វិភាគនយោបាយកម្ពុជា វាស់កម្លាំងគ្នាមុននឹងចាប់ប្រយុទ្ធ

ដោយ ពិន សំខុន

នៅមុនពេលបោះឆ្នោត‹‹ឃុំសង្កាត់››នៅកម្ពុជា យើងពុំមានស្ថីតិអ្វីច្រើន សម្រាប់ព្យាករថាគណបក្សណានឹងឈ្នះ ឱ្យបានសមរម្យទេ មានការស្ទង់មតិ

ក្រុមបរទេសមួយ ធ្វើកាលពី៤សម្តាហ៍មុនឱកាសឃោសនា(ថ្ងៃបើកយុទ្ធនាការឃោសនាទី២០ឧសភា) ថាគណបក្សសង្គ្រោះជាតិនឹងបានឆ្នោត៦០% បើជាយ៉ាងនេះមែន ឃុំសង្កាត់របស់សង្គ្រោះជាតិនឹងឡើងពី៤០ទៅជាប្រមាណ១០០០ឃុំសង្កាត់ នៅក្នុងចំណោម១៦៤៤ទៅវិញ។ នៅ២សប្តាហ៍បន្ទាប់មកទៀត ការតឹងសសៃករដាក់គ្នាក៏បានចុះថយធ្វើឱ្យគេយល់ថា គណបក្សប្រជាជនមានការកក់ក្តៅនឹងជ័យជំនះរបស់ខ្លួនហើយ ទើបបន្ថយការរករឿងគណបក្សប្រឆាំងនឹងប្រជាពលរដ្ឋយ៉ាងនេះ ដូច្នេះតួរលេខនេះក៏អាចផ្លាស់ប្តូរដែរ។

 

អ្នកគាំទ្រគណបក្សប្រជាជនគំនិតថាៈ គណបក្សប្រជាជននឹងឈ្នះឆ្នោតនៅពេលនេះ ពីព្រោះថា៖

១-សង្គ្រោះជាតិគ្មានធនធានមនុស្ស នឹងគ្មានគម្រោងអ្វីសម្រាប់ពេលឈ្នះនោះទេ

២-គណបក្សប្រជាជនគ្រប់គ្រងនយោបាយអស់ទៅហើយ បើទោះជាសង្គ្រោះជាតិឈ្នះក្តី ក៏យកអំណាចមិនបានដែរ

៣-សមាជិកគណបក្សសង្គ្រោះជាតិបាក់ស្បាត រួចទៅហើយ …

រីឯអ្នកដែលគាំទ្រគំនិតថាៈ គណបក្សសង្គ្រោះជាតិនឹងឈ្នះឆ្នោតនាថ្ងៃ៤មិថុនានេះ ដោយគេគិតថាៈ

១- ប្រជាពលរដ្ឋបានកំណត់ក្នុងចិត្តរួចហើយថាៈ នឹងបោះឆ្នោតឱ្យនរណានោះ ដូច្នេះមិនចាំបាច់ទៅតបត តតាំងជាមួយនឹងគណប្រជាជន ដែលរកតែឱកាសនឹងបង្ក្រាប ឈ្លានពាននោះធ្វើអ្វីទៀតទេ គឺរក្សាភាពស្ងៀមស្ងាត់ មិនបង្កើតលេសអ្វីឱ្យគណបក្សកាន់អំណាចចាប់ថ្នាក់បាននោះទេ

២-គណបក្សសង្គ្រោះជាតិមានប្រជាពលរដ្ឋច្រើនគាំទ្រ ដែលសុទ្ធជាប្រជាពលរដ្ឋរងគ្រោះ គេលែងខ្លាចការបង្ក្រាបហើយ

