សមាគមអង្គរប្រារព្ធខួបអាយុ៣០ឆ្នាំនៅឡូវែល

ដោយ ពិន សំខុន

ថ្នាក់ដឹកនាំនឹងសមាជិកសមាគមអង្គរនៅឡូវែលសហរដ្ឋអាមេរីក បានបង្ហាញការព្យាយាមយ៉ាងស្វិតស្វាញរបស់ខ្លួន ក្នុងការថែររក្សាមរតកសិល្បៈជាវប្បធម៌ខ្មែរ នៅក្រៅប្រទេស រហូតដល់មានអាយុបាន៣០ឆ្នាំ។ គឺជាសមាគមវប្បធម៌ខ្មែរ ដ៏មានអាយុចំណាស់ឆ្នាំបំផុត ហើយពង្រីកបានជាក្រុមរបាំខ្មែរដ៏ធំបង្អស់មួយ នៅឆ្នេរខាងកើតនៃសហរដ្ឋអាមេរីក។ បង្កើតឡើងដោយអ្នកស្រឡាញ់វប្បធម័ខ្មែរ២រូប កាលពិឆ្នាំ១៩៨៦ គឺលោក ធីម ធូ នឹងលោក សាណារា ជា ដែលជាស្ថាបនិកដំបូងបង្អស់នៃសមាគមអង្គរ ធ្វើការដោយស្ម័ក្រចិត្ត រំលែកពេលពីកាងារចិញ្ចឹមជីវិតផង នឹងបន្ថែមពេលកាងារបំរើសិល្បៈផង។

កិច្ចប្រឹងប្រែងយ៉ាងព្យាយាម ជាមួយនឹងអ្នកគ្រូលោកគ្រូបង្ហាត់ទាំងអស់ សមាគមអង្គរទើបនឹងទទួលប័ណ្ណកោតសសើរដ៏ខ្ពង់ខ្ពស់មួយ កាលពិសប្តាហ៍មុននេះ ពីអ្នកគ្រប់គ្រង‹ឧទ្យានប្រវត្តិសាស្ត្រជាតិ› ដែលតែងតែជួយជាការលើកទឹកចិត្ត នឹងផ្តល់ទីស្នាក់ការសម្រាប់ហាត់រៀនរបាំដល់សិស្ស តាំងតែពីច្រើនឆ្នាំមកហើយ។

មកទល់ពេលនេះ កុមារាកុមារីខ្មែរនៅឡូវែលរាប់ពាន់នាក់ហើយ ដែលបានចូលមកហាត់ហ្វឹកហ្វឺន យ៉ាងគ្មាននឿយហត់នឹងយ៉ាងទៀងទាត់ រហូតដល់បានសម្រេចជាសិល្បៈករ ជានាថករ នឹងខ្លះបានក្លាយជាគ្រូជំនួយ របស់សមាគមអង្គរទៀតផង ពីព្រោះតែមានការចូលចិត្តពីសិស្សខ្លួនឯងផង នឹងការចូលចិត្តពីឳពុកម្តាយផង, ថែមពិលើនេះ សមាគមមានការថែររក្សាវិន័យ នឹងសិលធម៌នាពេលបង្ហាត់ដ៏ខ្ពស់ដល់សិស្ស ដែលមជ្ឃមណ្ឌលហាត់ហ្វឹកហ្វឺន បានក្លាយជាទីអប់រំមួយដ៏ប្រសើរផង។

