រីករាយបុណ្យឯករាជ្យ៤កក្កដានៅ‹ខេបខត›

ដោយខ្មែរផុសស.រ.អា

ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋអាមេរីកាំងប្រារព្ធបុណ្យឯករាជ្យចំថ្ងៃពុធ ដែលអនុញ្ញាត្តិឱ្យអ្នកធ្វើការខ្លះយកឈប់២ថ្ងៃបន្ថែម អាចបន្តរជាវិស្សមកាលយ៉ាងវែងបាន៦ថ្ងៃ ។ ដោយនៅចំពេលប្តើមរដូវក្តៅផង បន្ទាប់ពីខែរងារយ៉ាងយូរមក ឱកាសបុណ្យឯករាជ្យ

នេះមិនគ្រាន់តែជាពិធីរំលឹកអនិស្សវរីយនៃការរំដោះជាតិអាមេរីកាំងពីអនានិគមអងគ្លេសប៉ុណ្ណោះទេ គឺជាឱកាសចេញលំហែរកាយ ជាមួយគ្រួសារដំបូងបង្អស់ ដោយសារចំពេលវិស្សមកាលរបស់កូន ដែលបានប្តើមពីចុងខែមិថុនាមុននេះផង។

ចំណែកគ្រួសារយើងក៏ឆ្លៀតឱកាសសម្រាកនេះ មកលំហែរកាយ២សប្តាហ៍ នៅរមនីយដ្ឋាន‹ខេបខត – Cape Cod›ដ៏ល្បីល្បាញ ដែលភូមិសាស្ត្រមានរូបរាងជាចុងកោះមួយនៃរដ្ឋម៉ាសាឈូសិតក៏បាន ឬក៏ជាជ្រោយនៃដែនដីមួយមានរាងជាផ្លៃសន្ទូចក៏បាន ហើយតំបន់នេះលយចូលប្រមាណជា១០០មាយ ទៅក្នុងមហាសមុទ្ទ‹អាត់ឡង់ទីក›។

មកដល់‹ខេបខត›មុនគេមួយសប្តាហ៍ តាមផ្លូវឆ្លងទៅដល់ចុងកោះទាំងមូល ផ្លូវដែលមានឈ្មោះថា‹ហាយវេយលេខ៦›រហូតដល់ចុង យើងមករស់នៅយ៉ាងស្រគត់ស្រគុំ ស្ងៀមស្ងាត់នៅសង្កាត់‹ហានីសខាងត្បូង›ក្បែរមាត់សមុទ្រមួយ,ស្រាប់តែនៅពេញមួយនៃថ្ងៃសៅរបន្ទាប់មក ហាយវេយលេខ៦ បានផ្ទុកនូវរថយន្តតូចធំ យ៉ាងណែន មកដាស់‹ខេបខត›ឱ្យរស់រវើកមួយរំពេច ដោយផ្លូវនេះនាំទេសចររាប់ពាន់ម៉ឺននាក់ បានមកបំពេញផ្ទះជួល ឬ ផ្ទះសំណាក់ ឬក៏ផ្ទះខ្លួនឯង ស្ទើរតែទាំងអស់ ហាងលក់ឥវ៉ាន់ក៏ពេញ ភោជនីយដា្ឋនក៏ពេញ ភ្លេងភ្លាត់នឹងកម្មវិធីកំសាន្តបានប្តើមគ្រប់ទិសទី ជាពិសេសគេមិនភ្លេចនឹងឆក់យកកូនសៀវភៅពាណិជ្ជកម្មតូចៗទាំងគំនរ រំលេចដោយរូបភាពគួរឱ្យទាក់ចិត្ត ពីហាងដែលគេឆ្លងកាត់ ដើម្បីរៀបកម្មវិធីប្រចាំថ្ងៃរបស់គេឱ្យបានគាប់ប្រសើរបំផុត – ពត៌មានក្នុងសៀវភៅផ្សាយពាណិជ្ជកម្មនៅតែមានប្រយោជន៍ជាចាំបាច់នៅក្នុងតំបន់ បន្ទាប់ពីការស្រាវជ្រាវតាម‹អិនទ័រណេត›មុនពេលគេមកដល់រមនីយដ្ឋាន។

