រ៉ាឌី ម៉ម ឈ្នះដាច់គេនៅក្នុងការបោះឆ្នោតជុំទី១

ដោយ ពិន សំខុន

ឡូវែលៈ លទ្ធផលនៃការបោះឆ្នោត ដែលគេរង់ចាំ‹អ៊ុត›ជាងគេនោះ គឺការប្រជែងយក‹ដំណាងរដ្ឋ State Rep.›ខ្លះហៅថា‹ចៅសង្កាត់›កាលពីថ្ងៃទី៧កញ្ញា ពីព្រោះបុព្វហេតុ២យ៉ាងៈ

១-សង្កាត់លេខ១៨គឺជាសង្កាត់ដែលសម្បូរសហគមន៍ខ្មែររស់នៅច្រើនជាងគេបង្អស់ ក្នុងសហរដ្ឋអាមេរីកនេះ ២-ការបោះឆ្នោតថ្ងៃទី៧កញ្ញានេះ មានបេក្ខជនខ្មែរ-អាមេរីកាំង២នាក់ក្នុងចំណោមបេក្ខជន៣នាក់ដែលបានឈរឈ្មោះ គឺៈ ខ្មែរអាមេរីកាំង២នាក់នោះគឺ រ៉ាឌី ម៉ម នឹង ចេត គីម, រីឯអាមេរីកាំងម្នាក់នោះគឺ ដេវ អាវឡេត។ អ្នកដែលឈ្នះ បានទៅ លោក រ៉ាឌី ម៉ម (បានឆ្នោត១០៧២) ចំណែកអ្នកលេខ២ គឺលោក ដេវ អាវឡេត(បានឆ្នោត ៦១១) នឹងអ្នកលេខ៣លោក ចេត គិម (បានឆ្នោត ៤០២)។ ក្នុងចំណោមអ្នកបោះឆ្នោតនៅក្នុងសង្កាត់លេខ១៨ មានៈ ៨៤៩៥នាក់ មាន ២១១២នាក់ បានចេញទៅបោះឆ្នោត។

លទ្ធផលឯទៀតៗ៖ តំណាងរដ្ឋសង្កាត់លេខ១៦ ‹‹ថមាស អេ ហ្គោលដិន›› (បាន ៧០៦សម្លេង ក្នុងចំណោម ៦៦៧១នាក់) –  តំណាងរដ្ឋសង្កាត់លេខ១៧ ‹‹ឌេវីដ អិម ណេងកើល››(បាន ១០២៦សម្លេង ក្នុងចំណោម ៩០៨០នាក់) – មេប៉ូលីស្‹ស្ហេរីហ្វ› បានទៅ ភិទ័រ គូទូចាន(បាន ២២៥៨សម្លេង ក្នុងចំណោម ២៤២៤៦នាក់) ឈ្នះលើបេក្ខជន ប៊ែរី បេល័រហ័រ ដែលបានតែ ១១២៥សម្លេង –

វីភាគពីការបោះឆ្នោតក្នុងសហគមន៍ៈ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍ខ្មែរបានបង្ហាញខ្លួន បញ្ចេញមុខ ក្នុងការសម្តែងមតិជាសាធារណ, ឈរឈ្មោះជាដំណាងរាស្ត្រ, ដំណាងសាលាក្រុង, ប្តើមគិតគូររៀបចំសង្គមជាក្រុម… ជាច្រើនដង ដែលបទពិសោធន៌នេះ ធ្វើឱ្យដំណើរការណ៍ ចូលរួមក្នុងសង្គមខ្មែរអាមេរីកាំង កាន់តែប្រសើរឡើងជាលំដាប់ដែរ។