៣-មានសហគមន៍អន្តរជាតិ ជាពិសេសប្រទេសសេរី បានគាំទ្រសកម្មភាពគណបក្សសង្គ្រោះជាតិច្រើន

Layout No.224(32P).qxp

កន្លងមកគណបក្សប្រជាជន ដែលចេះតែឈ្នះមិនដែលខាននោះ ពីព្រោះគណបក្សនេះកាន់អំណាចហើយកាន់‹គណកម្មការជាតិរៀបចំការបោះឆ្នោត›ផ្តាច់មុខហើយរៀបចំឆាកនៃលទ្ធផលបោះឆ្នោត ថែមទៀត។ កាលពីឆ្នាំ២០១៣ ពេលបោះឆ្លោតរួច គណបក្សសង្គ្រោះជាតិនៅតែចាញ់ដដែល ដោយ‹គ.ជ.ប.›សម្រេចប្រកាសជាអត្ថនោម័ទថា‹គណបក្សប្រជាជនជាអ្នកឈ្នះ›, គ្មានអ្វីគាំទ្រខ្លួនដើម្បិតវ៉ា ក្រៅតែពីធ្វើបាតុកម្ម គណបក្សសង្គ្រោះជាតិសុខចិត្តទទួលលទ្ធផលចាញ់នោះ ប្តូរនឹងការបង្កើត‹គ.ជ.ប.›ដែលស្មើភាពគ្នានឹងគណបក្សប្រជាជន ហើយការពារធានាសុវត្ថិភាព‹អង្គការអាជ្ញាកណ្តាល›នោះ ដោយបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ។ គណបក្សសង្គ្រោះជាតិខាំមាត់ហើយសម្រេចចិត្តរង់ចាំមួយអាណត្តិទៀត ដោយសង្ឃឹមយ៉ាងមាំថា ជ័យជំនះនឹងមកដល់ម្តងទៀត ហើយ‹អង្គការអាជ្ញាកណ្តាល›នឹងមានមនុស្សដែលហ៊ានចេញមកប្រកាសលទ្ធផលត្រឹមត្រូវបាន។ គណបក្សសង្គ្រោះជាតិ ហាក់ដូចជានៅខ្វះតែសម្លេងប្រកាសរបស់‹គ.ជ.ប.›តែមួយគត់ដើម្បីឈោងទៅកាន់អំណាចនយោបាយកម្ពុជា។ការធ្វើបាន‹គ.ជ.ប.›ថ្មីនេះ គឺប្រាកដជាការភ្លាត់ស្នៀតដ៏សំខាន់មួយរបស់គណបក្សប្រជាជន។

តែនាឱកាសបោះឆ្នោតខាងមុខ(សភាជាតិ២០១៨)គ្រប់អ្នកវិភាគទាំងអស់និយាយថាៈ គណបក្សសង្គ្រោះជាតិ បើទោះជាឈ្នះឆ្នោតហើយក៏ដោយ ក៏មិនអាចចូលកាន់អំណាចបានដែរ ពីព្រោះអ្វីៗគឺ អ្នកកំពុងកាន់អំណាចគេរៀបខ្លួនរួចហើយដើម្បីនៅបន្តរអំណាច, ដោយមិនខ្វល់ពីលទ្ធផលនៃការបោះឆ្នោតនោះឡើយ ។ រឿងនេះ ជាចំណុចសម្ងាត់មួយរបស់សង្គ្រោះជាតិ ដែលពុំមាននរណាម្នាក់ដឹងពីបំណងប្រាកដរបស់សង្គ្រោះជាតិឡើយ ថាតើពួកគេនឹងធ្វើអ្វីទៀតដើម្បីឱ្យមានការផ្ទេរអំណាចមកខ្លួនឱ្យបាន?  ត្រង់នេះហើយដែល‹យើង›មើលឃើញថា មូលដ្ឋាន‹ឃុំសង្កាត់›មានសារៈសំខាន់ណាស់សម្រាប់ជ័យជំនះរបស់សង្គ្រោះជាតិ ក្នុងការបេះដៃគណបក្សប្រជាជន ពីកណ្តាប់លើអំណាចរដ្ឋ – ពីព្រោះវាជាកម្លាំងតស៊ូដ៏មានប្រសិទ្ធភាពប្រឈមមុខនឹងកម្លាំងទ័ពរបស់លោកហ៊ុន សែន។ គណបក្សសង្គ្រោះជាតិមិននិយាយ តែរៀបកម្លាំងគាំទ្រពី‹ឃុំសង្កាត់›កាន់តែរឹងមាំជារៀងរាល់ថ្ងៃដែល‹ពាក្យខ្មែរក្រហមថាសស្រាក់ស្រាម›រៀបកម្លាំងគាំទ្រទប់ទល់នៅបរទេសរហូតដល់ថ្ងៃទី៤មិថុនា ដែលលោក ហ៊ុន សែន នៅមានជិត១ខែទៀតសម្រាប់បំបែកសម្ពន្ធភាព‹កឹមសុខា-សមរង្សី›យ៉ាងអស៉ទំហ៊ឹង តែបានលទ្ធផលផ្ទុយ… ដោយខំរំលាយ‹សម រង្សី›ណាស់ បុគ្គលនេះរឹតតែក្លាយជា‹សក្ខីកម្មនៃទារុណភាព›ទៅវិញ នេះគឺជាផលចំណេញ‹ការអាណិតស្រឡាញ់›ដល់សង្គ្រោះជាតិនៅជិតពេលបោះឆ្នោត‹ឃុំសង្កាត់› ប្រឈមនឹងលទ្ធផលមិនច្បាស់លាស់របស់‹គណបក្សប្រជាជន›, ការនេះទំនងជាបុព្វហេតុដែលនាំឱ្យលោក ហ៊ុន សែន នឿយហត់ខ្លាំងក៏ចូលទៅសម្រាកកាយនៅមន្ទីរពេទ្យ។