‹ខេបខត›ជារមនីយដ្ឋានដែនសមុទ្រឆ្នេរខាងកើតនៃសហរដ្ឋមាមេរីកកំរឺតលេខ១នៅរដ្ឋម៉ាសាឈូសិត ដែលផ្តល់ឱ្យទេសចរនូវជម្រើស២ គឺឆ្នេរសមុទ្រក្រៅបែរទៅមហាសមុទ្រ‹អាត់ឡង់ទីក›មានទឹកច្រើនថ្លាស្អាត ហើយមានរលកធំៗ គេអាចលេងកីឡាលើទឹក ឬ មុជចាប់ត្រីកំសាន្តក្នុងទឹកបាន ឬក៏គេអាចទៅកាន់តែឆ្ងាយពីច្រាំង ទៅមើលហ្វូងត្រី‹បាឡែន›ធំៗបានទៀតផង ជម្រើសផ្នែកទី២ គឺសមុទ្រក្នុងគឺជាផ្នែកក្នុង‹រង្វង់សន្ទូច›មិនសូវមានរលកឬខ្យល់បក់ខ្លាំងៗទេ ទឹកច្រើនរាក់ជាង ស្លែ‹ស៊ីវីដ›ក៏មានច្រើន ក្រៅពីនោះក៏មានជម្រើសបន្ទាប់បន្សំមួយទៀត គឺនៅមាត់បឹងឬអូរក្នុងជ្រោយ ក៏ជារមនីយដ្ឋានស្រស់បស់ណាស់ដែរ ដោយសាររដ្ឋបាលក្រុង‹ខេបខត›ទាំងមូល បានខិតខំសម្រួលការធ្វើដំណើរនឹងលំអទីក្រុង សម្រាប់ទាក់ទាញទេសចរគេ មិនឱ្យខកចិត្តនឹងការមកស្នាក់នៅក្នុងតំបន់របស់គេទេ។

នេះមិនមែនជាលើកទីមួយទេ ដែលយើងមកសម្រាកកាយនៅ‹ខេបខត›នេះ តែតំបន់នេះនៅតែថ្មី នៅតែមានអ្វីប្លែកសម្រាប់កំសាន្ត នៅតែស្រស់ស្អាតដោយសួនច្បារផ្ការចម្រុះពណ៌ជានិច្ច។ លើកនេះ យើងបានជ្រើសយកទីស្នាក់អាស្រ័យរបៀបថ្មីមួយ គឺមិនយកសណ្ឋាការដូចមុនទេ គឺជ្រើសយកជាផ្ទះជួល មានទីធ្លាសម្រាប់កូនលេង នឹងអាចធ្វើម្ហូបខ្លួនឯងបាន នឹងទទួលភ្ញៀវមក‹ឃូកអាវ›ក្រៅផ្ទះបានផង ជាពិសេសទីតាំងដែលនៅមិនឆ្ងាយពីមាត់សមុទ្រក្រៅជម្រើសទី១។ ជម្រើសនេះបានបន្ធូរចំណាយយើងបានច្រើន ដោយមិនបន្ថយគុណភាពនៃការមកសម្រាកកាយរបស់យើង ដូច្នេះអាចនៅស្នាក់អាស្រ័យបានយូរ។ យើងបាននាំគ្រួសារដើទៅលេងសមុទ្រ ដោយមិនចាំបាច់ទៅជួលកន្លែងចតរត់យន្តដែលមានតម្លៃ២៥ដុល្លាក្នុងមួយថ្ងៃ មិនចាំបាច់ជញ្ជូនចានឆ្នាំងទៅធ្វើម្ហូប សម្រាប់ស្រស់ស្រូបពេលព្រឹក បាយថ្ងៃត្រង់ នឹងអាហារពេលល្ងាចទេ គេមានផ្សារដែលផ្គត់ផ្គង់បន្លែបង្កាត្រីសាច់គរឿងសមុត្រស្រស់ៗក្នុងតម្លៃថោក ដែលនាំយើងកំសាន្តឱ្យស្គាល់តំបន់ថ្មី នឹងមិនចាំបាច់ទៅហូបម្ហូបដដែលនៅខាងក្រៅនោះដែរ។ ផ្លូវលេខ២៨ គឺជាផ្លូវទេសចរក្នុង គេអាចបើករថយន្តកាត់ក្រុងជាច្រើន ដែលផ្តល់នូវទស្សនីយភាពខុសៗគ្នា មានទាំងតំបន់សំចតរបស់ទេសចរ មកលេងកូនគោល មកលេងល្បែងក្នុងអាងទឹកជាមួយគ្រួសារ មានកន្លែងកំសាន្តផ្សរងៗទៀតជាច្រើនរាប់មិនអស់។

