រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” របស់ អែនជឺលីណា ជោលី ចាក់បញ្ចាំងជាផ្លូវការ

ដោយ សុខារ័ត្នកូយ

រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ”ដឹកនាំការសម្តែងដោយលោកស្រី អែនជឺលីណា ជោលី បានចាក់បញ្ចាំងជាផ្លូវការនៅបណ្តាញផ្សព្វផ្សាយ Netflixនៅថ្ងៃទី ១៥ ខែកញ្ញា នេះ ព្រមទាំងចាក់បញ្ចាំងនៅរោងភាពយន្តមួយចំនួន នៅតាមរដ្ឋជាច្រើនក្នុងទឹកដីសហរដ្ឋអាមេរិក។

សាច់រឿងនេះ ត្រូវបានដកស្រង់ចេញពីសៀវភៅដែលមានឈ្មោះថា “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” បោះពុម្ភផ្សាយ ក្នុងឆ្នាំ ២០០១ សសេរដោយអ្នកស្រី អ៊ឹង លួងជាជនរងគ្រោះមួយក្នុងចំណោមជនរងគ្រោះរាប់លាននាក់ ដែលបានបាត់បង់សមាជិកក្រុមគ្រួសារ ហើយបានមកដល់សហរដ្ឋអាមេរិកក្នុងនាមជាជនភាសខ្លួននៅជុំរុំក្នុងប្រទេសថៃ នៅឆ្នាំ ១៩៨០។

រឿង “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” មានរយៈពេល ២ ម៉ោង និង១៦ នាទី គឺវាឆ្លុះបញ្ចាំងពីសាច់រឿងពិតរបស់ក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ រួមជាមួយក្រុមគ្រួសារបានឆ្លងកាត់ និងតស៊ូយ៉ាងវេទនា ដើម្បីបានរស់ជួបជុំគ្រួសារនៅក្នុងរបបខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។

ក្នុងរយៈកាលដើមខែកញ្ញានេះ តារាសម្តែង និងដឹកនាំរឿង អែនជឺលីណា ជោលី និងកូនចិញ្ចឹមទាំង៦នាក់បានចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តជាច្រើនកន្លែងដូចជាកម្មវិធីហោស្រពភាពយន្តToronto International Film Festival២០១៧ ដែល​មាន​ទី​តាំង​នៅ​រដ្ឋ​ តូរ៉ុនតូ ប្រទេសកាណាដា, New York Premiereក្រុងញ៉ូយ៉ក និងTelluride Film Festivalដែល​មាន​ទី​តាំង​នៅ​រដ្ឋ​Colorado សហរដ្ឋអាមេរិក​ដើម្បី​សម្ពោធ​និង​បង្ហាញ​រឿងរបស់អ្នកនាង។

ខ្សែរភាពយន្តនេះ មិនត្រឹមតែត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមហោស្រព​ភាពយន្តអូស្ការកម្ពុជា​ហៅកាត់COSC ដើម្បីធ្វើជាតំណាងឱ្យកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានទទួលការចាប់អារម្មណ៍ និងការគាំទ្រពីសំណាក់ផលិតករហូលីវូចជាច្រើនផងដែរ ដោយសារតែការខិតខំប្រឹងប្រែងចូលរួមផ្សព្វផ្សាយ ។

បើតាមព័ត៌មានក្នុងស្រុកក្រៅផ្លូវការបានឲ្យដឹងថា រឿង”មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” នឹងធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តនៃរដ្ឋមួយចំនួនដែលត្រូវបានជ្រើរើសជាបន្តបន្ទាប់ដូចជា នៅរដ្ឋ លូសអានជរលេស បញ្ចាំងនៅរោងភាពយន្ត The Landmark, នៅក្រុងយ៉ូយ៉កបញ្ចាំងនៅរោងភាពយន្ត Lincoln Plaza Cinemas, នៅរដ្ឋ អាតលិនតាបញ្ចាំងនៅរោងភាពយន្ត Landmark’s Midtown Art Cinema, នៅប៉ូសស្តន់ បញ្ចាំងនៅរោងភាពយន្ត Landmark’s Kendall Square Cinemas, នៅឆីកាហ្គូ ឆីកាបញ្ចាំងនៅរោងភាពយន្តLandmark’s Century Centre, នៅ ដាលាស បញ្ចាំងនៅរោងភាពយន្ត Landmark’s Magnolia Theatre, នៅ ហ្វីឡាដេលហ្វៀ បញ្ចាំងនៅរោងភាពយន្តLandmark’s Ritz Bourse, នៅ សាន់ ស្វាន់ស៊ីស្កូរ បញ្ចាំងនៅរោងភាពយន្ត Landmark’s Embarcadero Center Cinema, នៅ វ៉ាស៊ីនតោន ឌីស៊ី បញ្ចាំងនៅរោងភាពយន្ត Landmark’s E Street Cinema និងចុងក្រោយនៅ ស៊ីតថលបញ្ចាំងនៅរោងភាពយន្ត Landmark’s Crest Cinema Centre។ ការគ្រោងដាក់បញ្ចាំងនៅរោងទំាងនេះ​មិនត្រូវបានកំណត់ពេលវេលាច្បាស់លាស់នៅឡើយនោះទេ។