រាត្រី‹ក្រម៉ា›នៅលីនរដ្ឋម៉ាសាឈូសិត

ដោយខ្មែរផុសស.រ.អា.

លីនៈ រាត្រីជប់លាងរបស់សហគមន៍ខ្មែរនៅ‹លីន›មួយ មានឧទ្ទិសនាមថា‹ក្រម៉ា› បានត្រូវរៀបចំដោយសហគមន៍ខ្មែរដ៏ធំមួយ កាលពីថ្ងៃទី១៨មិនា នៅសាលអតីតយុទ្ធជនបារាំង-អាមេរីកាំង ដើម្បីរកកំរ៉ៃ ទៅរៀបចំពិធីចូលឆ្នាំខ្មែរមួយ ដែលនឹងត្រូវប្រារព្ធឡើងនៅឧទ្យាន មុខសាលាក្រុង នៅថ្ងៃ២៩មេសាឆ្នាំ២០១៧ ខាងមុខ។ កាសែតខ្មែរផុសស.រ.អា.ក៏បានទៅចូលរួមជាកិត្តិយសដែរ។

IMG_3246

IMG_3247ក្រម៉ាធ្លាប់ជាក្រណាត់សំពត់ដ៏មានប្រយោជន៍ របស់ប្រជារាស្ត្រខ្មែរ សម្រាប់ជាបន្លាស់ ជាកន្សែង ជាភួយសណ្តប់រាងកាយ ជាអង្រឹងសម្រាប់កូនដេក ជាផ្លឹតសម្រាប់បក់…រាប់គុណប្រយោជន៍មិនអស់។ ក៏ប៉ុន្តែនាឆ្នាំ១៩៧៥ នាឱកាសជ័យជំនះក្រុមខ្មែរក្រហមលើកម្ពុជា, ក្រុមនោះបានប្រើក្រម៉ាជាកន្សែកបង់ករ ហើយសំគាល់ថាបង់កក្រម៉ា គឺជាក្រុមបក្សនយោបាយកុម្មុយនិស្តរបស់គេ។ នៅពេលគេដឹងថា ក្រុមនេះបានធ្វើការកាប់សម្លាប់ជនជាតិខ្លួនឯង នឹងជនបរទេសយ៉ាងកាចសាហាវមក កេរឈ្មោះដ៏មានប្រយោជន៍របស់ក្រម៉ា ក៏បានបាត់បង់ ធ្វើឱ្យខ្មែរលែងហ៊ានប្រើក្រម៉ាយ៉ាងចេញមុខដូចពេលមុនៗ បើទោះជាក្រម៉ានៅតែជារបស់ប្រើប្រាស់ដ៏ចាំបាច់របស់ខ្មែរក៏ដោយ។

នា១០-២០ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋចាប់ប្តើមប្រើរើបៗឡើងវិញ  រីឯខ្មែរនៅឯបរទេស ក៏បានមើលឃើញនឹងឱ្យតម្លៃក្រម៉ាយ៉ាងខ្លាំងមកវិញ។ រៀបចំដោយសមាគមខ្មែរ KCPC,រាត្រី‹ក្រម៉ា›គឺប្រាកដជាការប៉ុនប៉ង លើកកំពស់ក្រណាត់សំពត់៤ជ្រុងទ្រវែង ក្រឡាចត្រងដ៏ស្តើងទន់រំភើយនេះឡើងវិញ ដោយយកក្រម៉ាមកកាត់ជាអាវច្រើនឈុត ជាកន្សែងបង់ករ-ជាកន្សែងសម្រាប់ស្រីពាក់ឈៀង…ហើយទាំងអស់គ្នា នាយប់នោះ យ៉ាងហោចណាស់ក៏មានក្រមារបង់ករមួយម្នាក់ សម្រាប់អួតដាក់គ្នាដែរ។

លោកសមាជិកក្រុមប្រឹក្សាក្រុងលីន ហុង ណេត ជាខ្មែរអាមេរីកាំងដំបូងបង្អស់ ដែលបានជាប់ឆ្នោតតាំងពី៥-៦ឆ្នាំមុន ជាមួយនឹងភរិយា ក៏បានមកចូលរួមរៀបចំ ញ៉ាំងឱ្យពិធីនេះមានភាពអធិកអធម នឹង រីករាយក្រៃលែង។ នៅ លីន មានសហគមន៍ខ្មែរប្រមាន៥-៦ពាន់គ្រួសារ តែមានវត្តអារាម២កន្លែងសម្រាប់ធ្វើបុណ្យ នឹងមានទីផ្សាខ្មែរធំៗ មានភោជនីយដ្ឋានម្ហូបខ្មែរ បើបូកគ្នានឹងក្រុង‹រីវែ›នៅជាប់គ្នានោះ គឺជាតំបន់មាត់សមុត្រដ៏សម្បូរខ្មែររស់នៅច្រើនជាងគេនាឆ្នេរខាងកើតសហរដ្ឋអាមេរីក បន្ទាប់ពីឡូវែលមក។

គណកម្មការបានប្រកាសថា ពិធីបុណ្យចូលឆ្នាំរការ នៅលីន នឹងប្រារព្ធនៅថ្ងៃសៅរ៌ទី២៩មេសាឆ្នាំ២០១៧ នៅឱទ្យានមុខសាលាក្រុងលីន៕