លោក ធឹម ធូ បាននិយាយកាលពីថ្ងៃអាទិត្យទិ២៦មិនានេះថា សមាគមមានប្រាក់ចំណូលនឹងជំនួយប្រមានជា១២ម៉ឺនដុល្លាក្នុងមួយឆ្នាំ ហើយឆ្នាំខ្លះឡើងដល់ជាង២០ម៉ឺនផងក៏មាន តែមិនច្រើនដងទេ សម្រាប់គ្រប់គ្រង ដែលចែកជា អំណោយ ជំនួយ ការសម្តែងឆាកសិល្បៈ, រីឯកន្លែងហាត់របស់យើង ខាង‹ឧទ្យានប្រវត្តិសាស្ត្រជាតិ› គេគ្រាន់តែសុំឱ្យយើងសម្តែងឱ្យគេ ៦ដងក្នុងមួយឆ្នាំ ទៅតាមកន្លែងដែលគេចង់ឱ្យមានរបាំខ្មែរ យកទៅផ្សព្វផ្សាយ តែបើសិនជាគិតចំណាយដែលត្រូវបង់រាល់ខែនោះទៅវិញ យើងត្រូវមានថវិការយ៉ាងហោចណាស់ក៏២ម៉ឺងក្នុង១ឆ្នាំៗដែរ។ ឥឡូវនេះយើងមានគ្រូបង្ហាត់គ្រប់គ្រាន់ សម្រាប់បង្ហាត់សិស្ស៥០-៦០នាក់ រីឯសិស្សចាស់ដែលចេញទៅមានគ្រួសារ ឬទៅធ្វើការឆ្ងាយៗ មានប្រហែល៥០នាក់ដែលបានចេញទៅហើយ តែនៅតែមកហាត់ហ្វឹកហ្វឺនខ្លួន ដែលអាចឱ្យយើងរាប់បានថាជា‹ក្រុមស្នូល›ដែលយើងអាចប្រើការបាន សម្រាប់តម្លើងជាឆាក ជាទស្សនីយភាពធំៗបាន ។

លោក ធឹម ធូ បានបន្តរថា ថ្វីត្បិតតែយើងមានក្រុមមួយដ៏ជំនាញក្នុងវិស័យសិល្បៈនឹងវប្បធម៌ខ្មែរហើយក៏ដោយ ក៏យើងនៅមិនទាន់បង្កើតបានជាសាលាបង្ហាត់ ដូចជាស្ថាប័នមួយនៅឡើយទេ ដោយយើងមិនអាចមានសមត្ថភាពរក្សាគ្រូបង្ហាត់ពេញម៉ោងតែម្នាក់ក៏មិនទាន់បាននៅឡើយផង ដូច្នេះនៅតែមិនអាច‹ស្ល›សិស្សឱ្យទៅជា‹គ្រូ›បានពេញលក្ខណៈ ដូចនៅសាកលវិទ្យាល័យវិចិត្រសិល្បៈ ឯភ្នំពេញបានទេ ។ ម្យ៉ាងវិញទៀត ទស្សនីយភាពធំៗដែលបានចេញសម្តែង២-៣ឆ្នាំចុងក្រោយនេះ ដូចជារឿង‹ពិណបញ្ចពណ័›ជាដើម មានទំហ៊ំ នឹងបច្ចេកទេស កំរឹត‹វិជ្ជាជីវៈ›បានហើយ នេះបើយោងតាមការឱ្យយោបល់នានា របស់សាធារណជន ដែលធ្វើឱ្យយើងមានមោទនភាពចំពោះគ្រូនឹងសិស្សរបស់យើងខ្លាំងណាស់ តែនឹកទៅដល់គម្រោងរៀបចំឱ្យទៅជាក្រុមវិជ្ចាជីវៈនោះ មិនទាន់ហ៊ាននឹកទៅដល់នោះទេ ពីព្រោះត្រូវការធនធានច្រើន នឹងការស្គាល់ទីផ្សារសិល្បៈខ្មែរឱ្យធំទូលាយទៀត ដែលមិនអាចឱ្យយើងគិតដល់នៅឡើយ។

សមាគមអង្គរ បើទោះជាកំពុងល្បិល្បាញទៅហើយក៏ដោយ ក៏នៅតែចង់បានការគាំទ្រពីសហគមន៍ខ្មែរឱ្យបានច្រើនជាងនេះ ដោយការសម្តែងមតិ ដោយបញ្ជូនកូនចៅឱ្យមកសិក្សារបាំជាវប្បធម៌ខ្មែរ ឬក៍ជួយជាវិភាគទាន ដើម្បីបង្កើនសមត្ថភាពសមាគម ឱ្យការបង្ហាត់បង្រៀនមានភាពទូលំទូលាយជាងសព្វថ្ងៃនេះបាន៕