rady-mom1

លើកនេះជ័យជំនះដ៏ត្រចះត្រចង់របស់ រ៉ាឌី ម៉ម គឺបានមកពី‹ការឃោសនាដែលមានបច្ចេកទេសទំនាក់ទំនងខ្ពស់› ដោយលោក រ៉ាឌី ម៉ម ចេញមុខបង្ហាញខ្លួននៅស្ទើរគ្រប់កន្លែង ក្នុងតួរនាទីជា‹តំណាងរាស្ត្រ›ឬខ្លះហៅថា‹ចៅសង្កាត់›ក្តី ឬក្នុងនាមផ្ទាល់ខ្លួនក្តី, ទៅជួបអ្នកបោះឆ្នោតរបស់ខ្លួនដោយផ្ទាល់ជាច្រើន, ប្រើប្រព័ន្ធផ្សព្វផ្សាយដែលសង្គមអាមេរីកាំងចូលចិត្ត ដូចជា ‹វិទ្យុឆាណល៩៨០អេអិម›ឬក៏កាសែត‹ឡូសាន់›, ទៅចូលរួម‹វេទិកាជជែកទល់មុខនឹងបេក្ខជនប្រជែងគ្នា›គ្រប់កន្លែង, ប្រើទំនាក់ទំនងមនុស្សក្នុងសហគមន៌ដែលមានឥទ្ធិពលទៅលើចំណោមអ្នកបោះឆ្នោត, ប្រើទំនាក់ទំនងក្រុមអ្នកដែលមានភក្តីភាពមកបេក្ខភាពរបស់ខ្លួន, ផ្តោតអារម្មណ៍ទៅលើឆ្នោត‹ផ្ញើសម្លេង›នៃអ្នកដែលទៅបោះឆ្នោតមិនបាន, ការលើកបដារដោយមនុស្សក្នុងនឹងក្រៅសហគមន៍…។ល។ នេះគឺជាការប្រឹងប្រែងដែលនាំឱ្យលោករ៉ាឌី ម៉ម ‹ឈ្នះដាច់›គូប្រគួតរបស់ខ្លួន នាជុំទី១។ នៅជុំទី២ លោក រ៉ាឌី ម៉ម តំណាងឱ្យគណបក្សប្រជាធិបតេយ្យ (Democrate)នឹងទៅជួបប្រកួតប្រគួតគ្នានឹងលោក ខេមារា ខៃ តំណាងឱ្យគណបក្សសាធារណរដ្ឋ(Republican)នៅថ្ងៃទី ៨ខែវិច្ឆិការ ខាងមុខ។ តំណាងរដ្ឋម៉ាសឈូសិត សម្រាប់សង្កាត់លេខ១៨ នៅ២ឆ្នាំខាងមុខ បើទោះជានរណាឈ្នះនៅជុំទី២ក៏ដោយ នឹងនៅតែជាខ្មែរអាមេរីកាំងដដែល។

ដេវ អាវឡេតនឹងមិនបានទៅប្រកួតតទៅទៀតទេ លោកក៏មានគុណសម្បត្តិនឹងការគាំទ្រដោយឧត្តមគតិច្រើនដោយ៖ លោកជាមនុស្សធ្វើការបំរើសហគមន៍ធន់ធានតិចយូរឆ្នាំ, នេះជាលើកទី២ដែលលោកមកឈរឈ្មោះជាបេក្ខជនកន្លែងដដែល ហើយលើកនេះលោកបានជាជម្រើសរបស់អ្នកបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យម្នាក់ទៀតដែលមិនមែនដើមកំណើតខ្មែរ សម្រាប់អ្នកណាដែលមិនចូលចិត្តបេក្ខភាពរបស់លោក រ៉ាឌី ម៉ម ដោយប្រការណាមួយ, លោកមិនមានពេលច្រើនសម្រាប់ការឃោសនាដូចលោក រ៉ាឌី ម៉ម ទេ តែដាក់នឹងលើកបដារបង្ហាញឈ្មោះលោកព្រោងព្រាតដែរ តែប្រើប្រព័ន្ធផ្សព្វផ្សាយបានតិចតួច ដែលធ្វើឱ្យឈ្មោះលោក មិនបានជ្រួតជ្រាបជ្រៅទៅឆ្ងាយក្នុងសហគមន៍ខ្មែរនៅឡើយទេ។

ចេតគីម ក៏នឹងមិនបានទៅបន្តរការប្រកួតដែរ តែ២-៣ឆ្នាំចុងក្រោយនេះ លោកបានចេញមុខបោះសម្លេង ដោយលោកធ្លាប់បានឈរជាបេក្ខជនតំណាងសាលាក្រុងម្តងបង្ហាញឧត្តមគតិនឹងស្នាដៃជាអ្នកចង់ជួយឈឺឆ្អាលសហគមន៍ខ្មែររួចហើយ, លោកមានអ្នកជំពាក់គុណលោកច្រើនដែរ ដោយលោកយកពេលដែលមាន ទៅជួយដោយស្ម័គ្រចិត្ត ធ្វើឯកសារបំពេញសំណុំលិខិតជូនសមាជិកសហគមន៍ដ៏ច្រើនដែលមាន‹បញ្ហាចំណេះដឹង›, លោក ចេត គីម មិនសូវចូលចិត្តប្រព័ន្ធផ្សព្វផ្សាយទេ តែលោកចូលចិត្តឱ្យគេឃើញថាលោកមានដំណោះស្រាយជូនទីក្រុងដែលលោករស់នៅ ដូចជាកែរលំអរតំបន់‹ខបពលស្គែរ›តាមរយសមាគមពាណិជ្ជករដែលលោកជាសកម្មជន ឬតាមការចូលរួមសកម្មភាពជួយយុវជនដែលជាជំនាញរបស់លោក, តែការ ឃោសនារបស់លោក មិនសូវទូលំទូលាយទេ។