នៅថ្ងៃទី២នៃការមកដល់‹ក្រុងដានីស› យើងបាននាំគ្នាទៅមើលកុនកណ្តាលវាលជាលើកដំបូងបង្អស់ ដែលយើងអាចបើករថយន្តចូលទៅតម្រៀបជាជួរក្នុងកន្លែងបញ្ចាំងកុននោះ ហើយមើលកុនពីក្នុងឡានយើងទៅ គេមានឱ្យប្រដាប់បំពងសម្លេងមួយសម្រាប់ដាក់ក្នុងឡាន ស្តាប់សម្លេងកុននោះ កុនថ្មី២រឿងបញ្ជាំងលើផ្ទាំងសំពត់សដ៏ធំសម្បើម ងាយស្រួលមើលណាស់។ រត់យន្តរាប់រយចូលទៅមើលកុន យ៉ាងមានរបៀបរៀបរយ កាពារដោយក្រុមសន្តិសុខជាប្រចាំផង ល្ងាចនោះយើងនាំគ្នាមកមើលរឿង‹វាន់ឌ័រវូម៉ាន់-នឹងរឿងមេណីញ៉ានទី៣›ដែលទើបចេញថ្មីដូចគ្នា  ។ ថ្ងៃផ្សេងៗទៀតវេលាព្រឹកម៉ោង៩ កូនប្រុសយើងអាយុ៧ឆ្នាំឈ្មោះ‹អេដែន›ចូលចិត្តទៅសមុទ្រណាស់ រីឯ‹សូបិន›ចូលចិត្តនៅសម្រាកហាលថ្ងៃច្រើនជាងចុះទឹក, ពេលល្ងាច ទើបនាំគ្នាត្រឡប់ទៅហែលទឹកនៅ‹ស្វីមីងពូល›ហាលថ្ងៃ ស្ថិតនៅក្នុងបរិវេណផ្ទះ មិនធ្វើឱ្យអប្សុកទាន់ទេ។