ក្នុងរយពេលដែលគណបក្សប្រជាជនកាន់កាប់កម្ពុជា គេចោទប្រកាន់ថា ‹គណបក្សសង្គ្រោះជាតិមិនបានកសាងសម្មិទ្ធិអ្វីជូនជាតិ មានតែគណបក្សប្រជាជនទេដែលជាអ្នកធ្វើ› – ថានេះមិនខុសទេ! ពីព្រោះគណបក្សប្រជាជនចង់បានស្នាដៃតែម្នាក់ឯង ការកាប់កម្ពុជាតែម្នាក់ឯង រស់រានមានបានយ៉ាងសម្បូរហូរហៀតែម្នាក់ឯង គ្មាននរណាក្រៅតែពីបក្សពួករបស់ខ្លួនជាអ្នកទាញយកផលចំណេញពីស្នាដៃនោះទេ នៅសល់ប្រជាពលរដ្ឋខ្មែរជាង៨០%ដែលមិនបានទទួលផលចំណេញពីសមិទ្ធិទាំងនោះទាល់តែសោះ, មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋទាំងនោះ នៅសល់ពីការយល់សប្តិអាក្រក់ពីសពបណ្ឌិត‹កែមឡី› សពអ្នកកាពារបរិដ្ឋាន‹ឈុត វុទ្ធី› សពកម្មករសហជីព… ពីអ្នកជាប់គុកកាពារដីធ្លី‹ ទេព វន្នី› អ្នកជាប់គុកដោយសារកាពារសិទ្ធិមនុស្ស‹៥រូប› អ្នកជាប់គុកជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធ‹អ៊ុំសំអាន-…›, គឺអ្នកទាំងនោះហើយ ដែលជាចលនាធ្វើឱ្យមានការបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតីនោះ តើគណបក្សប្រជាជនមានដឹងថាមកពីហេតុអ្វីទេ? ដឹងដែរតែពុំមានវិធីណា ជួសជុលបានឡើយ, ខំធ្វើល្អ ត្រាប់តាមគំរូគណបក្សប្រឆាំងខ្លះទៅ ខំគម្រាមតាមទម្លាប់ចាស់ខ្លះទៅ នៅតែគ្មានលទ្ធផល! នៅសល់ស្នៀតមួយទៀត គឺត្រឡប់ទៅរកសារជាតិដើមរបស់ខ្លួន គឹសារជាតិជាកុម្មុយនិស្ត ត្រឡប់ទៅរកសម្ព័ន្ធមិត្រចិននឹងយួនកុម្មុយនីស្ត យកកម្លាំងមកវាយដៃប្រទេសសេរីនឹងអ.ស.ប. ថាកុំឱ្យមកជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលពោរពេញទៅដោយអ្នកទោសសប្បជញ្ញៈ ឧក្រឹដ្ឋកម្មដែលគ្មានដែលរកឃាដករឃើញកូដកម្មនៃអ្នកត្រូវគេរឹបអូសយកដីធ្លី កម្មករតវ៉ាពីពលកម្មថោក…។ល។ ប៉ុន្តែសន្ធិសញ្ញាក្រុងប៉ារីសស្តីពីសន្តិភាពនៅកម្ពុជា នៅតែមានប្រសិទ្ធិភាពនៅឡើយសោះ,នៅលើការរំលោភសិទ្ធមនុស្សយ៉ាងជាក់ស្តែងរបស់កម្ពុជា តើចិន វៀតណាម ឡាវ ថៃ នឹងកម្ពុជាខ្លួនឯង ដែលជាប្រទេសហត្ថលេខី នឹងប្រឈមមុខអ.ស.ប. នឹនប្រទេសសេរីរបៀបណា? ។ លោក ហ៊ុន សែន កំពុងសាកល្បងស្នៀតចាស់គំរឹលរបស់លោក នៅមុនពេលបោះឆ្នោតឃុំសង្កាត់ ដោយសង្ឃឹមថារាស្ត្រនឹងមិនហ៊ានទៅបោះឆ្នោតឱ្យសង្គ្រោះជាតិ តែមិនទាន់មានសញ្ញាណាមួយថាពលរដ្ឋនឹងខ្លាចសម្ពន្ធភាពនៃប្រទេសកុម្មុយនីស្តនៅឡើយទេ, យើងសង្ស័យថា នៅ១ខែទៀតនេះ លទ្ធផលឃុំសង្កាត់នឹងធ្វើឱ្យលោកស្វាងស្រាកុម្មុយនីស្ត្រជាមិនខាន។

មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បានគម្រាមសម្រាប់ពេលបោះឆ្នោត២០១៨ថា‹បើសង្គ្រោះជាតិឈ្នះនឹងកើតមានសង្គ្រាម› គឺសំដៅទៅរកការប្តូរអំណាចរដ្ឋទៅឱ្យគណបក្សសង្គ្រោះជាតិ, ជាថ្មីម្តងទៀត គំនិតលោក ហ៊ុន សែន នេះអាចនឹងមិនខុសទៀត ពីព្រោះតែនៅពេលដែលអ្នកយល់ថា ប្រទេសកម្ពុជាជាជ័យភ័ណ្ឌរបស់គណបក្សប្រជាជនតាំងពីពេលរំលំខ្មែរក្រហមទៅហើយ ពេលនោះអ្នកនឹងមិនចុះពីអំណាចទេ! នេះហើយជាបុព្វហេតុនៃសង្គ្រាមរបស់គណបក្សប្រជាជនទប់ទល់នឹងអំណាចសន្លឹកឆ្នោតឈ្នះរបស់សង្គ្រោះជាតិ។ បើលោក ហ៊ុន សែន មិនគិតលេខអត្តៈម្តងទៀតទេ ហើយត្រៀមធ្វើសង្គ្រាមមែននោះ អ្នកដែលខាតប្រាកដជាមិនមែនសង្គ្រោះជាតិទេហេតុអ្វី? -ប្រជាពលរដ្ឋច្បាស់ជានៅតែមិនខ្លាចអំណាចគណបក្សប្រជាជនដដែល, គ្រាន់តែឃាដកម្មលើមនុស្សម្នាក់ដែលគេស្រឡាញ់សោះ ពលរដ្ឋចេញមកបង្ហាញកម្លាំងរាប់សែននាក់ទៅហើយ នោះលោក ហ៊ុន សែន នៅមានអំណាចផង ចុះបើពេលលោកបាត់បង់ភាពស្របច្បាប់ទៅទៀតវានឹងក្លាយទៅជាយ៉ាងណាទៅវិញ? -ភាពជាម្ចាស់ស្រុកដែលលោកគិតនោះ វាបានបាត់បង់នៅឆ្នាំ១៩៩១ នៅពេលដែលលោកចុះហត្ថលេខា ជាមួយត្រីភាគី លើកិច្ចព្រមព្រាងក្រុងប៉ារីសប្រគល់កម្ពុជាឱ្យទៅអ.ស.ប.ជាអាជ្ញាកណ្តាលនោះ បោះឆ្នោតរួចហើយ អ.ស.ប.បានប្រគល់អំណាចទៅឱ្យរាស្ត្រជាធំ តែលោកបានប្រវញ្ញយកអំណាចបានមកវិញខ្លះ ដោយរដ្ឋប្រហារផង ដោយសម្លាប់មនុស្សផង ដោយបន្លំសន្លឹកឆ្នោតឡើងផ្អើលពិភពលោកផង ហើយនៅស្មានថាកម្ពុជាជារបស់ខ្លួនឯងនោះ ខុសហើយ! -និយាយពីសង្គ្រាមដែលនឹងកើតជាយថាហេតុនោះ ខ្ញុំសូមជួយគិតលេខអត្តៈបន្តិចទៅចុះ គណបក្សសង្គ្រោះជាតិបើខ្ញុំទាយមិនខុសទេ គឺបន្ទាប់ពីបានលទ្ធផលឆ្នាំ២០១៨ គឺ‹គាត់រង់ចាំឱ្យរាស្ត្រឱ្យយកអំណាចនោះឱ្យគាត់ធ្វើការបំរើរាស្ត្រ› តែបើលោកច្រឡំទៅធ្វើសង្គ្រាមជាមួយរាស្ត្រទៅវិញនោះ គឹរាស្ត្ររាប់លាននាក់ នឹងរួមកម្លាំងជាមួយកម្លាំងនៃសន្ធិសញ្ញាក្រុងប៉ារីស លោកមិនមែនតែម្នាក់ឯងទេ ដែលនឹងអស់ទាំងខោអាវស្លៀកពាក់ថែមទៀតជាមិនខាននោះ។

