វិរៈ អ៊ុយ ឡើងជាប្រធានសមាគមខ្មែរ VirakUy:New CMAA’s President

ដោយ ពិន សំខុន

ចាប់ពីថ្ងៃទី១ខែវិច្ឆិកា២០១៦តទៅ លោក វិរៈ អ៊ុយ បានផ្តើមដំណែង ជាប្រធានគណកម្មការនាយកថ្មីរបស់សមាគមខ្មែរ CMAAបន្តរពីនាយិកាចាស់ បុប្ផា ម៉ាឡូន ដែលបានបញ្ចប់អាណត្តិរបស់អ្នកស្រីទៅហើយ។ កាលពីអាណត្តិមុន លោក វិរៈ មានតួរនាទីជាអនុប្រធាន ហើយក៏ធ្លាប់មានតួរនាទី នាអាណត្តិមុនៗទៀត ក្នុងរដ្ឋបាលសមាគមផងដែរ។

 

នៅ២សប្តាហ៍ មុនលោកចូលទៅកាន់ដំណែងជាប្រធាន‹សមាគមខ្មែរ CMAA›លោក អ៊ុយ វិរៈ បានជួបសម្ភាសន៌ជាមួយសារពត៌មាន‹ខ្មែរផុសស.រ.អា. ដែលមានសេចក្តីសង្ខេបដូចតទៅ៖

ខ្មែរផុសស.រ.អាៈ តើលក្ខណៈអ្វីទៅ ដែលនាំឱ្យលោកចូលមកកាន់ដំណែងជាប្រធានសមាគមខ្មែរបាន?

វិរៈ អ៊ុយៈ ខ្ញុំមានសេចក្តីរីករាយ មានមោទនភាពនឹងមានកិត្តិយសណាស់ ដែលបានមកទទួលដំណែងនេះ។ តាមពិតទៅខ្ញុំជាគ្រូបង្រៀននៅបូស្តុន ឥឡូវធ្វើការជាអ្នកពិគ្រោះយោបល់ នៅជាអ្នកស្ម័គ្រចិត្តជួយសមាគមជាយូរណាស់មកហើយ តាំងពីឳពុកខ្ញុំមកក៏ជាអ្នកធ្លាប់ជួយសមាគមខ្មែរនេះដែរ ហើយខ្ញុំក៏មានតួរនាទី នាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាអគ្គលេខាធិការសមាគម បន្ទាប់មកជាអនុប្រធាន ឥឡូវកាន់ដំណែងជាប្រធាន គឺជាកាងារដែលខ្ញុំ បានរៀបខ្លួនរួចជាស្រេច សម្រាប់បំរើដោយដឹងខ្លួនថាត្រូវធ្វើអ្វីទៅហើយ។

ខ្មែរផុសស.រ.អាៈ តើបំណងរបស់លោក ចង់ធ្វើឱ្យសម្រេចអ្វីខ្លះក្នុងអាណត្តិនេះ?

វីរៈ អ៊ុយៈ ខ្ញុំចង់ឃើញសហគមន៍យើង ចេះរួមសម្បាច់គ្នា ធ្វើការជាមួយគ្នា ដើម្បីសេចក្តីចម្រើនដល់សង្គមយើង។ សមាគមខ្មែរធ្លាប់មានឈ្មោះជាអ្នកគ្រប់គ្រងសហគមន៍ដែលមានខ្មែរប្រមាណ៤ម៉ឺននាក់ ធ្លាប់ជាអ្នកផ្ចុងផ្តើមសមាគមឯទៀតៗក្នុងសហគមន៍ ដូចជា‹ខាមបូឌាថោន›ឬក៏‹សមាគមអង្គរ›ជាដើម, ឥឡូវគេបានរីកលូតលាស់ ហើយរស់នៅជាឯករាជ្យតែឯកឯងដាច់ពីអ្នកឯទៀតៗ, ដូច្នេះខ្ញុំមានបំណងអញ្ជើញសមាគមទាំងឡាយនោះចាប់ដៃគ្នា ធ្វើការរួមគ្នា ឱ្យបាននាអាណត្តិនេះ ដើម្បីជាកម្លាំង នឹងជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍យើង។

ខ្មែរផុសស.រ.អាៈ តើសមាគមខ្មែរនឹងមានតួរនាទីអ្វី ដើម្បីកុំឱ្យធ្វើការជាន់ជើងគ្នា បើសមាគម‹ខាមបូឌាថោន›គេគ្រប់គ្រងគុណសម្បត្តិវប្បធម៌ក្រុងខ្មែរ សមាគម‹ខាពលស្គែរ›គេគ្រប់គ្រងផ្នែកពាណិជ្ជករ ហើយ‹សមាគមអង្គរ›គេគ្រប់គ្រងសកម្មភាពសិល្បៈនឹងវប្បធម៌ខ្មែរទៅហើយនោះ?