មិនទាន់ដល់ថ្ងៃ៤កក្កដាផង ជារៀងរាល់ល្ងាច កាំជ្រួចចាប់ប្តើមបាញ់យ៉ាងរន្ថើន បន្តរគ្នាទៅលើមេឃ ពីកន្លែងបាញ់នៅទីក្រុងមួយទៅក្រុងមួយទៀត ចេញជាភ្ញីផ្កាលំអមេឃដែលស្រឡះចែសនោះដើម្បីអបអរខួបដែលអាមេរីកបានទទួលឯករាជ្យ ធ្វើឱ្យរាត្រីកាលមានសម្រស់គួរឱ្យចងចាំពន់ពេក។នៅ២ថ្ងៃមុន ៤កក្កដា យើងបានទៅជួលទូក‹កាយ៉ាក-Kayak›អុំទាំងបីនាក់ៈ ឱពុកម្តាយនឹងកូន យ៉ាងរីករាយ នៅបឹង‹Bass River-បាស់រីវែរ› ក្នុងបំណងទៅស្ទូចត្រី តែពេលវេលាបានរត់លឿនជាងពេលដែលយើងរកសន្ទូចនឹងប្រដាប់ប្រដារសម្រាប់ស្ទូចបាន ក៏ដាច់ចិត្តយកត្រឹមតែអុំទូក‹កាយ៉ាក់›លេងមុនព្រះអាទិត្យនៅពេលអស្តង្គត បន្សល់ទុកនូវជើងមេឃចម្រុះពណ៌ហាក់ដូចជាផ្ទាំងគំនូរដ៏ល្អពន់ពេក។ ហេតុដែលចង់ទៅស្ទូចត្រី ថ្ងៃនោះ ពីព្រោះតែមុននោះពីរថ្ងៃ ‹អេដែន›នឹង‹សូបិន›បានទៅចាប់ក្តាមនៅបឹងទឹកប្រៃមួយនៅកន្លែងកិនពោតចាស់មួយ‹បាំងគើហ៊ីល-វីនស្ហីទំព័រល› ទាំង២នាក់ម្តាយនឹងកូនចុះចាប់ក្តាមនៅទឹករាក់ ចាប់បានជាង១០០ក្តាម ក្នុងរយៈពេលប្រមាណ២ម៉ោងប៉ុណ្ណោះ ដែលធ្វើឱ្យការនេសាទដោយដៃនឹងដោយសន្ទូចថ្ងៃនោះ ថ្វីត្បិតតែជាថ្ងៃដំបូង តែជាថ្ងៃដ៏រីករាយហួសប្រមាណ, មុននឹងចុះទឹកបន្តិចយើងបានបង្រៀនពីជីវិតសត្វក្តាម របៀបក្តាមរស់ ដល់‹អេដែន›ម្លោះហើយចំណេះនេះ បានធ្វើឱ្យក្មេងៗឯទៀតៗមកសួរ‹អេដែន›គ្រប់គ្នាពី ធ្វើដូចម្តេចចាប់ក្តាមបាន? ឬក៏ក្តាមណាឈ្មោលណាមួយញី? ហេតុនេះហើយបានជាស្អែកឡើង ចង់ផ្សងព្រេងថ្មីមួយទៀត គឺទៅចាប់ត្រីម្តងវិញ ប៉ុន្តែរវល់ពេក រកកន្លែងស្ទូចមិនទាន់ឃើញ ហើយសន្ទូចក៏រកមិនទាន់បាន ដូច្នេះត្រីក៏មិនទាន់រកបាននៅឡើយ។

ថ្ងៃទី៤កក្កដា ជាថ្ងៃខួបនៃបុណ្យឯករាជ្យអាមេរីកាំង ប្រជាពលរដ្ឋគ្រប់ពណ៌សម្បុរ បានចេញមកកំសាន្តកកកុញ តាមផ្លូវ តាមហាងនានា តាមមាត់សមុត្រ តាមកន្លែងរង្គសាល លើផ្ទៃសមុទ្រ គេរង់ចាំពេលយប់ នាំគ្នាមើលគេបាញ់កាំជ្រួចដែលសង្ឃឹមថា នឹងផ្ទុះបែកលំអព្រោងព្រាត ជាមិនខាន, តែផ្ទុយទៅវិញ ថ្ងៃទី៤នោះ មេឃស្រឡះល្អ តែកាំជ្រួចបានផ្ទុះមិនលើសពីថ្ងៃមុនៗនោះទេ យើងអង្គុយចាំមើល ជាមួយអ្នកជិតខាង នឹងក្មេងៗ រកស្តាប់សម្លងផ្ទុះកាំជ្រួចស្ទើរតែមិនបាន។