 

rady-mom
Rady Mom (Incumbent -D)
Kamara Kay Profile
Kamara Kay (Candidate – R)

ខេមរា ខៃ ជាបេក្ខជនដែលនឹងជួបប្រជែងជាមួយ រ៉ាឌី ម៉ម នៅជុំទី២។ ឆ្លើយតបនឹងសំណួរខ្មែរផុសសរអាអំពិការយល់ឃើញចំពោះលទ្ធផលនៃជុំទី១,នៅថ្ងៃ១១កញ្ញានេះលោកតបថា ‹‹លទ្ធផលនៃជុំទី១នេះ ផ្តល់សេចក្តីសង្ឃឹមដល់លោកច្រើនសម្រាប់ពេលបោះឆ្នោតជុំទី២ ដោយសារសម្លេងឆ្នោតដែលមិនបោះឱ្យលោក រ៉ាឌី ម៉ម មានស្មើរគ្នានឹងសម្លេងឆ្នោតដែលលោកឈ្នះ ហើយនៅសល់សន្លឹកឆ្នោតដ៏ច្រើនទៀត នៃគណបក្សសាធារណរដ្ឋដែលមិនទាន់បានទៅបោះឆ្នោតនៅឡើយ – ហើយម្យ៉ាងទៀត បើគេបោះឆ្នោតតាមការប្រៀបធៀបទៅនឹងចរន្តបេក្ខជនប្រធានាធិបតី ក៏គេឃើញថា ការស្ទង់មតិរបស់លោកស្រីហ៊ីឡារី គ្លីងតុន នៅស្ទះនឹងលេខដដែល មិនមានឡើងទេ ផ្ទុយទៅវិញ លេខប្រជាប្រីយភាពរបស់ លោក ឌណល់ ត្រម ផ្លាស់ប្តូរច្រើនជាង ដូច្នេះខ្ញុំនៅតែមានប្រៀបលើចំណុចនេះទៀតនៅឡើយ…›› លោកខេមរា ខៃ បានឱ្យដឹងបន្ទាប់ពីការបោះឆ្នោតជុំទី១រួចហើយ ថា‹លោក ចេត គីម នឹងប្រកាសគាំបេក្ខភាពលោក ខេមរា ខៃ›។

បើតាមការប៉ាន់ស្មាន ថាការបោះឆ្នោតជុំទី២ មុខជារឹតតែគួរឱ្យចាប់អារម្មណ៍ណាស់ទៅទៀត ដោយគូរប្រជែងគ្នាខែខាងមុខ មានកម្លាំងគណបក្សធំនៅពីក្រោយតែរៀងៗខ្លួន, បេក្ខជនក៏ជាអ្នកចេះប្រើជំនាញឃោសនាតែរៀងៗខ្លួន, ជាពិសេសបេក្ខជនខ្មែរអាមេរីកាំងទាំង២នាក់ មិនមានទស្សននយោបាយដូចគ្នាទេ ដែលនឺងធ្វើឱ្យការប្រកួតគ្នារឹតតែ‹ហិរ›ខ្លាំងដូចម្ទេស។ បន្ថែមពីលើនេះទៀត អ្នកដែលចេញទៅបោះឆ្នោតជុំទី១ ក៏មានតិចក្រោម២០%បុណ្ណោះ, ប៉ុន្តែនៅជុំទី២ នឹងមានការបោះឆ្នោតប្រធានាធិបតី រួមពេលជាមួយគ្នាថែមទៀត អ្នកចេញទៅបោះឆ្នោតក៏នឹងរឹតតែច្រើន… ដូច្នេះ សូមកុំភ្លេចតាមដានពីឥឡូវនេះទៅ ពីព្រោះយើងជឿជាក់ថា ការប្រយុទ្ធក្នុងសហគមន៍ខ្មែរ នឹងប្តើមនៅឆាប់ៗនេះហើយ កុំឱ្យផលយកប្រយោជន៍សហគមន៍របូតពីដៃ ហើយទើប ដល់ថ្ងៃបោះឆ្នោតជុំទីពីរ ‹៨វិច្ឆិការ២០១៦›រួច ស្រាប់សោកស្តាយជាក្រោយឱ្យសោះ៕