាន។ ក្រុមអ្នកតវ៉ានៅមុខវិមានរដ្ឋាភិបាលបូស្តុន កាលពីថ្ងៃសុក្រនោះនិយាយថា‹ការធ្វើរបៀបនេះនាំឱ្យខាតបង់ប្រាក់ពន្ធរដ្ឋ ដោយការមិនបានលក់ចែកចាយស្របច្បាប់ វានឹងបង្កើនទីផ្សារងងិត ពុំអាញយកពន្ធពីការលក់កញ្ឆានោះបានទេ›។

គួរបញ្ជាក់ថា ច្បាប់ឱ្យប្រើកញ្ឆានេះ នៅជាច្បាប់របស់រដ្ឋនិមួយៗនៅឡើយទេ ‹មិនទាន់ចូលបានជាច្បាប់សហព័ន្ធ›នៅឡើយទេ, ពីព្រោះមានរដ្ឋខ្លះ ពលរដ្ឋមិនផ្តល់ប្រជាមតិនៅឡើយ ហើយចាត់ទុកថា ជាគ្រឿងញៀននាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព ពលរដ្ឋនឹងកូនចៅគេ, រីឯរដ្ឋខ្លះទៀត ផ្តល់ប្រជាមតិតែត្រឹមពាក់កណ្តាល ដោយឱ្យប្រើតែជា‹ថ្នាំព្យាបាលជម្ងឺ›តែប៉ុណ្ណោះ។ ចំណែកឯរដ្ឋម៉ាសាឈូសិត បានផ្តល់ប្រជាមតិឱ្យប្រើជាការ‹កំសាន្ត›ផង នឹងឱ្យប្រើជា‹ថ្នាំ›បានទៀតផង។

លោកមេធាវី ល្វីស ហាស្កាល់
លោកមេធាវី ល្វីស ហាស្កាល់

216-Marijuana

 

តើរដ្ឋណាខ្លះដែលទទួលប្រជាមតិប្រភេទកំសាន្ត? 

រដ្ឋ ៧ ក្នុងសហរដ្ឋអាមេរីក បានអនុញ្ញាត្តឱ្យឱ្យប្រើ‹កញ្ឆា›សម្រាប់កំសាន្ត នឹងសម្រាប់ជាថ្នាំបាន – រដ្ឋទាំងនោះគឺ ១-អាឡាស្កា ២-កាលីហ្វ័រញ៉ា ៣-កូឡូរ៉ាដូ ៤-អូរេក្ហាន់ ៥-ម៉ាសាឈូសិត ៦-ណេវ៉ាដា នឹង ៧-រដ្ឋវ៉ាស្ហីនតុន។

តើរដ្ឋណាខ្លះទៀតដែលទទួលប្រជាមតិប្រភេទថ្នាំ? 

នៅមានរដ្ឋចំនួន ២៧ ទៀត ដែលមានការអនុញ្ញាត្តិឱ្យប្រើត្រឹមតែជាថ្នាំ – រដ្ឋទាំងនោះគឺៈ ១-អាឡាស្កា ២-អារីហ្សូណា ៣-អាកិនសាស់ ៤-កឡិហ្វ័រញ៉ា ៥-កូលូរ៉ាដូ ៦-កូណិចទីកិត ៧-ដែលវែរ ៨-ផ្លរីដា ៩-ហាវ៉ៃ ១០-អីលីណយ ១១-ម៉េន ១២-ម៉ែរីឡែន ១៣-ម៉ាសាឈូសិត ១៤-មិឈីគ្ហាន ១៥-មីណេសូតា ១៦-ម៉ុងតាណា ១៧-ណេវ៉ាដា ១៨-ញូហំស្ហ័រ ១៩-ញូជ័រស៊ី ២០-ញូមិកស៊ីកូ ២១-ញូយ៉ក ២២-ណតដាកូតា ២៣-អ័រេគ្ហាន់ ២៤-ផេនស៊ីចេនា ២៥-រ៉ូដអាយឡិន ២៦-វើម៉ន ២៧-រដ្ឋវ័រស្ហីនតុន ។

ប្រទេសអ៊ីស្ត្រាអែល ជាប្រទេសដែលឈានមុខ ក្នុងការស្រាវជ្រាវច្រើនឆ្នាំមកហើយ ដើម្បីយកកញ្ឆាមកធ្វើជាថ្នាំ, ថ្វិត្បិតតែប្រទេសនេះមានការហាមឃាត់ការផលិតនឹងប្រើប្រាស់វាក្នុងប្រទេសនៅឡើយក៏ដោយ។ រីឯនៅសហរដ្ឋអាមេរីកវិញ អ្នកវិភាគសេដ្ឋកិច្ចទស្សន៍ថា‹កញ្ឆានឹងក្លាយទៅជាទំនិញដ៏មានប្រជាប្រិយបំផុត ទៅអនាគត នៅពេលដែលកញ្ឆាក្លាយជាស្របច្បាប់នៅទូទាំងប្រទេស›។

មេធាវី ល្វី ហាស្កាល នៅឡូវែលនិយាយថា ថ្វីត្បិតតែរដ្ឋម៉ាសាឈូសិតមានការបន្ធូបន្ថយការប្រើគ្រឿងញៀនប្រភេទ‹កញ្ឆា-Marijuana›ក៏ដោយ នាពេលនេះ ច្បាប់សហព័ន្ធស្តីពី‹អន្តោប្រវេសន៍›មិនមានអ្វីផ្លាស់ប្តូរទេ។ គួរចងចាំថា អ្នកប្រើប្រាស់កញ្ឆានៅ‹រដ្ឋដែលមិនទាន់បើកច្បាប់› គឺជាកំហុសឧក្រឹដ្ឋដដែល, រីឯអ្នកដែលមានទោសរួចហើយ ក៏នៅតែអាចត្រូវអាជ្ញាធរបញ្ជូនទៅប្រទេសដើមបានដដែល ។