វត្តសាមគ្គីសន្តិការាមបើកទ្វារវិញហើយ

ដោយ ខ្មែរផុស ស.រ.អា.

ឡូវែលៈបន្ទាប់ពីបិទទ្វារច្រើនខែដើម្បីកសាងវត្តសារជាថ្មី កាលពីថ្ងៃសៅរ៍ ទី២៤ មិថុនានេះ, ពុទ្ធបរិស័ទជើងវត្តសាមគ្គីសន្តិការាមបានមកជួបជុំគ្នា ដើម្បីអបអរសាទរចំពោះការអនុញ្ញាត្តិឱ្យបើកទ្វារប្រើប្រាស់វត្តស្របច្បាប់មកវិញហើយ ។

បុព្វហេតុដែលធ្វើឱ្យវត្តនេះបិទទ្វារអស់ជិត១ឆ្នាំហើយនោះ ពីព្រោះម្យ៉ាងវត្តនេះត្រូវធ្វើថ្មីទាំងអស់នៅលើសំណង់ចាស់ ហើយម្យ៉ាងទៀតនោះវត្តនោះមានចង្ក្រានចំអិនអាហារ ដែលតម្រូវការបំពាក់នូវសម្ភារៈតាមបច្ចេកទេសកាពារភាពអាសន្នដោយអគ្គីភ័យ ដូច្នេះតម្រូវឱ្យមានអាជ្ញាប័ណ្ណថ្មី ដូច្នេះប្រើពេលយូរថែមទៀត ។

ការសម្ភោធនាពេលនេះពុទ្ធបរិស័ទនឹងព្រះគ្រូចៅអធិការ សែម សារិន រៀបចំឡើងសម្រាប់អបអរសាទរ នៃការបើកទ្វារវត្តដំបូងជាសាធារណតែប៉ុណ្ណោះ រីឯពិធីសម្ភោធជាផ្លូវការ គណកម្មការអាចារ្យវត្ត នឹងរៀបចំឡើង ជូនដំណឹងពិធីបុណ្យសម្ភោធវត្ត នៅថ្ងៃក្រោយ នៅ‹ឆែមហ្វែត-ធីងបូរ៉ូ›។

កំណើតនៃ‹វត្តសាមគ្គីសន្តិការាម›នេះ គឺជាសញ្ញានៃការបញ្ចប់ជម្លោះដ៏យូរ(ប្រមាណ២០ឆ្នាំ) នឹងដ៏មានចំណាយច្រើនលានដុល្លានៅវត្ត‹ត្រៃរតនារាម› រវាងវត្តលើ-វត្តក្រោម។ នៅពេលដែលវត្តក្រោមបានចេញមកបង្កើតវត្តថ្មីមួយ គឺវត្តសាមគ្កីសន្តិការាមគឺទំនងជាមានដំណើរការប្រសើរ នឹងសុខសន្តិភាពច្រើនជាងពេលមុន។