លេខអត្តៈដ៏ជាក់ស្តែងនោះ គឺគណបក្សប្រជាជនក្តី គណបក្សសង្គ្រោះជាតិក្តី នឹងផ្តោតវាសនាខ្លួនទៅលើលទ្ធផលនៃការបោះឆ្នោទឃុំសង្កាត់នោះហើយ, បើក្នុងឃុំសង្កាត់១៦៤៤ លទ្ធផលបានទៅរបស់សង្គ្រោះជាតិ‹តិចជាង១០០%› បានន័យថាបានចំនួនតិចជាង៣០០ឃុំសង្កាត់ គណបក្សប្រជាជនមិនមានអ្វីគួរព្រួយបារម្ភនៅឡើយទេ, តែបើចំនួនឃុំសង្កាត់របស់សង្គ្រោះជាតិឡើងដល់២០០% គឺបានចំនួន៨០០ឃុំសង្កាត់ នេះជាសញ្ញាដែលគណបក្សប្រជាជនអាចនឹងបាត់បង់‹អំណាចនិតិប្រតិបត្តិ›របស់ខ្លួនបាន, ពេលនោះហើយដែលគណបក្សធំទាំង២ គួរប្តើមរករូបមន្តចរចាគ្នាឱ្យមានការការក្សាសន្តិភាពក្នុងប្រទេសឱ្យបាន អាចមានន័យថាបើគណបក្សប្រជាជនរបូត‹អំណាចនិតិប្រតិបត្តិ›ក្តី ក៏អាចនៅក្នុងអំណាចនិតិបញ្ញត្តិបានដែរ ដូច្នេះ គួរប្រើពេលមួយឆ្នាំខាងមុខដែលនៅសល់ ឱ្យបានប្រសើរជាទីបំផុត៕