ស្អែកឡើងជាថ្ងៃមេឃស្រឡះម្តងទៀតហើយ ឆ្នេរសមុទ្រពោរពេញទៅដោយមនុស្សម្នា រហូតដល់ថ្ងៃត្រង់ វេលារសៀល ភ្ញៀវទេសចរគេប្តើមត្រឡប់ទៅផ្ទះគេវិញ ធ្វើឱ្យកកចង្អៀតចរាចរ ផ្លូវធំតូចវិញម្តង ខេបខត ក៏ប្តើមធូរស្បតទៅវិញ។ គេសង្ឃឹមថានឹងមានទេសចរថ្មីៗ ឬក៏ទេសចរចាស់ត្រឡប់មកវិញ នៅថ្ងៃសៅរ៍អាទិត្យបន្ទាប់មកទៀត។

ថ្ងៃទី៦កក្កដា ជាថ្ងៃមានភ្លៀងច្រើន មិនដឹងទៅកំសាន្តទីណា ក៏សម្រេចចិត្តទៅហូប‹ហ្វើ ឬ គុយទាវយួន›ពេលថ្ងៃ នៅហាងតូចមួយស្ថិតនៅ ១៣០០ លើផ្លូវលេខ២៨ នាក្រុង‹យ៉ាមូតខាងត្បូង› ដែលយើងតែងតែចូល នារៀងរាល់ពេលមកលំហែរកាយ នៅ‹ខេបចត›នេះ តាំងពីបីឆ្នាំមកហើយ ពីព្រោះហាងតូចមែន តែធ្វើហ្វើ នឹងម្ហូបអាស៊ីឯទៀតៗបានឆ្ងាញ់ច្រើនមុខ។ ម្ចាស់ហាងជាជនជាតិយួន ឈ្មោះ‹ប៊ីលី ត្រាន›មានដើមកំណើតជាចិន ភៀសខ្លួនតាមទូក‹បូតភីភល›តាំងពីឆ្នាំ១៩៧៩ មកសហរដ្ឋអាមេរីក ជាមួយគ្រួសារនឹងកូន៨នាក់ ។ ប៊ីលី សព្វថ្ងៃរស់នៅ‹គ្វីនស៊ី›ក្បែរ‹បូស្តុន› តែមកបើកហាង‹ហ្វើ›ជាលក្ខណៈគ្រួសារនៅ‹ខេបខត›នេះ១៥ឆ្នាំហើយ នៅក្រុងដែលបើកបានតែ៥ខែក្នុងមួយឆ្នាំ ពីព្រោះជាទីក្រុងទេសចរ- ប៊ីលី និយាយថា‹ឈ្នួលហាងនេះថ្លៃណាស់ ទើបតែទិញដាច់នា៣ឆ្នាំចុងក្រោយនេះទេ ទើបយើងបានធូរបន្តិច›។នៅថ្ងៃដដែលនោះ យើងបានត្រឡប់មកក៏ជាភ្ញៀវចុងក្រោយរបស់ គ្រួសារ ប៊ីលី ម្តងទៀតបន្ទាប់ពីនាំ ប៉ុណ្ណារ៉ូ ទៅមើលកុនទើបនឹងចេញថ្មីមួយទៀត រឿង‹ស្បាយឌើមែន› យើងហូបហ្វើម្តងទៀត ដោយមិនទាន់អស់ចិត្ត ពេលនោះយើងដឹងថា ប៊ីលី នឹងក្រុមគ្រួសារ៥នាក់ បិទទ្វារហាងនៅម់ោង១០ ហើយធ្វើដំណើរ១ម៉ោងកន្លះទៀត ទើបទៅដល់ផ្ទះនៅឯ‹គ្វីនស៊ី› – ហត់ណាស់ដើម្បីរស់នៅស្រុកអាមេរីកនេះ តែការងារត្រូវតែធ្វើឱ្យហើយជារាល់ថ្ងៃដូច្នោះឯង ។ ហាងហ្វើនេះ ក៏ជាហាងលក់ចំណិអាហារ ដែលយើងបានចូលជាចុងក្រោយគេបង្អស់នៅ‹ខេបខត› ក្នុងឆ្នាំនេះដែរ៕  (នៅមានតនៅលេខក្រោយ)