វីរៈ អ៊ុយៈ សមាគមខ្មែរមានភារៈកិច្ចសំខាន់ៗ ដែលយើងតែងតែធ្វើជាប្រចាំ៣០ឆ្នាំមកហើយ ដូចជាជួយប្រជាពលរដ្ឋយើងក្នុងកិច្ចការរដ្ឋបាល ក្នុងការបកប្រែភាសា ក្នុងការចូលសញ្ជាតិអាមេរីកាំង ក្នុងការរៀនភាសាខ្មែរ ក្នុងការទិញផ្ទះជាលើកទី១ នឹងនៅមានការជួយសហគមន៍យើងច្រើនមុខទៅទៀត យើងនៅតែធ្វើកិច្ចការនេះជាបន្តរ ជូនអ្នកទាំងអស់ក្នុងសហគមន៍ មិនថាឯកជន ឬមកពីសមាគមណាៗទេ, ក្រៅពីនេះយើងនៅមានកាងារសម្រាប់សហការណ៍ក្នុងផ្នែកវប្បធម៌ ខាងផ្នែកសង្គម ខាងផ្នែកនយោបាយ ឬសេដ្ឋកិច្ច ជាដើម ដែលសមាគមខ្មែរតែងតែមានទម្លាប់នឹងធ្វើពីមុនៗមកដែរ គឺលើកដំកើងសហគមន៍យើងទៅរកកំពស់ថ្មីមួយទៀត ឱ្យកាន់តែប្រសើរឡើង។

ខ្មែរផុសស.រ.អាៈ បើសម្លឹងទៅអនាគតឱ្យវែងឆ្ងាយជាអាណត្តិរបស់លោក តើលោកយល់ថាអ្វីទៅដែលសំខាន់បំផុតសម្រាប់ពង្រឹងគ្រួសារក្នុសសហគមន៍ខ្មែរយើង?

វិរៈ អ៊ុយៈ សហគមន៍យើងមានចំនួនច្រើនជាងគេនៅឆ្នេរខាងកើតនៃសហរដ្ឋអាមេរីកនេះ មានការរៀបចំក៏គ្រាន់បើ មនុស្សរស់នៅក៏សមរម្យ, តែបើយើងបំបែកពត៌មានឱ្យលំអិត យើងនឹងឃើញថា ចិនក្តី ជប៉ុនក្តី គេមានបណ្តាជនគេមានជោគជ័យប្រសើរជាងយើង ជាខ្មែរ ជាឡាវ ឬជាមង ដែលស្ថីតីនៃអ្នករៀនសូត្រជោគជ័យ មានជីវភាពក្រីក្រ ស្ថិតនៅបាតក្រោមគេនៅឡើយ, ហេតុនេះហើយបានជាខ្ញុំ ដែលមានអាជីពជាគ្រូបង្រៀនមានអាជីពជាអ្នកគ្រប់គ្រងផងនោះ ចង់យកបទពិសោធន៍នេះមកជាសម្បត្តិសម្រាប់បំរើសហគមន៍យើងដែលនៅទន់ខ្សោយនេះ, ចង់ឱ្យសមាគមខ្មែរក្លាយជាកន្លែងសម្រាប់ការពិគ្រោះរបស់យុវជន ជាកន្លែងជួយរកធនធាន ជូយរកសាលា សម្រួលឱ្យសិស្សនឹងនិស្សិតអាចងាយស្រួលនឹងបន្តរការសិក្សារបស់ខ្លួនឱ្យបានគ្រប់ៗគ្នា…

ខ្មែរផុសស.រ.អាៈ តើអាណត្តិរបស់លោក អាចមានវែងគ្រប់គ្រាន់សម្រាប់បំណងនឹងភារៈកិច្ចដ៏ថ្លៃថ្លានេះទេ?

វិរៈ អ៊ុយៈ ខ្ញុំគិតថាប្រហែលជាខ្ញុំមានពេលខ្លីសម្រាប់កាងារដ៏ធំនេះ តែខ្ញុំនឹងខំប្រឹងប្រែង ហើយសុំឱ្យសមាគមបន្តរអាណត្តិ ឱ្យខ្ញុំអាចធ្វើការ បំរើសហគមជាបន្តទៅអាណត្តិថ្មីទៀត…

ខ្មែរផុសស.រ.អាៈ សូមអរគុណ នឹងសូមជូនពរ ឱ្យលោក វិរៈ អ៊ុយ ធ្វើការប្រកបដោយជោគជ័យក្នុងអាណត្តិរបស់លោក។